The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គម្រោង​អភិវឌ្ឍន៍​ភាគ​ច្រើន​បំផុត ​ដែល​បាន​សន្យា​ មិន​ទាន់​ត្រូវ​បាន​បញ្ចប់​ ឬ​បាន​កែ​គម្រោង

គម្រោង​អភិវឌ្ឍន៍​ភាគ​ច្រើន​បំផុត ​ដែល​បាន​សន្យា​ មិន​ទាន់​ត្រូវ​បាន​បញ្ចប់​ ឬ​បាន​កែ​គម្រោង

Content image - Phnom Penh Post
អ្នកស្រី នី សុផាន់ណាក់ ជា​ជនរងគ្រោះ​ដោយសារ​ការ​បណ្តេញ​ចេញ​ពី​សហគមន៍​សម្បុកចាប។ ហេង ជីវ័ន

គម្រោង​អភិវឌ្ឍន៍​ភាគ​ច្រើន​បំផុត ​ដែល​បាន​សន្យា​ មិន​ទាន់​ត្រូវ​បាន​បញ្ចប់​ ឬ​បាន​កែ​គម្រោង

ភ្នំពេញៈ អ្នកស្រី នី សុផាន់ណាក់ រស់នៅ​ក្នុង​ផ្ទះ​តូច​មួយ​នៅ​ផ្លូវ​តូច​ចង្អៀត​ខាង​ក្រោយ​វត្តថាន់ ម្តុំ​ផ្លូវ​សុធារស។ ស្រ្តី​វ័យ ៤២ ឆ្នាំ​ដែល​មាន​កូន​បី​នាក់​រូប​នេះ​បាន​ថ្លែង​ថា​អ្នកស្រី​គឺជា​ជនរងគ្រោះ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សហគមន៍​ដីក្រហម​ដែល​នៅ​ជិត​នោះ​កាលពី​ ១០ ឆ្នាំ​មុន​ដោយ​ការ​សន្យា​មិន​ពិត​របស់​អាជ្ញាធរ។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ពួកគេ​បាន​កុហក​ខ្ញុំ។ ពួកគេ [អាជ្ញាធរ] បាន​ប្រាប់​យើង​ថា​ពួកគេ​នឹង​ធ្វើ​សួន​នៅ​សហគមន៍​ដី​ក្រហម»។ «ប៉ុន្តែ​ឥឡូវ​នេះ​ពួកគេ​សាងសង់​ភោជនីយដ្ឋាន​ និង​អគារ​ថ្មីៗ​ខ្ពស់ៗ​នៅ​ទី​នោះ»។

សហគមន៍​ដីក្រហម​គឺជា​កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ចំនួន ៧៧ កន្លែង​ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ដោយ​សមាគម​ធាង​ត្នោត​ជា​អង្គការ​សិទ្ធិ​ដីធ្លី​ដែល​រកឃើញ​ថា​គម្រោង​អភិវឌ្ឍន៍​ភាគច្រើន​បំផុត​ដែល​បាន​សន្យា​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​ ឬ​បាន​កែ​គម្រោង​របស់​ខ្លួន​ទេ។ នេះ​បើ​តាម​របាយការណ៍​មួយ​ចេញ​កាលពី​ម្សិលមិញ។

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា «តើ​គោរព​ការ​សន្យា​ឬ​អត់?» បាន​រកឃើញ​ថា​មាន​តែ ៣៥ ភាគរយ​នៃ​គម្រោង​ដែល​កើត​ចេញ​ពី​ការ​បណ្តេញ​ប្រជាជន​ចេញ​ពី​ដីធ្លី​ត្រូវ​បាន​បញ្ចប់​ខណៈ​ចំនួន​ដែល​នៅ​សល់​ដទៃៗ​ទៀត​ត្រូវ​បាន​សាងសង់​ដោយ​ផ្នែក​ ឬ​មិន​ត្រូវ​បាន​អភិវឌ្ឍ​ទេ​រហូត​មក​ដល់​ពេល​នេះ។ ជាង​នេះ​ទៀត​គម្រោង​ភាគច្រើន​បំផុត​គឺជា​គម្រោង​អគារ​ពាណិជ្ជកម្ម និង​ស្នាក់​នៅ​ហើយ​មាន​តែ ៥​ កន្លែង​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ធ្វើ​សម្រាប់​គោលបំណង​សាធារណៈ​ដូចជា​សាលារៀន ឬ​មជ្ឈមណ្ឌល​វេជ្ជសាស្រ្ត។

