ភ្នំពេញៈ រយៈពេល​ ៣ ​ខែ​ដំបូង​នៃ​ឆ្នាំនេះ​គម្រោង​ USAID ​ព្រៃឡង់ បៃតង បាន​បង្ហាញ​របាយការណ៍​សំខាន់ៗ​បន្ទាប់ពី​ធ្វើ​សកម្មភាព​គាំទ្រ​រដ្ឋាភិបាល​ក្នុង​ការលើក​កម្ពស់​ជីវភាព​សហគមន៍ ការបង្កើត​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​សហគមន៍​ព្រៃឈើ ការជ្រើសរើស ក្រុម​សហគមន៍​ និង​បណ្ដុះបណ្ដាល មន្ត្រី​ឧទ្យានុរក្ស​ ប៉ុន្ដែ​តំណាង​សហគមន៍​ថា ទទួលផល​ប្រយោជន៍​តិចតួច​ពី​គម្រោង​នេះ​។

តាម​របាយការណ៍​របស់​គម្រោង USAID ព្រៃឡង់​បៃតង​ដែល​បាន​បង្ហាញ​លើ​គេហទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន​កាលពី​ថ្ងៃទី​ ៣០ ខែមីនា​ឲ្យ​ដឹងថា គម្រោង USAID ព្រៃឡង់​បៃតង​សម្រាប់​ខែមករា ឆ្នាំ​ ២០២០ បានផ្ដល់​វគ្គ​បណ្ដុះបណ្ដាល ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រី​ឧទ្យានុរក្ស​ដោយ​សហការ​ជាមួយ​ក្រសួងបរិស្ថាន​បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​មួយ​ស្ដីពី​បច្ចេកទេស​ល្បាត និង​ការអនុវត្ត​ច្បាប់​។

គម្រោង USAID បាន​ផ្ដល់​វគ្គបណ្ដុះបណ្ដាល​ស្ដីពី​ការបង្កើត​កម្មវិធី​ទស្សនា​ផ្នែក​ទេសចរណ៍​ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​។ គាំទ្រ​តំបន់​ការពារ​សហគមន៍​ដើម្បី​កំណត់​ព្រំប្រទល់​ និង​ដំឡើង​បង្គោលព្រំ​ប្រទល់ ការគាំទ្រ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​បង្កើត​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​សហគមន៍​ព្រៃឈើ និង​ជួយ​លើកកម្ពស់​យល់ដឹង​អំពី​ការហាមឃាត់​ឱសថ​ឌីក្លូហ្វេណាក់ (Diclofenac) ដើម្បី​ការពារ​សត្វ​ត្មាត​ដែល​ជិត​ផុត​ពូជ​។

របាយការណ៍​បន្តថា សម្រាប់​ខែកុម្ភៈ​គម្រោង​ USAID ព្រៃឡង់​បៃតង​ជួយ​គាំទ្រ​រដ្ឋាភិបាល​ក្នុង​ការជ្រើសរើស​ប្រធាន​ក្រុមសហគមន៍​សម្រាប់​ចុះ​ល្បាត ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស​។ គម្រោង​បាន​គាំទ្រ​ដល់​ការអង្កេត​ចំនួន​សត្វ​ក្រៀល​នៅក្នុង​ខេត្តព្រះវិហារ​។ គម្រោង​បាន​បណ្ដុះបណ្ដាល​សហគមន៍​អំពី​ការសម្គាល់​អត្តសញ្ញាណ​ប្រភេទ​សត្វព្រៃ​សំខាន់ៗ និង​អំពី​សារៈសំខាន់​នៃ​ការការពារ​ជីវចម្រុះ ដោយ​បាន​ចូលរួម​សម្របសម្រួល​សិក្ខាសាលា​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​ផែនការ​ការងារ​ប្រចាំឆ្នាំ​គាំទ្រ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ ៤ ​ផងដែរ​។

