ភ្នំពេញៈ រហូតទល់ពេលនេះមានមនុស្សចាស់ជិត ៣០ ម៉ឺននាក់ បានចូលជាសមាជិកសមាគមមនុស្សចាស់ដែលត្រូវបានបង្កើតឡើងចំនួន ១ ៦៤៦ នៅតាមឃុំ-សង្កាត់ ទូទាំងប្រទេសចាប់តាំងពីឆ្នាំ ២០១៨ ខណៈដែលមណ្ឌលបណ្ដុះបណ្ដាលអ្នកថែទាំមនុស្សចាស់ទើបសាងសង់បាន ៩៥ គាគរយ ហើយមជ្ឈមណ្ឌលថែទាំមនុស្សចាស់នៅមិនទាន់ត្រូវបានសាងសង់នៅឡើយ។
លោក គុណ ជាស៊ីន ប្រធាននាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអាទិត្យថា បច្ចុប្បន្នមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអ្នកថែទាំមនុស្សចាស់កំពុងសាងសង់រួចបាន ៩៥ ភាគរយហើយដែលមានទីតាំងស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប៉ុន្ដែមិនទាន់បានសាងសង់មជ្ឈមណ្ឌលថែទាំមនុស្សចាស់នៅឡើយទេ ដោយក្រសួងត្រូវការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងការថែទាំមនុស្សចាស់ជាមុនសិន។
លោកថ្លែងថា៖ «មណ្ឌលបណ្ដុះបណ្ដាលអ្នកថែទាំមនុស្សចាស់ យើងអាចនឹងបញ្ចប់ការសាងសង់នៅដំណាច់ឆ្នាំ ២០១៩ និងចូលដល់ឆ្នាំ ២០២០ យើងអាចចាប់ផ្ដើមដំណើរការ។ ជំហានដំបូងនេះ ក្រសួងសង្គមកិច្ចមិនទាន់មានគោលការណ៍ក្នុងការថែទាំមនុស្សចាស់ទេគឺត្រូវបណ្ដុះបណ្ដាលអ្នកថែទាំមនុស្សចាស់ និងធនធានមនុស្ស»។
លោកបន្ដថា៖ «យើងមិនទាន់មានមជ្ឈមណ្ឌលថែទាំមនុស្សចាស់ទេ។ យើងបង្កើតនោះគឺសមាគមមនុស្សចាស់នៅតាមឃុំ សង្កាត់ចំនួន ១៦៤៦ ទូទាំងប្រទេសកម្ពុជាស្មើនឹងចំនួន ១៦៤៦ មណ្ឌលដែរ។ រហូតមកទល់ពេលនេះមានមនុស្សចាស់ជិត ៣០ ម៉ឺននាក់បានចូលជាសមាជិក»។
បើតាមលោក ជាស៊ីន ការបង្កើតជាសមាគមមនុស្សចាស់នេះ គឺជាគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ចដោយមានមន្ទីរសង្គមកិច្ចជាសេនាធិការជាអ្នកអនុវត្ដធ្វើជាមួយប្រជាពលរដ្ឋផ្ទាល់តាមឃុំ សង្កាត់។
លោកថ្លែងថា៖ «សមាគមនេះក្រសួងសង្គមកិច្ចជាអ្នកសម្របសម្រួលជួយបង្កើតឲ្យពលរដ្ឋនៅតាមឃុំ សង្កាត់។ ប៉ុន្ដែសមាគមនេះស្ថិតនៅជាអង្គការក្រៅរដ្ឋាភិបាលទេ។ សមាគមមនុស្សចាស់នេះ ចូលរួមជួយពលរដ្ឋបានច្រើន ដូចជា បើពួកគាត់មានបញ្ហាទុក្ខលំបាកនៅសហគមន៍ពួកគាត់ ពួកគាត់អាចជួយដោះស្រាយគ្នាបានតាមរយៈការរួមគ្នាជាវិភាគទានថវិកាគ្នាគាត់»។
