សៀមរាបៈ «​សួន​សិក្សា​» ​ដែល​ជា​គម្រោង​សាកល្បង​រយៈពេល ៣ ឆ្នាំ​ដោយ​ផ្តោត​សំខាន់​លើ​ការបង្កើត​សួន​បន្លែ និង​បង្កើត​ផ្ទះបាយ​នៅ​តាម​សាលារៀន បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​កុមារ​ឲ្យ​ផ្តោត​ការយក​ចិត្ត​ទុកដាក់​ក្នុងការ​សិក្សា​ដោយសារ​តែ​គម្រោង​នេះ​បាន​ជួយ​ធ្វើឲ្យ​ការសិក្សា​របស់​កុមារ​ប្រសើរ​ឡើង ព្រោះ​វា​បាន​ផ្សារភ្ជាប់​មេរៀន​ក្នុង​សៀវភៅ​ទៅ​នឹង​សកម្មភាព​ជាក់ស្ដែង​ក្នុង​សួន​បន្លែ និង​ផ្ទះបាយ​ក្នុង​សាលារៀន​។

គណៈប្រតិភូ​មួយ​ក្រុម​ដែល​ក្នុងនោះ​រួមមាន​លោក​ ពុត សាមិត្ត ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ លោកស្រី Angela Corcoran ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ និង​លោកស្រី Susanne Legena នាយក​ប្រតិបត្តិ អង្គការ​ភ្លែន​អន្តរជាតិ​អូស្ត្រាលី​រួម​នឹង​អាជ្ញាធរខេត្ត​កាលពី​ម្សិលមិញ​បាន​ធ្វើ​ទស្សនកិច្ច​សិក្សា​ទៅ​កាន់​សាលាបឋមសិក្សា​ត្រពាំង​ស្វាយ​ស្ថិត​នៅ​ស្រុក​អង្គរធំ ខេត្ដ សៀមរាប​ជា​ទីតាំង​ដែល​កំពុង​ត្រូវ​បាន​អនុវត្ត​សាកល្បង​គម្រោង សួន​សិក្សា​នេះ​។ នៅ​ទីតាំង​អនុវត្ត​គម្រោង​មាន​ការចូលរួម​ស្វាគមន៍​ពី​អាជ្ញាធរ​ស្រុក ឃុំ ភូមិ លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ប្រមាណ​ជាង ១០០ ​នាក់​។

លោក យី គីមថាន នាយក​ស្តីទី​ប្រចាំ​ប្រទេស​នៃ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា បាន​ថ្លែង​ថា​គម្រោង​សួន​សិក្សា​នេះ​បាន​ផ្តោត​សំខាន់​លើ​ការបង្កើត និង​ថែទាំ​សួន​បន្លែ និង​បង្កើត​ផ្ទះបាយ​នៅ​តាម​សាលារៀន​។ កុមារ​អាច​ចូលរួម​បង្កើត​សួន​បន្លែ ដាំ​ដុះ​ដំណាំ​តាម​រដូវកាល និង​រៀន​ចម្អិន​អាហារ​ឆ្ងាញ់ៗ ស្រស់ៗ និង​សម្បូរ​អាហារូបត្ថម្ភ​ដោយ​ខ្លួនឯង​។ ជាមួយ​គ្នា​នេះ​កុមារ​អាច​ចែករំលែក​អាហារ​ទាំងនោះ​ជាមួយ​គ្រូបង្រៀន និង​មិត្តភក្តិ​របស់​ពួកគេ​ផងដែរ​។

លោក​ថា​៖ «​តាមរយៈ​គម្រោង​នេះ​គ្រូបង្រៀន​ប្រើប្រាស់​សួន​បន្លែ​ និង​ផ្ទះបាយ​សិក្សា​ជា​កន្លែង​រៀនសូត្រ ដើម្បី​ផ្សារភ្ជាប់​នឹង​ការបង្រៀន​មុខវិជ្ជា​ភាសា​ខ្មែរ​គណិតវិទ្យា វិទ្យាសាស្ត្រ និង​សិក្សា​សង្គម​ក្នុង​បរិបទ​ជីវិត​ជាក់ស្តែង​»​។

