ភ្នំពេញៈ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​បាន​ផ្តល់​ធាតុ​ចូល​មួយ​ចំនួន​លើ​សេចក្ដី​ព្រាង​របាយការណ៍​ស្វ័យ​វាយតម្លៃ​ស្ដីពី​ការត្រួតពិនិត្យ​ឡើង​វិញ​នៃ​ការអនុវត្ត​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ប្រឆាំង​អំពើ​ពុករលួយ UNCAC នៅ​កម្ពុជា ខណៈ​សេចក្តី​ព្រាង​ច្បាប់​នេះ​រួមទាំង​ច្បាប់​ចំនួន​ ៣ ផ្សេង​ទៀត​នឹង​ត្រូវ​គណៈរដ្ឋមន្ត្រី​យក​មក​ពិភាក្សា​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ​។

សេចក្តី​ព្រាងច្បាប់​ទាំង​ ៤ ដែល​គណៈរដ្ឋមន្ត្រី​នឹង​បើក​កិច្ចប្រជុំ​ពេញអង្គ​ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​ទី​ ៣០ ខែ​សីហា​រួម​មាន​ទី​ ១ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សំណង់​ទី​ ២ សេចក្តី​ព្រាង​ឯកសារ​កម្មវិធី វិនិយោគ​សាធារណៈ​ ៣ ​ឆ្នាំ​រំកិល​ ២០២០- ២០២២​។ ចំណែក​ទី​ ៣ សេចក្តី​ព្រាង​របាយការណ៍​ស្វ័យ​វាយតម្លៃ​ស្តីពី UNCAC ជុំ​ទី​ ២ ​នៅ​កម្ពុជា​នេះ និង​ចុងក្រោយ​គឺ​ការពិភាក្សា​លើ​បញ្ហា​ផ្សេងៗ​ចំពោះ​សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការអនុម័ត​យល់ព្រម​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាដើម​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កន្លង​ទៅ ការរៀបចំ​របាយការណ៍​ស្វ័យ​វាយតម្លៃ​ស្តីពី UNCAC នៅ​កម្ពុជា​គឺជា​ផ្នែក​មួយ​ដ៏សំខាន់ និង​មិន​អាច​ខ្វះ​បាន​នៃ​ដំណើរការ​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​ការអនុវត្ត UNCAC ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី និង​មាន​កាតព្វកិច្ច​ចូលរួម​ជាមួយ​រដ្ឋភាគី​នៃ UNCAC ផ្សេង​ទៀត​រហូត​ដល់ ១៧២ ប្រទេស​ដែល​ត្រូវ​បំពេញ​នូវ​របាយការណ៍​នេះ​។

ជាមួយ​គ្នា​នេះ​របាយការណ៍ UNCAC នេះ​ក៏​នឹង​ត្រូវ​ប្រើ​ជា​មូលដ្ឋាន​សម្រាប់​អង្គការ​សហប្រជាជាតិ និង​អ្នក​ជំនាញ​មកពី​រដ្ឋ​ ២ ​ផ្សេង​ទៀត​ដែល​ត្រូវ​ចាប់​ឆ្នោត​ជ្រើសរើស​ឲ្យ​មក​ត្រួតពិនិត្យ​ការអនុវត្ត UNCAC ​នៅ​កម្ពុជា​ដោយ​ការសិក្សា វិភាគ វាយតម្លៃ និង​ផ្តល់​ជា​អនុសាសន៍​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​យក​មក​ពិចារណា និង​អនុវត្ត​ស្រប​តាម​មូលដ្ឋាន​ច្បាប់ និង​បរិបទ​ជាក់ស្តែង​របស់​កម្ពុជា​ផងដែរ​។

នេះ​គឺជា​លើក​ទី​ ២ ​ហើយ​ដែល​កម្ពុជា​បាន​រៀបចំ​របាយការណ៍​នេះ​ឡើង ដោយ​កាលពី​លើក​ទី​ ១ បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​ ២០១៤ ដែលមាន​ ៣០០ ទំព័រ​ទាំង​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​ដោយ​ផ្តោត​សំខាន់​លើ​ចំណុច ៣ ​សំខាន់ៗ​ដូចជា ការដាក់​បទល្មើស​ពុករលួយ​ឲ្យ​ទៅ​ជា​បទឧក្រិដ្ឋ និង​ការអនុវត្ត​ច្បាប់ ព្រមទាំង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​របស់ UNCAC សម្រាប់​ដាក់ជូន​អង្គការ​សហប្រជាជាតិ​។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​ជា​ស្ថាប័ន​សាមី​ក្នុង​ការរៀបចំ​សេចក្តី​ព្រាង​ច្បាប់​នេះ មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការអត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។

