ភ្នំពេញៈ មន្រ្តីធនាគារពិភពលោកបានអនុម័តសំណើបឋម ដើម្បីផ្តល់ហិរញ្ញប្បទានដល់ដីសម្បទានសង្គមកិច្ចមួយកន្លែងក្នុង ខេត្តកំពង់ធំ ដែលអាចមានការបណ្តេញចេញដោយបង្ខំ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការសាងសង់។
ក្រោមគម្រោងបែងចែកដីធ្លីដើម្បីការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច II ឬ (LASED II) របស់ធនាគារ ប្រាក់ចំនួន ២៥ លានដុល្លារនឹងត្រូវប្រគល់ទៅឲ្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ គម្រោងដែលបានស្នើនេះ នឹងផ្តល់មូលនិធិបន្ថែម ដល់ដីសម្បទានសង្គមកិច្ចចំនួន ១៤ កន្លែងដែលគាំទ្រដោយមូលនិធិអភិវឌ្ឍន៍សង្គមជប៉ុន និងធនាគារពិភពលោក ចាប់តាំងពី ឆ្នាំ២០០៨។ គម្រោងនឹងបង្កើតដីសម្បទានសង្គមកិច្ចថ្មីមួយទៀត នៅ ឃុំដូង ខេត្តកំពង់ធំ ក្បែរទីជម្រកសត្វព្រៃបឹងពែរ ដែលរងការកាប់បំផ្លាញយ៉ាងខ្លាំង។ ធនាគារមិនទាន់វាយតម្លៃថា តើមានជនជាតិដើមភាគតិចរស់នៅកន្លែងនោះឬយ៉ាងណាទេ? ប៉ុន្តែ បានចង្អុលបង្ហាញក្នុងឯកសារដែលបោះពុម្ពផ្សាយកាលពីថ្មីៗនេះថា អ្នកស្រុកត្រូវត្រួសត្រាយផ្លូវដល់គម្រោងសាងសង់ ប្រសិនបើគម្រោងនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារ។
ឯកសារវាយតម្លៃពីកិច្ចការពាររបស់គម្រោងក្រោមចំណងជើងថា «ការតាំងលំនៅដោយមិនស្ម័គ្រចិត្ត» បានសរសេរថា៖ «ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថ្មីអាចត្រូវយកដីមួយចំនួន»។ ឯកសារបានបន្ថែមថា ផែនការផ្លាស់ទីតាំងនឹងរៀបចំឡើងដោយក្រសួងដែនដី។ ឯកសារនោះបានកត់សម្គាល់ថា៖ «គម្រោងក៏នឹងគាំទ្រហេដ្ឋារចនាសម្ព័ន្ធ ដែលអត្ថប្រយោជន៍មិនអាចបានទៅអ្នកទទួលដីផ្តាច់មុខឡើយ»។
កាលពី ខែកញ្ញា ភ្នំពេញ ប៉ុស្តិ៍ បានរាយការណ៍ថា គម្រោងនេះនឹងជាគម្រោង ទី១ ដែលធនាគារពិភពលោកផ្តល់ហិរញ្ញប្បទាន ចាប់តាំងពីធនាគារនេះបានផ្អាកការផ្តល់កម្ចីកាលពី ឆ្នាំ២០១១។ ប្រាក់កម្ចីត្រូវបានបញ្ឈប់ ដោយសារតែការគាំទ្ររបស់ធនាគារចំពោះកម្មវិធីផ្តល់ប័ណ្ណកម្មសិទិ្ធដីធ្លី ដែលបានបណ្តាលឲ្យមានកំហឹងយ៉ាងខ្លាំង នៅពេលអ្នករស់នៅបឹងកក់ ត្រូវបានគេបណ្តេញចេញដោយបង្ខំដើម្បីត្រួសត្រាយផ្លូវផ្តល់សម្បទានដល់លោក ឡៅ ម៉េងឃីន ព្រឹទ្ធសមាជិករបស់គណបក្សប្រជាជន។

