​ភ្នំពេញៈ​ លោក​ ហេង ​សំរិន​ ប្រធាន​រដ្ឋ​សភា ​បាន​ដឹក​នាំ​កិច្ច​ប្រ​ជុំ​គណៈ​កម្មាធិ​ការ​អចិន្រ្តៃយ៍​កាល​ពី​ថ្ងៃទី ២០​ ​​បាន​អនុ​ម័ត​ប្រគល់​ សេច​ក្ដី​ព្រាង​ច្បាប់​ស្ដីពី​ ការ​អនុ​ម័ត​យល់​ព្រម​លើ​ពិធី​សារ​ខណ្ឌ​សីមា ​និង​បោះ​បង្គោល​ព្រំដែន​គោក​ រវាង​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ និង​សាធារ​ណៈ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ ដល់​គណៈ​កម្មការ​មហា​ផ្ទៃ​ ការ​ពារ​ជាតិ​ និង​មុខ​ងារ​សាធារ​ណៈ ​ដោយ​សហ​ការ​ជា​មួយ​គណៈ​កម្ម​ការ​កិច្ច​ការ​បរទេស​ សហ​ប្រតិ​បត្ដិ​ការ​អន្តរ​ជាតិ​ ឃោស​នា​ការ​ និង​ព័ត៌​មាន​ និង​គណៈ​កម្ម​ការ​នីតិ​កម្ម​ និង​យុត្ដិ​ធម៌​នៃ​រដ្ឋ​សភា ​ពិនិត្យ​សិក្សា ​ហើយ​ធ្វើ​របាយ​ការ​ណ៍​ជូន​គណៈ​កម្មាធិ​ការ​អចិ​ន្រ្ដៃ​យ៍​រដ្ឋ​សភា​វិញ​។

សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​អនុ​ម័ត​យល់​ព្រម​លើ​ពិធី​សារ​ខណ្ឌ​សីមា​ និង​បោះ​បង្គោល​ព្រំដែន​គោក ​រវាង​ព្រះរា​ជា​ណា​ចក្រ​កម្ពុ​ជា ​និង​សាធារ​ណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​នេះ​ ត្រូវ​បាន​អង្គ​ប្រជុំ​ គណៈ​រដ្ឋ​មន្រ្តី ​សម្រេច​បញ្ជូន​មក​ សុំ​ការ​អនុម័ត​យល់​ព្រម​ពី​ស្ថាប័ន​នីតិ​ប្បញ្ញ​ត្តិ​ កាល​ពី​ថ្ងៃ​ទី ​៩​ ខែ​តុលា​​។​

លោក​ ផៃ ​ស៊ីផាន​ អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិ​បាល​ បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា​ ប្រ​ទេស​​ទាំង​ ២ ​តាម​រយៈកា​រ​បង្ហាញ​របស់​​អ្នក​ប្ចេក​ទេស ​និង​អ្នក​ឯក​ទេស​ព្រំដែន​ មាន​គណៈ​កម្មា​ធិ​ការ​ចម្រុះ​ព្រំដែ​ននៃ​ប្រ​ទេស​ទាំង​២ ​សម្រេច​បាន​ ៨៤ ​ភាគ​រយ​ នៃ​ការ​បោះ​បង្គោល​​ព្រំ​ដែន​។​ នៅ​ក្នុង​ ៨៤ ​ភាគ​រយ​នេះ​ រាជ​រដ្ឋា​ភិបាល​​កម្ពុជា​បាន​អនុម័ត​យល់​ព្រម​ជា​មួយ​នឹង​រដ្ឋា​ភិបាល​របស់​ប្រ​ទេស​វៀត​ណាម​។​

លោក​ថ្លែង​ថា​៖ «​កិច្ច​ព្រម​ព្រៀង​នេះ​យក​ជា​ការ​បាន​ ល្គឹក​ណា​ដែល​ស្ថាប័ន​នីតិ​ប្ប​ញ្ញត្តិ​ផ្ដល់​សច្ចាប័ន​។​ ​ដូច្នេះ​ការ​ងារ​នេះ គឺជា​ការ​ងារ​ផ្ដល់​សច្ចា​ប័ន​បាន​សេច​ក្ដី​ថា ​រដ្ឋ​សភា​យើង​យល់​ព្រម​នៅ​ក្នុង​ការងារ​ បច្ចេក​ទេស​របស់​គណ​កម្មា​ធិការ​ព្រំដែន​ ដែល​តំណាង​ដោយ​រាជ​រដ្ឋា​ភិបាល​»​។​

លោក​ ផៃ​ ស៊ីផាន​ ពន្យល់​ថា ​រដ្ឋ​សភាមុន​នឹង​ឲ្យ​សច្ចា​ប័ន​ គឺ​ត្រូវ​​ពិនិត្យ​មើល​គ្រប់​ជ្រុង​​ជ្រោយ​នៅ​ដំណាក់​កាល​ចុង​ក្រោយ។ ​ពេល​​ណា​រដ្ឋ​សភា​ផ្ដល់​សច្ចា​ប័ន​ សេច​ក្ដី​ព្រាង​ច្បាប់​នេះ​ ក្លាយ​ជា​ច្បាប់​​ត្រូវ​បាន​ដាក់​​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​​។​

លោក​បាន​បញ្ជាក់​ថា​៖​​ «​បន្ទាប់​ពី​ការ​ទទួល​បាន​សច្ចា​ប័ន​ពី​រដ្ឋ​សភា​ (​លើ​សេច​ក្ដី​ព្រាង​ច្បាប់​នេះ​)​ បាន​សេច​ក្ដី​ថា​ ទាំង​បង្គោល​ ទាំង​ខ្សែ​បន្ទាប់​ព្រំ​ដែន​ គឺ​ក្លាយ​ទៅ​ជា​តាម​ផ្លូវ​ច្បាប់​។ ​អ្វី​ទៅ​ជា​ច្បាប់​ គឺ​ពិព័ណ៌​នា​ទៅ​លើ​ខ្សែ​ខណ្ឌ​សីមា​ ក៏​ដូច​ជា​បង្គោល​ព្រំ​ដែន​។​ នៅ​ពេល​យើង​មាន​រឿង​យើង​ទៅ​ជជែក​គ្នា​នៅ​តុលា​ការ​អន្តរ​ជាតិ​ គឺ​យើង​យក​ច្បាប់​នេះ​មក​ជជែក​គ្នា»​។​

លោក​ ​ឡេង​ ប៉េង​ឡុង​ អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ មិន​អា​ច​ទាក់​ទង​បាន​ទេ​កាល​ពីថ្ងៃ​ទី​ ២០ តុលា​​៕​ ​