
លោក លី ច័ន្ធតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំណាត់ការរបស់មន្ត្រីនៃអាជ្ញាធរមានសមត្ថកិច្ចមួយចំនួនដែលតែងតែយកសកម្មភាពនៃការប្រកបវិជ្ជាជីវៈរបស់មេធាវីសុទ្ធសាធទៅដោះស្រាយក្នុងសមត្ថកិច្ចរបស់ខ្លួន ការឃាត់ខ្លួន និងការបង្ខំមេធាវីឱ្យទម្លាយការសម្ងាត់របស់កូនក្តី។
យោងតាមសេចក្តីថ្លែងការណ៍លេខ ១៦៨/កម/២១ របស់គណៈមេធាវីដែលផ្សព្វផ្សាយកាលពីថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០២១ ឱ្យដឹងថា កន្លងមកនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការកត់សម្គាល់ឃើញថា មានមន្ត្រីនៃអាជ្ញាធរមានសមត្ថកិច្ចមួយចំនួនបានទទួល និងចាត់ការលើបណ្តឹងដែលប្តឹងចំពោះសកម្មភាពនៃការប្រកបវិជ្ជាជីវៈរបស់មេធាវីសុទ្ធសាធ ជាអាទិ៍ការឃាត់ខ្លួនមេធាវី ដែលបានតំណាងកូនក្តី ក្នុងការចរចា និងអមកូនក្តីការបង្ខំមេធាវីឱ្យអន្ទងកូនក្តីមកកាន់អង្គភាពនគរបាលយុត្តិធម៌ ការបង្ខំមេធាវីឱ្យទម្លាយការសម្ងាត់នៃទំនាក់ទំនងរវាងមេធាវី និងកូនក្តី ការប្តឹងមេធាវីពីបទគំរាមកំហែងហែកកេរ្តិ៍ចំពោះការតាក់តែងលិខិតជូនដំណឹងក្នុងនាមមេធាវីតំណាងដោយអាណត្តិ ការប្តឹងមេធាវីពីបទញុះញង់ចំពោះការផ្តល់យោបល់ផ្នែកច្បាប់ដល់កូនក្តី។ល។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវដល់មន្ត្រីនៃអាជ្ញាធរមានសមត្ថកិច្ចមេត្តាពិនិត្យតាមផ្លូវច្បាប់លើសកម្មភាពនៃការប្រកបវិជ្ជាជីវៈមេធាវីមុននឹងចាត់ការលើការប្តឹងមេធាវីណាមួយ។ ក្នុងករណីរកឃើញថា ការប្តឹងនោះ កើតចេញពីការប្រកបវិជ្ជាជីវៈរបស់មេធាវី សូមមន្ត្រីនៃអាជ្ញាធរមានសមត្ថកិច្ចផ្តល់ព័ត៌មាន ឬបញ្ជូនបណ្តឹងនោះ មកគណៈមេធាវី ដើម្បីដោះស្រាយតាមវិធានវិជ្ជាជីវៈជាសមត្ថកិច្ច ដូចដែលមានចែងយ៉ាងច្បាស់លាស់នៅក្នុងមាត្រា ១៩ និងមាត្រា ២៧ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី។
គណៈមេធាវីក៏បានអំពាវនាវដល់មេធាវីទាំងអស់ នៅពេលប្រកបវិជ្ជាជីវៈមេធាវី ត្រូវគោរពច្បាប់ និងក្រមសីលធម៌មេធាវីឱ្យបានខ្ជាប់ខ្ជួន។ លើសពីនេះ មេធាវីដែលត្រូវបានគេប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចណាមួយ ឬមេធាវីដែលបានដឹងអំពីការប្តឹងមេធាវីណាមួយ សូមផ្តល់ព័ត៌មាននេះ មកគណៈមេធាវីជាបន្ទាន់ ដើម្បីគណៈមេធាវីមានពេលវេលាគ្រប់គ្រាន់ក្នុងការពិនិត្យលើផ្លូវច្បាប់ ស្វែងរកព័ត៌មានបន្ថែម និងធ្វើអន្តរាគមន៍បានទាន់ពេលវេលា។
លោក លី ច័ន្ធតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាពន្យល់ថា ការចេញសេចក្តីថ្លែងការណ៍នេះ ដោយសង្កេតឃើញថា នៅក្នុងរយៈពេល ២ ឬ ៣ ខែចុងក្រោយនេះ សមត្ថកិច្ចតែងតែកោះហៅមេធាវីឱ្យចូលទៅបំភ្លឺ និងពេលខ្លះទៀតក៏មានការឃាត់ខ្លួនមេធាវីផងដែរ។