អ្នកនាំពាក្យធនាគារពិភពលោក បានបដិសេធមិនធ្វើការអត្ថាធិប្បាយទេកាលពីថ្ងៃចន្ទ ចំណែកឯលោក Peter Leonard ទីប្រឹក្សាស្តីពីកិច្ចការពារថ្នាក់តំបន់ឲ្យធនាគារពិភពលោកដែលជាមន្រ្តីម្នាក់ក្នុងចំណោម ២នាក់ ដែលបានអនុម័តលើការវាយតម្លៃនោះក៏បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយដែរ ដោយបង្វែរសំណួរឲ្យទៅសួរមន្រ្តីធនាគារផ្សេងទៀត ដែលមិនឆ្លើយតបនឹងសំណួរតាមអ៊ីមែលទេ។
ធនាគារពិភពលោកបានបន្តផ្តល់មូលនិធិដោយផ្ទាល់ដល់គម្រោងនៅកម្ពុជា ដែលបានអនុម័តមុន ខែធ្នូ ឆ្នាំ២០១០ ហើយបានសន្យាផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៦៧ លានដុល្លារ នៅឆ្នាំនេះគឺ ៣ លានដុល្លារតិចជាងឆ្នាំដែលធនាគារផ្អាកការផ្តល់កម្ចីជាបណ្តោះអាសន្ន។
លោក សារ៉េត បូរ៉ាមី ប្រធានគម្រោង LASED II បានបដិសេធថា ការតាំងលំនៅថ្មីដោយមិនស្ម័គ្រចិត្តនឹងមិនកើតឡើងនៅ ភូមិដូង ទេ ដែលកន្លងមកសម្បូរទៅដោយករណីចាប់យកដីធ្លី។ លោកបានបញ្ជាក់ថា៖ «យើងបានកំណត់ទីតាំង ប៉ុន្តែមិនបានធ្វើការកំណត់លម្អិតទេ។ ការកាន់កាប់ដីដែលមានស្រាប់ នឹងត្រូវបានគោរពអនុលោមតាមច្បាប់»។
លោក ញឹម សារ៉ាត អ្នកឃ្លាំមើលរបស់សមាគមអាដហុក បានថ្លែងថា លោកមិនដឹងអំពីផែនការរបស់ធនាគារពិភពលោកសម្រាប់ ភូមិដូង ទេ ដែលលោក បូរ៉ាមី ថា ទើបតែស្ថិតក្នុងដំណាក់កាលត្រៀម។
ប៉ុន្តែលោក សារ៉ាត បានចោទសួរថាតើគម្រោងនឹងត្រួតស៊ីគ្នានឹងទំនប់សម័យខ្មែរក្រហមឬយ៉ាងណាដែលលោកថា អាជ្ញាធរចង់បណ្តេញអ្នកភូមិដើម្បីវិនិយោគនៅតំបន់នោះ។ «អ្នកភូមិភាគច្រើននៅ ភូមិដូង ស្រុកប្រាសាទបាល័្លង្ក បានទទួលរងផលប៉ះពាល់ដោយសារទំនប់។ ពួកគេកំពុងរស់នៅតំបន់ទំនប់ ដែលបានសាងសង់ក្រោមរបបខ្មែរក្រហម ហើយអាជ្ញាធរចង់ឲ្យពួកគេផ្លាស់លំនៅដើម្បីអភិវឌ្ឍទំនប់»។
លោក Tim Forsyth អ្នកជំនាញអភិវឌ្ឍន៍អន្តរជាតិនៅ London School of Economics បានឲ្យដឹងថា៖ «មានប្រវតិ្តរិះគន់លើធនាគារពិភពលោក និងសមត្ថភាពរបស់ធនាគារនេះ ក្នុងការអនុវត្តចំណុចនៃគោលការណ៍ដែលខ្លួនថា នឹងប្រកាន់ខ្ជាប់នោះ»។
លោក Tim Forsyth បានបន្តថា សកម្មជនចង់ឲ្យធនាគារគោរពតាមគោលការណ៍យល់ព្រមជាមុន សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ លោកបានបញ្ជាក់ថា៖ «ប៉ុន្តែ ធនាគារជាធម្មតា មិនចង់ធ្វើបែបនេះទេ ដូច្នេះ យោងលើការពិគ្រោះយោបល់ដែលនឹងស្វែងរកមតិក្នុងស្រុក ប៉ុន្តែ មិនអនុវត្តតាមមតិក្នុងស្រុកទេ»៕