ភ្នំពេញៈ គណៈកម្មាធិការ​សិទ្ធិមនុស្ស និង​ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​នឹង​រៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ​ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​អនុវត្ត​អនុសាសន៍​ចំនួន​ ១៧៣ ដែល​ទទួល​បាន​ពី​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ​តាមរយៈ​ការត្រួតពិនិត្យ​ជា​សកល​តាម​កាលកំណត់ (UPR)​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ថ្លែងថា សិក្ខាសាលា​នេះ​នឹង​ធ្វើ​ឡើង​រយៈពេល​ ១​ ​ថ្ងៃ​កន្លះ​គឺ​នៅ​ថ្ងៃ​ពុធ​ទី​ ៩ និង​ព្រឹក​ថ្ងៃទី​ ១០​។ សិក្ខាសាលា​ថ្ងៃ​ពុធ​នឹង​ផ្ដោតលើ​ការផ្សព្វផ្សាយ និង​បែងចែក​អនុសាសន៍ UPR ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​អនុវត្ត​តាម​ការពាក់ព័ន្ធ​របស់​ខ្លួន​។ ចំណែក​ព្រឹក​ថ្ងៃទី​ ១០ ផ្ដោត​លើ​ផែនការ​អនុវត្តន៍​អនុសាសន៍​ទាំង ១៧៣ ដោយ​មាន​ការចូលរួម​ណែនាំ​ពី​អ្នកជំនាញ​ផ្នែក UPR មកពី​ទីក្រុង​ហ្សឺណែវ​។

លោក​បាន​បញ្ជាក់​ថា សិក្ខាសាលា​នេះ​មាន​ការចូលរួម​ពី​តំណាង​ស្ថាប័នរដ្ឋ តំណាង​អង្គទូត​សង្គម​ស៊ីវិល និង​អន្តរជាតិ​រួមទាំង​ដៃគូ​អភិវឌ្ឍន៍​ប្រមាណ ២០០ ​នាក់​ហើយ​ការចូលរួម​នេះ​គឺ​ដើម្បី​អនុវត្ត​នូវ​អនុសាសន៍​ទាំង​ ១៧៣ ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​។

លោក ម៉ាលីន បាន​ថ្លែងថា​៖ «​អនុសាសន៍​ទាំង​ ១៧៣ ​មាន​ពាក់ព័ន្ធ​ស្ទើរតែ​គ្រប់​ក្រសួង​ស្ថាប័ន​ហើយ​គ្រប់​វិស័យ​នៃ​សិទ្ធិ និង​ការកែទម្រង់​របស់​រដ្ឋាភិបាល អ៊ីចឹង​គោលបំណង​គឺ​យើង​ផ្សព្វផ្សាយ​អនុសាសន៍​ទាំងអស់​នោះ​ដើម្បី​អនុវត្ត ហើយ​ទី​ ២ គឺ​ផែនការ​នៃ​ការអនុវត្ត ថា​តើ​យើង​ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​អនុវត្ត​អនុសាសន៍​ដែល​ទទួល​យក​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​រៀបចំ​យន្តការ​នៃ​ការត្រួតពិនិត្យ​»​។

លោក​បន្តថា​៖ «​សង្គម​ស៊ីវិល​អាច​ចូលរួម​តាមរយៈ​ការផ្ដល់​យោបល់​ចូលរួម​តាមដាន​ត្រួតពិនិត្យ​ការអនុវត្ត​របស់​រដ្ឋាភិបាល ហើយ​ក៏​អាច​ចូលរួម​អនុវត្ត​ជាមួយ​រដ្ឋាភិបាល​ដែរ ព្រោះ​អនុសាសន៍​មួយ​ចំនួន​អាច​ចូលរួម​អនុវត្ត​រួមគ្នា​បាន​រួមមាន​ការអប់រំ ការផ្សព្វផ្សាយ បណ្ដុះបណ្ដាល​ជាដើម​»​។

លោក​បាន​បញ្ជាក់​ថា បន្ទាប់ពី​សិក្ខាសាលា​ថ្នាក់ជាតិ​លើក​ទី​ ១ ​ទៅ​នឹង​មាន​សិក្ខាសាលា​ជា​បន្តបន្ទាប់​ដើម្បី​រៀបចំ​ផែនការ​អនុវត្តន៍​ការតាមដាន​ការអនុវត្ត​ជាដើម​។

