កំពង់ស្ពឺ: គណៈរដ្ឋមន្ត្រី​បានស្នើ​ទៅកាន់​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​ពិនិត្យ​រក​ដំណោះស្រាយ​រៀបចំ​ដី​ដោយ​ស្របច្បាប់​បែងចែក​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​ ៤១ ​គ្រួសារ​ ក្នុង​នោះ​មាន​ទាំង​ក្រុមគ្រួសារ​យោធិន​ផងដែរ ដី​ដែល​ត្រូវ​បែងចែក​នោះ​មាន​ទំហំ ២៦៤,៨១ ហិកតា​ ស្ថិតនៅ​ភូមិ​ពោធិ៍មាស ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់​។

សេចក្ដី​ស្នើ​នេះ​បាន​ធ្វើ​ឡើង​ក្រោយពី​មេ​បញ្ជាការដ្ឋាន​រថក្រោះ​កងទ័ព​ជើងគោក ស្នើសុំ​លោក ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ស្នើសុំ​បន្ត​ដល់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ យោងតាម​លិខិត​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើបតែ​ទទួល​បាន​កាលពី​ម្សិលមិញ​។ លិខិត​នោះ​រាជរដ្ឋាភិបាល​សម្រេច​ជា​គោលការណ៍​ឱ្យ​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ចុះ​ពិនិត្យ​ដើម្បី​ដោះស្រាយ​។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​ដីធ្លី​ដោយ​ការផ្ដល់​ដី​សម្បទាន​សង្គមកិច្ច ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ដោយ​ធ្វើឱ្យ​មាន​តុល្យភាព​រវាង​ការអភិរក្ស និង​ការអភិវឌ្ឍ បើទោះបី​ជា​មាន​ការចោទប្រកាន់​ពី​ភាពមិនប្រក្រតី​ក្នុង​នយោបាយ​បែងចែក​ដីធ្លី​ក៏ដោយ ក៏​អាជ្ញាធរ​ត្រូវ​តែ​ចាត់វិធានការ​តាម​ច្បាប់​ជាធរមាន​ដោយ​មិន​អនុញ្ញាត​ឱ្យមាន​ការចាប់​ដី​រដ្ឋ​អនាធិបតេយ្យ​ទេ​។

លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) ​បាន​ឱ្យដឹង​កាលពី​ម្សិលមិញ​ថា មាន​ក្រុម​ជនខិលខូច​កំពុង​រៀបចំ​ផែនការ​ស្នើសុំ​ដី​ពី​រដ្ឋ​ (​ក្នុង​តំបន់​នោះ​) ​យក​ដី​ទៅ​លក់​ឱ្យ​អ្នកផ្សេង​។

លោក ហ៊ាន ថ្លែងថា​៖ «​ខ្ញុំ​កំពុង​បន្ត​ស្រាវជ្រាវ​រក​មេខ្លោង​ដែល​ជា​អ្នក​រៀបចំ​ផែនការ​ភូតកុហក​រាជរដ្ឋាភិបាល​»​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បានដឹងថា មុន​នឹង​កាត់​ឆ្វៀល ឬ​ផ្ដល់​សិទ្ធិ​ប្រទានកម្ម​ដី​ឱ្យ​បុគ្គល​ណា​ម្នាក់​គឺ​មាន​ការពិនិត្យ​ច្បាស់លាស់ ជាពិសេស​បញ្ជាក់​ពី​អត្តសញ្ញាណ​ប្រជាពលរដ្ឋ​ដែល​ទទួល​ដី​ក៏​ដូចជា​ក្បាលដី​ដែល​នឹងត្រូវ​ផ្ដល់​។ ​ការកាត់​ឆ្វៀល​ដី​នេះ គឺជា​គោលការណ៍​សម្រេច​របស់​រាជរដ្ឋាភិបាល​ដោយ​មាន​ភាគី​ពាក់ព័ន្ធ​៕