ភ្នំពេញៈ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្តេជ្ញា​បន្ត​ពង្រីក​វិសាលភាព​នៃ​គោលនយោបាយ​ស្តីពី​ការពិគ្រោះ​យោបល់ និង​ការការពារ​ក្តី​ជូន​ជនក្រីក្រ ដោយ​ឥត​គិត​កម្រៃ​ឱ្យ​កាន់តែ​ទូលំទូលាយ​ជាង​មុន​ និង​អំពាវនាវ​ដល់​មេធាវី​ទូទាំងប្រទេស​ចូលរួម​ទាំងអស់​គ្នា ដើម្បី​រួមចំណែក​ក្នុង​ការបម្រើ​វិស័យ​យុត្តិធម៌​សង្គម​ឱ្យ​កាន់តែ​ប្រសើរ​ និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​។

សេចក្តី​ជូនដំណឹង​របស់​គណៈមេធាវី​ស្តីពី​គោលនយោបាយ​ការពិគ្រោះ​យោបល់​ និង​ការការពារ ក្តី​ជូន​ជនក្រីក្រ​ដោយ​ឥតគិតថ្លៃ ចុះ​ថ្ងៃទី​ ៥ កុម្ភៈ ឱ្យដឹងថា នាពេល​កន្លងមក គណៈមេធាវី​កម្ពុជា តាមរយៈ​នាយកដ្ឋាន​ការពារ​ក្តី​ជូន​ជនក្រីក្រ​បាន​អនុវត្ត​ការងារ​យ៉ាង​ល្អ​ប្រសើរ​រួចមកហើយ​។

ប៉ុន្តែ​ដើម្បី​ធានា​ និង​ពង្រីក​បន្ថែម​នូវ​វិសាលភាព​នៃ​នាយកដ្ឋាន​ការពារ​ក្តី​ជូន​ជនក្រីក្រ​ក្នុង​ការចូលរួម​ចំណែក​បម្រើ​វិស័យ​យុត្តិធម៌​សង្គម​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្តទៀត ក៏ដូចជា​ដើម្បី​លើកស្ទួយ​ឧត្តមភាព​ និង​កិត្យានុភាព​នៃ​វិជ្ជាជីវៈ​មេធាវី គណៈមេធាវី​កម្ពុជា​ដាក់​ចេញ​នូវ​គោលនយោបាយ​មួយចំនួន​បន្ថែម​ពីលើ​គោលនយោបាយ​ដែលមាន​ស្រាប់​។

គោលនយោបាយ​នេះ​សំដៅលើ​ការពង្រីក​វិសាលភាព ក៏ដូចជា​តួនាទី​នៃ​នាយកដ្ឋាន​ការពារ​ក្តី​ជូន​ជនក្រីក្រ​ក្នុង​ការចូលរួម​បម្រើ​វិស័យ​យុត្តិធម៌​សង្គម​។ តាមរយៈ​នេះ នាយកដ្ឋាន​នឹង​លើកយក​យន្តការ​ចំនួន​ ២ ដើម្បី​ធ្វើជា​ធាតុ​ចម្បង​នៃ​ការពង្រីក​វិសាលភាព​របស់ខ្លួន រួមមាន ការផ្តល់​ការពិគ្រោះ​យោបល់​ផ្នែក​ច្បាប់​ជូន​ជនក្រីក្រ​ និង​សាធារណជន​ទូទៅ និង​ការការពារ​ជនក្រីក្រ ឬ​អ្នក​ខ្វះ​លទ្ធភាព​ដោយ​មិន​គិត​កម្រៃ​។

ប្រធាន​គណៈមេធាវី​កម្ពុជា​លោក​ លី ច័ន្ទតុលា ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ បន្ថែមថា​៖ «​ពីមុន​យើង​ផ្តោត​សំខាន់​តែ​ទៅលើ​ជនជាប់ចោទ​ក្នុង​បទឧក្រិដ្ឋ និង​អនីតិជន​នៅក្នុង​បទមជ្ឈិម និង​បទឧក្រិដ្ឋ​។ ប៉ុន្តែ​ឥឡូវ​យើង​ការពារ​រហូតដល់​ជនរងគ្រោះ​ផង ហើយ​ក្នុង​រឿង​រដ្ឋប្បវេណី​ក៏យើង​ជួយ​ដែរ​ឱ្យតែ​គាត់​ក្រីក្រ​។ ប៉ុន្តែ​អ្វី ដែលជា​គោលនយោបាយ​ថ្មី​នេះ គឺ​ពង្រីក​វិសាលភាព​ឱ្យ​ទូលំទូលាយ​ជាង​មុន​»​។

