ភ្នំពេញ: អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ប្រាប់​ទៅ​ប្រធាន​នាយកដ្ឋាន សាខា និង​ការិយាល័យ​គយ និង​រដ្ឋាករ​ពី​ការលើកលែង​បម្រាម​បណ្ដោះអាសន្ន​នៃ​ការតម្រូវ​ឲ្យ​មាន​ការសុំ​ការអនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ក្នុង​ការនាំចេញ​លើ​មុខ​ទំនិញ​ម៉ាស់​គ្រប់​ប្រភេទ ដោយសារ​កម្ពុជា​បាន​ផលិត​ម៉ាស់​គ្រប់គ្រាន់​សម្រាប់​បម្រើ​ដល់​ការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ ក្នុង​ប្រទេស​។

តាម​លិខិត​របស់​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា​ដែល​ជម្រាប​ជូន​ទៅ​លោក លោកស្រី​ប្រធាន​នាយកដ្ឋាន សាខា និង​ការិយាល័យ​គយ និង​រដ្ឋាករ​ចុះ​ថ្ងៃទី​ ៤ ឧសភា ដែល​ភ្នំពេញ-ប៉ុស្ដិ៍​ទទួល​បាន​ពីថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹងថា ដោយ​បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​អាច​គ្រប់គ្រង និង​ធានា​បាន​នូវ​ការស្តុក​ម៉ាស់​ដែល​បម្រើ​ដល់​ការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ នៅក្នុង​ប្រទេស អគ្គនាយក​គយ និង​រដ្ឋាករ​សម្រេច​ដក​បម្រាម​បណ្ដោះអាសន្ន​នៃ​ការតម្រូវ​ឲ្យ​មាន​ការអនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​លើ​ការនាំ​ចេញ​មុខទំនិញ​ម៉ាស់​គ្រប់​ប្រភេទ​។

លិខិត​បញ្ជាក់ថា​៖ «​ដូច្នេះ​សូម​លោក លោកស្រី ចាត់ចែង​ផ្សព្វផ្សាយ និង​អនុវត្តតាម​ខ្លឹមសារ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​រហូត​ដល់​ការណែនាំ​ជាថ្មី​»​។

លោក​ គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ថ្លែង​ពី​ថ្ងៃ​អង្គារ​ថា រាជរដ្ឋាភិបាល​មាន​ម៉ាស់​គ្រប់គ្រាន់​ហើយ​ដោយ​អាច​ធានា​លើ​ការប្រើប្រាស់​តាម​តម្រូវការ​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ប្រទេស​ដែល​នេះ​មកពី​ក្រុមហ៊ុន​កាត់ដេរ​សម្លៀកបំពាក់​មួយ​ចំនួន​បាន​បង្វែរ​ចង្វាក់​ផលិតកម្ម​របស់ខ្លួន​មក​ធ្វើការ​ផលិត​ម៉ាស់​វិញ​។

លោក​បន្ត​ថា ​ក្រុមហ៊ុន​មួយចំនួន​បាន​ធ្វើការ​ផលិត​ម៉ាស់ ដើម្បី​នាំចេញ​ទៅ​ផ្គត់ផ្គង់​នៅ​ទីផ្សារ​ក្រៅប្រទេស​ដែល​កំពុង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ ដូចជា សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​។

លោក​បញ្ជាក់ថា​៖ «​កាលពី​មុន​យើង​បាន​រឹតត្បិត​ការនាំចេញ​ម៉ាស់ ដោយសារ​យើង​គិត​ថា បើ​យើង​មាន​រោងចក្រ​ផលិត​ម៉ាស់​ហើយ​គឺ​ត្រូវតែ​ទុក​ប្រើប្រាស់​តាម​តម្រូវការ​នៅក្នុង​ប្រទេស​ក្នុង​អំឡុងពេល​ឆ្លង​រីករាលដាល​ជំងឺ​កូវីដ​១៩​នេះ​នៅក្នុង​ប្រទេស​យើង ប៉ុន្ដែ​ឥឡូវ​នេះ​យើង​មាន​ម៉ាស់​គ្រប់គ្រាន់​ហើយ និង​ការគ្រប់គ្រង​ក៏បាន​ល្អ​ទៀតផង​»​។

