ភ្នំពេញៈ គណៈកម្មាធិការ​អចិន្រៃ្តយ៍​នៃ​រដ្ឋសភា​កាលពី​ម្សិលមិញ​បាន​អនុម័ត​ទទួល​យក​សេចក្ដីព្រាងច្បាប់​ចំនួន​ ៥ ដែល​ស្នើ​ដោយ​រាជរដ្ឋាភិបាល ដើម្បី​ប្រគល់​ទៅឱ្យ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​នីមួយៗ​យកទៅ​ពិនិត្យ​ និង​សិក្សា មុន​ដាក់ចូល​ទៅក្នុង​របៀបវារៈ​សម្រាប់​កិច្ចប្រជុំ​ពេញអង្គ​។

សេចក្ដី​ព្រាង​ច្បាប់​ទាំង​ ៥ ​នោះ​មាន​៖

-​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហាប្រល័យ​។

-​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។

-​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការជួយ​គ្នា​ទៅវិញ​ទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​។

-​សេចក្តី​ព្រាងច្បាប់​ស្តីពី​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​ម៉ាឡេស៊ី ស្តីពី​ការលុប​បំបាត់​ការយក​ពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​ការបង្ការ​គេចវេះ​ពន្ធ និង​ការចៀសវាង​ពន្ធ និង​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួត​គ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល និង​ការបង្ការ​គេចវេះ​ពន្ធ និង​ការចៀសវាង​ពន្ធ​។

-​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​ភាគី​នៃ​អនុសញ្ញា​ទីក្រុង​ប៊ែន​ស្តីពី​កិច្ចការពារ​ស្នាដៃ​អក្សរសាស្ត្រ​ និង​សិល្បៈ​ឆ្នាំ​ ១៨៨៦ ​និង​វិសោធនកម្ម​ឆ្នាំ​ ១៩៧៩​។

លោក​ ឡេង ប៉េងឡុង អ្នក​នាំពាក្យ​រដ្ឋសភា​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ក្រោយ​កិច្ចប្រជុំ​នោះ​ថា សេចក្ដី​ព្រាង​ច្បាប់​ទាំងនោះ​ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​អនុម័ត​កាលពី​ថ្ងៃទី​ ១៥ ឧសភា ហើយ​បាន​ផ្ញើ​មកដល់​រដ្ឋសភា​នៅ​ថ្ងៃទី​ ១៩ ឧសភា ដែល​រាជរដ្ឋាភិបាល​បាន​ចាត់ទុក​ជា​ការប្រញាប់​។

លោក ប៉េងឡុង ថ្លែង​បន្ត​ថា គណៈកម្មាធិការ​អចិន្រៃ្តយ៍​នៃ​រដ្ឋសភា​ទាំង​ ១៣ ​រូប​ដែល​ចូលរួម​កិច្ចប្រជុំ​បាន​សម្រេច​ជាបន្ទាន់ ដោយ​ប្រគល់​សេចក្ដីព្រាង​ច្បាប់​នីមួយៗ​ទៅ​តាម​គណៈកម្មការ​ជំនាញ​នីមួយៗ ដើម្បី​ពិនិត្យ​ និង​ពិភាក្សា​។

លោក​ថ្លែងថា​៖ «​គណៈកម្មការ​ទាំងនោះ​នឹង​ចាប់ផ្ដើម​ធ្វើការ​ជា​ប្រញាប់​លើ​សេចក្ដី​ព្រាង​ច្បាប់​ទាំងនោះ​ដើម្បី​រាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្រៃ្តយ៍​ដើម្បី​ចាត់ការ​បន្ត​ទៀត​»៕