ភ្នំពេញ៖ ​អង្គ​គណៈ​រដ្ឋមន្រ្តី​បាន​សម្រេច​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​ចំនួន ​៤ ​ទៅ​សុំ​ការ​អនុម័ត​ពី​​រដ្ឋសភា​ និង​បាន​ឯកភាព​លើ​សេចក្ដី​ព្រាង​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី (២០១៩-​២០២៣) ​និង​សេចក្ដី​ព្រាង​កម្មវិធី​វិនិយោគ​សាធារណៈ ​៣ ​ឆ្នាំ ​រំកិល ​(២០២១-២០២៣)។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្ដីការ​គណៈ​រដ្ឋមន្រ្តី ​ស្តីពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី​កាល​ពី​ថ្ងៃទី ​៩​ ខែតុលា​។

សេចក្តី​ព្រាង​ច្បាប់​ទាំង ​៤ ដែល​គណៈ​រដ្ឋមន្រ្ដី​សម្រេច​បញ្ជូន​ទៅ​សុំ​ការ​អនុម័ត​យល់ព្រម​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​នោះ​រួម​មាន​ ១. ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធី​សារ​ខណ្ឌសីមា​ និង​បោះ​បង្គោល​ព្រំដែន​គោក ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា ​និង​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​។ ​

២​.សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ ទី​៣. ​ស្តីពី​សិទ្ធិ​សហការ​លើ​ជើង​ហោះហើរ​ក្នុង​ស្រុក​ក្នុង​រង្វង់​ទឹក​ដី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ណា​មួយ ​និង​ពិធីសារ​ ទី៤. ស្តីពី​សិទ្ធិ​ហោះហើរ​កូធ័រមីណល​ (Co-Terminal Rights) ​រវាង​អាកាសយានដ្ឋាន​នៅ​ក្នុង​ទឹក​ដី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​។ ​

៣. ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធី​សារ​អនុវត្ត​កញ្ចប់​កិច្ច​សន្យា​ទី​៩​ និងទី​១០​ នៃ​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ក្រោម​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្តីពី​សេវាកម្ម និង​៤. ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​ការ​ហាម​ឃាត់​អាវុធ​នុយក្លេអ៊ែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា ​សេចក្តី​ព្រាង​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី ​២០១៩-២០២៣ ​កន្លង​មក ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ចំនួន ​២ ​(ទី១​ ឆ្នាំ ​២០០៩​-២០១៣ ​និង​ទី២ ​ឆ្នាំ ​២០១៤-២០១៨)។ ​ប៉ុន្តែ​ក៏​នៅ​មាន​បញ្ហា​សេសសល់​ និង​បញ្ហា​ប្រឈម​ថ្មីៗ​ដែល​បណ្តាល​មក​ពី​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​របស់​សង្គម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ​និង​សកល​ភាវូបនីយកម្ម​​។

សេចក្ដី​ប្រកាស​បញ្ជាក់​ថា ស្ត្រី​កម្ពុជា​​មួយ​ចំនួន​នៅ​តែ​ប្រឈម​មុខ​នឹង​អំពើ​ហិង្សា​ផ្លូវ​កាយ ​ផ្លូវ​ចិត្ត និង​ផ្នែក ​សេដ្ឋកិច្ច​ទាំង​នៅ​ក្នុង​ផ្ទះ​នៅ​កន្លែង​ធ្វើ​ការ ​និង​ក្នុង​សហគមន៍ ​ដោយ​មិន​គិត​ពី​កម្រិត​ប្រាក់​ចំណូល ​កម្រិត​វប្បធម៌ ​និង​ចំណេះដឹង​ឡើយ​ ខណៈ​ដែល​មូលហេតុ​ចម្បង​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ទូទៅ​ថា បណ្តា​ល​មក​ពី​វិសមភាព​យេនឌ័រ ​និង​ការ​រើសអើង​​។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ​សេចក្តី​ព្រាង​នេះ​ ​គឺ​ជា​ផែនការ​លើក​ទី​៣ ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង ​ដើម្បី​ជា​ផែនទី​តម្រង់​ទិស​សម្រាប់​បណ្តា​​ក្រសួង​ស្ថាប័ន​ អ្នក​ពាក់ព័ន្ធ​ទាំង​ថ្នាក់​ជាតិ ​និង​ថ្នាក់​ក្រោម​ជាតិ ​អង្គការ​សង្គម​ស៊ីវិល​ វិស័យ​ឯកជន​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការ​បន្ត​អនុវត្ត​ការងារ​បង្ការ​ ទប់ស្កាត់​ ឆ្លើយ​តប​ និង​ដោះ​ស្រាយ​អំពើ​ហិង្សា​លើ​ស្ត្រី​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ និង​ភាព​ស័ក្តិសិទ្ធិ​ខ្ពស់​។

សេចក្តី​ព្រាង​​ផែនការ​នេះ​មាន​​គោល​បំណង​ឆ្ពោះ​ទៅ​កាត់​បន្ថយ​រាល់​ទម្រង់​​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី​ដែល​​នឹង​រួម​ចំណែក​លើក​កម្ពស់​តម្លៃ​សីលធម៌​សង្គម​ តម្លៃ​ស្ត្រី ​និង​គ្រួសារ​ខ្មែរ​ សំដៅ​លើក​កម្ពស់​សមធម៌​ រិយាប័ន្ន ​និង​ភាព​សុខដុមរមនា​សង្គម។ វា​ក៏​នឹង​​ផ្តល់​លទ្ធភាព​គ្រប់គ្រាន់​ដល់​ស្ត្រី​អាច​ប្រើប្រាស់​សក្ដានុពល​របស់​ខ្លួន​ជា​អតិបរមា ​ដើម្បី​ចូលរួម​ក្នុង​ដំណើរ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។ សេចក្តី​ព្រាង​នេះ​​ត្រូវ​បាន​រៀបចំឡើង​ដោយ​មាន ​៧​ ជំពូក ​ហើយ​ត្រូវ​បាន​សម្រេច​ឯកភាព​ដោយ​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី​។​​

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី​នេះ​ថា​៖ «​ក្នុង​បរិបទ​នៃ​វិបត្តិ​ជំងឺ​កូវីដ ​១៩​ ប្រទេស​កម្ពុជា​ នៅ​រក្សា​បាន​នូវ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ក្នុង​ស្ថានភាព​ល្អ​ប្រសើរ ​បើ​ធៀប​នឹង​បណ្តា​ប្រទេស​មួយ​ចំនួន​។

ជាក់ស្ដែង​រាជរដ្ឋាភិបាល​នៅ​មាន​លទ្ធភាព​គ្រប់គ្រាន់ ​ដើម្បី​បញ្ចេញ​កញ្ចប់​ថវិកា​ សម្រាប់​ចំណាយ​ចរន្ត​ក្នុង​ការ​បើក​បៀវត្សរ៍​រៀងរាល់​ ២ ​សប្តាហ៍​ម្តង​ជូន​ មន្ត្រី​រាជ​ការ​ទូទាំង​ប្រទេស ​និង​បន្ត​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​ដោយសារ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ ​១៩​ ព្រម​ទាំង​គាំទ្រ​ដល់​កម្មវិធី​វិនិ​យោគសាធារណៈ​​ជា​អាទិ៍ ការ​កសាង​ហេដ្ឋា​​រចនា​សម្ព័ន្ធ ​ផ្លូវ​ថ្នល់​ ប្រឡាយ​ទឹក​ និង​គម្រោង​ខ្នាត​តូច​នៅ​តាម​សហគមន៍​មូលដ្ឋាន​»៕