ជាមួយ​គ្នា​នេះ ប្រធាន​គណៈមេធាវី​បន្ត​អំពាវនាវ​ដល់​មេធាវី​ទាំងអស់​ចូលរួម​ស្ម័គ្រចិត្ត​ឱ្យ​បាន​ច្រើន ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ការដោះស្រាយ​សំណុំ​រឿង​ឱ្យបាន​ឆាប់រហ័ស ខណៈ​បច្ចុប្បន្ន​មាន​មេធាវី​ស្ម័គ្រចិត្ត​ចូលរួម​ចំនួន​ ៥០ ​នាក់​ហើយ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​អំពាវនាវ​ឱ្យ​មេធាវី​ទាំងអស់ គឺ​ផ្តល់​ការប្រឹក្សា​យោបល់​ដោយ​ឥតគិតថ្លៃ ហើយ​ផ្តល់​ម៉ោង​ពេលវេលា​ដល់​គណៈមេធាវី ដើម្បី​ផ្សព្វផ្សាយ ហើយ​ប្រជាពលរដ្ឋ​ទាំង​អ្នកមាន​ទាំង​អ្នកក្រ ដែល​ចង់​ពិគ្រោះ​យោបល់​ផ្លូវច្បាប់​អាច​ទៅ​ជួប​មេធាវី​ទៅតាម​ទីតាំង និង​ពេលវេលា​នីមួយៗ​ដែល​មេធាវី​ស្ម័គ្រចិត្ត​»​។

លោក​មេធាវី លឹម សម្បត្តិ ​នៃ​ក្រុម​មេធាវី​វណ្ណា​សហភាតា​ដែល​ធ្លាប់​ការពារ​ក្តី​ជូន​ជនក្រីក្រ​កន្លងមក បាន​សម្តែង​ការគាំទ្រ​ចំពោះ​យន្តការ​ពង្រីក​វិសាលភាព​ការពារ​ក្តី​ជូន​ជនក្រីក្រ​ដោយ​មិន​យក​កម្រៃ​។ លោក​ចាត់ទុក​គោលនយោបាយ​នេះ ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ខ្វះ​ចំណេះដឹង និង​មិនមាន​លទ្ធភាព​ពឹងពាក់​មេធាវី ដើម្បី​ការពារ​ក្តី​នៅ​តុលាការ​។

លោក​ថ្លែងថា​៖ «​ជាក់ស្តែង​គ្រប់​មេធាវី​ទាំងអស់ នៅពេល​ចុះ​កម្មសិក្សា គឺមាន​កាតព្វកិច្ច​ត្រូវការពារ​ក្តី​ជូន​ជនក្រីក្រ​មុនពេល​ក្លាយជា​មេធាវី​ពេញសិទ្ធិ ហើយ​ការពង្រីក​វិសាលភាព​ការពារ​ក្តី​ជូន​ជនក្រីក្រ​នាពេលនេះ​នឹង​រឹតតែ​បង្កើន​ប្រសិទ្ធភាព​បន្ថែមទៀត​ជួយ​ដល់​ជនក្រីក្រ​ដែល​ខ្វះ​លទ្ធភាព​។ ខ្ញុំ​ក៏​ធ្លាប់បាន​ការពារ​ក្តី​ជូន​ជនក្រីក្រ​នៅ​ខេត្ត​កំពង់ឆ្នាំង​ដែរ ពាក់ព័ន្ធ​បញ្ហាដីធ្លី​។ យើង​បាន​ពន្យល់​គាត់​ច្រើន​ពី​នីតិវិធី​ផ្លូវច្បាប់​ដើម្បី​គាត់​មាន​ភាពក្លាហាន​ឆ្លើយ​នៅពេល​សាកសួរ​»​។

