ព្រះសីហនុៈ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​លោក ឃាង ភារម្យ បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា គម្រោង​ស្ថាបនា​ផ្លូវ​ ៣៤ ​ខ្សែ ​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្ដាល​ខែមីនា​ខាងមុខ​នេះ​នឹង​ត្រូវ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅមុន​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​។

បើតាម​លោក ភារម្យ មកទល់​ពេល​នេះ​ផ្លូវ​ទាំង​ ៣៤ ​ខ្សែ​នោះ ​ត្រូវ​បាន​ស្ថាបនា​ចាក់​បេតុង​រួចរាល់​ជា​ស្ថាពរ​ហើយ ប៉ុន្តែ​ដំណើរ​ការចាក់​អ៊ុត​បេទីម (​អ៊ុត​កៅស៊ូ​) ក្រាល​ពី​លើ​បេតុង​ទើប​សម្រេច​បាន​ជាង​ ៦០ ​ភាគរយ​ប៉ុណ្ណោះ​។

ចំណែក​ការងារ​បំពាក់​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ ភ្លើង​សញ្ញា​ចរាចរណ៍ ស្លាក​សញ្ញា​ចរាចរណ៍​គឺ​បានសម្រេច​ស្ទើរតែ​ ១០០ ​ភាគរយ​ហើយ ខណៈ​ការងារ​បំពាក់​កាមេរ៉ា​សុវត្ថិភាព និង​គូស​គំនូស​សញ្ញា​ចរាចរណ៍​នៅលើ​ដងផ្លូវ​នៅមាន​ភាពយឺតយ៉ាវ​ជាងគេ​បន្តិច គឺ​ទើប​តែ​សម្រេចបាន​ប្រមាណ​ ៥០ ​ភាគរយ​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​ទោះ​ជា​បែបណា​ក្ដី នៅពេល​នេះ​ក្រុមការងារ​តាម​ផ្នែក​នីមួយៗ កំពុង​បង្កើនល្បឿន​ការងារ​របស់​ខ្លួន​ដោយ​សម្រុក​ធ្វើ​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​កិច្ចការ​ដែល​នៅ​សេសសល់​ទាំង​អម្បាលម៉ាន ត្រូវ​ហើយ​រួចរាល់​នៅត្រឹម​ថ្ងៃទី​ ១៥ ខែមីនា ដើម្បី​រៀបចំ​បើកសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅមុន​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ខាងមុខនេះ​»​។

លោក​បាន​បន្តថា បើ​គ្មាន​អ្វី​ប្រែប្រួល​ទេនោះ​ពិធី​បើកសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​គម្រោង​ស្ថាបនា​ផ្លូវ​ទាំង​ ៣៤ ​ខ្សែ ​រួមទាំង​សមិទ្ធផល​ដែល​ទើប​សាងសង់​ថ្មី​មួយចំនួន​ទៀត​នៅក្នុង​ខេត្ត​ព្រះសីហនុ​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​ ៩ ខែមេសា ឆ្នាំ​ ២០២១ ហើយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ជា​គណៈធិបតី និង​ថ្លែង​បាឋកថា​នៅក្នុង​ពិធី​នេះ​។

សូមបញ្ជាក់ថា​ផ្លូវ​ចំនួន​ ៣៤ ​ខ្សែ ​ដែល​កំពុង​បន្ត​សាងសង់​នៅក្នុង​ខេត្ត​ព្រះសីហនុ​នេះ​មាន​ប្រវែង​សរុប​ ៨៤ ​គីឡូម៉ែត្រ​ ដោយ​ចំណាយ​ថវិកា​សរុប​ ២៩៤ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ផ្លូវ​ទាំង​ ៣៤ ​ខ្សែ​នេះ​ បាន​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​ ១៦ ខែ វិច្ឆិកា ឆ្នាំ​ ២០១៩ ​ដោយមាន​ប្រតិបត្តិករ​មកពី​ក្រុមហ៊ុន​ចំនួន​ ៦ និង​ ២ ​អង្គភាព​កងវិស្វកម្ម​ដែល​រួមមាន​ក្រុមហ៊ុន​ហេង​សម្បត្តិ​, ក្រុមហ៊ុន​ SCE,​ក្រុមហ៊ុន​សាជីវកម្ម​ពិស្ណុការ អន្តរជាតិ​, ក្រុមហ៊ុន K.B.H Construction Co.,LTD, ក្រុមហ៊ុន VT Engineering Construction, ក្រុមហ៊ុន​រ៉ូយ៉ាល់​មេគង្គ ខនស្ត្រាក់សិន​ & ​ឌីវើឡុបមែន​, អង្គភាព​កងវិស្វកម្ម​សម្តេចតេជោ ហ៊ុន សែន សៀមរាប និង​អង្គភាព​កងវិស្វកម្ម​លេខ ១៧៨ ស្ពាន​ ថ្នល់​នៃ​ក្រសួងការពារជាតិ​។

គម្រោង​ស្ថាបនា​ផ្លូវ​ទាំង​ ៣៤ ​ខ្សែ​នេះ គ្រប់គ្រង​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។

លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ធ្លាប់បាន​លើកឡើង​ថា ដើម្បី​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ទី​២ ​របស់​ប្រទេស​កម្ពុជា ​ដោយ​ក្នុង​ក្រុង​មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំនើបៗ ដែល​អាច​ទាក់ទាញ​វិស័យ​ទេសចរណ៍​ និង​ក្លាយជា​ច្រក​បង្កើន​សេដ្ឋកិច្ច​ប្រទេស រដ្ឋាភិបាល​បាន​វិនិយោគ​ថវិកា​ ១០០ ​លាន​ដុល្លារ​បន្ថែមទៀត ដើម្បី​សាងសង់​ផ្លូវ​ ១១ ​ខ្សែ​ទៀត​ នៅក្នុង​ស្រុក​ព្រៃនប់ និង​ស្រុក​ស្ទឹងហាវ បន្ថែម​លើ​គម្រោង​ផ្លូវ​ ៣៤ ​ខ្សែ​ខាងលើនេះ​។

លោក​ ភារម្យ បាន​ប្រាប់​ឱ្យដឹងថា គម្រោង​សាងសង់​ផ្លូវ​ ១១ ​ខ្សែ​ថ្មី​នេះ ​ត្រូវបាន​ស្ថាបនា​ហើយ​ប្រមាណ​ ៣០ ​ភាគរយ​ផងដែរ​៕