The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គម្រោង​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃ​ប្រព័ន្ធ​តាមដាន​ជំងឺ​ឆ្លង​មាន​ទឹកប្រាក់​ $៨,៥ ​លាន​ ត្រូវបាន​ចុះហត្ថលេខា




គម្រោង​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃ​ប្រព័ន្ធ​តាមដាន​ជំងឺ​ឆ្លង​មាន​ទឹកប្រាក់​ $៨,៥ ​លាន​ ត្រូវបាន​ចុះហត្ថលេខា

Content image - Phnom Penh Post
ពិធី​ចុះហត្ថលេខា​រវាង​ក្រសួង​សុខាភិបាល​ និង​តំណាង KOICA​។ រូបថត ក្រសួង

គម្រោង​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃ​ប្រព័ន្ធ​តាមដាន​ជំងឺ​ឆ្លង​មាន​ទឹកប្រាក់​ $៨,៥ ​លាន​ ត្រូវបាន​ចុះហត្ថលេខា

ភ្នំពេញៈ គម្រោង​ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃ​ប្រព័ន្ធ​តាមដាន​ជំងឺឆ្លង មន្ទីរពិសោធន៍ ធនធាន​មនុស្ស និង​ប្រព័ន្ធ​ឆ្លើយតប​បន្ទាន់​ដែល​មាន​ទឹកប្រាក់​ប្រមាណ ៨,៥ ​លានដុល្លារ​ ត្រូវ​បាន​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិបាល និង​មន្ត្រី​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ (KOICA) ​ប្រចាំ​កម្ពុជា ចុះ​ហត្ថលេខា​លើ​កំណត់ត្រា​ពិភាក្សា​គ្នា​។

គម្រោង​ដែលមាន​រយៈពេល​ ៥ ​ឆ្នាំ​ ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​ ២០២១ ​តទៅ​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ២៥ ខែ​កញ្ញា រវាង​លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​លោក​ នោ ហ្យន់ជូន (RHO Hyunjun) នាយក​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ (KOICA) ​ប្រចាំ​នៅ​កម្ពុជា​។

លោកស្រី ឱ វណ្ណឌីន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៧ ​កញ្ញា​ តាម​ប្រព័ន្ធ​តេឡេក្រាម​ថា ក្រោម​ជំនួយ​បច្ចេកទេស​របស់​ការិយាល័យ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ (USCDC) គម្រោង​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃ​ប្រព័ន្ធ​តាមដាន​ជំងឺឆ្លង មន្ទីរពិសោធន៍ ធនធាន​មនុស្ស និង​ប្រព័ន្ធ​ឆ្លើយតប​បន្ទាន់ ដែល​គ្រប់គ្រង​ដោយ​ក្រសួង​សុខាភិបាល​កម្ពុជា ដើម្បី​សម្រេច​បាន​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​បទប្បញ្ញត្តិ​សុខភាព​អន្តរជាតិ​ឆ្នាំ​ ២០០៥​។

លោកស្រី​មាន​ប្រសាសន៍​ថា​៖ «​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ (KOICA) ​ប្រចាំ​នៅ​កម្ពុជា​តែងតែ​មាន​កិច្ចសហប្រតិបតិ្តការ​ជាមួយ​ក្រសួង​សុខាភិបាល​បាន​យ៉ាង​ល្អប្រសើរ ដែល​កន្លង​មក​បាន​ជួយ​ដល់​វិស័យ​សុខាភិបាល​ជាច្រើន ដូចជា ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មន្ទីរពេទ្យ ដូចជា មន្ទីរពេទ្យ​ព្រះអង្គឌួង មន្ទីរពេទ្យបង្អែក​បាធាយ និង​មន្ទីរពេទ្យ​ខេត្ត​សៀមរាប ជាពិសេស​ក្នុង​កាលៈទេសៈ​ដែល​យើង​បាននិង​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​នេះ​»​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ KOICA ការិយាល័យ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា (USCDC) ​នឹង​ធ្វើការ​ជាមួយ​ក្រសួង​សុខាភិបាល ដើម្បី​ពង្រឹង​ប្រព័ន្ធ​មន្ទីរពិសោធន៍​ជាតិ កសាង​សមត្ថភាព​បុគ្គលិក​សុខាភិបាល​សាធារណៈ រួមទាំង​អ្នកជំនាញ​ផ្នែក​រោគរាតត្បាត ព្រមទាំង​បង្កើត​កម្មវិធី​ឆ្លើយតប​បន្ទាន់​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។

