ភ្នំពេញៈ អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) និង​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគរបេង និង​ហង់ស៊ិន​ហៅ​កាត់​ថា​ CENAT ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន បាន​បើកសម្ពោធ​គម្រោង​មួយ​មាន​រយៈពេល​ ៣ ​ឆ្នាំ​ដើម្បី​ធ្វើការ​វិភាគ​រកមើល​រោគរបេង​ក្នុង​ចំណោម​ពលករ​កម្ពុជា​ដែល​បាន​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​។

អង្គការ IOM បាន​បញ្ជាក់ថា គម្រោង​នេះ​ត្រូវបាន​ផ្ដល់​ការគាំទ្រ​ដោយ​មូលនិធិ​សកល​សម្រាប់​ជំងឺអេដស៍ របេង និង​គ្រុនចាញ់​។ គម្រោង​នេះ​នឹង​ធ្វើការ​ពិនិត្យ និង​វិភាគ​រោគរបេង​ផ្ដល់​ការអប់រំ និង​ការគាំទ្រ​ទៅ​ដល់​ពលករ​ចំណាកស្រុក​ប្រមាណ​ ១០ ​ម៉ឺន​នាក់​ ក្នុង​រយៈ​ ៣ ​ឆ្នាំ​។ អង្គការ IOM បាន​ឲ្យ​ដឹងថា ពលករ​ចំណាកស្រុក​ឆ្លង​ចូលទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ក្នុង​ចំនួន​ដ៏ច្រើន ហើយ​មាន​ពលករ​ជាច្រើន​បានរស់នៅ និង​ធ្វើការ​ក្នុង​លក្ខខណ្ឌ​ការងារ​ដែល​មិនល្អ និង​ទទួល​បាន​ការថែទាំ​សុខភាព​តិចតួច​។ ដូច្នេះ​ហើយ​ពួកគេ​ងាយ​នឹង​រងគ្រោះ​ដោយសារ​ជំងឺរបេង​។

នៅក្នុង​គម្រោង​នេះ​ពលករ​ចំណាកស្រុក​នឹង​ទទួល​បាន​នូវ​ការអប់រំ​អំពី​ជំងឺរបេង ការត្រួតពិនិត្យ​ដោយ​ប្រើ​កាំរស្មី​អ៊ិច និង​ការគាំទ្រ​ដល់​អ្នក​ដែល​សង្ស័យថា​មាន​ជំងឺរបេង និង​ទទួល​បានការ​ពិនិត្យ​រកមើល​មេរោគ​យ៉ាង​ឆាប់រហ័ស​។ គម្រោង​នេះ​ក៏​នឹង​ធានាថា អ្នកជំងឺ​នឹង​ទទួល​បាន​ការព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់រោគរបេង​នៅ​កន្លែង​ដែល​ពួកគេ​រស់នៅ​។

គម្រោង​នេះ​ គឺជា​ផ្នែក​មួយ​នៃ​មូលនិធិ​សកល​ថ្នាក់​តំបន់​ដែល​អនុវត្ត​នៅក្នុង​ប្រទេស​អនុតំបន់​ទន្លេមេគង្គ ដើម្បី​ដោះស្រាយ​បញ្ហា​ជំងឺរបេង​សម្រាប់​ពលករ​ចំណាកស្រុក និង​ពលរដ្ឋ​ដែល​ផ្លាស់ប្ដូរ​ទីលំនៅ​ច្រើន​។ លើសពីនេះ គម្រោង​នេះ​ក៏​ទទួល​ព្យាបាល​ដល់​ពលរដ្ឋ​សហគមន៍​នៅ​ក្រុង​ប៉ោយប៉ែត​ផងដែរ​។

