ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​បាន​សម្រេច​រំកិល​ផែនការ​នៃ​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ពន្ធនាគារ​ទៅ​ឆ្នាំ​បន្ទាប់​ទៀត ដោយសារ​តែ​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩ លើកលែង​តែ​ពន្ធនាគារ​នៅ​ខេត្ដ​កំពង់ចាម​តែមួយ​ប៉ុណ្ណោះ ដែល​បច្ចុប្បន្ន​ធ្វើ​បាន​ជាង ៨០ ​ភាគរយ​។ នេះ​បើតាម​លោក ចាន់ គឹមសេង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​។

លោក ចាន់ គឹមសេង បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ទី​ ២៣ ​មិថុនា​ថា ផែនការ​សកម្មភាព​សម្រាប់​អនុវត្ដ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ពន្ធនាគារ ឆ្នាំ ២០២០ គឺ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​លើក​គម្រោង​រួចរាល់​អស់ហើយ​។ ប៉ុន្ដែ​ព្រោះ​បញ្ហា​ការរីក​រាលដាល​ជំងឺ​កូវីដ ១៩ ដែល​បង្ក​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ដល់​ថវិកា​ដូច្នេះ​គម្រោង​នេះ​នឹង​រំកិល​ទៅ​ឆ្នាំ​ខាងមុខ​ទៀត​។

លោក​ថ្លែងថា​៖ «​ឆ្នាំនេះ យើង​ខិតខំ​ឱ្យ​ហើយ​ចំពោះ​ការសាងសង់​ថ្មី​ពន្ធនាគារ​ខេត្ដ​កំពង់ចាម ព្រោះ​ពន្ធនាគារ​នេះ​យើង​សាងសង់​ជិត​រួចរាល់​ហើយ​។ ការសាងសង់​ពន្ធនាគារ​ថ្មី​នៅ​ខេត្ដ​កំពង់ចាម​នេះ ព្រោះ​ថា​ពន្ធនាគារ​ចាស់​របស់​ខេត្ដ​កំពង់ចាម​ស្ថិត​នៅក្នុង​ទឹកដី​ខេត្ដ​ត្បូងឃ្មុំ​ដែល​បាន​កាត់​ចេញ​ពី​ខេត្ត​កំពង់ចាម​។ ក្រៅពី​គម្រោង​ខេត្ដ​កំពង់ចាម​គម្រោង​សាងសង់​នេះ​គឺ​ត្រូវ​រំកិល​ទៅ​ឆ្នាំ​បន្ទាប់​»​។

លោក ចាន់ គឹមសេង បាន​ឱ្យ​ដឹងថា ពាក់ព័ន្ធ​នឹង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ពន្ធនាគារ​បន្ថែម​នេះ រឿង​ចំពោះ​មុខ​គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ភាពចង្អៀត​ណែន​ក្នុង​ពន្ធនាគារ និង​ការកែលម្អ​ពន្ធនាគារ​ឱ្យ​មាន​លក្ខណៈ​ស្ដង់ដា ដើម្បី​ធានាថា មាន​ផាសុកភាព ខ្យល់អាកាស​ល្អ ប្រព័ន្ធ​ទឹក និង​អនាម័យ​គ្រប់គ្រាន់ ដល់​ជនជាប់ទោស​។

លោក​បញ្ជាក់ថា តាមរយៈ​ការរំកិល​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ពន្ធនាគារ​ទៅ​ឆ្នាំ​ខាង​មុខ​នេះ គម្រោង​ថ្មីៗ​មួយ​ចំនួន​ដូចជា​គម្រោង​ពង្រីក​ពន្ធនាគារ​ព្រៃស​បន្ថែម​ចំនួន ១,៥ ហិកតា គម្រោង​សាងសង់​ពន្ធនាគារ​​រាជធានី​ភ្នំពេញ​ថ្មី​មួយ​ទៀត​ដែល​​សាលា​រាជធានី​ភ្នំពេញ​បាន​ផ្ដល់​ដី​ឱ្យ​​រួចរាល់ និង​គម្រោង​សាងសង់​ពន្ធនាគារ​ថ្មី​ក្នុង​ខេត្ដ​ស្ទឹងត្រែង គឺ​ត្រូវ​រំកិល​ពេល​ទៅ​ឆ្នាំ​ខាងមុខ​ទៀត ដោយសារ​តែ​បញ្ហា​ថវិកា​ដែល​កើតឡើង​មកពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​។

លោក​បាន​បញ្ជាក់​ថា​៖ «​ប៉ុន្តែ​ក្នុង​ឆ្នាំ​នេះ រាជរដ្ឋាភិបាល​នៅតែ​បន្ត​ដោះស្រាយ​លើ​គម្រោង​ជួសជុល​ថែទាំ គឺ​​រដ្ឋាភិបាល​នៅ​ផ្ដល់​ឱ្យ​លើ​គម្រោង​នេះ​ដែល​មាន​ ៧ ​ពន្ធនាគារ​កំពុង​បន្ត​ជួសជុល ថែទាំ​»​។

លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ថ្លែង​ក្នុងពេល​ធ្វើជា​អធិបតី ដឹកនាំ​កិច្ចប្រជុំ​ឆ្លង​ផែនការ សកម្មភាព​ប្រចាំ​ឆ្នាំ​ ២០២០ ​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៅ​ថ្ងៃទី​ ២៣ ​មិថុនា​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​ថា អង្គភាព​ពាក់ព័ន្ធ​នានា កំពុង​យក​ចិត្ត​ទុកដាក់ ដើម្បី​ពង្រឹង​រដ្ឋបាល​សាធារណៈ​ឱ្យមាន​សមត្ថភាព​បំពេញ​ការងារ​មាន​ប្រសិទ្ធភាព​។ លោក​បាន​ស្នើឱ្យ​អង្គភាព និង​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ​ខិតខំ​ប្រឹងប្រែង​ពង្រឹង​គុណភាព​អង្គភាព​តាមរយៈ​គុណភាព​មន្ត្រី ដោយ​ប្រឹងប្រែង​ពង្រឹង​ការអនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ផងដែរ​។

លោក​ថ្លែងថា​៖ «​ថ្វីដ្បិត​តែ​យើង​មិន​អាច​អនុវត្ត​តាម​ផែនការ​សកម្មភាព​បាន​ទាំងស្រុង ប៉ុន្តែ​ផែនការ​សកម្មភាព​នេះ​ចាត់​ទុកជា​ផែនទី​សម្រាប់​បង្ហាញ​ផ្លូវ​នា​ឆ្នាំ​បន្តបន្ទាប់ ហើយ​សម្រាប់​បញ្ហា​ប្រឈម​នានា យើង​សង្ឃឹមថា អាច​ដោះស្រាយ​បាន​នៅ​ឆ្នាំក្រោយ និង​ឆ្នាំ​បន្តបន្ទាប់​ខាងមុខ​»៕