សៀមរាបៈ អង្គការជំនឿលើសិស្សជនបទកម្ពុជាសហការជាមួយក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡាកំពុងរៀបចំអនុវត្ដគម្រោងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសាលារៀនក្នុងខេត្ដសៀមរាប ខណៈជំហានដំបូងនេះមានសាលារៀនចំនួន ២០ នឹងត្រូវជ្រើសរើសជាកន្លែងគ្មានប្លាស្ទិកដោយប្រើប្រាស់ដបទឹកជំនួសវិញ។
លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងកាលពីថ្ងៃពុធថា អង្គការជំនឿលើសិស្សជនបទកម្ពុជាមានគម្រោងចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសាលារៀនតាមរយៈការប្រើប្រាស់ដបទឹកក្នុងនោះដបទឹកចំនួន ៤០០០ គ្រោងនឹងចែកជូនសិស្សក្នុងការអនុវត្តគម្រោងជំហានដំបូងក្នុងខេត្តសៀមរាបនាចុងខែកុម្ភៈឆ្នាំ ២០២០ ខាងមុខ។
លោកថ្លែងថា៖ «គម្រោងនេះគ្រោងអនុវត្ដជាមួយសាលារៀនចំនួន ២០ ក្នុងខេត្ដសៀមរាបដែលសាលាទាំងនេះត្រូវបានកំណត់ថា ជាសាលារៀនដែលគ្មានប្លាស្ទិកដោយបែរមកឱ្យសិស្សានុសិស្សប្រើប្រាស់ដបទឹកជំនួសការប្រើប្រាស់ថង់ ឬដបប្លាស្ទិកនៅតាមបណ្ដាសាលារៀនទាំង ២០ នេះ។ តាមរយៈគម្រោងនេះនឹងមានបង្រៀនសិស្សពីបរិស្ថានដោយផ្ដោតសំខាន់ទៅលើផលប៉ះពាល់នៃផលិតផលប្លាស្ទិក ជាពិសេសផលិតផលប្លាស្ទិកដែលអាចប្រើប្រាស់បានតែម្ដងទៅលើបរិស្ថានក្នុងរយៈពេលវែង»។
បើតាមលោក ភក្ត្រា តាំងពីឆ្នាំ ២០១៨ មកគឺអង្គការជំនឿលើសិស្សជនបទកម្ពុជាបានបណ្ដុះបណ្ដាលក៏ដូចជាផ្សព្វផ្សាយទៅដល់សិស្សមួយចំនួននៅតាមសាលារៀនក្នុងខេត្ដសៀមរាប ហើយសិស្សានុសិស្សដែលទទួលបានការបណ្ដុះបណ្ដាលទាំងនោះក៏បានប្ដេជ្ញាថាប្រើប្រាស់ថង់ជាប្រភេទសាច់ក្រណាត់ក្នុងការទិញអីវ៉ាន់ ប្រអប់ដាក់បាយ និងដបទឹកដែលអាចលាងទុកសម្រាប់ប្រើប្រាស់នៅពេលក្រោយបាន ។
លោកបញ្ជាក់ថា តាមរយៈអនុក្រឹត្យស្ដីពីការគ្រប់គ្រងថង់ប្លាស្ទិកដែលបានដាក់ឱ្យអនុវត្ដតាំងពីឆ្នាំ ២០១៧ មកនោះក៏មានការបញ្ចូលតម្លៃថង់ប្លាស្ទិកក្នុង ១ ថង់តម្លៃ ៤០០ រៀលបន្ថែមផងដែរ។ យន្តការនេះបានធ្វើឱ្យមានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកតាមផ្សារទំនើបនៅកម្ពុជាដែលតាមតួលេខមានរហូតដល់ ៣០ ភាគរយ ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាថ្លែងកាលពីថ្ងៃពុធដែរថា បរិស្ថានសាលារៀនល្អបានជះឥទ្ធិពលវិជ្ជមានលើការលើកកម្ពស់គុណភាពរៀន និងបង្រៀន។
ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្រសួងអប់រំបានបញ្ចូលខ្លឹមសារស្ដីពីផលប៉ះពាល់នៃការប្រើប្រាស់ប្លាស្ទិក និងការងារបរិស្ថានទូទៅចូលក្នុងកម្មវិធីសិក្សា និងបញ្ជ្រាបខ្លឹមសារនេះចាប់ពីកម្រិតមត្តេយ្យសិក្សាឡើងទៅ។
លោកថ្លែងថា៖ «ក្រសួងអប់រំកំពុងបន្តអនុវត្តកម្មវិធីសិក្សាស្តីពីបរិស្ថាន និងលើកទឹកចិត្តសិស្សានុសិស្សគ្រប់កម្រិតសិក្សាឱ្យស្រឡាញ់ និងចូលរួមថែរក្សា ការពារបរិស្ថានសាលារៀន និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ក្រសួងអប់រំក៏បាន និងបន្តរៀបចំចលនាប្រឡងប្រណាំងសាលារៀនស្អាតដើម្បីលើកកម្ពស់បរិស្ថានតាមសាលារៀន»។
លោកបន្ថែមថា ក្រសួងអប់រំបាន និងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់លើសុខភាពសិស្សានុសិស្ស និងបុគ្គលិកអប់រំគ្រប់កម្រិតថ្នាក់។ ក្នុងន័យនេះក្រសួងអប់រំបានសហការជាមួយស្ថាប័នពាក់ព័ន្ធតាមដានពីស្ថានភាពបរិស្ថាន និងផលប៉ះពាល់ជាប្រចាំតាមរយៈយន្តការដែលមានស្រាប់នៅតាមកម្រិតសាលារៀន។ ជាមួយនេះក្រសួងក៏បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះការចូលរួមវិជ្ជមានពីសំណាក់សង្គមស៊ីវិល និងគ្រប់ភាគីពាក់ព័ន្ធផងដែរ។
លោក Aviv Palti ស្ថាបនិកអង្គការជំនឿលើសិស្សជនបទកម្ពុជា (Cambodia Rural Students Trust) ថ្លែងថា តាមរយៈគម្រោងនេះ អង្គការលោកមានបំណងបញ្ជ្រាបចំណេះដឹង និងការអប់រំអំពីបរិស្ថានដល់សិស្សានុសិស្សនៅតាមសាលារៀនក្នុងខេត្ដសៀមរាប។
លោកថ្លែងថា៖ «ក្នុងជំហានដំបូងនេះយើងនឹងជ្រើសរើសយកសាលារៀនចំនួន ២០ ក្នុងការចាប់ផ្ដើមអនុវត្តគម្រោងរយៈពេល ៤ ខែចាប់ពីខែកុម្ភៈខាងមុខនេះតទៅ។ តាមរយៈគម្រោងនេះ យើងនឹងបណ្ដុះបណ្ដាលសិស្សឲ្យស្វែងយល់ពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងពន្យល់ពួកគេក្នុងការប្រមូលផ្ដុំប្លាស្ទិកផងដែរ»។
លោកបានបញ្ជាក់ថា គោលដៅរបស់អង្គការជំនឿលើសិស្សជនបទកម្ពុជានឹងអនុវត្ដគម្រោងនេះឱ្យបានគ្រប់សាលាទាំងអស់ទូទាំងខេត្ដសៀមរាប៕