បើតាម​សេចក្តី​ជូន​ដំណឹង​របស់​គណៈមេធាវី​កម្ពុជា​ប្រភេទ​នៃ​អ្នក​អាច​ទទួល​សេវាកម្ម ក៏ដូចជា​ទទួលបាន​ការពិគ្រោះ​យោបល់​ផ្នែក​ច្បាប់ រួមមាន​ជន​សង្ស័យ​ត្រូវ​ចោទ ឬ​ជនជាប់ចោទ ជា​ជនក្រីក្រ​ហើយ​ជាប់ចោទ​ពី​បទឧក្រិដ្ឋ ជនសង្ស័យ​ត្រូវ​ចោទ ឬ​ជនជាប់ចោទ​ជា​អនីតិជន​ហើយ​ជាប់ចោទ​ពី​បទឧក្រិដ្ឋ ឬ​មជ្ឈិម ជនរងគ្រោះ​ក្នុង​បទឧក្រិដ្ឋ និង​បទមជ្ឈិម គ្មាន​លទ្ធភាព​រក​មេធាវី​ការពារ​ខ្លួន កម្មករ-កម្មការិនី ស្ត្រី​ និង​កុមារ​ដែលជា​ជនសង្ស័យ​ ឬ​ជនរងគ្រោះ​។ ក្រៅពីនេះ​សាធារណជន​គ្រប់​ស្រទាប់វណ្ណៈ​ដែលមាន​បំណង​ទទួលយក​សេវាកម្ម​ប្រឹក្សាយោបល់​ផ្នែក​ច្បាប់​។

ជាមួយ​គ្នា​នេះដែរ នាយកដ្ឋាន​ការពារ​ក្តី​ជូន​ជនក្រីក្រ​ស្នើសុំ​ឱ្យ​មេធាវី​ទាំងអស់​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ក្នុង​ការការពារ​ក្តី​។ មេធាវី​ស្ម័គ្រចិត្ត​ទាំងអស់​ត្រូវ​ផ្តល់​ឈ្មោះ​មេធាវី​ដែល​ស្ម័គ្រចិត្ត និង​ចំនួន​រឿងក្តី​ដែល​ស្ម័គ្រចិត្ត​ជួយ និង​ទីតាំង​នៃ​តុលាការ​ណាមួយ​ដែល​ស្ម័គ្រចិត្ត​ជួយ ជូន​មក​គណៈមេធាវី​ដើម្បីឱ្យ​គណៈមេធាវី​ធ្វើការ​រៀបចំ​បញ្ជី​ឈ្មោះ​បញ្ចូល​បន្ថែម​ក្នុង​បញ្ជី​ឈ្មោះ​ប្រតិភូ ដែល​តាំង​នៅតាម​បណ្តា រាជធានី ខេត្ត សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល​។

ការពិគ្រោះ​យោបល់​ផ្នែក​ច្បាប់​ដោយ​ឥតគិតថ្លៃ​មាន​ទាំង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​បន្ទាន់ Hotline 1281 រៀងរាល់​ម៉ោង​ធ្វើការ និង​ពិគ្រោះ​យោបល់​ផ្ទាល់​នៅ​គណៈមេធាវី​កម្ពុជា រាជធានី​ភ្នំពេញ និង​ទីតាំង​មួយចំនួន​ទៀត​ទូទាំង​ប្រទេស​។

នាយកដ្ឋាន​ការពារ​ក្តី​ជូន​ជនក្រីក្រ​កន្លងមក​បាន​អនុវត្ត​ការងារ​របស់ខ្លួន ដូចជា ការពារ​ជនជាប់ចោទ​ជា​ជនក្រីក្រ ហើយ​ជាប់ចោទ​ពី​បទឧក្រិដ្ឋ ជន​ជាប់ចោទ​ជា​អនីតិជន ហើយ​ជាប់ចោទ​ពីបទ​ឧក្រិដ្ឋ​ ឬ​មជ្ឈិម​។ ជនរងគ្រោះ​ស្រី្ត​ជា​អនីតិជន បទ​រំលោភសេពសន្ថវៈ ហិង្សា​ក្នុង​គ្រួសារ និង​ការជួញដូរ​ក្នុង​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម គ្មាន​លទ្ធភាព​រក​មេធាវី​ការពារ​សិទ្ធិ​ខ្លួនឯង​បាន​៕

វីដេអូ៖