ភ្នំពេញៈ គណៈកម្មាធិការ​អចិន្រៃ្តយ៍​រដ្ឋសភា​ពី​ម្សិលមិញ​បាន​ពិភាក្សា និង​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់​ចំនួន​ ៧ ​ទាក់ទង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សេវា​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​។ ក្នុងនោះ​ក៏មាន​សេចក្តី​ព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សម្រាប់​ឆ្នាំ​ ២០២១ ខណៈ​អ្នកជំនាញ​ថា គួរតែ​បង្កើន​កញ្ចប់​ថវិកា​ទៅលើ​វិស័យ​កសិកម្ម និង​សុខាភិបាល​។

លោក​ ឡេង ប៉េងឡុង អ្នក​នាំពាក្យ​រដ្ឋសភា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា កិច្ចប្រជុំ​បានសម្រេច​កំណត់​យក​ថ្ងៃទី​ ២៥ វិច្ឆិកា បន្ត​សម័យប្រជុំ រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦ ដែល​នឹង​ពិភាក្សា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួន​ ៧ ដែល​ទាក់ទង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សេវា​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​។ ​លោក​ថា​៖ «​ក្នុង​នោះ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២១ ​ដែលជា​ច្បាប់​មួយ​ដ៏សំខាន់​ក៏​នឹងត្រូវ​ដាក់បញ្ចូល​ក្នុង​របៀបវារៈ​ខាងមុខ​នេះ​ផងដែរ​»​។

លោក​ ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ថ្លែង​ពី​ម្សិលមិញ​ថា សម្រាប់​ឆ្នាំ​ ២០២១ ​នេះ រដ្ឋាភិបាល​គួរតែ​បង្កើន​ថវិកា​ជំរុញ​ទៅលើ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​វិស័យនេះ​មាន​ឱកាស​ពង្រឹង​ខ្លួន​ដែល​អាច​ផលិត​ផលិតផល​ឧបភោគ បរិភោគ សម្រាប់​ប្រើ​ក្នុងស្រុក​ឱ្យបាន​គ្រប់គ្រាន់​ចៀសវាង​ការនាំ​ចូល​ពី​បរទេស​ទាំងស្រុង​។

ក្រៅពី​នេះ​ក៏​បង្កើន​លើ​វិស័យ​កសិកម្ម ព្រោះ​ពលរដ្ឋ​កម្ពុជា​ភាគច្រើន​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម ស្របពេល​មាន​ជំងឺ​កូវីដ​ ១៩ ធ្វើឱ្យ​តម្រូវការ​កសិកម្ម​កើនឡើង​ខ្ពស់​ដោយសារ​ការនាំ​ចូល​ពី​បរទេស​មក​កម្ពុជា​ត្រូវ​រាំងស្ទះ ឬ​អាច​កាត់បន្ថយ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា វិស័យ​សុខាភិបាល​ក៏​ត្រូវតែ​បង្កើន​ថវិកា​ដែរ ព្រោះ​យើង​ដឹង​ហើយ​គឺ​ជំងឺ​កូវីដ​ ១៩ ជាពិសេស​សាងសង់​អគារ ឬ​កន្លែង​ធ្វើ​ចត្តាឡីស័ក ព្រោះ​យើង​មិនអាច​យក​ទីតាំង​សាលារៀន​ក្មេងៗ​ទៅធ្វើជា​កន្លែង​ធ្វើ​ចត្តាឡីស័ក​ទេ​។ លើសពីនេះ បរិក្ខារ​ពេទ្យ​ក៏​ត្រូវ​តែ​ទិញ​បន្ថែម ហើយ​សមត្ថភាព​ពេទ្យ​ក៏​ត្រូវតែ​បង្កើន​ដែរ អ៊ីចឹង​ធ្វើយ៉ាងណា​ឱ្យ​ដើរ​ស្របគ្នា​»​។

លោក​ សន ជ័យ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ (ANSA) ​ថ្លែង​ថា រាជរដ្ឋាភិបាល​ត្រូវតែ​ពង្រឹង​វិស័យ​កសិកម្ម ដើម្បីឱ្យ​កសិកម្ម​ដើរតួនាទី​ស្ដារ​វិស័យសេដ្ឋកិច្ច​ឡើង​វិញ​ក្នុងអំឡុង​វិបត្តិ​កូវីដ​នេះ​។ នៅពេល​ជំងឺ​កូវីដ​ ១៩​ ចាប់ផ្ដើម​រាលដាល ការផលិត​ស្បៀងអាហារ​ត្រូវ​ប៉ះពាល់​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា បើ​រដ្ឋាភិបាល​ធ្វើឱ្យ​វិស័យ​កសិកម្ម សុខាភិបាល និង​វិស័យ​អប់រំ​បាន​ដើរ​ទៅមុខ​ឱ្យបាន​លឿន​ជាងគេ​បន្ដិច គឺ​ប្រទេស​យើង​នឹង​មិនសូវ​ព្រួយបារម្ភ​ច្រើនពេក​ទេ​។ ខ្ញុំ​ចង់​បញ្ជាក់បន្ថែម​ដែរ ចំពោះ​វិស័យ​សុខាភិបាល​គឺ​ត្រូវតែ​ពង្រឹង​ឱ្យដល់​នៅ​មូលដ្ឋាន​ផ្ទាល់ ព្រោះ​យើង​មើល​ជាក់ស្ដែង នៅពេល​មាន​គ្រោះធម្មជាតិ ឬ​ទឹកជំនន់​ម្ដងៗ យើង​មិនដឹងថា ពលរដ្ឋ​រស់នៅ​មាន​អនាម័យ​កម្រិតណា​ទេ គឺ​ទាំង​ការហូប ការផឹក និង​ការបន្ទោបង់​»៕