បន្ទាយមានជ័យៈ លោក ស ខេង ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថ្លែង​ពី​ម្សិលមិញ​ថា គិត​ចាប់ពី​ថ្ងៃទី​ ២២ ខែមីនា​មកដល់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ អាជ្ញាធរ​មូលដ្ឋាន​ទូទាំងប្រទេស​បាន​ក្ដាប់​ចំនួន​ពលរដ្ឋ​វិលត្រឡប់​ពី​ប្រទេស​ថៃ​ទៅដល់​ស្រុកកំណើត​មាន​ប្រមាណ​ជាង​ ៤ ​ម៉ឺន​នាក់​។ នេះ​បើតាម​ព័ត៌មាន​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ម្សិលមិញ​។

លោក ស ខេង បាន​ថ្លែង​នៅ​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​កាលពី​ម្សិលមិញ​ថា ក្នុង​ចំណោម​ពលរដ្ឋ​ទាំងនោះ​រួមមាន​ពី​ខេត្តបន្ទាយមានជ័យ​ជាង​ ៩ ២០០ ​នាក់​បាត់ដំបង​ជាង ៧ ៦០០ ​នាក់ កំពង់ចាម​ជាង ១ ១០០ ​នាក់ កំពង់ធំ​ជាង ១ ៨០០ ​នាក់ កំពត ៥០០ ​នាក់ កណ្ដាល​ជាង​ ១ ០០០ ​នាក់ ព្រៃវែង​ជាង​ ២ ០០០ នាក់ ពោធិ៍សាត់​ជាង​ ៨០០ ​នាក់ សៀមរាប​ជាង​ ៥ ០០០ ​នាក់ តាកែវ​ជាង ៨០០ នាក់ ឧត្តរមានជ័យ​ជាង​ ១ ៨០០ ​នាក់​ និង​ខេត្ត​ត្បូងឃ្មុំ​ជាង​ ១ ៣០០ ​នាក់​។

ចំនួន​នេះ​នៅ​មិនទាន់​បូក​បញ្ចូល​ជាមួយ​ខេត្ត​ផ្សេងៗ​ទៀត​ដែល​មាន​ពលរដ្ឋ​ក្នុង​ចំនួន​តិច​នោះទេ​។ លោក​ឲ្យ​ដឹង​ដែរ​ថា​មាន​មនុស្ស ២៤ ​នាក់​ដែល​បាន​ត្រឡប់​ពី​ប្រទេស​ថៃ​ត្រូវ​បានដាក់​ក្នុង​វិធានការ​នៅ​ដោយឡែក​នៅ​ខេត្ត​ព្រះសីហនុ​។ ការវិលត្រឡប់​យ៉ាង​គំហុក​នៃ​ពលរដ្ឋ​ខ្មែរ​ធ្វើការ​នៅ​ថៃ​នេះ​ធ្វើ​ឡើង បន្ទាប់ពី​ប្រទេស​ថៃ​បាន​ប្រកាស​បិទ​ព្រំដែន​ជាមួយ​កម្ពុជា​ដែល​ជា​វិធានការ​ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ​ ១៩​។

ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក​កាលពី​ម្សិលមិញ​បាន​ជូនដំណឹង​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ថា ប្រទេស​ថៃ​បានប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ដោយ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​ ២៦ ខែមីនា ម្សិលមិញ​រហូត​ដល់​ថ្ងៃទី​ ៣០ ខែ​មេសា​ដែល​ហាម​មិន​ឲ្យ​មាន​ការឆ្លងកាត់​ព្រំដែន​កម្ពុជា-ថៃ នោះ​ឡើយ​។

ស្ថានទូត​បញ្ជាក់ថា ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ទិដ្ឋាការ​ស្នាក់នៅ និង​បណ្ណ​អនុញ្ញាត​ការងារ​អស់​សុពលភាព ក្រសួង​ការងារ​ថៃ​នឹង​បន្ត​ឲ្យ​ស្នាក់នៅ​រហូតដល់​ថ្ងៃទី​ ៣០ មិថុនា ដោយ​លើកលែង​ការផាកពិន័យ​លើ​ការស្នាក់នៅ​លើស​កំណត់​។ ស្ថានទូត​ប្រាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាក់ទង​មន្ទីរ​ការងារ​ក្រុង-ខេត្ត​នៃ​ប្រទេស​ថៃ​ឲ្យ​បាន​ត្រឹម​ថ្ងៃ​ ៣១ ខែមីនា​។

កាលពី​ថ្ងៃ​ពុធ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា​កម្ពុជា​អាចដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ប្រសិន​បើ​ការអំពាវនាវ​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវីដ​១៩ មិន​មាន​ប្រសិទ្ធភាព​។