របាយការណ៍​បន្ថែមថា​គម្រោង USAID ព្រៃឡង់​បៃតង​សម្រាប់​ខែមីនា​នេះ បាន​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់ ដើម្បី​ណែនាំ​ពី​កម្មវិធី​ទស្សនា​ដែល​បង្កើតឡើង​ថ្មី​សម្រាប់​តំបន់​ទេសភាព​ព្រៃឡង់ និង​តំបន់​ជុំវិញ​។ គម្រោង​បាន​ណែនាំ​ឧបករណ៍​ផ្ទុក​ទិន្នន័យ​ចល័ត និង​បង្ហាញ​ពី​វិធីសាស្ត្រ​នៃ​ការតាមដាន​ការគ្រប់គ្រង​តំបន់​អភិរក្ស​ដល់​ក្រសួងបរិស្ថាន និង​គាំទ្រ​ដល់​ការអភិវឌ្ឍ និង​ការធ្វើ​ផែនទី​តំបន់​ទេសចរណ៍​។

លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ថ្លែង​កាលពី​ថ្ងៃទី​ ១ មេសា ថា​គម្រោង​ព្រៃឡង់​បៃតង​ដែលជា​កិច្ចសហការ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​មាន​ទិសដៅ​អភិរក្ស និង​គ្រប់គ្រង​តំបន់​ដែនជម្រក​សត្វព្រៃ ព្រៃឡង់​ឲ្យ​បាន​គង់វង្ស​។ លោក​បន្តថា គម្រោង​នេះ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ពលរដ្ឋ​ចូល​លួច​កាប់​ឈើ និង​បរបាញ់​សត្វ​ចូលរួម​ក្នុង​ការបង្កើត​មុខរបរ​ថ្មី​ដល់​ប្រជាសហគមន៍​។ លោក​ថា​៖ «​គម្រោង​ព្រៃឡង់​បៃតង​ដែល​មាន​រយៈពេល​ ៥ ​ឆ្នាំ​ [២០១៨- ២០២៣] ​នឹង​ផ្តល់​ផល​ជា​វិជ្ជមាន​ក្នុងការ​គ្រប់គ្រង​ និង​អភិរក្ស​ធនធាន​ធម្មជាតិ ជីវចម្រុះ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​»​។

អ្នកស្រី​ ភោគ ហុង តំណាងសហគមន៍​ការពារ​ព្រៃឡង់​ប្រចាំខេត្ត​ព្រះវិហារ ថ្លែង​កាលពី​ថ្ងៃទី​ ១ មេសា ថា​ក្រុម​សហគមន៍​ការពារ​ព្រៃឡង់​ប្រចាំខេត្ត​ព្រះវិហារ​របស់​អ្នកស្រី​បាន​ទទួល​ជំនួយ​ពី​គម្រោង USAID ​ព្រៃឡង់​បៃតង បន្តិចបន្តួច​ដែល​មិនអាច​ឆ្លើយតប​តាម​តម្រូវការ​បាន​ក្នុង​រយៈពេល​ជិត​ ២ ​ឆ្នាំ​។

អ្នកស្រី​បន្តថា​គម្រោង USAID ព្រៃឡង់​បៃតង​កំណត់​ឲ្យ​ចុះល្បាត​ ៣ ​លើក​ក្នុង​ ១ ​ខែ​។ អ្នកស្រី​ថា​៖ «​ពេល​ពួក​ខ្ញុំ​ចុះ​ល្បាត​ម្ដងៗ​​គឺ​ខ្វះខាត​សម្ភារ​គ្រឿង​បរិភោគ​ឧបភោគ​ និង​មធ្យោបាយ​ធ្វើដំណើរ ហើយ​លុយ​ដែល​ USAID ​ឲ្យ​មកនេះ​មិនអាច​ទប់ទល់​ការចំណាយ​របស់​ពួក​ខ្ញុំ​ទេ​»​។ លោក​ Matthew Eduwardsen ប្រធាន​កម្មវិធី​ USAID ​ព្រៃឡង់​បៃតង​មិន​អាច​ទាក់ទង​បាន​ទេ​ពី​ម្សិលមិញ​៕