ភ្នំពេញៈ ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លោក សួន វិសាល កាលពី​ម្សិលមិញ​បាន​ស្នើសុំ​ទៅ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឱ្យ​ជួយ​ដល់​គណៈមេធាវី ដើម្បី​ឱ្យ​វិជ្ជាជីវៈ​នេះ​កាន់តែ​មាន​ភាពរឹងមាំ​ដោយ​សូម​អនុញ្ញាត​ឱ្យ​មេធាវី​អាច​ចូលជួប​កូនក្ដី​នៅ​កន្លែង​នគរបាល​បាន​ច្រើន​ជាង​មុន​ដោយសារ​កន្លែង​ខ្លះ​មិនទាន់​មាន​ការសហការ​ល្អ​ពេញលេញ​នៅ​ឡើយ​នាពេល​កន្លងមក​។ នេះ​បើ​តាម​ហ្វេសប៊ុក​របស់​លោក ស ខេង​។

ហ្វេសប៊ុក​លោក​ ស ខេង បន្តថា​៖ «​លោក [​សួន វិសាល​] ក៏បាន​ស្នើសុំ​សម្ដេច​ពិនិត្យ​លទ្ធភាព​ឱ្យ​មេធាវី​បាន​នៅ​ប្រចាំការ​នៅ​ការិយាល័យ​នគរបាល​នីមួយៗ​ដើម្បី​អាច​ផ្ដល់​មតិយោបល់​ផ្នែក​ច្បាប់​ចៀសវាង​មាន​បញ្ហា​ពេល​បញ្ជូន​រឿងក្ដី​ទៅ​តុលាការ​»​។

ឆ្លើយតប​នឹង​សំណើ​នេះ​លោក ស ខេង មាន​ប្រសាសន៍​ថា កន្លងទៅ​ក្រសួង​បានប្រគល់​ភារកិច្ច​ជូន​លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ដើម្បី​សិក្សា​រៀបចំ​ឱ្យ​មាន​មេធាវី​នៅតាម​រដ្ឋបាលខេត្ត និង​រដ្ឋបាល​ស្រុក​ដែល​កើតមាន​បញ្ហា​ច្រើន ដើម្បី​ជួយ​បញ្ចៀស​ការអនុវត្ត​ការងារ​មួយ​ចំនួន​ខុសពី​នីតិវិធី​។ លោក​នឹង​បន្ត​ផ្ដល់​ការគាំទ្រ និង​សម្របសម្រួល​ដើម្បី​ឱ្យ​មេធាវី​អាចបំពេញ​ការងារ​បាន​រលូន ព្រមទាំង​ពិចារណា​លើ​សំណើ​មួយចំនួន​ទៀត​។

លោក លីវ សុវណ្ណា អគ្គលេខាធិការរង​នៃ​គណៈមេធាវី​កម្ពុជា​ថ្លែង​ពី​ម្សិលមិញ​ថា បើ​តាម​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ជនសង្ស័យ​អាច​មាន​សិទ្ធិ​មាន​មេធាវី ក្រោយ​ ២៤ ​ម៉ោង​នៃ​ការឃាត់ខ្លួន​។ ប៉ុន្តែ​ប្រសិន​បើ​មាន​វត្តមាន​មេធាវី​នៅ​ការិយាល័យ​ប៉ូលិស​នៅក្នុង​អំឡុងពេល​ ២៤ ​ម៉ោង​នោះ មេធាវី​អាច​បម្រើ​ផលប្រយោជន៍​ ២ ​យ៉ាង​គឺ​អាច​ផ្ដល់​ការប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ដល់​ជនសង្ស័យ និង​ជួយ​ដល់​សមត្ថកិច្ច​ក្នុង​ការកសាង​មូលដ្ឋាន​ភ័ស្តុតាង​រឹងមាំ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​នៅ​ដំណាក់កាល​នគរបាល​យុត្តិធម៌ ចម្លើយ​របស់​គាត់ [​ជនសង្ស័យ​] ​ក៏ដោយ​ភ័ស្តុតាង​ក៏ដោយ បើ​មាន​ការប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ មាន​ការចូលរួម​ពី​មេធាវី​ការពារ​ជនសង្ស័យ វា​ជួយ​ឱ្យ​ភ័ស្តុតាង​នោះ​វា​រឹងមាំ​។ មេធាវី​ដែល​ប្រចាំការ​អាច​ជា​មេធាវី​ជួយ​ខាង​នគរបាល​យុត្តិធម៌​វិញ​។ ឧទាហរណ៍​នគរបាល​យុត្តិធម៌​ត្រូវការ​អ្នកច្បាប់ មេធាវី ថា​តើ​គួររៀបចំ​សំណុំរឿ​ង​ប្រមូល​ភ័ស្តុតាង​អី​ដើម្បី​ឱ្យ​រឹងមាំ ឬ​មួយ​គួរតែ​សន្និដ្ឋាន​ថា វា​ជា​បទ​អី គួរ​ឃាត់ខ្លួន​ ឬ​មិន​ឃាត់ខ្លួន​ជាដើម​។ គាត់​អាច​ប្រឹក្សា​ពិគ្រោះ​យោបល់ តែ​នេះ​មិនមែន​ជា​ការបញ្ជា​ទេ​។

