
កិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីនាពេលកន្លងមក។ រូបថត សហការី
ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំអង្គប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រសប្ដាហ៍នេះដើម្បីពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មក្រមព្រហ្មទណ្ឌដែលផ្ដោតទៅលើស្ថានទោសចំពោះជនដែលប្រមាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងសេចក្ដីព្រាងស្ដីពីវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។ យោងតាមរបៀបវារៈដែលមាននៅក្នុងលិខិតអញ្ជើញរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី។
លោក ជិន ម៉ាលីន ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ថ្លែងថាសេចក្តីព្រាងច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌគឺនឹងផ្តោតទៅលើទោសបញ្ញត្តិប្រមាថព្រះមហាក្សត្រ។
លោក ម៉ាលីន ថ្លែងថា៖ «ជាទិដ្ឋភាពរួមគឺទាក់ទងបញ្ញតិ្តផ្តន្ទាទោសប្រមាថព្រះមហាក្សត្រ។ នៅក្នុងរដ្ឋធម្មនុញ្ញយើង យើងមានមាត្រា អង្គព្រះមហាក្សត្រ មិនអាចត្រូវរំលោភបំពាន ប៉ុន្តែក្នុងក្រមព្រហ្មទណ្ឌពុំទាន់មានមាត្រាណាក្នុងការដាក់ទោសដល់ជនណាដែលប្រមាថព្រះមហាក្សត្រនោះទេ។ នេះដើម្បីឲ្យមានសមភាព និងសុគតភាពជាមួយរដ្ឋធម្មនុញ្ញគឺចាំបាច់ត្រូវមានក្រមព្រហ្មទណ្ឌដែលមានបញ្ញតិ្តទាក់ទងនឹងទោសប្រមាថព្រះមហាក្សត្រ។ គ្រាន់ថា ទោសប៉ុនណា ទោសប្រព្រឹត្តបែបណា មិនទាន់ដឹង»។
លោក ម៉ាលីន ថ្លែងបន្តថា៖ «យើងធ្វើច្បាប់ទៅតាមស្ថានភាពវិវឌ្ឍន៍របស់សង្គម និងស្ថានភាពជាក់ស្តែងរបស់សង្គម។ យើងមើលស្ថានភាពបច្ចុប្បន្ន មានការប្រមាថ និងមាក់ងាយព្រះមហាក្សត្រច្រើន។ ប្រទេសជាច្រើនសុទ្ធតែមានបញ្ញត្តិក្នុងការការពារអង្គព្រះមហាក្សត្រ មានតែកម្ពុជាជារបបរាជានិយម មានតែបញ្ញតិ្តក្នុងរដ្ឋធម្មនុញ្ញជាច្បាប់កំពូល តែអត់មានបញ្ញតិ្តដោយឡែកអ៊ីចឹងទេ ទើបបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញមិនអាចអនុវត្តបាន។ យើងមើលលើការវិវឌ្ឍតាមស្ថានភាពជាក់ស្តែង ដើម្បីការពារឧត្តមភាពព្រះមហាក្សត្រដែលរដ្ឋធម្មនុញ្ញមិនអាចរំលោភបំពានបាន ត្រូវតែមានបញ្ញត្តិណាក្នុងក្រមព្រហ្មទណ្ឌដើម្បីដាក់ទោសទណ្ឌ អ្នកប្រមាថព្រះមហាក្សត្រ...»។
លោក ម៉ាលីន បានថ្លែងថាដោយសារមានសេចក្តីព្រាងវិសោធនកម្មបញ្ញតិ្តមួយចំនួនក្នុងរដ្ឋធម្មនុញ្ញគឺតម្រូវឲ្យមានវិសោធនកម្មច្បាប់ផ្សេងទៀតរួមមាន សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។
លោក ម៉ាលីន បន្តថា៖ «នេះជាដំណើរការធម្មតានោះទេ»។
លោក កើត រិទ្ធ រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ដែលទទួលបន្ទុកលើការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌសុំមិនធ្វើអត្ថាធិប្បាយដោយរង់ចាំឲ្យគណៈរដ្ឋមន្ត្រីធ្វើវិសោធនកម្មជាមុនសិន។
