ភ្នំពេញៈ គណៈមេធាវី​បាន​បង្កើត​បន្ទប់​សម្រាប់​មេធាវី​នៅ​តាម​បណ្ដា​ពន្ធនាគារ​នៅ​រាជធានី-ខេត្ត​ទាំង​ ២៥ ដើម្បី​ឲ្យ​មេធាវី​មាន​ភាពងាយស្រួល​ក្នុង​ការជួប​ជាមួយ​កូនក្ដី​ឲ្យ​បាន​ត្រឹមត្រូវ​ និង​អាច​រក្សា​ការសម្ងាត់​រវាង​មេធាវី​ និង​កូនក្ដី សម្រាប់​​ដំណើរការ​នីតិវិធី​នៅក្នុង​រឿង​ក្ដី​ប្រកប​ដោយ​វិជ្ជាជីវៈ​។

លោកស្រី មេធាវី លឹម ច័ន្ទលីដា ប្រធាន​គណៈកម្មការ​សាងសង់​នៃ​គណៈមេធាវី​បាន​ថ្លែង​ឲ្យ​ដឹងថា គណៈមេធាវី​បាន​ចំណាយ​ថវិកា​ប្រមាណ​ ១៥ ​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​សាងសង់​បន្ទប់​ ១ ​នៅក្នុង​ពន្ធនាគារ​នីមួយៗ​ទាំង​ ២៥ ​រាជធានី-ខេត្ត ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន បន្ទប់​មេធាវី​ត្រូវ​បាន​សាងសង់ និង​បំពាក់​សម្ភារ​រួចរាល់​ហើយ​នៅក្នុង​ពន្ធនាគារ​ចំនួន​ ១៩ នៅតាម​រាជធានី-ខេត្ត និង​នៅសល់​តែ​ ៦ ​បន្ទប់​ប៉ុណ្ណោះ​មិន​ទាន់​បាន​បំពាក់​សម្ភារ​។

លោកស្រី​បាន​ឲ្យ​ដឹងថា ចំពោះ​សំណង់​បន្ទប់​មេធាវី​សាងសង់​រួចរាល់​នោះ​រួមមាន​នៅក្នុង​ខេត្ត​កំពង់ស្ពឺ ត្បូងឃ្មុំ​ តាកែវ កំពត ព្រៃវែង ស្វាយរៀង​ ​កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ ព្រះវិហារ មណ្ឌល​កែប្រែ ម​ ១ ​មណ្ឌល​កែ​ប្រែ ​PJ ព្រះសីហនុ​ក្រចេះ សៀមរាប ខេត្តស្ទឹងត្រែង​ និង​ខេត្ត​ប៉ៃលិន​។

ខណៈ​ខេត្ត​ដទៃទៀត​នៅសល់​ ១០ ​ភាគរយ​​ទៀត​​ដែល​ត្រូវ​លាប​ថ្នាំ​ជញ្ជាំង និង​បំពាក់​សម្ភារៈ​ពី​ខាង​គណៈមេធាវី​។

លោកស្រី ច័ន្ទលីដា ថ្លែងថា​ពន្ធនាគារ​ខ្លះ​មាន​កន្លែង​សម្រាប់​មេធាវី​ជួប​កូនក្តី​ដែរ​តែ​មិន​ពេញលក្ខណៈ​។ ពន្ធនាគារ​ខ្លះទៀត​គ្មាន​បន្ទប់​សម្រាប់​មេធាវី​ជួប​កូនក្តី​តែម្តង​ហើយ​ពេល​មេធាវី​ចុះទៅ​ជួប​កូនក្តី​គឺ​ជួប​កូនក្តី​នៅក្រោម​ដើមឈើ​ក៏មាន​ដែល​មើលទៅ​មិន​សមរម្យ​សម្រាប់​មេធាវី​ទេ​។ បន្ទប់​សម្រាប់​មេធាវី​នេះ​មាន​ទំហំ​ ៥ ​ម៉ែត្រ​គុណ​នឹង​ ៥ ​ម៉ែត្រ​។ សំណង់​បន្ទប់​នេះ​ប្រើ​កម្លាំង​ពលកម្ម​របស់​ទណ្ឌិត​។

លោកស្រី ច័ន្ទលីដា ថ្លែងថា​៖ «​បន្ទប់​មេធាវី​ក្នុង​ពន្ធនាគារ​ខ្លះ​ច្រកទ្វារ​មិនអាច​រក្សា​ការសម្ងាត់​រវាង​មេធាវី​ និង​កូនក្តី​បាន​»​។

លោកស្រី មេធាវី បញ្ជាក់​ថា​សំណង់​បន្ទប់​មេធាវី​នេះ​គ្រោង​បញ្ចប់​រួចរាល់​នៅ​ខែមិថុនា ឆ្នាំ​ ២០២០ ហើយ​អាច​នឹង​បើក​ការសម្ពោធ​ជា​ផ្លូវការ​ដោយមាន​លោក សួន វិសាល ប្រធាន​គណៈមេធាវី​។ សំណង់​បន្ទប់​មេធាវី​សម្រាប់​ជួប​កូនក្តី​នៅ​តាម​ពន្ធនាគារ​ទូទាំង​ប្រទេស​គឺ​គណៈមេធាវី​ចាប់ផ្តើម​ធ្វើការ​សាងសង់​តាំងពី​ខែសីហា ឆ្នាំ​ ២០១៨​។ ក្រោយពី​មើលឃើញ​ថា កន្លងមក​មេធាវី​តែង​ជួប​ការលំបាក​ពេល​ចុះទៅ​ជួប​កូនក្តី​ក្នុង​ពន្ធនាគារ​ព្រោះ​មិនមាន​បន្ទប់​ត្រឹមត្រូវ​។

លោក ស៊ឹង សែនករុណា មន្ត្រីជាន់ខ្ពស់​នៃ​សមាគម​សិទ្ធិមនុស្ស អាដហុក ធ្លាប់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បន្ទប់​សម្រាប់​មេធាវី​នេះ​បានផ្តល់​ភាព​សម្ងាត់​សម្រាប់​មេធាវី​បាន​ជួប​ពិគ្រោះ​យោបល់​ជាមួយ​កូនក្តី​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​សង្ឃឹមថា ការសាងសង់​បន្ទប់​នេះ​នឹង​អាច​ផ្តល់​ផលប្រយោជន៍​ដល់​កូនក្តី​ក៏ដូចជា​មេធាវី​អាច​ជួប​កូនក្តី​គាត់​ដោយ​មិនមាន​ការជ្រៀតជ្រែក ឬ​មាន​ការរឹតត្បិត​អី្វ​ផ្សេងៗ​»៕