លោក​បន្តថា លោក​មិនទាន់​អាច​បញ្ជាក់​ពី​ចំនួន​ម៉ាស់​ដែល​នៅក្នុង​ស្ដុក​នោះ​ច្បាស់លាស់​នៅ​ឡើយ ប៉ុន្ដែ​លោក​អះអាង​ថា ម៉ាស់​ដែល​កំពុង​ស្ដុក​ទុក​ក្នុង​ឃ្លាំង​នោះ​គឺ​មាន​ចំនួន​រាប់លាន​ម៉ាស់​។ លោក​ក៏​មិនទាន់​ដឹង​ច្បាស់​ថា មាន​ក្រុមហ៊ុន​ប៉ុន្មាន​កំពុង​ផលិត​ម៉ាស់​នេះ​ដែរ ព្រោះ​រោងចក្រ​មួយ​ចំនួន​ដែល​ធ្លាប់​កាត់ដេរ​សម្លៀកបំពាក់​បាន​បង្វែរ​មក​ផលិត​ម៉ាស់​នាំចេញ​វិញ​។

លោក​បន្តថា ការបញ្ជាទិញ​សម្លៀកបំពាក់​នៅលើ​ទីផ្សារ​អន្តរជាតិ​ក៏​ដូចជា​នៅ​អឺរ៉ុប​មានការ​ថមថយ ទើប​ពួកគាត់​ងាក​មក​ផលិត​ម៉ាស់​វិញ ដើម្បី​ផ្គត់ផ្គង់​ការប្រើប្រាស់​តាម​តម្រូវការ​ក្នុង​ស្រុក និង​អាច​បន្តការងារ​ឲ្យ​កម្មករ​កម្ពុជា​ផងដែរ​។ បច្ចុប្បន្ន​នេះ​ការបញ្ជាទិញ​ម៉ាស់​ពី​ក្រៅ​ប្រទេស​មាន​ចំនួន​ច្រើន ព្រោះ​តម្រូវការ​នៅ​ទីផ្សារ​បរទេស​មាន​ខ្ពស់​ដូចជា នៅ​សហរដ្ឋ​អាមេរិក អូស្ត្រាលី អាល្លឺម៉ង់ និង​ប្រទេស​នៅ​តំបន់​អឺរ៉ុប​មួយ​ចំនួន​ទៀត​។ ដូច្នេះ​រាជរដ្ឋាភិបាល សម្រេច​បន្ធូរបន្ថយ​ការរឹតបន្តឹង​ការនាំចេញ​ម៉ាស់​ទៅ​បរទេស​។

លោកស្រី យក់សម្បត្តិ ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​បច្ចុប្បន្នភាព​ជំងឺ​កូវីដ​ ១៩​ កាលពី​ថ្ងៃទី​ ២៧ ​ខែ​មេសា​​ ថា​កម្ពុជា​នឹង​អាច​ផលិត​បាន ១១ ​លាន​ម៉ាស់ ​ដែល​អាច​គ្រប់គ្រាន់​តាម​ផែនការ​នៅ​សប្តាហ៍​ទី​ ១ នៃ​ខែឧសភា​។

គួររំឭក​ថា​កាលពី​ថ្ងៃទី​ ៣០ ខែ​ មីនា ឆ្នាំ​ ២០២០ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ដាក់​វិធានការ​បន្ទាន់​មួយ​ក្នុង​ការគ្រប់គ្រង​មុខទំនិញ​មួយ​ចំនួន ដែល​ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​ការចម្លង​ជំងឺ​កូវីដ​១៩ ដោយ​តម្រូវ​ឲ្យ​មាន​ការសុំ​ការអនុញ្ញាត​នាំចេញ​ពី​ក្រសួង​សុខាភិបាល​លើ​មុខទំនិញ​ម៉ាស់​គ្រប់​ប្រភេទ ផលិតផល​សម្លាប់​មេរោគ​គ្រប់​ប្រភេទ​រួមមាន​អាល់កុល ល្បាយ​អាល់កុល ជែល​សម្អាត​ដៃ និង​ផលិតផល​មួយចំនួន​ទៀត​៕