ភ្នំពេញ៖ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ចាត់​ទុក​របាយការណ៍​របស់​អង្គការ Amnesty International Report 2020/2021 “ពាក់ព័ន្ធ​នឹង​កម្ពុជា​បាន​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស ដែល​មាន​ការ​រិតត្បិត​ទៅ​លើ​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ" ថា ជា​ការ​បំផ្លើស​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក ជិន ម៉ាលីន អនុប្រធាន និង​ជា​អ្នក​នាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បា្រប់ ភ្នំពេញ ប៉ុស្តិ៍ថា របាយការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ Amnesty International រាយការណ៍​អំពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គ្មាន​អ្វី​ថ្មី​នោះ​ទេ ពោល​គឺ សឹង​តែ​ទាំង​អស់​យក​ចេញ​ពី​ការ​ផ្សាយ​របស់​វិទ្យុ​បរទេស​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល និង​ចម្លង​ចែកចាយ​តៗ​គ្នា​ពី​របាយការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​មួយ​ក្តាប់​តូច ដែល​គេ​ផ្តល់​លុយ​ឱ្យ​ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​ក្រោម​រូបភាព និង​ហេតុផល​សិទ្ធិ​មនុស្ស នេះ​បើ​ពិនិត្យ​លើ​ឯកសារ​យោង​ក្នុង​របាយការណ៍​នេះ។

លោក ជិន ម៉ាលីន ថ្លែង​ថា៖ «យើង​ឃើញ​ថា របាយការណ៍​នេះ​ យោង​ទៅ​លើ​ព័ត៌មាន​បរទេស​នៅ​ក្រៅ​ស្រុក​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ»។

លោក​បន្ថែម​ថា ចំណែក​ឯ​របាយការណ៍ និង​ឯកសារ​ផ្លូវ​ការ ការ​ពន្យល់ បក​ស្រាយ និង​ឆ្លើយ​តប​បំភ្លឺ របស់​រដ្ឋាភិបាល​ជា​សាធារណៈ​នាពេល​កន្លង​មក មិន​ត្រូវ​បាន​គេ​យក​មក​ពិចារណា​បន្តិច​ណា​សោះ​ឡើយ។ លោក ជិន ម៉ាលីន បាន​ចោទ​ជា​សំនួរ​ថា តើ​ពួក​បរទេស​ទាំង​នេះ​គេ​ចង់​បាន​អ្វី​ឱ្យ​ពិត​ប្រាកដ ពី​ការ​ចេញ​របាយការណ៍​បំផ្លើស​ខុស​ពី​ការ​ពិត​បែប​នេះ?។

អង្គការ Amnesty International កាល​ពី​ថ្ងៃទី ៧ ខែ​មេសា បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ស្តី​អំពី ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០២០ មាន​ស្ថានភាព​ធ្ងន់ធរ ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ពី​អាជ្ញាធរ​កម្ពុជា​ទៅ​លើ​ប្រជាពលរដ្ឋ គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ចំណែក​ប្រព័ន្ធ​យុត្តិធម៌ និង​តុលាការ ត្រូវ​បាន​ប្រើប្រាស់​ដោយ​មិន​ត្រឹមត្រូវ ដើម្បី​អនុវត្ត​យុទ្ធនាការ​បង្ក្រាប​លើ​ការ​បញ្ចេញ​មតិរិះ​គន់ និង​ឯករាជ្យ​ទៅ​លើ​រដ្ឋាភិបាល។

លោក អំ សំអាត នាយក​រង​អង្គការ​លីកាដូ (LICADHO) បាន​ថ្លែង​ថា របាយការណ៍​នេះ បាន​សំអាង​ទៅ​ឆ្នាំ ២០២០ មាន​ការ​ចាប់​ខ្លួន​ទៅ​លើ​សកម្មជន​អតីត​បក្សប្រឆាំង សកម្មជន​បរិស្ថាន ឬ​ក្រុម​យុវជន ដោយ​ចោទ​ក្រោម​បទ​ញុះញង់​ជាដើម។ ការ​ចាប់​ខ្លួន​ភាគ​ច្រើន​យោង​ទៅ​លើ ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ក្នុង​ការ​បញ្ចេញមតិ​របស់​ក្រុម​សកម្មជន​ទាំង​នោះ ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជា​ភ័ស្តុតាង ក្នុង​ការ​ដាក់​បន្ទុក​ដល់​ពួក​គេ។

លោក អំ សំអាត បន្ត​ថា មួយ​ទៀត​មាន​ការ​រិតត្បិត​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ផ្សេង មិន​ឱ្យ​មាន​ការ​ជួបជុំ (មិន​ទាន់​មាន​ការ​ផ្ទុះ​ខ្លាំង​នូវ​ជំងឺ​កូវិដ ១៩) ប្រមូល​ផ្ដុំ និង​ការ​បញ្ចេញ​មតិ ឬ​ចូល​សកម្មភាព​នានា​នោះ ក៏​ធ្វើ​ឱ្យ​អង្គការ Amnesty Internal ចាត់​ទុក​ជា​ការ​រំលោភ​បំពាន និង​ផ្អែក​លើ​បទដ្ឋាន​អន្តរជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​ដែរ។

លោក​ថ្លែង​ថា៖ «ទោះ​ជា​យ៉ាង​ណា រាជរដ្ឋាភិបាល​បាន​អះអាង ការ​ចាប់​ខ្លួន ឬ​ការ​ឃុំខ្លួន អនុវត្ត​ទៅ​តាម​ច្បាប់​របស់​កម្ពុជា ប៉ុន្តែ​អង្គការ​អន្តរជាតិ និង​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​ដែល​ពាក់ព័ន្ធ​នឹង​មតិ​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​បរិស្ថាន ឬ​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ គឺ​ការ​បំពាន​ទៅ​លើ​សិទ្ធ​មនុស្ស។ ដូច្នេះ​បាន​ជា​អង្គការ​អន្តរជាតិ​គេ​លើក​ឡើង​ថា ជា​ការ​រិតត្បិត​នៃ​ការ​បញ្ចេញ​មតិ និង​ការ​រំលោភ​សិទ្ធិ»៕