កំពតៈ អង្គការកម្ពុជាអប់រំ និងថែទាំជំងឺអេដស៍ រឺហៅថា ឆេក (CHEC) បានចាប់ផ្តើមគម្រោងថ្មីមួយ និងកំពុងចាប់ផ្ដើមដំណើរការអនុវត្តនៅស្រុកបី ក្នុងខេត្តកំពត ដែលមានឈ្មោះថា «បុរសល្អ» គឺការចូលរួមពីបុរស និងកុមារាចូលរួមកាត់បន្ថយអំពើហិង្សាលើស្រ្តី ដែលត្រូវបានគាំទ្រ និងឧបត្ថម្ភដោយអង្គការ PyD ដែលមានរយៈពេលដំណើរការមួយឆ្នាំ។
លោកវេជ្ជបណ្ឌិត ហេង ភិរម្យ នាយករងនៃអង្គការឆេក បានមានប្រសាសន៍កាលពីម្សិលមិញថា នេះជាគម្រោងថ្មីដែលអង្គការរបស់លោកទទួលបានទឹកប្រាក់ជិត២ម៉ឺន ដុល្លារ និងសម្ភារមួយចំនួន ក៏ដូចជាការជួយកសាងធនធានមនុស្សដើម្បីដំណើរការគម្រោងនេះសម្រាប់រយៈពេលមួយឆ្នាំនៅស្រុកបី គឺស្រុកឈូក ស្រុកដងទង់ និងស្រុកជុំគិរី ក្នុងខេត្តកំពត។
លោកបញ្ជាក់ ថា៖ «គម្រោងនេះមានសកម្មភាពគោលសំខាន់ៗដូចជា ឲ្យមានការចូលរួមពីបុរស និងកុមារាដែលមានអាយុពី១៥ឆ្នាំ ទៅដល់៤៩ឆ្នាំឲ្យចូលរួមក្នុងការទទួលយកសារតាមរយៈការលេងកីឡា ដោយយើងយកកីឡា បាល់ទះជាបង្គោលដោយលេងនៅតាមភូមិ ដោយនៅពេលកំពុងលេងនោះ គឺយើងបានបញ្ជ្រៀបសារទៅដល់ពួកគេអ្វីទៅជាបុរសល្អដល់បុរសទាំង អស់។ គម្រោងនេះគឺដើម្បីបង្កើនការយល់ដឹងពីទម្លាប់ល្អបំផុតរបស់ បុរសល្អនៅក្នុងសហគមន៍ពួកគេ ពង្រឹងការយល់ដឹងដើម្បីផ្លាស់ប្តូរឥរិយាបថដើម្បីកាត់បន្ថយ អំពើហិង្សាក្នុងគ្រួសារ សហគមន៍ សាលារៀន និងសង្គម»។
លោកបន្ដថា ៖ «យើងក៏បានចែកខិតប័ណ្ណ និងស៊ីឌីជាខ្សែវីដេអូដល់សហគមន៍ និងនៅតាមហាងកាហ្វេផងដែរដើម្បីឲ្យពួកគេចូលរួមក្នុងគម្រោង របស់យើង។
លោកវេជ្ជបណ្ឌិត ហេង ភិរម្យ បានបន្ថែមថា គម្រោងនេះ បានចាប់ផ្តើមពីខែកក្កដា ឆ្នាំ២០១២ ដល់ខែមិថុនា ឆ្នាំ២០១៣ ហើយលោក រំពឹងថា គម្រោងនេះ នឹងទទួលបានជោគជ័យដោយសារអាជ្ញាធរមូលដ្ឋាន ជួយគាំទ្រ និងបានចូលរួមជាមួយគម្រោងរបស់អង្គការលោក។ លោកថា៖ «ការចូលរួមរបស់ពួកគេ គឺជាផ្នែកមួយដើម្បីផ្សព្វផ្សាយអំពី បុរសល្អដើម្បីកាត់បន្ថយអំពើហិង្សានៅក្នុងគ្រួសារ និងសង្គម»។
លោកបានមានប្រសាសន៍បន្តថា ឆេក កំពុងតែស្វែងរកម្ចាស់ជំនួយផ្សេងទៀតដើម្បីផ្សព្វផ្សាយគម្រោង នេះដល់ខេត្តផ្សេងទៀត ព្រោះបុរសនៅក្នុងស្រុកទាំងបី មិនអាចគ្រប់គ្រាន់ដើម្បីកាត់បន្ថយអំពើហិង្សានៅទូទាំងប្រទេស បានទេ៕ NR