ភ្នំពេញៈ គម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីអភិវឌ្ឍផ្លូវដែកប្រវែងជិត ១៩ គីឡូម៉ែត្រស្ថិតនៅតាមបណ្ដោយផ្លូវចំនួន ៦ ក្នុងរាជធានីភ្នំពេញ គ្រោងនឹងចាប់ផ្តើមក្នុងឆ្នាំនេះ ដោយរំពឹងថា គម្រោងអភិវឌ្ឍន៍នេះ នឹងចូលរួមចំណែកអភិវឌ្ឍទំនើបកម្មទីក្រុង និងការកាត់បន្ថយការកកស្ទះនៅក្នុងរាជធានីភ្នំពេញ។
ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានផ្សាយថា កាលពីថ្ងៃទី ២២ ខែកក្កដា លោកសូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថានបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្ដីពីការពិនិត្យ និងផ្ដល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងអភិវឌ្ឍន៍ផ្លូវដែកប្រវែងជិត ១៩ គីឡូម៉ែត្រនៅក្នុងរាជធានីភ្នំពេញ ។
ក្នុងកិច្ចប្រជុំនោះបានសម្រេចឱ្យក្រុមហ៊ុន នីប៉ុង កូអេ ខូអិលធីឌី ដែលជាក្រុមហ៊ុនសិក្សាគម្រោង ត្រូវផ្ដល់ព័ត៌មានបន្ថែមពីប្រភេទរថភ្លើង និងត្រូវបញ្ជាក់ទីតាំងការដ្ឋាន និងការគ្រប់គ្រងសំណល់រឹងរាវ និងបានសម្រេចឱ្យក្រុមហ៊ុន ទីប្រឹក្សា PPIC Co.,Ltd ត្រូវសហការជាមួយម្ចាស់គម្រោង ធ្វើការកែសម្រួលដើម្បីបំពេញបន្ថែមទៅក្នុងរបាយការណ៍ ESIA នូវរាល់មតិលើកឡើងនៅក្នុងកិច្ចប្រជុំ។
កិច្ចប្រជុំស្ដីពីគម្រោងអភិវឌ្ឍន៍ផ្លូវដែកនេះ ក្រៅពីមានការចូលរួមពីមន្ត្រីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនិងក្រុមហ៊ុនទាំង ២ ក្នុងនោះក៏មានមន្ត្រីសាលារាជធានីភ្នំពេញ មន្ទីរបរិស្ថានរាជធានីភ្នំពេញបានចូលរួមផងដែរ។
បើតាមទំព័រហ្វេសប៊ុកក្រសួងបរិស្ថានបញ្ជាក់ថា ផ្លូវដែកនេះ នឹងត្រូវស្ថាបនានៅតាមបណ្ដោយមហាវិថីហ្សាលដឺហ្គោល មហាវិថីសម្ដេច មុនីរ៉េត កំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ផ្លូវវេងស្រេង កំណត់ផ្លូវជាតិលេខ ៤ និងកំណាត់ផ្លូវទំនប់កប់ស្រូវ។
កាលពីម្សិលមិញ លោកនេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន លោកលី បូរិន អនុរដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូនទទួល បន្ទុកផ្លូវដែកនិងលោកវ៉ា ស៊ីមសុរិយា មន្ត្រីនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន មិនអាចបញ្ជាក់អំពីព័ត៌មានបន្ថែមបានទេ ដោយសារពួក លោកបញ្ជាក់ថា មិនទាន់ដឹងច្បាស់អំពីគម្រោងនេះ។
ចំណែកលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏មិនបានឆ្លើយតបដែរដោយជំរុញឱ្យទៅសួរខាងមន្ត្រីនាំពាក្យក្រសួងសាធារណការវិញ ខណៈលោក ម៉េត មាសភក្ដី មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញបានប្រាប់ថា លោកមិនបានដឹងអំពីគម្រោងស្ថាបនាផ្លូវនេះឡើយ។
លោកបញ្ជាក់ថា៖ «សាលាក្រុងដូចអត់គម្រោងអនុម័តផ្លូវរថភ្លើងនេះទេ។ ដល់ពេលសួរអ៊ីចឹង ខ្ញុំឆ្ងល់វិញ។ ជួនកាលវាគម្រោងសិក្សា ព្រោះអាគម្រោង [សិក្សា] ចង់[អភិវឌ្ឍ]វាមានច្រើនប្រភេទណាស់ ប៉ុន្តែមិនទាន់អនុម័តជាផ្លូវការ ដល់អ៊ីចឹង! ខ្ញុំអត់ទាន់អាចនិយាយបានទេ»។
លោក សេង គ្រី អនុប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញដែលបានចូលរួមកិច្ចប្រជុំស្ដីពីការពិនិត្យ និងផ្ដល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ESIA លើកឡើងថា តាមការធ្វើបទបង្ហាញពីក្រុមហ៊ុនសិក្សាគម្រោងឱ្យដឹងថា ការស្ថាបនាផ្លូវរថភ្លើងនេះនឹងចាប់ផ្ដើមក្នុងឆ្នាំ ២០១៩ ប៉ុន្តែលោកថា ក្នុងបទបង្ហាញនោះមិនបានបញ្ជាក់អំពីចំនួនទឹកប្រាក់ដែលត្រូវចំណាយឡើយ។
លោកថ្លែងថា៖ «ចាប់ផ្ដើមសាងសង់ វាទាល់តែយើងសិក្សាហើយសិន ប៉ុន្តែការសិក្សាហ្នឹងវាអត់ទាន់ចប់»៕