
ទូករបស់សហគមន៍នេសាទនៅតាមឆ្នេរនៃខេត្តព្រះសីហនុ នាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ គម្រោង CamAdapt ដែលជួយឲ្យរឹងមាំឡើងវិញចំពោះសហគមន៍នេសាទតាមឆ្នេរសមុទ្រនិងប្រព័ន្ធអេកូឡូហ្ស៊ីតាមឆ្នេរសមុទ្រក្នុងខេត្តជាប់ឆ្នេរសមុទ្រចំនួន ៤ រួមមាន ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង ដើម្បីប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ត្រូវបានរំពឹងថានឹងចាប់ផ្តើមឡើងនៅដើមឆ្នាំ ២០២០។
គម្រោងនេះនឹងត្រូវអនុវត្តរយៈពេល ៥ ឆ្នាំ ហើយនឹងចំណាយថវិកាអស់ ៤,៣៥ លានដុល្លារ ដែលផ្តល់មូលនិធិដោយ GEF។ នេះបើយោងតាមអង្គការស្បៀងនិងកសិកម្មនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជាដែលបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៧ ខែ មិថុនា។
គម្រោងសម្របសម្រួលអាកាសធាតុ និងធ្វើឲ្យរឹងមាំឡើងវិញនៅក្នុងសហគមន៍ដែលពឹងផ្អែកលើការនេសាទតាមតំបន់ឆ្នេរ (CamAdapt) នឹងត្រូវអនុវត្តដោយអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ រដ្ឋបាលជលផល និងក្រសួងបរិស្ថាន។
គម្រោងនេះ នឹងរួមមាន ការអនុវត្តការវាយតម្លៃភាពងាយរងគ្រោះសម្រាប់បុរស និងស្រ្តីនៅក្នុងសហគមន៍នេសាទនៅតាមតំបន់ឆ្នេរនិងអភិវឌ្ឍយុទ្ធសាស្រ្តដើម្បីជួយពួកគេឲ្យអាច សម្របសម្រួលទៅតាមការប្រែប្រួលអាកាសធាតុតាមរយៈជម្រើសពិពិធកម្មជីវភាព ប្រព័ន្ធព្រមានជាមុន និងសុវត្ថិភាពនៅសមុទ្រសម្រាប់អ្នកនេសាទអភិវឌ្ឍផែនការគ្រប់គ្រងសម្រាប់ជលផលនិងធនធានតាមតំបន់ឆ្នេរដទៃៗទៀត។
គម្រោងនេះ ក៏នឹងជួយដាក់បញ្ចូលការពិចារណាអំពីការសម្របសម្រួលទៅក្នុងគោលនយោបាយនិងកម្មវិធីពាក់ព័ន្ធ និងពង្រឹងភាពជាដៃគូក្នុងចំណោមភាគីពាក់ព័ន្ធនៅកម្រិតថ្នាក់ជាតិ ខេត្ត និងមូលដ្ឋានផងដែរ។
កាលពីថ្ងៃទី ១៤ ខែ មិថុនា ក្រុមមន្រ្តី និងអ្នកជំនាញមកពីអង្គការស្បៀងនិងកសិកម្មនៃអង្គការសហប្រជាជាតិ រដ្ឋបាលជលផល និងក្រសួងបរិស្ថាន បានធ្វើសិក្ខាសាលាថ្នាក់ជាតិមួយដើម្បីស្វែងរកការព្រមព្រៀងគ្នាចុងក្រោយ មុនពេលពួកគេដាក់ឯកសារគម្រោងទៅអង្គការ Global Environment Facility (GEF)។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងសុំអត្ថាធិប្បាយលម្អិតពីលោក អេង ជាសាន អគ្គនាយកនៃរដ្ឋបាលជលផលបានទេដោយសារមិនមានអ្នកលើកទូរស័ព្ទកាលពីម្សិលមិញ៕