លោក​ឲ្យ​ដឹងថា​ក្នុង​សិក្ខាសាលា​នេះ​ក៏​មាន​ការពន្យល់​ផង​ដែរ​អំពី​ថា តើ​មូល​ហេតុអ្វី​បាន​ជា​កម្ពុជា​ធ្វើការ​កត់សម្គាល់ ឬ​មិន​ទទួល​យក​អនុសាសន៍​ចំនួន​ ២៥ ​ទៀត​។

កាលពី​ខែ​មករា​ប្រទេស​ចំនួន​ ៧៣ បាន​ផ្ដល់​អនុសាសន៍​ចំនួន​ ១៩៨ ដល់​កម្ពុជា ប៉ុន្តែ​កម្ពុជា​ទទួល​យកតែ​ ១៧៣ ទេ ចំណែក​ ២៥ ​ទៀត​ត្រូវបាន​កត់សម្គាល់​ដោយហេតុ​ផល​ថា អនុសាសន៍​ ២៥ ​មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ឬ​មិន​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ពិត​នៅ​កម្ពុជា​រួមមាន​ដូចជា​ការស្នើ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​ការកែប្រែ​ច្បាប់​មួយ​ចំនួន​។

លោកស្រី Claudia de La Fuente មន្ត្រី​ប្រចាំការ​នៃ​ការិយាល័យ OHCHR ប្រចាំ​កម្ពុជា​ថ្លែង​កាលពី​ម្សិលមិញ​ថា ការត្រួតពិនិត្យ​ពាក់កណ្ដាល​អាណត្តិ​នៃ​របាយការណ៍​ស្ដីពី​ការអនុវត្ត​នៃ​អនុសាសន៍​ទាំងនេះ​ដែល​ដាក់ជូន​ដោយ​រដ្ឋាភិបាល​តាម​គោលការណ៍​ស្ម័គ្រចិត្ត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ខែ​កក្កដា​ឆ្នាំ ២០២១ ហើយ​កិច្ចប្រជុំ UPR បន្ទាប់​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ ២០២៤​។

លោកស្រី​ថ្លែង​ថា​៖ «​រដ្ឋ​នានា​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ដាក់​របាយការណ៍​ពាក់កណ្ដាល​អាណត្តិ ដើម្បី​បង្ហាញ​ការរីកចម្រើន​ក្នុង​ការអនុវត្ត ហើយ​វា​ក៏​ជា​ឱកាស​ក្នុង​ការធ្វើឲ្យ​រឹងប៉ឹង​នៃ​សម្ទុះ URP នៅ​កម្រិត​ថ្នាក់ជាតិ​»​។

លោកស្រី ចក់ សុភាព នាយិការ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​បាន​ថ្លែង​ថា អង្គការ​លោកស្រី​នឹង​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​។ លោកស្រី​ថ្លែង​ថា​៖ «​យើង​នឹង​បន្ត​លើក​ទឹកចិត្ត​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​វិធានការ​ជាក់លាក់​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការអនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​ចំពោះ​អនុសាសន៍​ដែល​ទទួល​យក​នៅក្នុង​ឆ្នាំ​ខាងមុខ ដើម្បី​ធានា​ការការពារ​សិទ្ធិមនុស្ស​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ កម្ពុជា​»​។

លោកស្រី​បាន​ថ្លែង​បន្ត​ថា ​លោកស្រី​មាន​ការខកចិត្ត​ដែល​អនុសាសន៍​ ២៥ ​ត្រូវបាន​កត់សម្គាល់ តែ​ទោះយ៉ាងណា​លោកស្រី​លើក​ទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល​ពិចារណា​លើ​អនុសាសន៍​ទាំងនោះ​ហើយ​មាន​វិធានការ​ជាក់លាក់​ណាមួយ ដើម្បី​ស្ដារ​នូវ​លម្ហ​សង្គម​ស៊ីវិល ការគោរព​សេរីភាព​ដើម្បី​ឲ្យ​ស្ថានការណ៍​សិទ្ធិមនុស្ស​មាន​ភាព​ល្អប្រសើរ​នៅ​កម្ពុជា​៕