ភ្នំពេញៈ គណៈរដ្ឋមន្ត្រីបានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ ២០២១ ដោយគ្រោងចំណាយក្នុងរង្វង់ទឹកប្រាក់ប្រមាណជាង ៨ ០០០ លានដុល្លារ ហើយគ្រោងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ក្នុងកម្រិត ១ ៥០០ SDR ដើម្បីទប់ទល់នឹងការចំណាយដែលត្រូវបានព្យាករថា ចំណូលដែលប្រមូលបានក្នុងឆ្នាំនោះមានការធ្លាក់ចុះ។
ការអនុម័តគម្រោងថវិកាជាតិនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយនឹងត្រូវដាក់ជូនរដ្ឋសភាពិនិត្យ និងអនុម័តមុននឹងអាចចំណាយថវិកាទាំងនេះនៅឆ្នាំ ២០២១ ជាផ្លូវការ។ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានឲ្យដឹងកាលពីថ្ងៃទី ២៣ ខែតុលា ថា សម្រាប់ឆ្នាំ ២០២១ រដ្ឋគ្រោងចំណាយថវិកាថ្នាក់ជាតិប្រមាណ ៧,៥ ពាន់លានដុល្លារ ដែលមានការថយចុះ ១,៩ ភាគរយ បើធៀបនឹងឆ្នាំ ២០២០។
ចំណែកការចំណាយថវិកាថ្នាក់ក្រោមជាតិមានប្រមាណ ៦៣៤ លានដុល្លារ ដែលថយចុះ ២២,៥ ភាគរយបើធៀបនឹងឆ្នាំ ២០២០។ សេចក្តីប្រកាសដដែលបន្តថាចំពោះថវិកាដែលរដ្ឋគ្រោងប្រមូលបាននៅឆ្នាំ ២០២១ គឺនៅក្នុងកម្រិតថ្នាក់ជាតិមានប្រមាណ ៤ ៩០២ លានដុល្លារដែលនឹងមានការថយចុះ ១៧, ៣ ភាគរយ ហើយចំណូលថវិកាដែលប្រមូលបានក្នុងកម្រិតថ្នាក់ក្រោមជាតិមានចំនួន ៣៧៣ លានដុល្លារដែលថយចុះ ១៧,៣ ភាគរយ។
ចំពោះការកំណត់នៃការខ្ចីប្រាក់គណៈរដ្ឋមន្ត្រីបញ្ជាក់ថា៖ «រាជរដ្ឋាភិបាល បានកំណត់ទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០២១ ក្នុងកម្រិត ១ ៥០០ លាន SDR គឺកើនឡើង ១០០ លាន SDR ធៀបនឹងឆ្នាំ ២០២០»។
លោក ហ៊ុន សែន បានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ២៤ តុលា ក្រោយសម្រេចអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិនេះថា គណៈរដ្ឋមន្ត្រីបានគិតគូរយ៉ាងហ្មត់ចត់ ដើម្បីអនុម័តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។
លោកបន្តថា ច្បាប់ថវិកានេះបានពិនិត្យអំពីស្ថានភាពនៃបញ្ហាដែលកម្ពុជាត្រូវប្រឈមនាពេលខាងមុខ ដើម្បីស្ដារឡើងវិញនូវជីវភាពរបស់ប្រជាជនក្រោយទឹកជំនន់ និងដំណើរការក្រោយវិបត្តិកូវីដ ១៩។
លោកបញ្ជាក់ថា៖ «ច្បាប់ថវិកាឆ្នាំ ២០២១ ដែលយើងប្រើប្រាស់ និងប្រសិទ្ធនាមថា ជាថវិកាប្រយុទ្ធដើម្បីការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម សេដ្ឋកិច្ច និងជីវភាពប្រជាជនព្រមទាំងតម្រង់ឆ្ពោះទៅរកការស្ដារឡើងវិញក្រោយពេលជំងឺកូវីដ ១៩»។
