ភ្នំពេញ: ក្រុមអ្នកសង្កេតការណ៍សិទិ្ធកម្មករ និងសិទិ្ធការងារបានថ្លែងកាលពីម្សិលមិញថាការពិនិត្យសុខភាពដោយឥតគិតថ្លៃដល់កម្មករកាត់ដេរដែលជាផ្នែកមួយនៃគម្រោងសុខភាពសាកល្បងរបស់ក្រសួងសុខាភិបាលគឺមិនច្បាស់លាស់ និងមិនគ្រប់គ្រាន់នោះទេ។
កម្មវិធីសុខភាពរយៈពេល ៤០ ថ្ងៃត្រូវបានប្រកាសនៅចុងខែកញ្ញាគឺស្របគ្នាជាមួយការទាក់ទាញដ៏ខ្លាំងក្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានទាក់ទាញកម្មកររោងចក្រកាត់ដេរនៅជុំវិញភ្នំពេញ។
នៅពេលនោះលោក កែវ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានមានប្រសាសន៍ថាគ្លីនិកនឹងផ្តល់ការធ្វើតេស្តជាតិស្ករ វាស់សម្ពាធឈាម ថតកាំរស្មីអ៊ិច និងធ្វើតេស្តឈាមក្នុងករណីដួលសន្លប់។ ប៉ុន្តែយោងតាមរបាយការណ៍មកពីកម្មករនៅតាមបណ្តាខេត្តនានាបានបង្ហាញថា ការផ្តល់សេវាទាំងនេះគឺមានកម្រិតទាបខ្លាំងជាងការរំពឹងទុករបស់ពួកគេ។
អ្នកនាង សៀក ហុង អាយុ ៣៤ ឆ្នាំដែលជាកម្មការិនីរោងចក្រកាត់ដេរ Horizon Outdoor (Cambodia) Co Ltd ក្នុងខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាគាត់ទទួលបានការពិនិត្យសុខភាពនៅឯរោងចក្ររបស់គាត់ផ្ទាល់តែម្តងកាលពីខែមុន ប៉ុន្តែអ្នកនាងមើលឃើញថាវាគ្មានប្រយោជន៍ទេ។
អ្នកនាងបញ្ជាក់ថា៖ «ពួកគេមិនបានធ្វើតេស្តឈាមទេ។ ពួកគេគ្រាន់តែប្រាប់យើងឲ្យឡើងលើជញ្ជីងថ្លឹង និងវាស់កម្ពស់... រាល់គ្រប់ប្រភេទជំងឺពួកគេគ្រាន់តែផ្តល់ថ្នាំប៉ារ៉ាសេតាម៉ុល និងវីតាមីនឲ្យប៉ុណ្ណោះ។ ខ្ញុំមិនមានអារម្មណ៍ថាខ្ញុំទទួលបានការព្យាបាលមួយដែលល្អនោះទេ»។
អ្នកនាង ខាត់ ស្រីទូច ជាកម្មការិនីកាត់ដេរម្នាក់មកពីរោងចក្រ Pou Yuen (Cambodia) Enterprise Ltd ក្នុងរាជធានីភ្នំពេញដែលមានជំងឺឈឺក្រពះបាននិយាយថាគ្រូពេទ្យគ្រាន់តែវាស់ និងថ្លឹងប៉ុន្តែមិនបានផ្តល់ការធ្វើតេស្តឈាមទេ។
លោក ប្រាក់ វុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា លោកមិនច្បាស់ទេថាក្រសួងមានគ្រោងផ្តល់សេវាកម្មជាអចិន្រៃ្តយ៍ឬយ៉ាងណា។ នៅឯគ្លីនិកលោកមានប្រសាសន៍ថាកម្មករកំពុងទទួលបានការពិនិត្យសុខភាពទូទៅ។ ប្រសិនបើវេជ្ជបណ្ឌិតរកឃើញថាកម្មករណាម្នាក់ត្រូវការព្យាបាលរយៈពេលវែងពួកគេនឹងត្រូវបានអនុញ្ញាតឲ្យទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក។
លោករដ្ឋមន្ត្រីសុខាភិបាល ម៉ម ប៊ុនហេង និងអ្នកនាំពាក្យក្រសួងសុខាភិបាលមិនអាចទាក់ទងបានទេ។ គម្រោងសាកល្បងនេះអាចថាបានបញ្ចប់រួចហើយ ឬនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះគឺវាអាស្រ័យលើខេត្ត ប៉ុន្តែវានៅមិនទាន់ច្បាស់នៅឡើយទេថា តើកម្មវិធីនឹងត្រូវស្តារឡើងវិញឬយ៉ាងណានោះ។
លោកវេជ្ជបណ្ឌិត ចាប ម៉ូឌីច ដែលជាវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យឯកជន Mercy Medical Center បានថ្លែងថាអ្វីដែលកម្មករបានលើកឡើងហាក់ដូចជាមិនគ្រប់គ្រាន់សម្រាប់ការពិនិត្យសុខភាពពេញលេញទេ។ គេត្រូវសួរកម្មករអំពីប្រវត្តិនៃការព្យាបាលជំងឺរបស់ពួកគេហើយព័ត៌មានដែលទទួលបាននឹងយកទៅប្រើដើម្បីបង្ហាញដល់វេជ្ជបណ្ឌិតក្នុងការផ្តល់សេវាកម្មដែលចាំបាច់។
លោក អាត់ ធន ប្រធានសហភាពការងារកម្ពុជាបានថ្លែងថាខណៈដែលសេវាទាំងអស់នេះមានសក្តានុពលល្អសម្រាប់កម្មករនោះវាអាចគ្រាន់តែជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីឲ្យទទួលបានការគាំទ្រផ្នែកនយោបាយមុនការបោះឆ្នោតជាតិនៅឆ្នាំក្រោយប៉ុណ្ណោះ។
ខណៈលោក ឃុន ថារ៉ូ មន្រី្តសិទ្ធិកម្មករនៃអង្គការ Solidarity Center បានថ្លែងឲ្យដឹងកាលពីថ្ងៃម្សិលមិញថាការពិនិត្យសុខភាពគួរស្ថិតនៅក្រោមគម្រោងធានារ៉ាប់រងដែលបច្ចុប្បន្នមានចំពោះតែកម្មករដែលពួកគេធ្លាក់ខ្លួនឈឺ ឬរងរបួសប៉ុណ្ណោះ៕ NS