ភ្នំពេញៈ គម្រោងស្តីពីការស្តារ និងពង្រឹងជីវភាពរស់នៅរបស់សហគមន៍ជនបទដែលរងផលប៉ះពាល់ពីជំងឺកូវីដ ១៩ នៅកម្ពុជាដែលផ្តល់ការគាំទ្រដល់អ្នកទទួលផលប្រមាណជិត ១ ម៉ឺននាក់ ក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យត្រូវបានចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងនេះពីម្សិលមិញរវាងក្រសួងកសិកម្ម និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមកាលពីថ្ងៃទី ១៥ កុម្ភៈ គម្រោងនេះមានគោលដៅ ដើម្បីជួយដល់ក្រុមរងផលប៉ះពាល់ខ្លាំង បំផុតពីជំងឺរាតត្បាតកូវីដ ១៩ ដែលនឹងអនុវត្តក្នុងរយៈពេល ២០ ខែ ក្រោមជំនួយរបស់ទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC)។ ក្រុមដែលរងផលប៉ះពាល់ខ្លាំងមានគ្រួសារក្រីក្រ និងងាយរងគ្រោះ កសិករខ្នាតតូច ពលករចំណាកស្រុកដែលបានត្រឡប់មកប្រទេសវិញ និងកម្មករដែលបាត់បង់ការងារ។
យោងតាមការវាយតម្លៃឆាប់រហ័សមួយដែលធ្វើឡើងរួមគ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមប្រឹក្សាស្តារវិស័យកសិកម្ម និងជនបទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិកាលពីខែមេសា ឆ្នាំ ២០២០ បានបង្ហាញពីតម្រូវការអាទិភាពរបស់ក្រុមងាយរងគ្រោះ រួមមានធាតុចូលកសិកម្ម និងសម្ភារសម្រាប់ផលិតកម្ម ការកសាងសមត្ថភាពបច្ចេកទេសផលិត ការស្តារហេដ្ឋារចនាសម្ព័ន្ធសហគមន៍ ដូចជាអាងស្តុកទឹកជាដើម និងការផ្សារភ្ជាប់ទៅកាន់ទីផ្សារ។
លោក ស្រី វុទ្ធី អគ្គលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយគម្រោង និងពិធីចុះកិច្ចព្រមព្រៀងពីម្សិលមិញថាការអនុវត្តគម្រោងនេះ គឺឆ្លើយតបនឹងតម្រូវការចាំបាច់ជាក់ស្តែងរបស់កសិករ ដើម្បីស្តារជីវភាពរបស់ពួកគេឡើងវិញ តាមរយៈការកសាងសមត្ថភាពផលិតផល និងលើកកម្ពស់ការទទួលបានចំណូលពីសកម្មភាពកសិកម្ម។
លោកមានប្រសាសន៍ថា៖ «គម្រោងនេះជួយជាគម្រោងជំនួយបច្ចេកទេសដែលអង្គការនេះនឹងជួយផ្នែកបច្ចេកទេសទៅដល់អ្នកអនុវត្តគម្រោងរបស់យើងនៅតាមខេត្ត។ នៅក្នុងឯកសារគម្រោងមានកំណត់នូវក្រុមគោលដៅដែលនឹងទទួលផលដែលមានជាច្រើនពាន់គ្រួសារដែលត្រូវទទួលផលពីគម្រោងនេះ»។ លោក ស្រី វុទ្ធី បញ្ជាក់ថាគម្រោងទាំងនេះមានខ្លះត្រូវបានផ្តល់ជាជំនួយផ្នែកបច្ចេកទេស និងខ្លះជាគម្រោងវិនិយោគដោយការផ្តល់ជាថវិកាឱ្យកសិករសង់ជាផ្ទះសំណាញ់ជាដើម។