កាលពី​ឆ្នាំ​ ២០១៧ ​ជា​ដំណាក់កាល​ទី​១ ​នៃ​គម្រោង​របស់ KOICA នេះ​បាន​ចំណាយ​ថវិកា​ចំនួន​ ៣ ​លាន​ដុល្លារ​ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ USCDC ​និង USAID នៅ​កម្ពុជា​។ ​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ចុងក្រោយ​នេះ KOICA បាន​អនុវត្ត​គម្រោង​ពង្រីក​ការចាក់​ថ្នាំ​បង្ការ និង​ពង្រឹង​ប្រព័ន្ធ​នេះ​យ៉ាង​ខ្ជាប់ខ្ជួន នៅក្នុង​ខេត្ត​មួយ​ចំនួន​រួមមាន​ខេត្ត​រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ និង​ខេត្តក្រចេះ​។

គម្រោង​ថ្មី​នេះ​នឹង​បន្ត​គាំទ្រ​ដល់​ការបណ្តុះបណ្តាល​អ្នកជំនាញ​ផ្នែក​រោគរាតត្បាត​ដែល​ស្រុក​នីមួយៗ​នឹងមាន​អ្នកជំនាញ​ខាង​រោគរាតត្បាត​ដែលមាន​សមត្ថភាព​ពេញលេញ​ក្នុង​ការត្រួតពិនិត្យ​លើ​ករណី​ផ្ទុះ​ជំងឺឆ្លង​ណាមួយ​នៅក្នុង​តំបន់​ និង​អាច​តាមដាន​ករណី​ដែល​បាន​រកឃើញ​។

គម្រាង​នេះ​ផងដែរ KOICA ​នឹង​បន្ត​កសាង​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព​មន្ទីរពិសោធន៍​ និង​ប្រព័ន្ធ​ព័ត៌មាន​មន្ទីរពិសោធន៍​នៅក្នុង​មន្ទីរពិសោធន៍​សាធារណៈ​ចំនួន​ ៤៩ ​នៅក្នុង​ប្រទេស​ និង​ពង្រឹង​សមត្ថភាព​ដឹកជញ្ជូន​សំណាក​វត្ថុ​វិភាគ​។ បើតាម​សេចក្តី​ប្រកាស​លទ្ធផល​នៃ​គម្រោង​នេះ​ត្រូវ​បាន​រំពឹងថា មន្ទីរពិសោធន៍​សាធារណៈ​ទាំងអស់​នឹង​មាន​បំពាក់​នូវ​ឧបករណ៍​សម្រាប់​ការធ្វើ​រោគវិនិច្ឆ័យ​បាន​ត្រឹមត្រូវ និង​អាច​ជឿជាក់​បាន​ជាង​មុន​ក្នុង​ការពិនិត្យ​រកមើល​ជំងឺឆ្លង​នានា​។

នៅក្នុង​ឆ្នាំនេះ​ការិយាល័យ KOICA កម្ពុជា​នឹង​ចំណាយ​ប្រាក់​ ១ ​លាន​ដុល្លារ​បន្ថែមទៀត ដើម្បី​គាំទ្រ​ដល់​កម្មវិធី​ការឆ្លើយតប​ទៅនឹង​ជំងឺ​កូវីដ​ ១៩ ​របស់​ប្រទេស​កម្ពុជា​៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។

  • ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០-២០២៣) ​ដើម្បី​ផ្ដល់​ការរៀន​ និង​ការបង្រៀន​តាមបែប​ឌីជីថល​​ដែល​ការអនុវត្ត​ត្រូវធ្វើ​ឡើងជា​ជំហានៗ​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ​។