លោក គី តិច អនុប្រធាន​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ថ្លែង​យ៉ាងខ្លី​កាលពី​ម្សិលមិញ​ថា ក្រុមប្រឹក្សា​កំពុង​សិក្សា​លើ​ការដាក់​ប្រទេស​ក្នុង​ស្ថានភាព​គ្រា​មាន​អាសន្ន​នេះ​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ថ្លែង​ថា ដោយសារ​តែ​រដ្ឋធម្មនុញ្ញ​ចែង​ច្បាស់​ថា ព្រះមហាក្សត្រ​អាចដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ដោយ​មាន​ការឯកភាព​ពី​នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង​ប្រធាន​ព្រឹទ្ធសភា​នោះ​ព្រះមហាក្សត្រ​អាច​ចេញ​ព្រះរាជក្រឹត្យ​ភ្លាមៗ​តាម​ការស្នើសុំ​ដោយ​មាន​ភ្ជាប់​ជាមួយ​នូវ​លក្ខខណ្ឌ​។

លោក​ថ្លែងថា​៖ «​ហើយ​ការដាក់​ក្នុង​លក្ខខណ្ឌ​បែបណា​នោះ​គឺ​ព្រះរាជក្រឹត្យ​នឹង​កំណត់​លក្ខខណ្ឌ និង​គោលការណ៍​មួយចំនួន​នៃ​ការដាក់​នោះ​ហើយ​។ មាត្រា​ ២២ ​នេះ​បាន​ចង្អុល​បង្ហាញ​ដល់​សិទ្ធិ​របស់​ស្ថាប័នរដ្ឋ​គឺ​អំណាច​នីតិប្រតិបត្តិ​ក្នុង​ការកំណត់​លក្ខខណ្ឌ​ចាំបាច់​មួយចំនួន​ក្នុង​ការដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន រួមមាន​រយៈពេល​តំបន់​ដែល​ត្រូវ​ប្រកាស​ភាពអាសន្ន​អាច​តំបន់​មួយចំនួន ឬ​មួយ​ទូទាំង​ប្រទេស​ក្នុង​រយៈពេល​កំណត់ ឬ​មិនមាន​ពេល​កំណត់​រហូតដល់​ស្ថានការណ៍​ប្រសើរឡើង​អាច​កំណត់​ពី​របៀបរបប​សិទ្ធិអំណាច​របស់​រដ្ឋាភិបាល​កាតព្វកិច្ច​របស់​ពលរដ្ឋ និង​វិធានការ​ចាំបាច់​មួយចំនួន​»​។

គិត​ត្រឹម​យប់មិញ​នេះ​មនុស្ស​សរុប​ចំនួន​ ១១ ​នាក់​នៅ​កម្ពុជា​ដែល​ឆ្លង​ជំងឺ​កូវីដ​១៩ បាន​ជាសះស្បើយ​ក្នុង​ចំណោម ៩៨ នាក់​ដែល​ក្នុងនោះ​មាន​ខ្មែរ​ ៩ ​នាក់​ចិន ម្នាក់ និង​អង់គ្លេស​ម្នាក់​។

លោក កែវ វណ្ណៈ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ​ដែល​ខេត្ត​នេះ​មាន​អ្នក​ផ្ទុក​ ២ ​នាក់​បាន​ជា​សះស្បើយ​ពន្យល់ថា បន្ទាប់ពី​អ្នក​ទាំង​ ២ ​បាន​ចេញពី​មន្ទីរពេទ្យ មន្ត្រី​សុខាភិបាល​នៅ​តែ​បន្ត​តាមដាន​សុខភាព​របស់​ពួកគេ​បន្តទៀត​ ប៉ុន្តែ​មិនមាន​ការហាមឃាត់​ក្នុង​ការជួបជុំ​ក្រុមគ្រួសារ​របស់​ពួកគេ​ទេ ប៉ុន្តែ​ពួកគេ​ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ឆ្លង​ពី​អ្នក​ដទៃទៀត​។

លោក​ថ្លែង​អំពី​ការព្យាបាល​យ៉ាង​ដូច្នេះ​ថា​៖ «​គាត់​មិនទាន់​ជា​អ្នកជំងឺ​ទេ គ្រាន់តែ​ផ្ទុក ហើយ​យើង​មើលថែ​សុខភាព​គាត់​ពីរ​របៀប គឺ​តាម​ផ្លូវចិត្ត ការអប់រំ​អំពី​អនាម័យ​ធ្វើឲ្យ​គាត់​សប្បាយចិត្ត ណែនាំ​ពី​សុខភាព​ហើយ​ការព្យាបាល​ផ្នែក​វេជ្ជសាស្ត្រ​យើង​តាមដាន​មើល​ឈាម​គាត់ មើល​កំដៅ និង​ការសួរនាំ​ផ្សេងៗ​»​។

លោក​ថា ការពិនិត្យ​សុខភាព​រកឃើញ​អវិជ្ជមាន​ទាំង​ ២ ​លើក​នោះ​ធ្វើ​ឡើង​រៀងរាល់​ ៣ ​ថ្ងៃ​ម្ដង​៕

វីដេអូ៖