លោក សឹង សារាន អ្នក​គ្រប់គ្រង​កម្មវិធី​តស៊ូ​មតិ​នៅ​សមាគម​ធាង​ត្នោត​ថ្លែង​ថា៖ «ខណៈ​ការ​អភិវឌ្ឍ​បាន​កើនឡើង​ការ​បណ្តេញ​ចេញ​ពី​ដីធ្លី​ក៏​បាន​កើនឡើង​ផង​ដែរ»។ «ប៉ុន្តែ​តើ​រដ្ឋាភិបាល​បាន​ធ្វើការ​វិភាគ​អំពី​ផលប៉ះពាល់​នៃ​ការ​បណ្តេញ​ចេញ​ទាំង​នេះ​ឬ​អត់?»។

លោក​បាន​បន្ថែម​ថា​គម្រោង​មួយ​ចំនួន​ក្នុង​ចំណោម​គម្រោង​ដែល​ត្រូវ​បាន​បញ្ចប់​ត្រូវ​បាន​បង្វែរ​ទិសដៅ​ចេញ​ពី​គម្រោង​ដើម​របស់​ខ្លួន។ លោក​បាន​ថ្លែង​បន្ត​ថា​នៅ​សហគមន៍​សម្បុក​ចាប​ក្នុង​ខណ្ឌ​ចំការមន​ប្រជាជន​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ដោយ​ប្រាប់​ថា​ដើម្បី​យក​ធ្វើ​សួនច្បារ​សាធារណៈ​ប៉ុន្តែ​ឥឡូវ​នេះ​ជា​កន្លែង​ជួល​សម្រាប់​អ្នក​លេងបាល់​ទាត់​ទៅ​វិញ។

លោក សៀ ភារម្យ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន​បាន​ថ្លែង​ថា​គណនេយ្យភាព និង​តម្លាភាព​គួរ​តែ​ជា​គោលការណ៍​ស្នូល​នៅ​ពេល​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមហ៊ុន​សុំ​ឲ្យ​ប្រជាជន​ចេញ​ពី​ដីធ្លី​របស់​ពួកគេ​ប៉ុន្តែ​បើ​តាម​បទពិសោធ​បង្ហាញ​ផ្សេង​ទៅ​វិញ។

លោក​បាន​ថ្លែង​បន្ត​ថា៖ «នៅ​ពេល​ក្រសួង​រៀបចំ​ដែនដី​ ឬ​សាលា​រាជធានី​ធ្វើការ​សន្យា​ទៅ​ប្រជាពលរដ្ឋ​យ៉ាង​ហោច​ណាស់​ ៩០ ភាគរយ​នឹង​ទុក​ចិត្ត​រដ្ឋាភិបាល​ដោយសារ​រដ្ឋាភិបាល​និយាយ​ថា​ធ្វើ​សម្រាប់​ការ​ប្រើប្រាស់​ជា​សាធារណៈ»។

លោក​បាន​ថ្លែង​ថា​ សហគមន៍​ជាច្រើន​បាន​អនុវត្ត​ជម្រើស​ផ្លូវ​ច្បាប់​ថែម​ទាំង​ការ​ប៉ុនប៉ង​ដាក់​សម្ពាធ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជាមួយ​នឹង​ញត្តិ​ និង​ការ​តវ៉ា​ប៉ុន្តែ​វិធី​តែ​មួយ​ក្នុង​ការ​អនុវត្ត​ការ​ផ្លាស់ប្តូរ​គឺ​តាមរយៈ​ការ​បោះឆ្នោត។

