ភ្នំពេញៈ គិត​ចាប់ពី​ដើមខែ​មីនា​មក​ដល់​ថ្ងៃទី​ ២០ ខែវិច្ឆិកា រាជរដ្ឋាភិបាល​បាន​បើក​ផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​កម្មករ​និយោជិត​ប្រមាណ​ ៣៣ ​ម៉ឺន​នាក់ ​ដោយ​ចំណាយ​ថវិកា​ប្រមាណ ២២ ​លាន​ដុល្លារ ខណៈ​រដ្ឋាភិបាល​នៅ​មិនទាន់​សម្រេច​ថា តើ​នឹងត្រូវ​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករនិយោជិត​នៅ​ឆ្នាំ​ ២០២១ ​ទៀត​ឬ​យ៉ាងណា​?

លោក​ ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា នៅ​ចំពោះមុខ​រាជរដ្ឋាភិបាល​នឹង​បញ្ចប់​ការបើក​ផ្តល់ប្រាក់​ឧបត្តម្ភ​ដល់​កម្មករនិយោជិត​នៅ​ត្រឹម​ឆ្នាំ​ ២០២០ ​នេះ​។ ប៉ុន្តែ​លោក​ថា ចំពោះ​ស្ថានភាព​ជាក់ស្តែង​រដ្ឋាភិបាល​នឹង​ពិនិត្យ​វាយតម្លៃ​ម្តងទៀត នៅ​ខែធ្នូ​ថា​តើ​អាច​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជូន​ដល់​កម្មករនិយោជិត​នៅ​ឆ្នាំ​ ២០២១ ​ទៀត​ឬ​យ៉ាងណា​? ​

លោក​បញ្ជាក់​ថា​៖ «​ជា​ការពិត​បច្ចុប្បន្ននេះ​ចំនួន​រោងចក្រ និង​កម្មករ​ដែល​ព្យួរ​កិច្ចសន្យា​ការងារ​មាន​ចំនួន​តិចជាង​កាលពី​ខែ​ឧសភា មិថុនា កក្កដា និង​សីហា​ច្រើន​។ ចំពោះមុខ​ការបើក​ប្រាក់​ឧបត្ថម្ភ​នេះ គឺ​នឹង​ផ្តល់​ជូន​ត្រឹម​ដំណាច់​ឆ្នាំនេះ​»​។

គិត​ត្រឹម​ថ្ងៃទី​ ២០ ខែ វិច្ឆិកា ឆ្នាំ​ ២០២០ ក្រសួង​ការងារ​បាន​បើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករនិយោជិត​ចំនួន ៣៨ ​លើក​រួចមកហើយ ដោយ​ក្នុង​កម្មករ​ម្នាក់ៗ​អាច​ទទួល​បាន​ប្រាប់​ឧបត្ថម្ភ​ចំនួន ៣៨ ដុល្លារ ឬ​ ៧៦ ​ដុល្លារ​អាស្រ័យ​ទៅតាម​ពេលវេលា​នៃ​ការព្យួរ​ការងារ​របស់​កម្មករ​។

បើតាម​របាយការណ៍​ចុងក្រោយ​របស់​ក្រសួង​ការងារ បច្ចុប្បន្ន​មាន​រោងចក្រ​ប្រមាណ ៧០ បាន​បន្ត​ព្យួរការងារ​កម្មករនិយោជិត ដោយ​មូលហេតុ​បណ្តាល​មកពី​ការ​ទទួលរង​វិបត្តិ​ពី​ជំងឺ​វីដ​ ១៩​។

អ្នកស្រី សុំ សារ៉ន ជា​កម្មការិនី​រោងចក្រ​ដែល​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ចំនួន​ ២ ​លើក​ពី​រដ្ឋាភិបាល​នៅពេល​អ្នកស្រី​ត្រូវបាន​រោងចក្រ​ព្យួរការងារ និយាយថា ប្រាក់​ទាំងនេះ​បាន​ជួយ​សម្រាល​បន្ទុក​ក្នុង​ជីវភាព​គ្រួសារ​អ្នកស្រី​បាន​មួយផ្នែក ខណៈ​ដែល​គ្មាន​ការងារ​ធ្វើ និង​គ្មាន​ចំណូល​។ អ្នកស្រី​រំពឹង​ថា រដ្ឋាភិបាល​នឹង​បន្ត​ជួយ​ឧបត្ថម្ភ​ដល់​កម្មករ​ដែល​ប្រឈម​នឹង​ការអត់​ការងារ​ធ្វើ និង​គ្មាន​ចំណូល​ដែល​បណ្តាល​មកពី​រោងចក្រ​បាន​បិទទ្វារ​ជា​បន្តទៀត​។