លោក Patrick Duigan ​ទីប្រឹក្សា​ផ្នែក​សុខភាព​តំបន់​នៃ​អង្គការ IOM បាន​ថ្លែងថា​៖ «​គម្រោង​នេះ​ដែល​សហការ​​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគរបេង និង​ហង់ស៊ិន​មាន​សារៈសំខាន់​ណាស់​ក្នុង​ការធានា​បាន​ថា ពលករ​ចំណាកស្រុក ជាពិសេស​អ្នក​ដែល​គ្មាន​ឯកសារ​មិន​ត្រូវបាន​បំភ្លេចចោល​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​សុខភាព​សកល ដើម្បី​បញ្ចប់​ជំងឺរបេង​សម្រាប់​ទាំងអស់​គ្នា​»​។

លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង នាយក​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគរបេង និង​ហង់ស៊ិន បាន​ថ្លែងថា សេវា​សុខភាព​សម្រាប់​ពលករ​ចំណាកស្រុក​មាន​លក្ខណពិសេស និង​ឥតគិតថ្លៃ​សម្រាប់​ពលករ​ចំណាកស្រុក​។ ពលរដ្ឋ​ដែល​រស់នៅ​​ជុំវិញ​មណ្ឌល​សំចត​ចំណាកស្រុក​ប៉ោយប៉ែត ក៏​អាច​ទទួល​បាន​សេវា​សុខភាព​សម្រាប់​ជំងឺ​នេះដែរ ពោល​គឺ​ពួកគេ​អាចមក​ពិនិត្យ​ព្យាបាល​បើសិន​ពួកគេ​ក្អក​ជាង​ ២ ​សប្ដាហ៍ បែកញើស​ពេលយប់ ក្ដៅខ្លួន ឬ​ស្រក​គីឡូ​។

លោក​ថ្លែងថា​៖ «​យើង​មាន​ទាំង​ធនធាន​មនុស្ស និង​សម្ភារ​សម្រាប់​ថ្នាំ​ព្យាបាល ពួកគេ​អាច​ទទួល​បាន​នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគរបេង និង​ហង់ស៊ិន​ទូទាំងប្រទេស​។ បើសិន​យើង​រកឃើញ​ថា អ្នកណាម្នាក់​មាន​ជំងឺរបេង គេ​អាច​ទៅ​ទទួល​ថ្នាំ​នៅ​ប៉ោយប៉ែត ហើយ​យើង​អាច​ផ្ដល់​ថ្នាំ​ទៅ​ពួកគេ​នៅនឹង​កន្លែង យើង​មាន​បណ្ដាញ​របស់​យើង​ដែល​អាច​យក​ថ្នាំ​ទៅ​ឲ្យ​ពួកគាត់​»​។

លោក ម៉ៅ តាន់អ៊ាង បញ្ជាក់ថា អត្រា​អ្នកស្លាប់​ដោយ​ជំងឺរបេង​នៅ​កម្ពុជា​មានការ​ធ្លាក់ចុះ​ ៥៨ ​ភាគរយ ​រវាង​ឆ្នាំ​ ២០០០ ដល់​ ២០១៨ ខណៈ​ដែល​អ្នក​ដែលមាន​ជំងឺ​នេះ​ក៏បាន​ធ្លាក់ចុះ​ក្នុង​អត្រា​ ៤៨ ​ភាគរយ​ដែរ​។ កាលពី​ប្រមាណ​ ៥ ​ឆ្នាំ​មុន អ្នកជំងឺ​របេង​មាន​ប្រមាណ​ ៥ ​ម៉ឺន​នាក់​ ក្នុង​ ១ ​ឆ្នាំ ប៉ុន្តែ​ ២-៣ ​ឆ្នាំ​ចុង​ក្រោយនេះ​អ្នកមាន​ជំងឺរបេង​មាន​តែ​ប្រមាណ​ ៣ ​ម៉ឺន​នាក់​ប៉ុណ្ណោះ​ក្នុង​ ១ ​ឆ្នាំ​។

លោក​បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា​៖ «​ស្ថានភាព​ជំងឺរបេង​នៅ​កម្ពុជា​វា​ស្រាល​ទេ បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដែល​មាន​ជំងឺ​ដូចគ្នា ពីព្រោះ​យើង​បាន​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ​»៕