កំពង់ស្ពឺៈ គណៈគ្រប់គ្រងវត្តគិរីស្តេចគង់ នៅឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺបានយល់ព្រមប្រគល់សិលាចារឹកសុវណ្ណភូមិដែលរកឃើញតាំងពីជាង ២០ ឆ្នាំមុនទៅសារមន្ទីរជាតិនៅរាជធានីភ្នំពេញ ប៉ុន្តែស្នើមានលក្ខខណ្ឌត្រូវប្រារព្វពិធីអរូបី និងតាមសាសនាជាមុនសិនមុននឹងមានការដង្ហែក្បួនទៅសារមន្ទីរជាតិ។
ការយល់ព្រមប្រគល់សិលាចារឹកនេះក្រោយពីមានការស្នើសុំពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: លោកស្រី ភឿង សកុណា ព្រមទាំងសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ក្រោយពីមានការចុះទៅយកជាច្រើនលើក ហើយត្រូវប្រជាពលរដ្ឋក៏ដូចជាខាងគណៈកម្មការវត្តមិនយល់ព្រម។
លោក នឹម សំណាង ប្រធានគណៈកម្មការសាងសង់វត្តគិរីសេ្តចគង់ថ្លែងកាលពីថ្ងៃទី ១០ ខែធ្នូថាការយល់ព្រមប្រគល់ជូនសិលាចារឹកនេះក្រោយមានការស្នើសុំពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ព្រមទាំងសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត និងនៅក្រោមលក្ខខណ្ឌមានការប្រារព្ធពិធីអរូបី និងបែបសាសនា។
លោក សំណាង បានបញ្ជាក់ថា៖ «យើងបានសំណូមពរទៅព្រះមេគណខេត្ត ជាអធិបតីដ៏ខ្ពង់ខ្ពស់ លោកបានទទួលយល់ព្រមថាយើងប្រគល់ឲ្យក្នុងលក្ខខណ្ឌមានការប្រារព្ធពិធីផ្នែកជំនឿអរូបី។ ទី ២ យើងត្រូវធ្វើពិធីដកពាក្យបណ្តាសា ហើយបើសិនជាសម្បតិ្តហ្នឹងជាបេតិកភណ្ឌជាតិទេយើងសូមមេគណខេត្តសូមឲ្យមានការដង្ហែ»។
លោក សំណាង បន្ថែមថា៖ «ពាក្យថាសុណ្ណភូមិហ្នឹង បើសិលាចារឹកបានបាត់ទៅ ឬមានការឃុបឃិតជាមួយជនខិលខូច ឬក៏ឲ្យទៅសារមន្ទីរត្រូវធ្វើឲ្យមានការធ្លាក់នរក នេះជាពាក្យបណ្តាសា។ យើងសូមឲ្យមានរបាំព្រះរាជទ្រព្យ ភ្លេងពិណពាទ្យនៅពេលដង្ហែ។ យើងធ្វើពិធីរំដោះកម្មរួចហើយយើងធ្វើពិធីដោះបណ្តាសា រួចធ្វើពិធីឆ្លង និងដង្ហែវាទៅសារមន្ទីរ»។
បើទោះបីជាយ៉ាងណាលោក សំណាង មិនទាន់អាចបញ្ជាក់ថាកម្មវិធីសាសនានឹងត្រូវប្រារព្ធបាននៅពេលណានោះទេ ដោយត្រូវមានការប្រជុំគ្នាជាមួយអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ។
លោកបញ្ជាក់ថា៖ «យើងត្រូវប្រជុំជាមួយគណៈកម្មការ ដើម្បីពេលដកពីកន្លែងហ្នឹងទៅ កុំឲ្យកើតកលិយុគឲ្យមានភាពសុខដុមរមនាកុំឲ្យមានភ័យដល់ប្រជាពលរដ្ឋ។ មានការប៉ុនប៉នមកយកច្រើនដងហើយ ហើយមានប្រជាជនតវ៉ាច្រើនដោយសារគាត់ជឿថា គួរតែនៅកន្លែងគាត់»។
លោក ប្រាក់ សុណ្ណារ៉ា អគ្គនាយកបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និយាយថាមន្ត្រីជំនាញពីសារមន្ទីរជាតិនាយកដ្ឋានបុរាណវត្ថុ ដឹកនាំដោយអគ្គនាយករងបេតិកភណ្ឌ អាជ្ញាធរដែនដីអមដោយលិខិតរបស់សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ដែលបានស្នើឲ្យយកសិលាចារឹកនេះមករក្សាទុកនៅភ្នំពេញ សារមន្ទីរជាតិ ដោយសារអ្នកជំនាញអានសិលាចារឹកនេះមានពាក្យសុវណ្ណភូមិសម័យមុនអង្គរសតវត្យរ៍ទី ៧ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ។ យោងតាមលិខិតស្នើសុំរបស់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានផ្ញើតាមសម្តេចសង្ឃនាយកដើម្បីធ្វើសំណើសុំយកសិលាចារឹកសុវណ្ណភូមិ។
