ភ្នំពេញៈ​ ​ក្រសួង​បរិ​ស្ថាន​បាន​ស្នើ​ឡើង​គម្រោង​គំរូ​ដើម្បី​បង្កើត​ភាព​ធន់​ទៅ​នឹង​អាកាស​ធាតុ​ សម្រាប់​សាលា​រៀន​គោល​ដៅ​ចំនួន​ ៥​ ​នៅ​ក្នុងតំបន់​ទីប្រជុំជន​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ដើម្បី​កាត់​បន្ថយ ​និង​ផ្ស៊ាំទៅ​នឹង​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែ​​ប្រួល​អាកាស​ធាតុ​ ដូច​ជា​កម្តៅ​នៅ​ទី​ប្រជុំ​ជន​។​ ​សាលា​គោល​ដៅ​ទាំង​នោះ​មាន​ដូច​ជា​ ​១-​​វិទ្យា​ល័យ​ព្រះ​ស៊ី​សុវត្ថិ​ ​២-​​អនុ​វិទ្យា​ល័យ​ចតុ​មុខ​ ៣-អនុ​វិទ្យា​​ល័យ​សម្តេច​ ហ៊ុន សែន​ ​ព្រៃ​វែង​ ​៤-​​វិទ្យា​ល័យ​ ​ហ៊ុន សែន​ ​ប៊ុន​រ៉ានី​ ​អរុណ​វ​តី ​៥-សាលា​បឋម​សិ​ក្សា​ភ្លើង​ឆេះរ​ទេះ។​

​​លោក ​នេត្រ ​ភក្ត្រា ​រដ្ឋ​លេខា​​​ធិការ​ ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន ​បា​ន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារថា គម្រោង​គំរូ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​បង្ហាញ​ទៅ​ដល់​សាលា​រៀន​ និង​​សហ​គមន៍​ផ្សេងៗ​ឱ្យ​យល់​ដឹង​ ក៏​ដូច​ជា​ទាញ​យក​នូវ​បទ​ពិសោធ ​និង​ការ​អនុវត្ត​ល្អៗ​ពាក់​ព័ន្ធ​នឹង​ភាព​សុំា​អាកាស​ធាតុ​សម្រាប់​អនុវត្ត​នៅ​ក្នុង​សាលា​​រៀន និង​សហ​គមន៍​។​

​លោក ​នេត្រ​ ​ភក្ត្រា ​ថ្លែង​ថា៖​ ​«​មាន​ន័យ​ថា ​ពិភព​លោក​មាន​ការ​ប្រែប្រួល​អាកាស​ធាតុ។​ កម្ពុជា​របស់​យើង​​​ក៏​ទទួល​រង​នូវ​ផល​ប៉ះ​ពាល់​ដែល​ចេញ​ពី​​ការ​ប្រែប្រួល​អាកាស​ធាតុ​ហ្នឹង​ដែរ។​ អ៊ីចឹង​គឺ​ថា​ តើ​យើង​ត្រូវ​ធ្វើ​ម៉េច​ដើម្បី​បន្សុំា​ខ្លួន​ទៅ​នឹង​ការប្រែ​ប្រួល​អាកាស​ធាតុ​ហ្នឹង​? ​អ៊ី​ចឹង​មាន​តាំង​ពី​ការ​រស់​នៅ​របស់​យើង ​ការ​គ្រប់​គ្រង​បរិស្ថាន ការ​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ​ ​កា​រ​ដាំ​ដើម​ឈើ​ ដាំ​អី ​នៅ​ជុំវិញ​ហ្នឹង ​ក៏​ជា​ផ្នែក​មួយ​នៃការ​ជួយ​ឱ្យ​មាន​ការ​កាត់​បន្ថយ​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ​ក៏​ដូច​ជា​ការផ្ស៊ាំ។ ​បើ​សិន​ជា​វា​ក្តៅ​ យើង​មាន​ដើម​ឈើ​ស​ម្រាប់​ជ្រក ​សម្រាប់​អី​អ៊ី​ចឹង​»​។​

​លោក​ ​នេត្រ​ ​ភក្ត្រា​ ​ថ្លែង​ថា ​នៅ​តាម​សាលា​រៀន​ ក្រសួង​ជំរុញ​ឱ្យ​មាន​ភាព​បៃតង​ដោយ​មាន​ដើម​ឈើដើម្បី​ផ្តល់​មេ​ត្រី​​ភាព​បរិស្ថាន​ទៅ​ឱ្យ​សិស្ស​នៅ​ក្នុង​ការ​រស់​នៅ។​ ​លោក​ ​បន្ត​ថា​ ក្រសួង​បាន​អនុវត្ត​គម្រោង​នេះ​ជា​បន្ត​បន្ទាប់​ដោយ​មាន​កិច្ច​​សហ​ការ​ជា​មួយ​ដៃគូ​របស់​ក្រសួង​ ​ហើយ​នៅ​តែ​បន្ត​អនុ​វត្ត​ជា​បន្ត​បន្ទាប់​ទៀត​។​ ​ក្រ​សួង​ក៏​បាន​បង្ហាញ​លទ្ធ​ផល​សំខាន់ៗ​នៃ​គម្រោង​នេះ​កាល​ពី​ថ្ងៃ​ចន្ទ​តាម​រយៈ​ហ្វេស​ប៊ុក ​ថា​គម្រោង​បាន​ឆ្លើយ​ត​ប​ចំពោះ​តម្រូវ​ការ​របស់​សាលា​រៀន ​ដែល​បាន​ជ្រើស​រើស​ដែល​អាច​កាត់​បន្ថ​យ​ ​និង​ផ្ស៊ាំទៅ​នឹង​ផល​ប៉ះពាល់​ទាំង​នោះ​។ ​​