លោក​បន្តថា វត្តមាន​មេធាវី​នៅ​ការិយាល័យ​ប៉ូលិស វា​ជួយ​ពង្រឹង​សមត្ថភាព​មន្ត្រី​នគរបាល​យុត្តិធម៌​ផង និង​ធ្វើឱ្យ​សំណុំរឿង​ដែល​មន្ត្រី​នគរបាល​យុត្តិធម៌​បញ្ជូន​មក​តុលាការ​មាន​ប្រសិទ្ធភាព និង​ជំនឿ​ទុកចិត្ត​។ លោក​ថា ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី​ចែងថា មេធាវី​អាច​ចូលជួប​កូនក្ដី​គ្រប់​កាលៈទេសៈ ប៉ុន្តែ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​អនុញ្ញាត​ឱ្យ​ជនសង្ស័យ​ជួប​មេធាវី​ក្រោយ​ឃាត់ខ្លួន​ ២៤ ​ម៉ោង​។ ចំណុច​នេះ​ត្រូវបាន​មេធាវី​មើលឃើញ​ថា ជា​ការរឹតត្បិត​មួយ​។

លោក​ថ្លែងថា​៖ «​ការអនុវត្ត​កន្លងមក មាន​មន្ត្រីនគរបាល​យុត្តិធម៌​ខ្លះ គាត់​អនុញ្ញាត​ឱ្យ​មេធាវី​អម​ជនសង្ស័យ​ចូល​ឆ្លើយ​បំភ្លឺ​អ៊ីចឹងទៅ​។ តែ​ក៏មាន​អង្គភាព​មួយ​ចំនួន​ធំ​មិន​បាន​អនុវត្ត​ដូច្នេះ​ទេ ដោយ​គាត់​យល់ថា បើ​អត់​មាន​ការឃាត់ខ្លួន គឺ​មេធាវី​អត់​សិទ្ធិ​អ្វី​ទាំងអស់ ទាល់​តែ​មាន​ការឃាត់​ខ្លួន ហើយ​ក្រោយ​ការឃាត់ខ្លួន​ ២៤ ​ម៉ោង ទើប​ជនសង្ស័យ​មាន​សិទ្ធិ​មាន​មេធាវី​។ នេះ​ជា​ការអនុវត្ត​ផ្សេងៗ​គ្នា​»​។

មេធាវី​មួយរូប​គឺ​លោក អ៊ុក វ៉ាន់ដេត ថ្លែង​ពី​ម្សិលមិញ​ថា ប្រទេស​មួយ​ចំនួន​អនុញ្ញាត​ឱ្យមាន​វត្តមាន​មេធាវី​ភ្លាមៗ​នៅពេល​ជនសង្ស័យ​ណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​។ មាត្រា​ ៩៨ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​គួរតែ​ធ្វើ​វិសោធនកម្ម​។

