កែបៈ គណៈបញ្ជាការ​ឯកភាព​ស្រុក​ដំណាក់​ចង្អើរ​បាន​ចុះ​ប្រតិបត្តិការ​វាយកម្ទេច​របង​បេតុង​មួយ​កន្លែង ដែល​បាន​សាងសង់​រំលោភ​ចូល​ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​ដោយ​ខុសច្បាប់​នៅ​ចំណុច​អូរកញ្ឆែត​ស្ថិត​ក្នុង​ភូមិ-ឃុំ​អង្គោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។

លោកស្រី គឹម ចន្នី អភិបាលស្រុក​ដំណាក់ចង្អើរ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ខណៈ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​កំពុង​ជាប់រវល់​ចុះ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ប្រជាពលរដ្ឋ​អំពី​វិធានការ​បង្ការ​ទប់ស្កាត់​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​-១៩ ជន​ឱកាសនិយម​មួយ​ក្ដាប់​តូច​បាន​លួច​បោះបង្គោល និង​ធ្វើ​របង​ថ្ម​រឹងមាំ​ព័ទ្ធ​យក​ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​ដោយ​ខុសច្បាប់ ពិសេស​នៅ​ចំណុច​អូរ​កញ្ឆែត ស្ថិត​ក្នុង​ភូមិសាស្ត្រ​ឃុំ​អង្កោល​។

លោកស្រី ចន្នី បាន​បញ្ជាក់ថា​៖ «​នៅពេល​នេះ​កម្លាំង​សមត្ថកិច្ច​យើង កំពុង​ចុះ​រុះរើ​បង្គោល និង​របង​ថ្ម​ដែល​បាន​សង់​រំលោភ​ចូល​ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ និង​បានចេញ​លិខិត​ជូនដំណឹង​ដល់​ម្ចាស់​ទីតាំង​ទាំងនោះ​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​នូវ​បញ្ហា​ទាំងនេះ​នៅ​ក្រោយ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​»​។

បើ​តាម​អះអាង​របស់​លោកស្រី​ ចន្នី ករណី​បោះបង្គោល និង​សាងសង់​របង​ថ្ម រំលោភ​លើដី​ព្រៃ​លិច​ទឹក​របស់​រដ្ឋ​ក្នុង​គោលបំណង​ទន្ទ្រាន​យក​កាន់កាប់​ជា​សម្បត្តិ​ឯកជន​នេះ មិនមែន​ទើបតែ​កើតឡើង​នាពេលនេះ​ទេ​។ កាលពី​ចុង​ឆ្នាំ​មុន​មាន​ករណី​ចាក់ដី​លុប​ព្រៃកោងកាង និង បោះបង្គោល​ហ៊ុមព័ទ្ធ​លើដី​ព្រៃ​កោងកាង​ផងដែរ តែ​ត្រូវ​បាន​អាជ្ញាធរ​ចាត់វិធានការ​ទប់ស្កាត់​ទាន់ពេលវេលា​។

លោក ចក់ ស៊ីនាថ នាយផ្នែក​រដ្ឋបាល​ជលផល​ដំណាក់​ចង្អើរ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេល​នេះ​ក្រុម​គណៈកម្មការ​បច្ចេកទេស​កំពុង​ធ្វើការ​វាស់វែង និង​ផ្ទៀងផ្ទាត់​អំពី​ទំហំ​ផ្ទៃដី​ដែល​បាន​រង​ការខូចខាត​ពី​ការបោះបង្គោល និង ធ្វើ​របង​ហ៊ុមព័ទ្ធ​លើ​ដី​ព្រៃ​លិច​ទឹក​ទាំងនោះ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅកាន់​រដ្ឋបាល​ជលផល​ថ្នាក់​ខេត្ត​ពិនិត្យ និង​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

លោក ស៊ីនាថ បាន​បញ្ជាក់ថា​៖ «​នៅពេល​នេះ​យើង​មិនទាន់​មាន​ការបូកសរុប​ផ្ទៃដី​ព្រៃ​លិច​ទឹក​ដែល​រង​ការទន្ទ្រាន​កាន់កាប់​ពី​អ្នកភូមិ និង ក្រុម​ឈ្មួញ​មួយចំនួន​នោះ​នៅឡើយ​ទេ ដោយសារ​តែ​ករណី​បោះបង្គោល និង​ធ្វើ​របង​ថ្ម​រំលោភ​ចូល​ព្រៃ​លិច​ទឹក​នេះ​មាន​នៅ​ច្រើន​កន្លែង​ដាច់​ដោយ​ឡែក​ពីគ្នា​»​។

លោក​បាន​បន្ថែម​ថា​ទោះ​យ៉ាងណា​ក៏ដោយ​មាន​ម្ចាស់​ទីតាំង​មួយចំនួន​បាន​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​នៅក្នុង​ការរុះរើ​កែសម្រួល​បង្គោលរបង​របស់​ពួកគេ​ដែល​បាន​ដាំ​ ឬ​សង់​លយ​ចូលទៅក្នុង​ដីព្រៃ​លិចទឹក​របស់​រដ្ឋ​ឡើង​វិញ​ជា​បណ្ដើរ​ផងដែរ​។

លោក កែន សត្ថា អភិបាលខេត្ត​កែប​បាន​ថ្លែងថា អាជ្ញាធរខេត្ត​នឹង​ចាត់​វិធានការ​តាម​ច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត ចំពោះ​ករណី​លួច​ធ្វើ​សំណង់​រំលោភ​យក​ដី​រដ្ឋ ក៏ដូចជា​ដី​សហគមន៍​នេះ​ព្រោះ​វា​ជា​រឿង​ «​អាក្រក់​បំផុត​»​។

លោក​ថ្លែងថា​៖ «​យើង​ត្រូវ​ចាត់​វិធានការ​ឲ្យ​ទាន់​ពេលវេលា​ដោយ​វាយ​កម្ទេចចោល​ទាំងអស់​នូវ​រាល់​សំណង់​ទាំងឡាយ​ណា ដែល​រំលោភបំពាន​ច្បាប់​។ ពិសេស​ការសង់​របង​ថ្ម​ព័ទ្ធ​យក​ដី​សាធារណៈ​របស់​រដ្ឋ​នេះ​»៕