លោក គីមថាន ឲ្យ​ដឹងថា គម្រោង​នេះ​ទទួល​បាន​ការគាំទ្រ​មូលនិធិ​ដោយ​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​ដោយ​សហប្រតិបត្តិការ​ជាមួយ​មូលនិធិ Stephanie Alexander Kitchen Garden Foundation (SAKGF)​។ ក្នុង​នោះ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​ជា​អ្នក​ផ្តួចផ្តើម​គម្រោង «​សួន​សិក្សា​» នេះ ដោយ​មាន​គម្រោង​សាកល្បង​រយៈពេល ៣ ​ឆ្នាំ​ចាប់ផ្តើម​ពី​ឆ្នាំ​ ២០១៧ ដល់​ឆ្នាំ​ ២០២០​។

លោក​បញ្ជាក់​ថា​៖​ «​គោលបំណង​នៃ​គម្រោង​នេះ​ដើម្បី​ចូលរួម​ចំណែក​ពង្រឹង​គុណភាព​អប់រំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ជំរុញ​ការចូលរួម​របស់​មាតាបិតា និង​អ្នក​ថែទាំ​កុមារ​ឲ្យ​គាំទ្រ​ចំពោះ​ការរៀនសូត្រ​របស់​កុមារ​នៅផ្ទះ​ផងដែរ​»​។

លោក​ ពុត សាមិត្ត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​បាន​ថ្លែង​ក្នុងពេល​ទស្សនកិច្ច​នេះ​​ដែរ​ថា សួន​បន្លែ និង​ផ្ទះបាយ​បាន​ផ្តល់​នូវ​បរិយាកាស​រីករាយ​សម្រាប់​កុមារ ដើម្បី​រៀនសូត្រ និង​ពង្រឹង​ចំណេះដឹង​របស់​ពួកគេ​ឲ្យ​បាន​ល្អ​ប្រសើរឡើង​។

លោក​ថ្លែង​ថា​៖ «​គម្រោង​នេះ​បាន​ផ្ដល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​សិស្ស​។ តាមរយៈ​គម្រោង​នេះ សិស្ស​មិនមែន​គ្រាន់​តែ​រៀន​ទៅ​តាម​សៀវភៅ​សិក្សា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការអនុវត្ដ​ជាក់ស្ដែង​របស់​កុមារ​។ ពេល​កុមារ​មាន​ការចូលរួម​អនុវត្ដ​ផ្ទាល់​បែប​នេះ ការយល់ដឹង​របស់​ពួកគាត់​ក៏​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​ដែល​អាច​ឈាន​ទៅ​ចាប់​យក​ជំនាញ​ណា​មួយ​ច្បាស់លាស់​សម្រាប់​ខ្លួនឯង​នាពេល​អនាគត​»​។

លោក​បន្ថែម​ថា​គម្រោង​នេះ​ធ្វើឲ្យ​មាន​ការចូលរួម​បំផុស​ការ​ត្រិះរិះ​ពិចារណា​របស់​កុមារ​លើក​កម្ពស់​កិច្ចសហការ​រវាង​កុមារី និង​កុមារា និង​ជំរុញ​ឲ្យ​មាន​ភាពស្មើគ្នា​ដោយ​គ្មាន​ការរើសអើង​ភេទ វប្បធម៌ អាយុ និង​សមត្ថភាព​យេនឌ័រ តាមរយៈ​ការធ្វើការ​រួម​គ្នា​។

កុមារី​ ស្រី នី ជា​សិស្ស​មួយរូប​ដែល​បាន​ចូលរួម​ក្នុង​គម្រោង​សួន​សិក្សា​ថ្លែង​ថា ការអនុវត្ត​ជាក់ស្តែង​នៅ​សួន​បន្លែ និង​សកម្មភាព​ផ្ទះបាយ​បាន​ធ្វើឲ្យ​នាង​រៀនសូត្រ​បាន​ច្រើន និង​ស្វែងយល់​បាន​ច្រើន ពី​ការរស់នៅ​ជាក់ស្ដែង​ថែមទៀត​។

កុមារី​រូប​នេះ​និយាយថា​៖ «​ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់​ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​សួន​សិក្សា ពីព្រោះ​ខ្ញុំ​បាន​រៀន​ទ្រឹស្តី​ក្នុង​ថ្នាក់រៀន​ជាមួយ​គ្រូ ហើយ​បាន​យក​មក​អនុវត្ត​នៅក្នុង​សួន​បន្លែ​ជាក់ស្តែង​។ ខ្ញុំ​ទទួល​បាន​ចំណេះដឹង​ទាក់ទង​នឹង​ការដាំ​ដំណាំ​ការធ្វើ​ការងារ​ជា​ក្រុម និង​រៀនសូត្រ​ដោយ​ក្តី​រីករាយ​»​។