លោក​ថា​៖ «​វា​អាស្រ័យ​លើ​ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ​ថ្លឹងថ្លែង​មើល ថា​តើ​ការអនុញ្ញាត​ឱ្យ​មេធាវី​ចូលជួប​មុន​វា​មាន​ផលវិបាក​អី​ដល់​កិច្ចការ​គាត់​។ ប៉ុន្តែ​ខ្ញុំ​គិតថា កាលណា​មាន​មេធាវី​ចូលជួប​នៅក្នុង​នីតិវិធី​របស់គាត់ កិច្ចការ​របស់​គាត់​កាន់តែ​មាន​ភាពរឹងមាំ​ដោយសារ​មាន​មេធាវី​ជា​សាក្សី​ក្នុង​រឿង​ហ្នឹង​។ មាន​កូនក្ដី​មួយ​ចំនួន​តែង​លើកឡើង​ថា ប៉ូលិស​ធ្វើបាប បង្ខំ​ឱ្យ​ឆ្លើយ យើង​ចង់​លុបបំបាត់​ពាក្យ​អស់ហ្នឹង​បាន​ជា​យើង​ចង់​ធ្វើការ​ជាមួយ​មន្ត្រី​នគរបាល ដើម្បី​កុំឱ្យ​ថា​មន្ត្រី​នគរបាល​ចេះតែ​ខុស​»​។

ទោះ​យ៉ាងណា​លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ពន្យល់​ថា សមត្ថកិច្ច​ធ្វើ​តាម​តែ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​។ សម្រាប់​បទឧក្រិដ្ឋ សមត្ថកិច្ច​ពិបាក​នឹង​អនុញ្ញាត​ឱ្យ​មេធាវី​ចូលជួប​មុន ២៤ ម៉ោង ព្រោះ​សមត្ថកិច្ច​មិនទាន់​សួរនាំ​ និង​ស៊ើបសួរ​ច្បាស់លាស់ ហើយ​បទល្មើស​បែប​នេះ​អាច​មាន​អ្នក​ពាក់ព័ន្ធ​ច្រើន​។ តែ​ចំពោះ​បទមជ្ឈិម ឬ​បទលហុ សមត្ថកិច្ច​តែង​សហការ​ជាមួយ​មេធាវី​ជានិច្ច​។

លោក​ថ្លែងថា​៖ «​យើង​មិន​ចង្អៀតចង្អល់​ទេ​ចំពោះ​កិច្ចសហការ ការពារ​សិទ្ធិមនុស្ស ការពារ​ជនសង្ស័យ និង​ចូលរួម​ចំណែក​ធ្វើឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការប្រតិបត្តិការ​របស់​នគរបាល​។ និយាយ​ឱ្យ​ត្រង់​ទៅក្នុង​ប្រតិបត្តិការ​របស់​នគរបាល​គឺ​ចាប់​ជនសង្ស័យ​ហើយ​មេធាវី​មក​ការពារ​ជនសង្ស័យ អាហ្នឹង​ខ្ញុំ​ពិបាក​ទទួល​ថា គាត់​មក​ជួយ​ការពារ​ប៉ូលិស​ណាស់​ព្រោះ​គាត់​មក​គាត់​រកតែ​គន្លឹះ​ណា ដើម្បី​ការពារ​កូនក្ដី​របស់​គាត់​ទេ​។ តែ​យើង​អត់​មាន​ទើសទាល់​អ្វី​ទេ បើ​មាន​គោលការណ៍​ពី​ថ្នាក់ដឹកនាំ ហើយ​មាន​ច្បាប់​កំណត់​យ៉ាងណា យើង​ធ្វើ​យ៉ាងនោះ​»​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ថ្លែង​ពី​ម្សិលមិញ​ថា ប្រសិន​បើ​មាន​សំណើសុំ​ពី​គណៈមេធាវី​ឱ្យធ្វើ​វិសោធនកម្ម​ពាក់ព័ន្ធ​នឹង​ការអនុញ្ញាត​ឱ្យ​ជនសង្ស័យ​ជួប​មេធាវី​នោះ ក្រសួង​នឹង​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ទាំង​គណៈមេធាវី និង​មន្ត្រី​អនុវត្ត​ច្បាប់​៕