ភ្នំពេញៈ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗ ២ សេចក្តីព្រាងយុទ្ធសាស្ត្រមួយ និងគម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យចំនួន ៤ មានថាមពលសរុប ១៤០ មេហ្គាវ៉ាត់។
ទីស្ដីការគណៈរដ្ឋមន្ត្រី បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលធ្វើឡើងក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសុក្រ។ កិច្ចប្រជុំបានអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ សេចក្តីព្រាងច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (អនឡាញ) សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបរិយាប័ន្នហិរញ្ញវត្ថុ ឆ្នាំ ២០១៩-២០២៥ និងគម្រោងវិនិយោគសាងសង់ស្ថានីយអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យបន្ថែម ៤ គម្រោង ដែលមានអានុភាពសរុប ១៤០ មេហ្គាវ៉ាត់។
ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ទីស្ដីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា ប្រទេសជាច្រើននៅលើពិភពលោក ដែលក្នុងនោះមានប្រទេស ៩ ក្នុងសមាគមន៍អាស៊ានមានច្បាប់នេះពួកគេកំពុងអនុវត្តច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ លើកលែងតែកម្ពុជា។
សេចក្តីព្រាងច្បាប់នេះបញ្ជាក់ពីគោលបំណងថា ច្បាប់នេះនឹង «ការពារផលប្រយោជន៍អ្នកប្រើប្រាស់ពីការអនុវត្តមិនសុចរិតរបស់ពាណិជ្ជករក្នុងសកម្មភាពពាណិជ្ជកម្ម ការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ គាំទ្រទីផ្សារឲ្យមានការប្រកួតប្រជែងទាំងតម្លៃ និងគុណភាពសេវា និងទំនិញ»។ សេចក្តីព្រាងច្បាប់នេះមាន ១១ ជំពូក និង ៥១ មាត្រា។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា ជាគោលការណ៍ធនាគារផ្ដល់ហិរញ្ញវត្ថុដល់ពលរដ្ឋខ្ចីដើម្បីរស់ក្នុងបរិបទក្នុងទីផ្សារសេរី ដើម្បីឲ្យពួកគេមានលុយប្រើប្រាស់។
លោកថ្លែងថា៖ «យើងឃើញសេវាច្រើនរួមមានប្រាក់កម្ចីទៅទិញផ្ទះ កម្ចីទៅរៀនសូត្រ កម្ចីធ្វើអ្វីផ្សេងៗ ប្រាក់កម្ចីនេះជាទំនិញហិរញ្ញវត្ថុរបស់ធនាគារ។ ធនាគារត្រូវសរសេរគោលការណ៍ខ្លួនឯងមួយដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ មិនមែនគ្រាន់តែជាម្ចាស់លុយ យកពលរដ្ឋជាខ្ញុំទេ»។
លោកបន្ថែមថា ច្បាប់នេះក៏បញ្ជាក់ពីការចូលរួមរបស់ធនាគារ និងរដ្ឋាភិបាលក្នុងការគ្រប់គ្រងលើអត្រាការប្រាក់កម្ចី និងប្រាក់សន្សំជាដើម។
ដោយឡែក សេចក្តីព្រាងច្បាប់ស្ដីពីពាណិជ្ជកម្មតាមអនឡាញ ត្រូវបានរៀបចំឡើងដើម្បីផ្ដល់វិធានជាមូលដ្ឋានដ៏សំខាន់ដើម្បីជំរុញពាណិជ្ជកម្មតាមអនឡាញក្នុង និងក្រៅប្រទេសប្រកបដោយទំនុកចិត្ត។ ច្បាប់នេះនឹងរួមបញ្ជូលនូវការទទួលស្គាល់សុពលភាព អានុភាព ភាពអាចអនុវត្តបាន និងភាពអាចទទួលយកបាននៃប្រព័ន្ធអេឡិចត្រូនិក កំណត់ត្រាអេឡិចត្រូនិក និងកិច្ចសន្យាតាមប្រព័ន្ធអេឡិចត្រូនិក យថាភូតភាព (ភាពត្រឹមត្រូវ) នៃកំណត់ត្រាអេឡិចត្រូនិក ហត្ថលេខាអេឡិចត្រូនិកដែលកំណត់ដោយស្ថាប័នរដ្ឋ។
សេចក្តីប្រកាសព័ត៌មានសរសេរថា៖ «សេចក្តីព្រាងច្បាប់នេះមានគោលបំណងលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ និងទទួលបានព័ត៌មានច្បាស់លាស់ និងគ្រប់គ្រាន់អំពីទំនិញ ឬសេវាដាក់លក់តាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងជួយរារាំងការប្រព្រឹត្តអំពើទាំងឡាយណាដែលបង្កឲ្យមានការប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត»។
សេចក្តីព្រាងច្បាប់នេះមាន ១២ ជំពូក និង ៦៧ មាត្រា។ លោក ផៃ ស៊ីផាន បញ្ជាក់ថា ការរកស៊ីតាមប្រព័ន្ធអនឡាញក៏ត្រូវមានការទទួលខុសត្រូវ ដូចជាការលក់ផលិតផលតាមហ្វេសប៊ុកជាដើម។ លោកបញ្ជាក់ថា ច្បាប់នេះស្ថិតនៅក្នុងក្របខ័ណ្ឌនៃការធ្វើពាណិជ្ជកម្ម និងពន្ធដារ។
ពាក់ព័ន្ធនឹងសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបរិយាប័ន្នហិរញ្ញវត្ថុ ឆ្នាំ ២០១៩-២០២៥ ទីស្ដីការថ្លែងថា យុទ្ធសាស្ត្រនេះមានគោលដៅបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាព កាត់បន្ថយអត្រាស្ត្រីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុឲ្យបានពាក់កណ្ដាល ពី ២៧% មកនៅ ១៣% និងពង្រឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពី ៥៩% ទៅ ៧០%។ បើតាមការប្រកាសព័ត៌មានដដែល សកម្មភាពចំនួន ១១៥ នឹងត្រូវអនុវត្តដើម្បីសម្រេចគោលដៅគម្រោងនេះ ដែលបែងចែកជា ៧ ជំពូក។
ដោយឡែកការសាងសង់ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យវិញ នឹងត្រូវសាងសង់នៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងស្វាយរៀង ដែលគម្រោងទាំង ៤ អាចផលិតថាមពលបាន ១៤០ មេហ្គាវ៉ាត់។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ស្ថិរភាពនយោបាយនៅកម្ពុជាជំរុញឲ្យមានការវិនិយោគកើនឡើងលើគ្រប់វិស័យ និងស្ថានភាពល្អក្រោយការបោះឆ្នោតឆ្នាំ ២០១៨ ធ្វើឲ្យមានសកម្មភាពវិនិយោគលើសំណង់កើនឡើងយ៉ាងគំហុកលើសពេលមុនៗ ដែលប៉ះពាល់ដល់ការប្រើប្រាស់អគ្គិសនីក្នុងឆ្នាំ ២០១៩។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយថា លោកមិនអាចអត្ថាធិប្បាយលើច្បាប់ទាំងនេះបានទេ ដរាបណាលោកមិនបានអានខ្លឹមសារនៃច្បាប់ទាំងនេះ៕