លោក សុខ សុវណ្ណវឌ្ឍនា សាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​កាលពី​ម្សិលមិញ​ថា កាលពី​ថ្ងៃ​អង្គារ ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់យោបល់​បើក​កិច្ចប្រជុំ​ផ្ដល់យោបល់​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ លើ​សេចក្ដី​ព្រាង​របាយការណ៍​នេះ​នៅ​វិមាន​សន្តិភាព​នា​ទីស្ដីការ​នាយករដ្ឋមន្ត្រី​។

លោក​បញ្ជាក់​ថា សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ពី​គណបក្ស​ខ្មែរ​ក្រោក​បាន​វាយតម្លៃ​ខ្ពស់​លើ​សេចក្ដីព្រាង​របាយការណ៍​នេះ និង​សង្ឃឹមថា​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​សហការ​ជិតស្និទ្ធ​ជាមួយ​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់យោបល់​ចំពោះ​ការរកឃើញ​នានា​របស់​ឧត្តមក្រុម​ប្រឹក្សា​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ពុករលួយ​។

លោក សាប៊ុង បន្ត​ថា​៖ «​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់យោបល់​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក​ក៏​បាន​ផ្ដល់​ធាតុ​ចូល​ដោយ​សង្ខេប​លើ​វិធានការ បង្ការ ការពារ ទប់ស្កាត់ បង្ក្រាប អំពើពុករលួយ​ដល់​ប្រតិភូ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ផងដែរ​»​។ តាម​របាយការណ៍​ចាត់ថ្នាក់​ប្រទេស​ជិត ២០០ នៅលើ​ពិភពលោក​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ក្នុង​ឆ្នាំ​ ២០១៨ បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា​ទទួល​បាន​តែ ២០ ​ពិន្ទុ​ប៉ុណ្ណោះ​លើ​ពិន្ទុ​អតិបរមា ១០០ ដែល​ធ្លាក់ចុះ​ចំនួន ១ ​ពិន្ទុ​បន្ថែម​ទៀត​បើ​ធៀប​នឹង​ឆ្នាំមុន​។ ដោយ​ការធ្លាក់ចុះ​នេះ បាន​ធ្វើឲ្យ​កម្ពុជា​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​ ១៦១ ក្នុងចំណោម​ប្រទេស និង​ដែនដី​សរុប​ចំនួន ១៨០ ដែល​ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​ការវាយតម្លៃ​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​មិន​ទាន់​អាច​វាយតម្លៃ​យ៉ាងណា​ទេ ចំពោះ​សេចក្តីព្រាង​របាយការណ៍​នេះ ព្រោះ​លោក​មិនទាន់​បាន​ទទួល​ខ្លឹមសារ​ទាំងស្រុង​នៃ​សេចក្តី​ព្រាង​របាយការណ៍​នេះ​។ ប៉ុន្តែ​បញ្ហា​អំពើ​ពុករលួយ និង​បញ្ហា​អភិបាលកិច្ច​ក្នុង​វិស័យ​មួយ​ចំនួន​នៅ​បន្ត​កើតមាន​ដែល​ទាមទារ​ឲ្យ​មាន​ការដោះស្រាយ​ដូចជា​បញ្ហា​អំពើ​ពុករលួយ​នៅ​តាម​ព្រំដែន​ដូចជា ព្រៃឈើ បក្សពួកនិយម​ជា​ប្រព័ន្ធ និង​បញ្ហា​ពុករលួយ​នៅ​តាម​ស្ថាប័ន​មួយចំនួន​។

លោក សន ជ័យ អះអាង​ថា​កម្ពុជា​ត្រូវតែ​ធ្វើ​របាយការណ៍​នេះ​ដើម្បី​ឆ្លើយតប​ជាមួយ​អង្គការ​សហប្រជាជាតិ​ដែល​គេ​ផ្តោត​ទៅ​លើ​បញ្ហា​អំពើ​ពុករលួយ​នេះ​ក្នុង​បរិបទ​របស់​កម្ពុជា តែ​លទ្ធផល​ដែល​កម្ពុជា​បាន​ធ្វើ​យ៉ាងណា​គឺ​អាស្រ័យ​លើ​ប្រទេស​មួយ​នេះ​។

លោក​បញ្ជាក់​ថា​៖ «​តាមពិត​ទៅ​របាយការណ៍​បែប​នេះ​គឺ​គេ​មើល​ទៅលើ​ស្តង់ដា និង​សូចនាករ​ដែល​អង្គការ​សហប្រជាជាតិ​បាន​ស្នើ​ឡើង​ដល់​រដ្ឋ​ជា​សមាជិក​។ ដែល​នៅក្នុង​កម្រិត​ប្រទេស​ហ្នឹង​គឺ​ត្រូវតែ​លើក​ឡើង​អំពី​ស្តង់ដា និង​ការអនុវត្ត​គោលការណ៍​របស់​ប្រទេស​នីមួយៗ ឲ្យ​ស្រប​ទៅ​គោលការណ៍​ថ្នាក់​តំបន់ ឬ​ក៏​ជា​គោលការណ៍​សកល​ដែរ​»៕