បើពិនិត្យមើលទៅ កិច្ចការងារទាំងអស់សុទ្ធតែបំពេញជូនដល់កូនក្តីរបស់ខ្លួនតែប៉ុណ្ណោះ។ លោកថ្លែងថា៖ «ពេលខ្លះ កូនក្តីគេមិនពេញចិត្ត ឬក៏ជួនកាលខាងសមត្ថកិច្ចក៏គេអង្កេតរក អ្នកដែលជាជនល្មើសអត់ឃើញ ក៏គេហៅមេធាវីទៅសួរចម្លើយ ឬក៏បង្ខិតបង្ខំឱ្យមេធាវីយើងប្រាប់ថា កូនក្តីនៅឯណា។ អ៊ីចឹងហើយ វាមានបញ្ហាទាំងអស់ហ្នឹងហើយបានខាងគណៈមេធាវីយើងគ្រាន់តែចេញសេចក្តីថ្លែងការណ៍នេះ ដើម្បីជាការក្រើនរំឭកអំពីសមត្ថកិច្ចរបស់គណៈមេធាវីក្នុងការប្រកបវិជ្ជាជីវៈរបស់មេធាវី»។
លោកបន្តថា បញ្ហាទាំងអស់ហ្នឹងនៅពេលគណៈមេធាវីធ្វើអធិការកិច្ចទៅឃើញថា សុទ្ធតែជារឿងកិច្ចការប្រកបវិជ្ជាជីវៈរបស់មេធាវី។ បើតាមលោក លី ច័ន្ធតុលា ខ្លឹមសារនៅក្នុងលិខិតនេះ ក៏ស្នើសុំកិច្ចសហការពីអាជ្ញាធរមានសមត្ថកិច្ចថា បើសិនជាមានមេធាវីប្រព្រឹត្តរឿងមិនប្រក្រតីណាមួយក៏សុំឱ្យសមត្ថកិច្ចបញ្ជូនសំណុំរឿងមកគណៈមេធាវី ដើម្បីធ្វើការចាត់វិធានការ និងបញ្ជូនសំណុំរឿងត្រឡប់ទៅសមត្ថកិច្ចវិញ ហើយក្នុងពេលជាមួយគ្នានេះដែរ ក៏យើងអាចណែនាំដល់មេធាវីផងដែរ កុំឱ្យទៅធ្វើអ្វីដែលខុសច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈរបស់មេធាវី និងចាត់វិធានការទៅលើមេធាវីរូបណាដែលមិនគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈមេធាវី។
លោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិថ្លែងថា សេចក្តីថ្លែងការណ៍របស់គណៈមេធាវីមិនសំដៅទៅដល់បុគ្គលណាម្នាក់នោះទេ ហើយអាជ្ញាធរមានសមត្ថកិច្ចមានច្រើនជាប៉ូលិស ប៉េអឹម យោធា អង្គភាពប្រឆាំងអំពើពុករលួយ ចៅហ្វាយខេត្ត ឬរដ្ឋមន្ត្រី ដែលសុទ្ធសឹងតែអាជ្ញាធរមានសមត្ថកិច្ច។
លោកថា៖ «គាត់សរសេរមក ខ្ញុំមិនដឹងថា គាត់ចង់បានអ្វីនោះទេ។ ខាងខ្ញុំភាគច្រើន គឺមានតែមេធាវីប្តឹងមកពួកខ្ញុំ ហើយពួកខ្ញុំក៏មិនដែលសម្លុតមេធាវីទេ មានតែគាត់ (មេធាវី) ទាមទារថតឯកសារនេះ ឯកសារនោះ។ មានមេធាវីមកឡុកឡាក់ទារឯកសារ»។
ចំពោះការស្នើសុំកិច្ចសហការរបស់គណៈមេធាវីនេះ ត្រូវផ្អែកលើនីតិវិធីសិទ្ធិសម្រេចរបស់ប៉ូលិសត្រឹមណា ដូចជាបទឧក្រិដ្ឋ ជាដើម មេធាវីមិនអាចមកធានាបាននោះទេ ហើយស្ថិតនៅក្នុងការស៊ើបអង្កេតមេធាវីមិនអាចមករញ៉េរញ៉ៃបាននោះទេ ដែលមានចែងនៅក្នុងនីតិវិធីច្បាប់ព្រហ្មទណ្ឌមានការណែនាំយ៉ាងច្បាស់។
ទោះយ៉ាងណា លោកថា៖ «អ្វីដែលសំខាន់យើងត្រូវគោរពច្បាប់ និងក្រមនីតិវិធីទាំងអស់គ្នា វាមិនអីនោះទេ។ ប៉ុន្តែ ពេលខ្លះ ខាងគណៈមេធាវី បានស្នើសុំឱ្យខាងប៉ូលិសថតឯកសារឱ្យ ប៉ុន្តែវាខុសនីតិវិធី។ មេធាវីមិនមែនគាត់មិនដឹងទេ ប៉ុន្តែគាត់នៅតែធ្វើ។ យើងខ្ញុំមិនដែលសម្លុតមេធាវីទេ ប៉ុន្តែមានតែមេធាវីសម្លុតមន្ត្រីរបស់ខ្ញុំ ដោយសារប៉ូលិសអត់ឱ្យជួបកូនក្តីរបស់គាត់»៕