អ្នកស្រី​បាន​បន្តថា​៖ «​ប្រាក់​ទាំងនេះ​បាន​ជួយ​សម្រាល​ការខ្វះខាត​របស់​យើង​ទៅនឹង​ជីវភាព​ប្រចាំថ្ងៃ​។ ទោះ​វា​មិនបាន​ទាំងស្រុង​ក៏​បាន ៥០ ​ភាគរយ​ដែរ​»​។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ កម្មករ​កាត់ដេរ​កម្ពុជា​យល់​ថា បើសិន​ជា​កម្មករ​ទាំង ៣៣ ​ម៉ឺន​នាក់​នោះ ពិតជា​ទទួល​បាន​នូវ​ការជួយ​ឧបត្តម្ភ​យ៉ាង​ប្រាកដ​មែន​នោះ​គឺជា​ការជួយ​មួយ​ដ៏មាន​សារៈសំខាន់​សម្រាប់​កម្មករ ស្រប​ពេល​ដែល​ពួកគេ កំពុង​ប្រឈម​នឹង​ការបាត់បង់​ការងារ​ធ្វើ និង​គ្មាន​ប្រាក់ចំណូល​។

លោក​រំពឹងថា ក្នុង​ឆ្នាំ​ ២០២១ ខាងមុខ​រដ្ឋាភិបាល​គួរតែ​ពិនិត្យ​លទ្ធភាព​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​វិស័យ​ដែល​បន្ត​ប៉ះពាល់​បន្ថែមទៀត រហូត​ដល់​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩​បានបញ្ចប់ ហើយ​ផលប៉ះពាល់​ទាំងអស់​បាន​ធូរស្រាល​ឡើងវិញ​។

លោក​បន្ថែម​ថា​៖ «​បើ​គិត​ទៅ ប្រាក់​នេះ​អាច​រួមចំណែក​បាន​ ៣០ ​ភាគរយ​នៃ​កម្មករ​ម្នាក់​ដែល​បាន​ព្យួរ​ការងារ​ដែរ ព្រោះ​ប្រាក់ខែ​គាត់ ២០០ ដុល្លារ​ ហើយ​នៅពេល​រោងចក្រ​ព្យួរ​ខាង​រោងចក្រ​ផ្តល់ឱ្យ ៤០ ដុល្លារ បូក​នឹង​ការផ្តល់ប្រាក់​ឧបត្តម្ភ​បន្ថែមទៀត​ពី​រដ្ឋាភិបាល​។ គួរតែ​ពង្រឹក​វិសាលភាព​ដល់​វិស័យ​ដែល​ប៉ះពាល់​បន្ថែមទៀត​ព្រោះ​មកដល់​ពេល​នេះ​ស្ថានភាព​របស់​ពួកគាត់ ក៏​មិនទាន់​ប្រសើរ​នៅឡើយ​ដែរ ដូចជា​វិស័យ​ទេសចរណ៍ មកដល់​ពេល​នេះ​យើង​នៅតែ​ទទួល​បាន​ថា គ្មាន​ការកក់​សេវាកម្ម​របស់​ពួកគាត់​»​។

សូមជម្រាបថា ក្រៅពី​ការឧបត្តម្ភ​សាច់ប្រាក់​ដល់​កម្មករ​នេះ ចាប់ពី​ខែ​មិថុនា ដល់​ខែ​វិចិ្ឆកា ឆ្នាំ​ ២០២០ រាជរដ្ឋាភិបាល​ក៏​បាន​ឧបត្ថម្ភ​ជា​សាច់ប្រាក់​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​កូវីដ ​១៩​ បាន​ចំនួន ៦៥៩ ៨៤៥ ​គ្រួសារ ឬ​ស្មើ​ប្រមាណ​ ២,៧ ​លាន​នាក់​ ដោយ​ចំណាយ​ថវិកា​សរុប ៥៥៣ ១១៩ ៦៦៤ ០០០ ​រៀល​ផងដែរ​។

លោក សំហេង បុរស រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ក៏បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ ដែរ​ថា រដ្ឋាភិបាល​ក៏​កំពុង​ពិចារណា​ក្នុង​ការបន្ត​ការឧបត្ថម្ភ​សាច់ប្រាក់​សម្រាប់​គ្រួសារ​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​សម្រាប់​ឆ្នាំ​ ២០២១ ​បន្តទៀត​។ លោក​ថា​ ការសម្រេច​នេះ​នឹងត្រូវ​ប្រកាស​នៅ​ចុង​ឆ្នាំ​ ២០២០ ​នេះ​៕