អ្វី​ដែល​ក្រសួង​បាន​ប្រកាស​ថា​ ​គម្រោង​​​អាច​កាត់​​បន្ថយ​ផល​ប៉ះពា​ល់​ទាំង​នោះ ​ធ្វើ​ឡើង​តាម​រយៈ​​​ការ​ដាំ​ដើម​ឈើ​ដើម្បី​បង្កើត​ឲ្យ​មាន​បរិស្ថា​ន​បៃ​តង​ល្អ​ស្អាត​ ​ការ​ដំឡើង​ប្រព័ន្ធ​​ផលិត​ថា​ម​ពល​អគ្គិស​នី​សូឡា​ដើម្បី​ប​ង្កើន​ប្រសិទ្ធ​ផល​នៃ​ការ​ប្រើ​ប្រាស់​ថា​មពល​ ​ការ​ធ្វើ​អាង​ត្រង​ទឹក​ភ្លៀង​ ​ការ​ត្រៀម​ខ្លួន​រៀប​ចំ​ទៅ​ជា​សាលា​មេត្រី​បរិ​​ស្ថា​​​ន​ ការ​សាក​ល្បង​ប្រើ​ប្រា​ស់​ទោ​ច​ក្រ​យាន​យន្ត​ប្រើ​ប្រាស់​ថា​​មព​ល​អគិ្គស​នី​ (​Ebike​)​ សម្រាប់​មន្រ្តី​រដ្ឋ​បាល​របស់​ក្រសួង​បរិស្ថាន។​ ​

​ក្រ​សួង​ប្រកាស​ថា ​ការ​ដែល​មន្ត្រី​ក្រសួង​បរិស្ថាន​សាក​ល្បង​ប្រើ​ប្រាស់​ទោចក្រ​យាន​យន្ត​​ គឺ​ដើម្បី​បង្ហាញ​ពី​ការ​ប្រើ​មធ្យោ​​បាយ​ដឹក​ជញ្ជូន​ប្រកប​ដោយ​បច្ចេក​វិទ្យា​ដែល​ប្រើ​កា​បូន​តិច​ ​ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការរៀប​ចំគោល​នយោ​បាយ​នៃ​ផល​ប៉ះ​ពាល់​ពី​ឧស្ម័ន​ផ្ទះ​កញ្ចក់​និង​កា​រ​បំពុល​ខ្យល់​ក្នុង​បរិ​យា​កាស​។​

លោក​ ស​ ​ម៉ូរី​ ​អនុ​ប្រធាន​បណ្តាញ​យុវ​ជន​កម្ពុជា​ ​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍ ​កាល​ពី​ថ្ងៃ​អង្គារ៍​ថា តាម​ការ​កត់​សម្គាល់​របស់​លោក​បាន​ឲ្យ​ដឹង​ថា​យន្ត​​ការ​របស់​ក្រសួង​បរិស្ថាន​ក្នុង​ការ​ផ្ស៊ាំ​ការ​ប្រែប្រួល​អាកាស​ធាតុ​នេះ​ ដោយ​សារ​សាលា​រៀន​ភាគ​ច្រើន​នៅ​ប្រទេស ​កម្ពុជា ​មិន​សូវ​មាន​ដើម​ឈើ​នោះ​ទេ​ ​ហើយ​ធ្វើ​ឱ្យ​មាន​បរិយា​កាស​ក្តៅ។ ​​ដោយ​មើល​ឃើញ​ដូច​នេះ ទើប​របាយ​ការណ៍​អន្តរ​ជាតិ​មួយ​បាន​ផ្តល់​អនុសាសន៍​ថា​ ​ប្រ​ទេស ​កម្ពុជា​ គួរ​ចាប់​ផ្តើម​ប្រយុទ្ធ​ប្រ​ឆាំង​ ​និង​ផ្ស៊ាំការ​ ប្រែ​ប្រួល​ដោយ​ចាប់​ផ្តើម​ពី​សាលា​រៀន​មុ​ន​គេ​។​ ​

​​លោក​ ​ស​ ​ម៉ូរី​ ​បានបញ្ជាក់​ថា​៖​ «​ខ្ញុំ​គិត​ថា​ ​ការ​ចាប់​ផ្តើម​សាក​ល្បង​របស់​ក្រសួង​បរិស្ថាន​ជា​ចំណុច​មួយ​ល្អ​ដែលក្រសួង​បរិស្ថាន​គិត​គូរ​ពី​ការ​ធ្វើ​ម៉េច​ដាំ​ដើម​ឈើ​នៅ​ក្នុង​សា​លា​រៀ​​ន​នៅ​ក្នុង​ប្រទេស ​កម្ពុជា​ យើង​ឱ្យ​ក្លាយ​ទៅ​ជា​សាលា​បៃ​តង​។​ ប៉ុន្តែ​ការ​ចាប់​ផ្តើម​គម្រោង​ហ្នឹង​គឺ​ទាល់​តែ​មាន​ការ​ប្តេជ្ញា​ចិត្ត​មែន​ទែន​ ​ជា​ពិសេស​ត្រូវ​តែ​ធ្វើ​ការ​ថែ​ទាំ​ដើម​ឈើ​ដែល​បាន​ដាំ​ហ្នឹង​។​ ការ​ស្រោច​ទឹក​ ​ការ​ថែ​ទាំ​ធ្វើ​ម៉េច​កុំ​ឱ្យ​ដើម​ឈើ​ហ្នឹង​ស្លាប់​។​ ​កន្លង​មក​ យើង​ឃើញ​មាន​គម្រោង​របស់​អង្គ​ការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​ដាំ​ដើម​ឈើ​ក្នុង​សាលា​អី​ហ្នឹង​មិន​សូវ​ជា​បាន​ជោគ​ជ័យ​ទេ​»​៕​​