អ្នកគ្រូ យ៉ុន កញ្ញា វ័យ ២៥ ​ឆ្នាំ​បង្រៀន​នៅ​សាលា​បឋមសិក្សា​ត្រពាំងស្វាយ និង​ជា​គ្រូ​បង្គោល​មួយរូប​នៃ​គម្រោង​សួន​សិក្សា​បាន​ថ្លែងថា គម្រោង​នេះ​បាន​ផ្តល់​ភាព​រីករាយ​ដល់​សិស្សានុសិស្ស ជួយ​ធ្វើឲ្យ​ការសិក្សា​របស់​ពួកគេ​ប្រសើរ​ឡើង និង​បាន​បង្កើន​ភាពស្និទ្ធស្នាល​រវាង​គ្រូ និង​សិស្ស​ផងដែរ​។

លោក​ថ្លែងថា​៖ «​គម្រោង​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​កុមារ​ឲ្យ​ផ្តោត​ការយក​ចិត្ត​ទុកដាក់​សិក្សា​។ វា​បាន​ជួយ​ធ្វើឲ្យ​ការសិក្សា​របស់​កុមារ​ប្រសើរ​ឡើង ព្រោះ​វា​បាន​ផ្សារភ្ជាប់​មេរៀន​ក្នុង​សៀវភៅ​ទៅនឹង​សកម្មភាព​ជាក់ស្ដែង​ក្នុង​សួន​បន្លែ និង​ផ្ទះបាយ​ក្នុង​សាលារៀន​»​។

បើ​តាម​លោក យី គីមថាន គម្រោង​សួន​សិក្សា​កំពុង​អនុវត្ត​តាម​សាលាបឋមសិក្សា​ចំនួន​ ១៥ ក្នុង​ខេត្ត​សៀមរាប​ និង​ខេត្ដ​ស្ទឹងត្រែង​ដោយ​បាន​ផ្តល់​ជា​ប្រយោជន៍​ដល់​សិស្សានុសិស្ស​ជាពិសេស​កុមារ​ងាយ​រងគ្រោះ និង​កុមារ​មាន​ពិការភាព​ជាង​ ៤០០០ ​នាក់​ក្នុង​នោះ​មាន​កុមារី​ប្រមាណ​ ៥០%​។

បើ​តាម​អង្គការ​ភ្លែន​អន្តរជាតិ​ប្រទេស​កម្ពុជា​បាន​ផ្តួចផ្តើម​គម្រោង «​សួន​សិក្សា​» ដែល​ជា​គម្រោង​សាកល្បង​មាន​រយៈពេល ៣ ឆ្នាំ​ចាប់ផ្តើម​ពី​ឆ្នាំ​ ២០១៧ ដល់​ឆ្នាំ​ ២០២០ នេះ​ក្នុង​គោលបំណង​ចូលរួម​ចំណែក​ពង្រឹង​គុណភាព​អប់រំ​របស់​ក្រសួង​អប់រំ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ជំរុញ​ឲ្យ​មានការ​ចូលរួម​របស់​មាតាបិតា និង​អ្នក​ថែទាំ​កុមារ​ឲ្យ​គាំទ្រ​ចំពោះ​ការរៀនសូត្រ​របស់​កុមារ​នៅផ្ទះ​។

លោក​ គីមថាន ថា​៖ «​យើង​នឹង​អាច​បន្ត​គម្រោង​នេះ​បន្ថែម​ទៀត​តាមរយៈ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ក្នុង​ការបង្កើន​ចំនួន​សាលា​ក្នុង​ខេត្ដ​សៀមរាប​។ បន្ទាប់ពី​ចប់​គម្រោង​នេះ យើង​នឹង​ចងក្រង​នូវ​បទពិសោធ​ល្អៗ​នៃ​កម្មវិធី​នេះ ដើម្បី​ពិភាក្សា​ជាមួយ​ក្រសួង​អប់រំ ដើម្បី​យក​គម្រោង​នេះ​ពង្រីក​ឲ្យ​បាន​ទូទាំង​ថ្នាក់ជាតិ​។ ប៉ុន្ដែ​អាស្រ័យ​លើ​ការពិភាក្សា​បន្ត​ទៀត​ជាមួយ​អប់រំ​»៕