ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ប្រកាស​យក​ឆ្នាំ​ ២០២០ ជា​ឆ្នាំ​នៃ​ការរឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ខណៈដែល​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ជំរុញ​ឱ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​ត្រូវអនុវត្ត​ច្បាប់​ឱ្យ​ស្មើភាព​គ្នា និង​គ្មាន​ការលើកលែង​ដើម្បី​ធ្វើ​យ៉ាងណា​កាត់បន្ថយ​អ្នកស្លាប់​ និង​អ្នករងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។ ការចេញ​សេចក្ដីប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​លោក ស ខេង បាន​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ ២០១៩ គឺ​បាន​កើនឡើង​យ៉ាងគំហុក ទាំង​ស្លាប់ របួស និង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ ទ្រព្យសម្បត្តិ​ឯកជន បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៨​។

សេចក្ដី​ប្រកាស​សរសេរ​ថា​៖ «​ជាក់ស្ដែង​អ្នកស្លាប់​កើនឡើង​ចំនួន​ ២២០ ​នាក់ ស្មើនឹង​ ១២% និង​អ្នករបួស​កើនឡើង​ចំនួន​ ១​ ៣៧១ ​នាក់​ស្មើនឹង​ ២៩%​។ ទាំងនេះ​មូលហេតុ​ដោយសារ​កត្តា​សំខាន់​ ៣ ​យ៉ាង ​គឺ​កត្តា​កំណើន​យានយន្ត​ប្រមាណ​ ៣៧% កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មិនទាន់​មាន​តុល្យភាព​នឹង​កំណើន​យានយន្ត និង​កត្តា​ឥរិយាបថ​របស់​អ្នកប្រើប្រាស់​ផ្លូវ​ដែល​មិន​គោរព និង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​មិន​បាន​ម៉ឺងម៉ាត់​»​។

លោក ស ខេង បន្ត​លើកឡើង​នៅក្នុង​សេចក្ដីប្រកាស​ដដែល​ថា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ជា​អតិបរមា​ក្នុង​ឆ្នាំ​ ២០២០ គឺ​ក្រសួង ស្ថាប័ន អាជ្ញាធរ មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​សាលារៀន ត្រូវ​បង្កើន​ការផ្សព្វផ្សាយ ដើម្បី​អប់រំ​ច្បាប់​ស្ដីពី​ចរាចរណ៍​ដល់​មន្ត្រី បុគ្គលិក និង​សិស្ស-និស្សិត ឱ្យ​ប្រកាន់ខ្ជាប់​នូវ​ការគោរព​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​។

លោក​បន្ថែមថា អ្នកបើកបរ​យានជំនិះ​គ្រប់​ប្រភេទ​ត្រូវ​ប្រកាន់​យក​សីលធម៌​ទាំង ១០ ​ចំណុច​ដូចជា ត្រូវ​ចេះ​បើកបរ ត្រូវ​ពាក់មួក​សុវត្ថិភាព ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព ត្រូវ​ប្រកាន់​ស្ដាំ ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច​មិន​ត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿងញៀន និង​មិន​ត្រូវ​បើកបរ​ក្នុង​ស្ថានភាព​ងងុយដេក​។

សេចក្ដី​ប្រកាស​សរសេរ​ទៀតថា​៖ «​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សូម​ប្រកាស​យក​ឆ្នាំ​ ២០២០ ជា​ឆ្នាំ​នៃ​ការរឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​។ អគ្គលេខាធិការដ្ឋាន អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ទាំងអស់ និង​កងកម្លាំង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ត្រូវយក​អស់​ស្មារតី​ទទួល​ខុសត្រូវ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ដោយ​ស្មើភាព ដោយ​គ្មាន​ការលើកលែង​ដោយ​តម្លាភាព និង​ប្រកប​ដោយ​សីលធម៌​វិជ្ជាជីវៈ សំដៅ​ជំរុញ​អ្នកប្រើប្រាស់​ផ្លូវ​ឱ្យ​គោរព​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​»​។

ភ្នំពេញ​ប៉ុស្ដិ៍​មិនអាច​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ពី​លោក ហ៊ឹម យ៉ាន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានទេ​កាលពី​ម្សិលមិញ​ដោយសារ​ទូរស័ព្ទ​របស់​គាត់​ពុំមាន​អ្នកទទួល​។

បើតាម​របាយការណ៍​ប្រចាំ​ឆ្នាំ​ ២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៤១២១ លើក​ដែល​ធ្វើឱ្យ​ពលរដ្ឋ​ស្លាប់​ចំនួន ១៩៨១ ​នាក់ និង​រងរបួស​ចំនួន​ ៦១៤១ ​នាក់​ដែល​គិត​ជា​មធ្យម​គឺ​ក្នុង​ ១ ​ថ្ងៃ​មាន​មនុស្ស​ស្លាប់ ៥,៤ ​នាក់​ភាគច្រើន​កើតឡើង​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តកណ្ដាល​។

លោក គង់ រតនៈ ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ថ្លែងថា ការប្រកាស​របស់​លោក ស ខេង ដើម្បីឱ្យ​មានការ​រឹតបន្តឹង​ច្បាប់​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​នឹង​មិន​អាច​ចេញ​ជា​លទ្ធផល​ឡើយ ប្រសិន​បើ​ការប្រកាស​នោះ​មិន​ត្រូវបាន​យកចិត្ត​ទុកដាក់​អនុវត្ត​ដោយ​នគរបាល​ចរាចរណ៍​។

លោក​ថា​៖ «​អ្វីដែល​យើង​មើលឃើញ​នោះ គឺជា​ការផ្ដួចផ្ដើម​បង្ហាញ​ពី​ការយកចិត្ត​ទុកដាក់​ដែលជា​សញ្ញា​វិជ្ជមាន​មួយ​ក៏ប៉ុន្តែ​ត្រូវ​ប្រឹងប្រែង​អនុវត្ត​នូវ​សកម្មភាព​ពិតប្រាកដ ហើយ​ខ្ញុំ​អត់​ចង់ឃើញ​ត្រឹមតែ​ការប្រកាស​គាំទ្រ​ (​សេចក្ដីប្រកាស​) ​នោះទេ​។ ខ្ញុំ​ចង់ឃើញ​សកម្មភាព​ជាក់ស្ដែង​គឺ​ការអប់រំ​ប្រជាពលរដ្ឋ ការចូលរួម​របស់​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍ ហើយ​យើង​ក៏​ចង់ឃើញ​តម្លាភាព​របស់​មន្ត្រី​អនុវត្ត​ច្បាប់ គឺ​អនុវត្ត​ច្បាប់​សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​។ អ៊ីចឹង​! យើង​រង់ចាំ​មើល​រយៈពេល​នៃ​ការអនុវត្ត​ទៅតាម​បទបញ្ជា​នេះ​»​។

បើ​តាម​របាយការណ៍​របស់​នគរបាល​នៅក្នុង​រយៈពេល​ ២ ​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន-វៀតណាម​គឺ​នៅ​ថ្ងៃទី​ ២៤ ​ដល់​ថ្ងៃទី​ ២៥ ខែមករា​ នេះ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ៣៥​ លើក​ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ២៦ ​នាក់ និង​រងរបួស​ចំនួន ៣៩ ​នាក់​៕