លោក រិទ្ធ ថ្លែងថា៖ «ចាំគណៈរដ្ឋមន្ត្រីគេប្រជុំសិន។ ចង់បានមុនអី ខ្ញុំមិនមែនអ្នកសម្រេចផង។ ចាំមើលសិនគណៈរដ្ឋមន្ត្រី គេសម្រេចសិន មួយៗ ពីរៗហើយ ចាំគេសម្រេចសិន។ ខ្ញុំអត់ទាន់ហ៊ានថាម៉េច ព្រោះឯកឧត្តមរដ្ឋមន្ត្រី (អង្គ វង្សវឌ្ឍានា) ជាប្រធានក្រុមការងារ គាត់អត់បានណែនាំឲ្យបញ្ចេញទៅអ្នកកាសែតផង»។
ទោះជាយ៉ាងណាក៏ដោយយោងតាមរបៀបវារៈនៃអង្គប្រជុំពេញអង្គគឺនឹងពិភាក្សាផងដែរលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា ៣៤ ថ្មី មាត្រា ៤២ មាត្រា ៤៩ មាត្រា ៥៣ និងមាត្រា ១១៨ ថ្មីនៃរដ្ឋធម្មនុញ្ញដែលមាត្រាទាំងនេះពាក់ព័ន្ធជាមួយអ្នកបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត សិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ ការគោរពរដ្ឋធម្មនុញ្ញ អព្យាក្រឹតភាព សេរីភាព និងសន្តិសុខផ្ទាល់ខ្លួនសញ្ជាតិ។
អង្គប្រជុំក៏នឹងពិភាក្សាផងដែរលើមាត្រា ២៦ មាត្រា ២៧ ថ្មីមាត្រា ២៨ មាត្រា ៣១ និងមាត្រា ៣២ នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញដែលពាក់ព័ន្ធលើបណ្ដឹងតវ៉ាដោយផ្ទាល់អំពីលទ្ធផលនៃការបោះឆ្នោតដែលបុគ្គល ឬគណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោតមិនសុខចិត្តនឹងលទ្ធផលនៃការបោះឆ្នោត និងបណ្ដឹងតវ៉ារបស់បុគ្គល ឬគណបក្សនយោបាយដែលមិនសុខចិត្តនឹងសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលសម្រេចបដិសេធការតវ៉ាអំពីលទ្ធផលនៃការបោះឆ្នោត និងនីតិវិធីនៃបណ្ដឹង។
កាលពីខែធ្នូលោកឧបនាយករដ្ឋមន្ត្រី ស ខេង ប្រធានក្រុមការងារដើម្បីពិនិត្យ និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានអះអាងថាការជំរុញឲ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីបង្ការមិនឲ្យពលរដ្ឋធ្វើសកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់កញ្ញា កឹម មនោវិទ្យា ជាកូនស្រីរបស់អតីតមេដឹកនាំបក្សសង្គ្រោះជាតិលោក កឹម សុខា ដែលកំពុងជាប់ឃុំ។ ក្រោយពីការចាប់ខ្លួនលោក កឹម សុខា ទាក់ទងនឹងការចោទប្រកាន់ពីបទ «ក្បត់ជាតិ» និងការរំលាយគណបក្សប្រឆាំងរួចមកកូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានអំពាវនាវដល់សហគមន៍អន្ដរជាតិឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសកម្ពុជា។
លោកស្រី Naly Pilorge អនុប្រធានផ្នែកតស៊ូមតិនៃអង្គការសិទ្ធិមនុស្សលីកាដូបានថ្លែងថាមាត្រា ៤២ គឺជា «គ្រឹះរបស់សង្គមប្រជាធិបតេយ្យ»។
លោក Phil Robertson អនុប្រធានអង្គការឃ្លាំមើលសិទិ្ធមនុស្សប្រចាំតំបន់អាស៊ីបានថ្លែងថាសម្រាប់រដ្ឋាភិបាលកម្ពុជាដែលចាប់ផ្តើមធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញជាសម្ងាត់ដោយគ្មានការពិគ្រោះយោបល់ជាមួយសង្គមស៊ីវិលវាគឺជាក្តីព្រួយបារម្ភយ៉ាងខ្លាំងមួយដែលឥស្សរជនបក្សកាន់អំណាចកំពុងមានចេតនាបង្កើតការផ្លាស់ប្តូរមួយដែលវានឹងបំផ្លាញដល់លទ្ធិប្រជាធិបតេយ្យ។
លោក មឹន ស៊ាន អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញថ្លែងថាការកែច្បាប់ជាការសម្រួលឲ្យត្រូវតាមសភាពការណ៍។ លោកថា៖ «ការកែរដ្ឋធម្មនុញ្ញឲ្យវាស៊ីចង្វាក់គ្នាមិនមានអីទេ»៕ NS