របាយការណ៍​នេះ​ក៏​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ផង​ដែរ​ជាមួយ​ប្រជាពលរដ្ឋ​ពី​សហគមន៍​ចំនួន ៤៦ ក្នុង​ចំណោម​សហគមន៍​ចំនួន ៧៧ ដែល​ភាគច្រើន​បំផុត​នៃ​ពួកគេ ៥២ ភាគរយ​ជ្រើសរើស​ត្រឡប់​មក​រស់នៅ​កន្លែង​នោះ​វិញ​ ឬ​នៅ​ក្នុង​សហគមន៍​ជិត​ខាង។ ប្រហែល ៤៥ ភាគរយ​នៃ​អ្នក​ឆ្លើយ​សំណួរ​បាន​ថ្លែង​ថា​បរិយាកាស​រស់នៅ​របស់​ពួកគេ​កាន់​តែ​អាក្រក់​នៅ​ជិត​កន្លែង​សំរាម​ទឹកជំនន់​ និង​អសន្តិសុខ​ស្បៀង​អាហារ​បន្ទាប់​ពី​ការ​បណ្តេញ​ចេញ​ពី​ដីធ្លី។

របាយការណ៍​នេះ​បន្ត​ថា៖ «នេះ​ឆ្លុះ​បញ្ចាំង​ពី​អត្រា​យឺត​ខ្លាំង​ឡើង​នៃ​ការ​អភិវឌ្ឍ​ដែល​មាន​ផលប៉ះពាល់​ផ្ទាល់​ទៅ​លើ​សន្តិសុខ​ស្បៀង ខណៈ​បឹង​សម្រាប់​នេសាទ ឬ​ដី​សម្រាប់​ដាំ​បន្លែ​ត្រូវ​បាន​លុប​ចោល»។

ទោះ​យ៉ាង​ណា​ក្តី​ភាគច្រើន​បំផុត​នៃ​ប្រជាពលរដ្ឋ​មាន​អារម្មណ៍​ថា​ពួកគេ​ទទួល​បាន​សេវា​សង្គម និង​សាធារណៈ​ប្រសើរ​ជាង​មុន​ដោយសារ​ការ​កសាង​ផ្លូវ និង​អគ្គិសនី​ដែល​ជា​ធម្មតា​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​ទាំង​នោះ។

ត្រឡប់​ទៅ​រក​វត្តថាន់​វិញ​អ្នកស្រី សុផាន់ណាក់ បាន​ថ្លែង​ថា​អ្នកស្រី​មិន​ដែល​ចង់​ទៅ​ដំណាក់​ត្រយឹង​ដែល​ជា​កន្លែង​តាំង​លំនៅ​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​សហគមន៍​ដីក្រហម​នោះ​ទេ​ពីព្រោះ​វា​មាន​ចម្ងាយ​ជិត ២០ គីឡូម៉ែត្រ​ពី​ទីក្រុង និង​មិន​មាន​សេវាសាធារណៈ​ផ្សេងៗ​ឡើយ។

អ្នកស្រី​ថ្លែង​ថា៖ «ខ្ញុំ​ចង់​រស់នៅ​ទី​នេះ​ដោយសារ​វា​ជិត​ទីក្រុង»។ «វា​មាន​កន្លែង​ល្អ​សម្រាប់​កូនប្រុស​ទាំង​បី​នាក់​របស់​ខ្ញុំ​ទៅ​រៀន​ហើយ​ខ្ញុំ​ក៏​អាច​លក់​បន្លែ​មួយ​ចំនួន​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​ដែរ»៕ PS

អត្ថបទគួរចាប់អារម្មណ៍