បើតាមលោកអគ្គលេខាធិការគម្រោងនេះមិនបានគ្របដណ្តប់គ្រប់ខេត្តទូទាំងប្រទេសទេ ដោយសារវាជាគម្រោងជំនួយផ្នែកបច្ចេកទេសដែលមិនមានថវិកាច្រើនសម្រាប់ជួយទៅដល់គ្រប់ខេត្តបានឡើយ។ អង្គការដៃគូរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសិក្សា និងរើសខេត្តដែលមានប្រជាពលរដ្ឋរងផលប៉ះពាល់ច្រើន និងមានធនធាននៅតិចដើម្បីជួយស្តារជីវភាពរបស់ប្រជាពលរដ្ឋទាំងនោះឡើងវិញ។
ជាមួយគ្នានេះ ក្រោមជំនួយរបស់ទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការនេះផងដែរ ក៏នឹងត្រូវអនុវត្តព្រមគ្នាជាមួយនឹងគម្រោង ២ ផ្សេងទៀតរបស់អង្គការ FAO ដែលបានបើកសម្ពោធព្រមគ្នាកាលពីម្សិលមិញ គឺគម្រោង «ការពង្រឹងសមត្ថភាពស្ថាប័ន និងបច្ចេកទេសស្តីពីសុវត្ថិភាពចំណីអាហារ តាមរយៈការអនុវត្តវិធានការសុវត្ថិភាពចំណីអាហារ និងការបញ្ជាក់គុណភាពផលិតផលកសិកម្មនៅកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩» និងគម្រោង «សមភាពយេនឌ័រ និងលើកកម្ពស់ស្ត្រីក្នុងវិស័យកសិកម្ម សន្តិសុខស្បៀង និងអាហារូបត្ថម្ភ»។
លោក Alexandre Huynh តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំប្រទេសកម្ពុជា ថ្លែងម្សិលមិញថាគម្រោងទាំងនេះមានសារៈសំខាន់ ជាពិសេសក្នុងអំឡុងពេលនៃការរងផលប៉ះពាល់ពីកូវីដ១៩។ លោកសម្តែងនូវក្តីរីករាយដែលគ្រប់គ្នាបានអង្គុយជាមួយគ្នានៅពេលនេះ មិនមែន ដើម្បីគាំទ្រតែគម្រោងមួយទេ ប៉ុន្តែមានរហូតទៅដល់គម្រោង ៣ ពីស្ថាប័ន ៣ នៅក្រោមកិច្ចដឹកនាំរបស់ក្រសួងកសិកម្ម។
លោកបន្ថែមថា កសិកម្មគឺជាវិស័យដ៏សំខាន់មួយក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ។ យោងតាមធនាគារពិភពលោកបានឱ្យដឹងថាជាង ៦០ ភាគរយនៃការកាត់បន្ថយភាពក្រីក្រនៅចន្លោះឆ្នាំ ២០០៧ និង ២០១១ បានមកពីកសិកម្ម។
លោក Alexandre Huynh មានប្រសាសន៍ថា៖ «ថ្ងៃនេះយើងបានឃើញនូវភាពជាដៃគូដ៏ល្អប្រសើរក្នុងចំណោមដៃគូដ៏សំខាន់រួមមាន FAO, SDC, IFAD, CARD និង MAFF។ ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យយើងឆ្ពោះទៅមុខរួមគ្នាជាមួយភារកិច្ចសំខាន់ៗដើម្បីរួមចំណែកដល់ការសម្រេចគោលដៅ ២ គឺការស្តារជីវភាពរស់នៅរបស់គ្រួសារនៅតាមជនបទដែលរងផលប៉ះពាល់ និងបង្កើនផលិតភាព និងគុណភាពនៃផលិតកម្មកសិកម្ម»។
លោកជឿជាក់ថា ការចូលរួម និងភាពជាដៃគូ ភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តខ្ពស់ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងដៃគូនានា គម្រោងនេះនឹងសម្រេចគោលដៅប្រកបដោយមហិច្ឆតានេះទាំងអស់គ្នា៕