ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​បើក​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ដើម្បី​ធ្វើការ​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០១៩ បន្ទាប់ពី​​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ដែល​មាន​សមាសភាព​មកពី​គណបក្ស​ចាញ់​ឆ្នោត​ចំនួន​ ១៦ ​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃទី ២៤ ខែ​តុលា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា​អង្គប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សុក្រ ទី ២៦ ខែ​តុលា នៅ​វិមាន​សន្តិភាព​ដើម្បី​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០១៩ និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០១៧ ហើយ​សេចក្តី​ព្រាង​ច្បាប់​ទាំង​ ២ ​នេះ​ក៏​ត្រូវ​បាន​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​បើក​កិច្ចប្រជុំ​ពិភាក្សា​រួច​មក​ហើយ​កាលពី​ថ្ងៃទី​ ២២ ខែ​តុលា ឆ្នាំ​ ២០១៨​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់​ដូច្នេះ​ថា​៖ «​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏​បាន​ធ្វើ​បទអន្តរាគមន៍​ស្តីពី​ទិដ្ឋភាព​គោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​ការរៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០១៨​។ ឯកឧត្តម វង្ស៊ី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏​បាន​ផ្តល់​បទ​អន្តរាគមន៍​ស្តីពី​បរិការណ៍​ក្របខ័ណ្ឌ​ និង​គោលនយោបាយ​នៃ​ការរៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០១៩»​។

បើ​យោង​តាម​ហ្វេសប៊ុក​របស់​លោក​ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃទី ២២ ខែ​តុលា​បាន​ឲ្យ​ដឹងថា នៅ​ក្នុង​កិច្ចប្រជុំ​នៃ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ស្តីពី​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៩ នា​វិមាន​សន្តិភាព ​កាលពី​ថ្ងៃទី​ ២២ ខែ​តុលា​លោក​បាន​ស្នើសុំ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បង្កើន​ការចំណាយ​លើ​វិស័យ​កសិកម្ម និង​សុំ​ឲ្យ​ប្រើប្រាស់​ថវិកា​ជាតិ​ឲ្យ​ចំ​គោលដៅ ដែល​ចាំបាច់ និង​សុំ​ឲ្យ​កាត់បន្ថយ​ការចំណាយ​ថវិកា​ជាតិ​ទៅ​លើ​មន្ត្រី​ដែល​អសកម្ម​។

លោក​បញ្ជាក់​ថា​៖ «​បង្កើន​ការចំណាយ​លើ​វិស័យ​កសិកម្ម ខណៈ​ដែល​កម្ពុជា​ជា​ប្រទេស​មាន​វិស័យ​កសិកម្ម​ជា​អាទិភាព ដើម្បី​ជា​យាន​លើក​កម្ពស់​សេដ្ឋកិច្ច ព្រោះ​កសិកម្ម​ជា​អនុវិស័យ​ធំ​មួយ​ក្នុង​វិស័យ​សេដ្ឋកិច្ច​។ ចាំបាច់​គឺ​ការពង្រឹង​វិស័យ​កសិកម្ម​ជា​យន្តការ​ដើម្បី​ទប់ទល់​ក្នុង​អន្តរកាល​ដែល​បរទេស​គំរាម​ផ្ដាច់​ជំនួយ និង​ដក​ការអនុគ្រោះ​ពន្ធ EBA លើ​ប្រទេស​កម្ពុជា​ដែល​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម​យ៉ាង​ខ្លាំង​»​។

លោក នួន សុខាវី ប្រធាន​គណបក្ស​ពន្លឺ​ថ្មី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កិច្ចប្រជុំ​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ក៏​បាន​លើក​ឡើង​អំពី​បញ្ហា​ថវិកា​ធ្វើ​ថ្នល់ ធ្វើ​ស្ពាន និង​ការបាត់​លុយ​ព្រម​ទាំង​ការនាំ​ទំនិញ​ចេញ​ចូល​ផង​ដែរ​។

លោក​បន្ត​ថា​៖ «​គាត់ (​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​) ​គ្រាន់​តែ​បង្ហាញ​នូវ​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​ ២០១៩ ហើយ​យើង​ធ្វើការ​ពិចារណា​ទាំងអស់​គ្នា​...​។ វា​មាន​រយៈពេល​ខ្លី យើង​មិន​បាន​សិក្សា​ឲ្យ​បាន​ច្រើន​ទេ​។ អ្នកជំនាញ​គ្រាន់តែ​ធ្វើការ​បង្ហាញ​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍​នៃ​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​ ២០១៩​។ វា​មាន​រយៈពេល​តែ ៤ ម៉ោង​ហើយ​សួរ​បាន​តែ​ប៉ុន្មាន​សំណួរ​។ យើង​មិន​បាន​សិក្សា​ឲ្យ​លម្អិត​ទេ​»​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​សរសេរ​បង្ហោះ​នៅលើ​ហ្វេសប៊ុក​របស់​លោក​ថា កិច្ចប្រជុំ​ពេញអង្គ​នៅ​ថ្ងៃ​សុក្រ​នឹង​ពិភាក្សា​ទៅលើ​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយក​ពន្ធ​ត្រួត​គ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល​រវាង​កម្ពុជា-វៀតណាម និង​កម្ពុជា-ឥណ្ឌូនេស៊ី និង​សន្ធិសញ្ញា​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធ​រុស្ស៊ី​ស្តីពី​បត្យាប័ន​ផងដែរ​។

លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែម​ពី​ម្សិលមិញ​ថា​៖ «​នៅក្នុង​អាណត្តិ​នេះ​ក្រសួង​កសិកម្ម​ទទួល​បាន​ថវិកា​ច្រើន​ជាង​ឆ្នាំ​មុន​... ហើយ​ការលើក​ឡើង​របស់​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​គ្រាន់​តែ​ជា​ចម្ងល់​តែ​ត្រូវ​ពន្យល់​យ៉ាង​ស៊ីជម្រៅ ហើយ​ថា​រដ្ឋាភិបាល​មាន​វិធានការ​ក្នុង​ការ​កាត់បន្ថយ​ការចំណាយ​»​។

លោក សន ជ័យ ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​សម្តែង​ការព្រួយបារម្ភ​នៅ​ពេល​ដែល​សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​ត្រូវ​បាន​ដាក់​ឲ្យ​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ខណៈ​ដែល​រដ្ឋសភា​ជា​សភា​ឯក​បក្ស​។

លោក​បញ្ជាក់​៖ «​ព័ត៌មាន​នៃ​ថវិកា​មិន​ត្រូវ​បាន​ដាក់​ឲ្យ​មាន​ការ​ផ្តល់​យោបល់​ទូលំទូលាយ​ទេ ស្រប​ពេល​ដែល​មាន​សភា​ឯកបក្ស​ការអនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០១៩ ពី​គណៈរដ្ឋមន្ត្រី​រហូត​ដល់​សភា​មិន​មាន​ការពិគ្រោះ​យោបល់​ជា​សាធារណៈ​ជាមួយ​សង្គម​ស៊ីវិល វា​នឹង​ធ្វើ​ឲ្យ​មាន​មន្ទិល​កាន់តែ​ច្រើន​ទៅ​លើ​បញ្ហា​ថវិកា​ជាតិ​នេះ​...​យើង​មាន​ការ​បារម្ភ​ច្រើន ផែនការ​ដែល​លើក​ឡើង​វា​នឹង​មិន​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​នៃ​ការអភិវឌ្ឍ​»៕