លោក ជាស៊ីន ថ្លែងថា តាមគោលការណ៍សមាគមមនុស្សចាស់ដែលរាប់ចូលជាមនុស្សចាស់ គឺត្រូវមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ ។ ប៉ុន្ដែសម្រាប់សមាគមនៅតាមឃុំ សង្កាត់ សមាគមនីមួយៗអាចបង្កើតគោលការណ៍កំណត់រៀងៗខ្លួនក្នុងការចូលជាសមាជិកសមាគមមនុស្សចាស់។
លោក ឡៅ វ៉េង អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «កំណើនសេដ្ឋកិច្ចកម្ពុជា និងផលលាភសមធម៌» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថាពាក់ព័ន្ធការបង្កើតសមាគមមនុស្សចាស់ ក្រសួងបានឲ្យបង្កើតទូទាំងប្រទេសដោយក្នុង ១ ឃុំ ឬសង្កាត់ត្រូវតែមានសមាគមមួយ។
លោកថ្លែងថា គោលនយោបាយជាតិស្ដីពីមនុស្សចាស់ ឆ្នាំ ២០១៧-២០៣០ ត្រូវបានអនុម័តនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១៧ ដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយគោលនយោបាយនេះរៀបចំឡើងក្នុងគោលដៅធានាថា មនុស្សចាស់ត្រូវបានជំរុញឲ្យចូលរួមយ៉ាងពេញលេញ ដោយសេរី និងដោយសេចក្ដីថ្លៃថ្នូរតាមដែលពួកគាត់ចង់នៅក្នុងសកម្មភាពគ្រួសារ សហគមន៍ សេដ្ឋកិច្ច សង្គម សាសនា និងនយោបាយ។
លោកថ្លែងថា៖ «សមាគមមនុស្សចាស់នេះគឺយើងបានបង្កើត ហើយបានដំណើរការដោយរលូនដោយមានការពេញចិត្ដ និងការចូលរួមយ៉ាងផុលផុសពីមនុស្សវ័យចាស់នៅតាមសហគមន៍ផងដែរ»។
លោក វ៉ន ប៊ុនរ៉េត ប្រធានផ្នែកទំនាក់ទំនង និងស្វែងរកការគាំទ្រនៃអង្គការមនុស្សចាស់កម្ពុជា (HelpAge Cambodia) បានលើកឡើងថា លោកគាំទ្រឲ្យរាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ចក្នុងការពិចារណាបង្កើតមជ្ឈមណ្ឌលថែទាំមនុស្សចាស់ទាំងនៅរាជធានី-ភ្នំពេញ និងតាមបណ្ដាខេត្ដ ដើម្បីអាចឲ្យមនុស្សចាស់ដែលគ្មានទីពឹង និងទីទ័លក្រ អាចទទួលបានការមើលថែ។
លោកថ្លែងថា៖ «បើយើងសាងសង់មណ្ឌលថែទាំមនុស្សចាស់ កត្ដាចាំបាច់ គឺត្រូវមើលទៅអ្នកដែលមានតម្រូវការជាក់ស្ដែងនោះគឺពួកគាត់ជាមនុស្សចាស់ក្រីក្រ កំពុងរស់នៅសហគមន៍របស់ពួកគាត់នៅតាមបណ្ដាខេត្ដនានា ដែលពួកគាត់កំពុងត្រូវការសេវាកម្មថែទាំនេះ»។
លោក ប៊ុនរ៉េត ថ្លែងថា៖ «រាជរដ្ឋាភិបាល គួរគិតគូរឲ្យបានច្រើនថែមទៀតដល់ពលរដ្ឋដែលជាមនុស្សចាស់ កំពុងរស់នៅតាមសហគមន៍តាមរយៈសហគមន៍របស់ពួកគាត់ដែលមានស្រាប់ជាជាងគិតគូរលើការវិនិយោគបង្កើតមជ្ឈមណ្ឌលថែទាំនោះ ព្រោះសមាគមមនុស្សចាស់ដែលមានស្រាប់ជាចំណុចសំខាន់ និងនៅកៀកជាមួយពលរដ្ឋបំផុតដែលងាយស្រួលក្នុងការផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋ»៕