The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គម្រោង​វិនិយោគ​កាបូន ៧ ត្រូវ​លុប ​ឯ​រយៈពេល​វិនិយោគ​ដី​សេដ្ឋកិច្ច​ត្រូវ​បន្ថយ

គម្រោង​វិនិយោគ​កាបូន ៧ ត្រូវ​លុប ​ឯ​រយៈពេល​វិនិយោគ​ដី​សេដ្ឋកិច្ច​ត្រូវ​បន្ថយ

ដីសម្បទាន​នៅ​កម្ពុជា​ដែល​ក្រុមហ៊ុន​ខ្លះ​កាប់​យក​តែ​ឈើ​តែ​មិន​បាន​អភិវឌ្ឍ។
ដីសម្បទាន​នៅ​កម្ពុជា​ដែល​ក្រុមហ៊ុន​ខ្លះ​កាប់​យក​តែ​ឈើ​តែ​មិន​បាន​អភិវឌ្ឍ។ ហេង ជីវ័ន

គម្រោង​វិនិយោគ​កាបូន ៧ ត្រូវ​លុប ​ឯ​រយៈពេល​វិនិយោគ​ដី​សេដ្ឋកិច្ច​ត្រូវ​បន្ថយ

ភ្នំពេញៈ រាជរដ្ឋាភិបាល​បាន​សម្រេច​លុប​​គម្រោង​វិនិយោគ​កាបូន​ចំនួន ៧ ​ក្រុមហ៊ុន និង​កាត់​បន្ថយ​រយៈពេល​វិនិយោគ​លើ​​គម្រោង​​ដី​សម្បទាន​សេដ្ឋកិច្ច​​ ៦ មក​នៅ​​ត្រឹម ៥០ ​ឆ្នាំ​វិញ​ក្រោយពី​ពិនិត្យ​​របាយការណ៍​វាយតម្លៃ​របស់​​ក្រសួង​បរិស្ថាន​រួច។

តាម​សេចក្តី​ជូន​ដំណឹង​ក្រសួង​បរិស្ថាន​ពី​ថ្ងៃ​ទី​ ១៦ ​តុលា​ឲ្យ​ដឹង​ថា​ក្រោយពី​បាន​លទ្ធផល​នៃ​ការ​​ពិនិត្យ​ និង​វាយតម្លៃ​លើ​គម្រោង​ ១៤ របស់​ក្រសួង​បរិស្ថាន​រួច​មក​រាជរដ្ឋាភិបាល​បាន​សម្រេច​អនុញ្ញាត​ឲ្យ​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​ ៦ ​លើ​ផ្ទៃដី ៤៥៤៦៨ ​ហិកតា​នៅ​ខេត្ត​កោះកុង កំពត និង​​ពោធិ៍សាត់ អាច​បន្ត​អនុវត្ត​គម្រោង​ និង​បន្ត​នីតិវិធី​លើ​ដី​ដែល​បាន​ដោះស្រាយ​ផល​ប៉ះពាល់​រួច​ដោយ​ត្រូវ​រៀបចំ​កិច្ចសន្យា​ឡើង​វិញ និង​ត្រូវ​បន្ថយ​ពេល​វិនិយោគ​មក​ត្រឹម​ ៥០ ​ឆ្នាំ។

ចំណែក​គម្រោង​វិនិយោគ​ឥណទាន​កាបូន​ ៨ ដែល​ក្រសួង​បរិស្ថាន​​បាន​ពិនិត្យ​វាយតម្លៃ និង​​ធ្វើ​របាយការណ៍​​ជូន​ប្រមុខ​​រាជរដ្ឋាភិបាល​​នោះ​ត្រូវ​បាន​​ក្រសួង​បញ្ជាក់​ថា «ជា​លទ្ធផល​រាជរដ្ឋាភិបាល​បាន​​​សម្រេច​លុប​ចោល​គម្រោង​ ៧ និង​​ទុក​រយៈពេល​ ៦ ខែ​សម្រាប់​គម្រោង​មួយ​ទៀត​ដើម្បី​ឲ្យ​ក្រសួង​បរិស្ថាន​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បន្ត​តាមដាន​ការ​អនុវត្ត​គម្រោង»។

នាយ​ខុទ្ទកាល័យ​ក្រសួង​បរិស្ថាន​លោក ស្រ៊ុន ដារិទ្ធិ បាន​ថ្លែង​ថា​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​ ៦ ដែល​ត្រូវ​បាន​រុះរើ​កិច្ចសន្យា និង​កាត់បន្ថយ​រយៈពេល​វិនិយោគ​នោះ​រួមមាន​ក្រុមហ៊ុន MBS Thmor Da នៅ​ខេត្ត​ពោធិ៍សាត់​ក្រុមហ៊ុន Wirtus Green នៅ​​កំពត​ និង​​ក្រុមហ៊ុន LYP ក្រុមហ៊ុន Koh Kong SEZ ក្រុមហ៊ុន Green និង​ក្រុមហ៊ុន​លុនលុង​នៅ​ខេត្ត​កោះកុង។​

