ភ្នំពេញៈ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ប្រារព្ធ​កិច្ចប្រជុំ​រយៈពេល​ ១ ​ថ្ងៃ​កន្លះ​ ជាមួយ​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​កាលពី​ថ្ងៃ​ពុធ​ និង​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ពិភាក្សា និង​ចែករំលែក​​អនុសាសន៍​ ១៧៣ ​ដែល​ត្រូវ​បាន​ទទួល​យក​ក្នុងអំឡុង​សន្និបាត​ពិនិត្យ​ជា​សកល​ (UPR) ​កាលពី​ខែ​មករា​នៅក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ ស៊្វីស​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កិច្ចប្រជុំ​កាលពី​ថ្ងៃ​ពុធ​មាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​រួមមាន​ពី​ស្ថានទូត​ផ្សេងៗ ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា និង​សង្គម​ស៊ីវិល​។ ប៉ុន្តែ​កិច្ចប្រជុំ​កន្លះ​ថ្ងៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ត្រូវ​បាន​ចូលរួម​តែ​ពី​មន្ត្រី​រដ្ឋាភិបាល​ពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​កម្រិត​បច្ចេកទេស​ដោយ​មាន​ការពន្យល់​ពី​អ្នក​ជំនាញ​។

លោក ម៉ាលីន បាន​ថ្លែងថា​៖ «​អ្វី​ដែល​យើង​នឹង​ធ្វើ​នាពេល​បន្ទាប់​គឺថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​នឹង​បូកសរុប​អនុសាសន៍​ទៅ​ក្រសួង​នីមួយៗ​។ បន្ទាប់មក​យើង​នឹង​ពិនិត្យ និង​ផ្ទៀងផ្ទាត់​អនុសាសន៍​ទាំងនោះ​ដោយ​ពិគ្រោះ​យោបល់​ជាមួយ​ស្ថាប័ន​ទទួល​ខុសត្រូវ​ទាំងនោះ​។ ជំនាញ​បន្ទាប់ ​គឺ​ត្រូវ​ធ្វើ​ការសម្រេច​ចុងក្រោយ​អំពី​ការបែងចែក​អនុសាសន៍​ទៅ​ក្រសួង និង​ស្ថាប័ន​នីមួយៗ​។ បន្ទាប់មក​ពួកគេ​ត្រូវតែ​អនុវត្ត​អនុសាសន៍​ទាំងនោះ ខណៈគណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​នឹង​តាមដាន​ពួកគេ​»​។

លោក ម៉ាលីន បាន​ថ្លែង​បន្ត​ថា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​បែងចែក​ការងារ​ពីមុន​ពេល​ក្រសួង និង​ស្ថាប័ន​នីមួយៗ​ចាប់ផ្តើម​អនុវត្ត​។ បន្ទាប់មក គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​នឹង​ធ្វើការ​ជាមួយ​ស្ថាប័ន​ទាំងនោះ​អំពី​ផែនការ និង​សូចនាករ​ដើម្បី​បំពេញ​តាម​អនុសាសន៍​។

កាលពី​ខែ​មករា​ប្រទេស​កម្ពុជា​បាន​ទទួល​អនុសាសន៍​ចំនួន​ ១៩៨ ​ពី​ប្រទេស​ចំនួន​ ៧៣ ​ក្នុង​អំឡុង​សន្និបាត​ពិនិត្យ​ជា​សកល​ជុំ​ទី​ ៣ ​នៅ​ទីក្រុង​ហ្សឺណែវ​។ ប៉ុន្តែ​ប្រទេស​ កម្ពុជា​ បាន​សម្រេច​កត់សម្គាល់​អនុសាសន៍​ចំនួន​ ២៥ ដោយ​និយាយ​ថា អនុសាសន៍​ទាំងនោះ​មិន​ឆ្លុះបញ្ចាំង​ការពិត​ ឬ​អនុសាសន៍​ទាំងនោះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ហេតុផល​នយោបាយ​។

លោកស្រី ចក់ សុភាព នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​ថ្លែងថា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​ចូលរួម​សិក្ខាសាលា UPR ហើយ​លោកស្រី​បាន​ស្វាគមន៍​កិច្ចសហការ​របស់​រដ្ឋាភិបាល​ជាមួយ​ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា និង​អ្នកជំនាញ​ដទៃៗ​ទៀត​ដោយ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ចំពោះ​ការអនុវត្ត​អនុសាសន៍​ដែល​ធ្វើ​ឡើង​នៅក្នុង​អំឡុង​សន្និបាត​ពិនិត្យ​ជា​សកល​ជុំ​ទី​ ៣ ​អំពី​កម្ពុជា​។

លោកស្រី ចក់ សុភាព ​បាន​ថ្លែង​ឲ្យ​ដឹងថា​៖ «​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ការចូលរួម​របស់​រដ្ឋាភិបាល​ជាមួយ​សង្គម​ស៊ីវិល​តាមរយៈ​សិក្ខាសាលា​នេះ ហើយ​យើង​សង្ឃឹម​ថា​រដ្ឋាភិបាល​បន្ត​បើកចំហ​​ និង​មាន​តម្លាភាព​នៅក្នុង​រាល់​ដំណើរការ​ UPR»​។

លោកស្រី ចក់ សុភាព ​បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា សិក្ខាសាលា​នោះ​នឹង​ធ្វើឲ្យ​មាន​សកម្មភាព​រឹងមាំ​ដោយ​ក្រសួង​ពាក់ព័ន្ធ​ចំពោះ​ការអនុវត្ត​អនុសាសន៍ និង​សង្គម​ស៊ីវិល​នឹង​ទន្ទឹងរង់ចាំ​សង្កេត និង​តាមដាន​ដំណើរការ​របស់​ពួកគេ​។

លោកស្រី ចក់ សុភាព ​បាន​បន្ត​លើកទឹកចិត្ត​រដ្ឋាភិបាល​ឲ្យ​ពិចារណា​ដិតដល់​អំពី​ការអនុវត្ត​អនុសាសន៍​ ២៥ ​ដែល​ខ្លួន​បានកត់សម្គាល់​។

លោកស្រី ចក់ សុភាព បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​​ថា​៖ «​ការអនុវត្ត​អនុសាសន៍​កត់សម្គាល់​ទាំងនេះ​នឹង​បង្ហាញ​ពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការគោរព​តាម​កាតព្វកិច្ច​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​មាន​ន័យ​ស្តារ​លម្ហ​ពលរដ្ឋ រក្សា​ការគោរព​សេរីភាព​មូលដ្ឋាន និង​កែលម្អ​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​»៕ PS