ភ្នំពេញៈ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ (​គ.ស.ម.ក) ​ពី​ម្សិលមិញ​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា​។ ស្ថាប័ន​នេះ​ថ្លែងថា ប្រជាធិបតេយ្យ​មាន​គោលការណ៍​រួម តែ​ការអនុវត្ត​ត្រូវមាន​ភាពបត់បែន និង​ប្រែប្រួល​ទៅតាម​បរិបទ និង​គុណតម្លៃ​នៃ​ប្រទេស​នីមួយៗ​ដោយ​តម្កល់​នូវ​ប្រយោជន៍​ជាតិ​ខ្លួន​ជាធំ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​កម្រាស់​ ៧ ​ទំព័រ​របស់ គ.ស.ម.ក ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ពី​បច្ចុប្បន្នភាព​អំពី​ស្ថានភាព​សិទ្ធិមនុស្ស ការអនុវត្ត​ច្បាប់​ក្នុងការ​លើកស្ទួយ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា និង​ជា​ការឆ្លើយតប​ទៅនឹង​ការរិះគន់ ការចោទប្រកាន់​ដោយ​លម្អៀង គ្មាន​មូលដ្ឋាន​របស់​ក្រុម​អង្គការ​មួយចំនួន​ដែល គ.ស.ម.ក ចាត់ទុក​ថា​ «​មាន​និន្នាការ​នយោបាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​»​។

គ.ស.ម.ក ថ្លែងថា​៖ «​ប្រជាធិបតេយ្យ​មាន​គោលការណ៍​រួម តែ​មិនមាន​ស្តង់ដា​រួម​ដែល​តម្រូវ​ឲ្យ​ប្រទេស​ទាំងអស់​ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ដូចគ្នា​នោះទេ ពោល​គឺ​ការអនុវត្ត​ត្រូវមាន​ភាពបត់បែន និង​ប្រែប្រួល​ទៅតាម​បរិបទ និង​គុណតម្លៃ​នៃ​ប្រទេស និង​តំបន់​នីមួយៗ ដោយ​តម្កល់​នូវ​ប្រយោជន៍​ជាតិ​ខ្លួន​ជាធំ​»​។

ស្ថាប័ន​នេះ​បន្តថា​៖ «​ដូច្នេះ​ការវាយតម្លៃ​ពី​ស្ថានភាព​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​ក្នុងប្រទេស​មួយ​ដែល​ប្រកប​ដោយ​ភាពសុក្រឹត យុត្តិធម៌ ត្រឹមត្រូវ និង​គ្រប់​ជ្រុងជ្រោយ មិន​លម្អៀង​នោះ គឺ​ត្រូវ​ធ្វើឡើង​ដោយ​ផ្អែកលើ​គោលការណ៍​រួម​ផង ព្រមទាំង​បរិបទ និង​គុណតម្លៃ​នៃ​ប្រទេស និង​តំបន់​នោះ​ផងដែរ​ និង​មិនត្រូវ​វាយតម្លៃ​ដោយ​ផ្ដោត​ទៅ​លើ​សិទ្ធិ​ណាមួយ ហើយ​បំភ្លេចចោល​នូវ​វឌ្ឍនភាព​នៃ​ការអនុវត្ត​សិទ្ធិ​ដទៃទៀត​នោះទេ​»​។

គ.ស.ម.ក លើកឡើង​ពី​ទិដ្ឋភាព សិទ្ធិមនុស្ស​ជាច្រើន​ផ្នែក​ព្រមទាំង​បាន​បង្ហាញ​ពី​ការអនុវត្ត​ច្បាប់​ចំពោះ​សកម្មភាព​រំលោភច្បាប់​នានា​រួមមាន​ទាំង​វិធានការ​លើ​ការតវ៉ា​ដាក់​សម្ពាធ​លើ​តុលាការ​។ ការបញ្ចេញមតិ​រឿង​ព្រំដែន ដែល​ខុសពី​ការពិត និង​ការរាយការណ៍​ជូន​អង្គការ​សហប្រជាជាតិ​ដោយ​លម្អៀង ឬ​មិន​គ្រប់​ជ្រុងជ្រោយ​។

ក្រៅពី​នេះ គ.ស.ម.ក ក៏​លើកឡើង​វិធានការ​របស់​បរទេស និង​ស្ថាប័ន​អន្តរជាតិ​មួយចំនួន​ដែល​ជា​ការជ្រៀតជ្រែក​ចូល​ផ្ទៃក្នុង​កម្ពុជា​។ ការលើកឡើង​ពី​ចំណុច​នេះ​ទំនងជា​សំដៅ​ដល់​សហរដ្ឋ​អាមេរិក​ដែល​កាលពី​ឆ្នាំមុន​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​មន្ត្រី​កម្ពុជា​ដោយ​ចោទថា​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភសិទ្ធិ​មនុស្ស​ហើយ​ថ្មីៗ​នេះ​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​កម្ពុជា​។

គ.ស.ម.ក ថា​៖ «​វា​បានបង្ហាញ​ឲ្យ​ឃើញច្បាស់​ពី​ការបាត់បង់​សណ្ដាប់ធ្នាប់​អន្តរជាតិ និង​ភាពអនាធិបតេយ្យ​នៃ​នយោបាយ​អន្តរជាតិ​នាពេល​ថ្មីៗ​នេះ​។ ការដែល​រដ្ឋ​ ១ ​អាច​រៀបចំ​ច្បាប់​តាម​ទំនើងចិត្ត និង​ជា​ឯកតោភាគី លូកលាន់​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​ដទៃ​ក្រោមលេស​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ព្រមទាំង​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋ ថ្នាក់ដឹកនាំ និង​សហគ្រាស​ឯកជន​នៃ​រដ្ឋ​អធិបតេយ្យ​ ១ ​ទៀត​ដោយ​មិន​ឆ្លងកាត់​យន្តការ​អង្គការ​សហប្រជាជាតិ ទង្វើ​នេះ​ធ្វើឡើង​ក្រោមរូបភាព និង​ផលប្រយោជន៍​នយោបាយ​ជាជាង​ហេតុផល​សិទ្ធិមនុស្ស​»​។

ស្ថាប័ន​នេះ​បញ្ជាក់ថា​ទោះ​យ៉ាងណា កម្ពុជា​បន្ត​សហប្រតិបត្តិការ​ជាមួយ​គ្រប់​យន្តការ​អន្តរជាតិ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ គ.ស.ម.ក. ​បញ្ជាក់​ម្សិលមិញ​ថា​នេះ​ជាការ​បង្ហាញ​អំពី​តថភាព​នៃ​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ជា​ការឆ្លើយតប​ទៅនឹង​អង្គការ​ដែល​តែង​ចោទ​រដ្ឋាភិបាល​រឿង​រំលោភសិទ្ធិ​មនុស្ស​។

លោក ប៉ា ច័ន្ទរឿន នាយក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​ថ្លែងថា​៖ «​រដ្ឋាភិបាល​គួរតែ​ចាត់ទុក​សំឡេង​អង្គការ​សង្គម​ស៊ីវិល​ជា​ការផ្ដល់​មតិ ជា​ព័ត៌មាន​សម្រាប់​ការកែលម្អ​»៕