ភ្នំពេញៈ គណៈរដ្ឋមន្ត្រី​បាន​សម្រេច​អនុម័ត​ទាំងស្រុង​ដោយ​គ្មាន​ការកែប្រែ​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​នៅត្រង់​មាត្រា ៣ មាត្រា​ ១៧ មាត្រា​ ២០ មាត្រា​ ២១ មាត្រា​ ២៧ ​មាត្រា​ ២៨ មាត្រា​ ២៩ មាត្រា​ ៥៤ ​មាត្រា​ ៥៥ និង​មាត្រា​ ៥៩ ​នៃ​ច្បាប់​ស្តីពី​សហជីព​ជា​អ្វីដែល​ធ្វើឲ្យ​សហជីព​ខ្លះ​ខកចិត្ត​ ខណៈ​យោបល់​របស់​ពួកគេ​ភាគច្រើន​មិនត្រូវ​បានដាក់​បញ្ចូល​។

សេចក្ដី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ ១០ ​មាត្រា​ នៃ​ច្បាប់​ស្ដីពី​សហជីព​នេះ ត្រូវ​បាន​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​អនុម័ត​ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។

ទាក់ទង​នឹង​ការអនុម័ត​ដោយ​គ្មាន​កែប្រែ​នេះ​មាន​សហជីព​មួយ​ចំនួន​​សម្តែង​ការខកចិត្ត​ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​​ទទួល​យក​គំនិត​ពួកគេ​ដាក់បញ្ចូល​ក្នុង​ការកែប្រែ​ច្បាប់​នេះ​ដើម្បី​ធ្វើឲ្យ​​វិស័យ​កាត់ដេរ​កម្ពុជា​បាន​ប្រសើរ​។

លោក ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា វា​ជា​រឿង​មួយ​ល្អ​ដែល​រាជរដ្ឋាភិបាល​បាន​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សហជីព​នេះ​ឡើងវិញ ព្រោះ​មាត្រា​មួយ​ចំនួន​ហាក់​មានការ​រឹតត្បឹត និង​ជា​ឧបសគ្គ​ក្នុង​ការរាំងស្ទះ​ដល់​សហជីព​ និង​កម្មករ​។ ​ប៉ុន្តែ​លោក​ថា រាជរដ្ឋាភិបាល​ហាក់​ទទួល​យក​គំនិត​តិចតួច​បំផុត​ពី​ភាគី​សហជីព​ដែល​បានស្នើ​ឲ្យ​បញ្ចូល​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា ការដែល​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​សម្រេច​​ប្រជុំ​អនុម័ត​ដើម្បី​បញ្ជូន​សេចក្តីព្រាង​ច្បាប់​នេះ​ទៅ​រដ្ឋសភា​នេះ ខ្ញុំ​គិតថា​មាន​​ការកែប្រែ​មិន​ច្រើន​ទេ គឺ​តិចតួច​បំផុត​។

ដូច្នេះ​ការអនុវត្ត​ច្បាប់​នេះ ប្រសិន​បើ​រដ្ឋសភា​អនុម័ត​ហើយ ខ្ញុំ​គិតថា​ការអនុវត្ត​នៅតែ​ប្រឈម​ដដែល ព្រោះ​មិន​មាន​អ្វី​កែប្រែ​ច្រើន​នោះទេ​»​។

លោក អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​ថ្លែង​ដែរ​ថា ការដែល​មិនមាន​កែប្រែ​អ្វី​ក្នុង​ដំណាក់កាល​ពិនិត្យ​ច្បាប់​នេះ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ព្រោះ​ស្ថាប័ន​នេះ​គឺជា​ខ្សែបណ្តោយ​របស់​រដ្ឋាភិបាល​។ ជាពិសេស​រាល់​ច្បាប់​ដែល​ស្នើឡើង​ដោយ​រដ្ឋាភិបាល​​គឺ​ភាគច្រើន​ហាក់​មិន​មាន​ការកែប្រែ​ទេ បើទោះ​ជា​មាន​ការទាមទារ​ពី​អង្គការ​​សង្គម​ស៊ីវិល និង​សហជីព​ក៏ដោយ​។

ជាមួយ​គ្នា​នេះ​លោក អាត់ ធន់ មិន​រំពឹងថា សេចក្តីព្រាង​វិសោធនកម្ម​នៃ​ច្បាប់​នេះ​នឹង​មាន​ការកែប្រែ​ដូច​អ្វី​​ដែល​សហជីព​បានស្នើ​នោះទេ​នៅពេល​បាន​ទៅដល់​រដ្ឋសភា​នោះ​។

លោក​ថា​៖ «​ក្នុងចំណោម​ ១៥ ​មាត្រា​ដែល​សហជីព​បាន​ដាក់​ទៅ យើង​ឃើញ ក្រសួង​បានដាក់​មក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​តែ​ ១០ ​មាត្រា​ទេ​។ អ៊ីចឹង​មានន័យ​ថា​ ៥ ​មាត្រា​ផ្សេងទៀត​មិនមាន​ការកែប្រែ​នោះទេ ហើយ​នៅក្នុង​ ១០ ​មាត្រា​នេះ​យើង​មើល​ទៅ ការទទួល​គំនិត​របស់​សហជីព​មិនបាន​​ ១០ ​ភាគរយ​ផង ដែល​មាន​ការកែប្រែ តិចតួច​មែនទែន​» ។

ទោះ​ជា​យ៉ាងណា​តាម​សេចក្តី​ព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​សហជីព​ទាំង​ ១០ ​មាត្រា​នេះ​ត្រូវ​បាន​អះអាង​ថា ធ្វើ​ឡើង​ដើម្បី​ធានា​សិទ្ធិ​សេរីភាព អង្គការ​វិជ្ជាជីវៈ​តាមរយៈ​ការពង្រឹង​ប្រសិទ្ធភាព​ប្រព័ន្ធ​អធិការកិច្ច​ការងារ និង​ការធានា​ភាព​សុខដុមរមនា​នៅក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​​កម្ពុជា​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ម្សិលមិញ​ថា បន្ទាប់ពី​គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​សេចក្តីព្រាង​វិសោធនកម្ម​ទាំង​ ១០ ​មាត្រា​នៃ​ច្បាប់​ស្តីពី​សហជីព​នេះ​ក្រសួង​ត្រូវ​​បញ្ចូល​ទៅ​រដ្ឋសភា ដើម្បី​ពិនិត្យ និង​អនុម័ត​បន្ត​។

ឆ្លើយតប​នឹង​ការមិន​ពេញចិត្ត​របស់​​សហជីព​ខ្លះ​លោក ហេង សួរ បាន​បញ្ជាក់ថា​៖ «​មាន​សហភាព​សហជីព​សរុប​មាន​លើស​ ២៣ ក្នុងនោះ​ភាគច្រើន​លើសលប់​បាន​សាទរ និង​ទទួល​យក​វឌ្ឍនភាព​នេះ​។ ​នេះ​ជា​សេរីភាព​នៃ​ការយល់ឃើញ​របស់​បុគ្គល​នីមួយៗ​»៕