បន្ថែមពីនេះលោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ច្បាប់ថវិកាឆ្នាំ ២០២១ នេះមានចរិតពិសេសរបស់វានៅត្រង់ថា មិនមែនគ្រាន់តែជាថវិកាធម្មតានោះទេ គឺវាមានន័យក្នុងការដោះស្រាយដល់ប្រជាពលរដ្ឋកម្ពុជាសម្រាប់ទទួលបានការងារធ្វើ និងប្រាក់ចំណូលជាពិសេសតម្រង់ឆ្ពោះទៅរកកសិករនៅទីជនបទ។
លោកបន្ថែមថា៖ «ក្នុងកិច្ចប្រជុំ ខ្ញុំបានចង្អុលទិសថា ឱ្យផ្ដោតការយកចិត្តទុកដាក់ទម្លាក់សាច់ប្រាក់នេះ ទៅកាន់តំបន់ខេត្តនានាដែលទទួលរងគ្រោះដែលយើងប៉ាន់ប្រមាណថា ១៦០ លានដុល្លារអាមេរិកនេះ អាចនឹងដោះស្រាយការងារបានចំនួន ១ លានកន្លែង ដើម្បីទទួលយកនូវប្រាក់នេះ»។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃអាទិត្យថា កម្ពុជាបានប្រឈមបញ្ហាជាច្រើនដែលបានកើតឡើងជាបន្តបន្ទាប់ ដែលតម្រូវឲ្យការអនុម័តថវិកាទាំងនេះ គឺត្រូវផ្អែកទៅលើស្ថានភាពជាក់ស្តែង ដើម្បីធ្វើយ៉ាងណាឲ្យស្ថានភាពសេដ្ឋកិច្ចដំណើរការបានល្អ។
បន្ថែមពីនេះលោកថា ចំណូល និងចំណាយ គឺត្រូវតែធ្វើឡើងឲ្យមានសមតុល្យគ្នា ព្រោះបើមិនដូច្នេះទេនឹងធ្វើឲ្យរដ្ឋាភិបាលបង្តើនការខ្ចីកម្ចីពីបរទេសកាន់តែច្រើនថែមទៀត។ ម្យ៉ាងបើចំណូលតិចជាងការចំណាយនោះក៏បង្កឲ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចជាពិសេស គឺការអភិវឌ្ឍប្រទេសតែម្តង។
លោករៀបរាប់ថា៖ «ទំហំជាង ៨ ០០០ លានដុល្លារហ្នឹង គឺជាចំនួនមួយដែលល្អ ជួយជំរុញ និងទ្រទ្រង់ចរន្តសេដ្ឋកិច្ចនៅក្នុងប្រទេសបានខ្លះ ទោះមិនបានទាំងស្រុងក្តី។ តែឆ្នាំ ២០២១ នេះបើយើងគ្មានថវិកាក៏មិនអាចធ្វើអ្វីតាមផែនការដែរ។ ដូចនៅឆ្នាំ ២០២០ យើងគ្រោងចំណាយជាង ៩ ០០០ លានដុល្លារ តែយើងក៏បានកាត់ការចំណាយ ៥០ ភាគរយ ព្រោះយើងប្រមូលលុយបានតិចដែលមិនអាចប្រើប្រាស់លុយតាមផែនការនោះទេ»។
លោក ប៉ិច ពិសី លើកទឹកចិត្តឲ្យរដ្ឋាភិបាលគួររក្សាថវិកាឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីធានាដល់សេដ្ឋកិច្ចជាតិក្នុងពេលជួបហានិភ័យនាពេលខាងមុខ ជាពិសេសគឺការរក្សាឲ្យបាននូវការចំណាយថវិកាចរន្តរួមទាំង ថវិកាសម្រាប់មូលធនផងដែរ។
រដ្ឋាភិបាលបានអះអាងថា ខ្ទង់ទឹកប្រាប់ចំណាយប្រមាណជាង ៨ ០០០ លានដុល្លារនេះ នឹងធានាដល់ការបើកប្រាក់បៀវត្សរ៍ប្រាប់បំណាច់មុខងារ និងប្រាក់រង្វាន់ផ្សេងៗទៀតដល់មន្ត្រីរាជការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឲ្យបានដូចឆ្នាំ ២០២០ ខណៈដែលចំណាយមូលធន នៅតែមានក្នុងកម្រិតមួយដដែលដោយគ្រាន់តែមានការថយចុះបន្តិច បើធៀបនឹងឆ្នាំ ២០២០៕
វីដេអូ៖