លោកបញ្ជាក់ថា៖ «ការដែលយើងទៅលើកនេះជាការស្នើសុំលើកទី ៣ ហើយព្រះគ្រូចៅអធិការវត្ត អាចារ្យអីហ្នឹង ប្រជាពលរដ្ឋគាត់មិនព្រមឲ្យទេ ហើយគាត់យកសិលាចារឹកហ្នឹងទៅលាក់ទុក ពេលដែលយើងទៅយក ហើយយើងក៏ដកថយវិញ»។
លោក សុវណ្ណារ៉ា ឲ្យដឹងថាកាលពីថ្ងៃអាទិត្យព្រះមេគណខេត្តព្រះអង្គ និមន្ត មកប្រជុំជាមួយអាចារ្យវត្ត ព្រះគ្រូចៅអធិការវត្តគិរីស្តេចគង់។ កិច្ចប្រជុំនោះបានចេញជាកំណត់ហេតុមួយដោយបានឯកភាពថា ប្រគល់មកសារមន្ទីរជាតិ ប៉ុន្តែមិនទាន់ភ្លាមៗទេដោយថាទុកធ្វើពិធីបុណ្យសុំតាមជំនឿគាត់។
លោក ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជានិយាយថា សុវណ្ណភូមិអាស៊ីអាគ្នេយ៍ គេតែងគិតថាគេជាប្រទេសសុណ្ណភូមិ ប៉ុន្តែអត់មានភ័ស្តុតាង។ ការលើកឡើងនេះលោកចង់សំដៅទៅប្រទេសថៃដែលដាក់ឈ្មោះព្រលានយន្តហោះ «សុវណ្ណភូមិ» របស់ខ្លួន ប៉ុន្តែមិនមានភស្តុតាង។ ចំណែកកម្ពុជាឃើញច្បាស់នៅលើសិលាចារឹកហ្នឹងប្រហែលក្នុងឆ្នាំ ៦៣០។ នេះជាពាក្យសុវណ្ណភូមិ និងជានគរដែលចាស់ជាងគេ។
លោកបញ្ជាក់ថា៖ «ព្រះសង្ឃចង់បានរបស់ហ្នឹងនៅលើដៃ ហើយអត់ចង់ឲ្យយកចេញពីដៃខ្លួនឯងដែរ។ ប្រជាជនមួយក្រុមចង់ឲ្យសហការជាមួយរដ្ឋអំណាចដោយសារគាត់មានមោទនភាពហើយ ១ ក្រុមទៀតចង់ទុកនៅក្នុងតំបន់គាត់»។
លោក ប៉ាង យ៉ន នាយប៉ុស្តិ៍សា្វយចចឹបនិយាយកាលពីថ្ងៃចន្ទថា កាលពីថ្ងៃសុក្រមានមន្ត្រីបានប៉ុនប៉ងមកយកសិលាចារឹកដោយមានការប៉ះសម្តីគ្នា។ លោកថាសិលាចារឹកត្រូវបានគេដាក់ឲ្យនៅកន្លែងផ្សេង ប៉ុន្តែក្នុងទីតាំងបរិវេណវត្តដដែល។
លោកថ្លែងថា៖ «កន្លងមកគ្មានអ្នកណាយាយីអីទេ ប្រជាពលរដ្ឋចង់ទុកដោយសារផ្តល់ភាពត្រជាក់ត្រជុំផ្តល់ភ្លៀងជូនគាត់។ យើងចាប់ផ្តើមយាមសិលាហ្នឹងមានកម្លាំង ១០ នាក់ ប៉ុន្តែយើងមិនអាចយាមកាមបាន ២៤ ម៉ោងទេ អ៊ីចឹងយើងចង់ទុកឲ្យសារមន្ទីរព្រោះវាជាសម្បតិ្តជាតិ។ យើងមានការពិបាក យើងខ្លាចមានជនខិលខូចលួចទៅលក់ឲ្យថៃ»។
កាលពីជាង ២០ ឆ្នាំមុនប្រជាជនមួយក្រុមបានកំពុងជីកស្រះ។ ពេលដែលកំពុងជីក គេប្រទះនឹងថ្មនៅក្រោមដីដែលបន្លឺសំឡេងពេលដែលចបជីកប៉ះជាមួយនឹងថ្ម ហើយពេលដែលគេជីកកាន់តែជ្រៅមកទៀតក៏បានប្រទះឃើញថ្មជាច្រើនបន្ទះរហូតទាល់តែគេបានឃើញបំណែកថ្មពីបុរាណហើយប្រជាពលរដ្ឋក៏បានយកថ្មហ្នឹងមកគោរពបូជា។
កាលពីខែមករា ឆ្នាំនេះ សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញលោក វង្ស សុធារ៉ា បានចុះទៅពិនិត្យទីតាំងនិងសិលាចារឹក។ ពេលដែលលោក សុធារ៉ា មកដល់លោកបានមើលឃើញថាមានតែសិលាចារឹកចំនួន ២ បន្ទះប៉ុណ្ណោះដែលអាចសិក្សាបាន។ ក្រោយមកទៀតមន្ត្រីបានចុះទៅពិនិត្យ និងប៉ុនប៉ងយកសិលាចារឹកមកសារមន្ទីរតែត្រូវបានរារាំងមិនយល់ព្រម៕