លោក​បន្ត​ថា៖ «ចំណែក​ក្រុមហ៊ុន​វិនិយោគ​កាបូន​ទាំង​ ៧ ដែល​​បាន​លុប​ចោល​ហ្នឹង​គឺ​ស្ថិត​ក្នុង​ដំណាក់​កាល​សិក្សា​ស្រាវជ្រាវ​ក្នុង​ព្រៃ​នៅ​ឡើយ​ថា​តើ​​អាច​ធ្វើ​បាន​ឬ​មិន​បាន?​តែ​គាត់​ដាក់​មក​បាត់​ឈឹង​អត់​បាន​សិក្សា​អី​ទេ​អ៊ីចឹង​បាន​ជា​យើង​សម្រេច​​លុប​ចោល​ទៅ​»។

កន្លង​មក​រាជរដ្ឋាភិបាល​បាន​សម្រេច​ជា​គោលការណ៍​នូវ​គម្រោង​វិនិយោគ​ក្រុមហ៊ុន​ ១១៣ លើ​ផ្ទៃ​ដី ៦១០២៩៦,៧៩ ហិកតា​ឲ្យ​ស្ថិត​ក្រោម​ក្រសួង​បរិស្ថាន​ដើម្បី​គ្រប់គ្រង​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​មាន​ប្រសិទ្ធភាព​​ខ្ពស់ និង​​​ដោះស្រាយ​ផលប៉ះពាល់​ឲ្យ​បាន​ត្រឹមត្រូវ​។

លោក​ ដារិទ្ធិ បាន​បញ្ជាក់​ថា​ក្នុង​ចំណោម​គម្រោង​ក្រុមហ៊ុន​ទាំង​ ១១៣ ​នោះ​មាន​ក្រុមហ៊ុន​ ២៣ ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​​និរាករណ៍ ឬ​លុប​ចោល​ក្រុមហ៊ុន ៤ បាន​ប្រគល់​ដី​មក​ឲ្យ​រដ្ឋាភិបាល​វិញ​ក្រុមហ៊ុន ៤ កាត់​បន្ថយ​​​ទំហំ​ដី​វិនិយោគ និង​​ក្រុមហ៊ុន​ជាង ២០ ​​ទៀត​កំពុង​ស្ថិត​​ក្រោម​ការ​តាមដាន​របស់​ក្រសួង​ក្នុង​រយៈ​ ៦ ​ខែ​​ទៅ​​ ១ ​ឆ្នាំ។

ចំណែក​របាយការណ៍​ក្រសួង​កសិកម្ម​វិញ​ឲ្យ​ដឹង​ថា​រដ្ឋាភិបាល​បាន​ផ្តល់​គោលការណ៍​នូវ​ក្រុមហ៊ុន​វិនិយោគ​ដីសម្បទាន​សេដ្ឋកិច្ច​ចំនួន​ ១២១ លើ​ផ្ទៃ​ដី ១២៣០ ៣៦៤ ​ហិកតា​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង។

ដោយឡែក​ទិន្នន័យ​អំពី​ដី​សម្បទាន​របស់​អង្គការ​លីកាដូ​ដែល​បាន​ចងក្រង​រយៈពេល ៥ ​ឆ្នាំ​នៃ​ការ​ស៊ើបអង្កេត​​លើ​វិស័យ​ដីធ្លី​ហើយ​ចេញ​ផ្សាយ​កាលពី​ខែ​មីនា​បាន​រកឃើញ​ថា​ដី​សម្បទាន​នៅ​កម្ពុជា​មាន​ ២៧០ ​កន្លែង​លើ​​ផ្ទៃដី​ ២០៩៩ ៣៤៦ ហិកតា​ត្រូវ​បាន​ផ្តល់​ទៅ​​ឲ្យ​ក្រុមហ៊ុន​ខ្មែរ​ និង​បរទេស​ក្នុង​នោះ​ក្រុមហ៊ុន​ខ្មែរ ១១២ លើ​ផ្ទៃដី ៩០៦ ១៦១ ហិកតា។ ​ចំណែកឯ ​ក្រុមហ៊ុន​បរទេស​ចំនួន​ ១៥៦ លើ​ផ្ទៃដី​សរុប​ទំហំ ១១៩៣ ១៨៥​ ហិកតា ក្រុមហ៊ុន​វៀតណាម និង​ចិន​ទទួល​បាន​ច្រើន​ជាង​គេ។

លោក អំ សំអាត ​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​គាំទ្រ​ចំពោះ​វិធានការ​ដកហូត​ដី​ និង​ការ​​កាត់បន្ថយ​រយៈពេល​វិនិយោគ​របស់​​ក្រុមហ៊ុន​ទាំងនោះ​ប៉ុន្តែ​លោក​ស្នើ​ដល់​រាជរដ្ឋាភិបាល​ឲ្យ​ចាត់​វិធានការ​ទៅលើ​ក្រុមហ៊ុន​ទាំង​ឡាយ​​ណា​ដែល​បាន​សម្អាត​ព្រៃឈើ​ហើយ​តែ​មិន​​បាន​វិនិយោគ​ទៅ​តាម​កិច្ចសន្យា​របស់​ខ្លួន​ធ្វើឲ្យ​​បាត់បង់​នូវ​ប្រាក់​ចំណូល​​រដ្ឋ និង​​​ព្រៃឈើ​ជាដើម៕

អត្ថបទគួរចាប់អារម្មណ៍