ភ្នំពេញៈ លោកស្រី ប្រាក់ ម៉ានីឡា ប្រធាន​សមាគម​គិលានុបដ្ឋាក​កម្ពុជា ត្រូវ​បាន​ជ្រើសតាំង​ជា​ស្ត្រី​ឆ្នើម​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ឆ្នើម​ជា​អ្នកដឹកនាំ​គិលានុបដ្ឋាក និង​ឆ្មប​ ១០០ ​នាក់​ នៅលើ​ពិភពលោក​ក្នុង​ឆ្នាំ​ ២០២០ ដែលជា​ឆ្នាំ​អន្តរជាតិ​នៃ​គិលានុបដ្ឋាក និង​ឆ្មប​។ លោកស្រី​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ «​ស្ត្រី​ក្នុង​សុខាភិបាល​សកល​» ​សម្រាប់​ការរួមចំណែក​ដល់​សុខភាព​សកល​។

យោងតាម​អង្គការ​ «​ស្ត្រី​ក្នុង​សុខាភិបាល​សកល​» មាន​ស្ត្រី​ចំនួន​ជាង ៣០០ ​នាក់​ ត្រូវ​បាន​ចុះឈ្មោះ​ដើម្បី​ទទួល​បាន​ការជ្រើសតាំង​នេះ ដោយ​ពួកគាត់​ត្រូវបំពេញ​បែបបទ​តាម​អនឡាញ​ផ្អែកលើ​លក្ខខណ្ឌ ៨ ​ចំណុច​ ដែល​មាន​សារៈសំខាន់​ក្នុង​ការធ្វើឱ្យ​ប្រសើរ​ឡើងដល់​គិលានុបដ្ឋាក សុខភាព​ និង​ភាពជា​អ្នកដឹកនាំ​។

លោកស្រី ប្រាក់ ម៉ានីឡា គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម ១០០ នាក់​ ដែល​ត្រូវបាន​ជ្រើស​តាំងពី​ប្រទេស​ចំនួន ៤៣ ដោយមាន​ការវាយតម្លៃ​ពី​តំណាង​មកពី​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​មូលនិធិ​អង្គការ​សហប្រជាជាតិ​ដើម្បី​ប្រជាជន (UNFPA) ​និង​អង្គការ​ដៃគូ​ចំនួន​ ៤ ​ទៀត​។

លោកស្រី ប្រាក់ ម៉ានីឡា មាន​ប្រសាសន៍​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពីថ្ងៃ​ទី​ ២២ ធ្នូ​ ថា​៖ «​ការជ្រើសរើស​នេះ​គឺជា​អត្ថន័យ​លំដាប់​ពិភពលោក​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ វិជ្ជាជីវៈ​ថែទាំ និង​ប្រទេសជាតិ​របស់ខ្ញុំ​។ ខ្ញុំ​មាន​មោទនភាព និង​សោមនស្ស​ដែល​ខ្លួន​ជា​តំណាង​ឱ្យ​ស្ត្រី និង​គិលានុបដ្ឋាក​នៅ​កម្ពុជា​ហើយ​បាន​នាំយក​វិជ្ជាជីវៈ​មួយ​នេះ​ទៅកាន់​ពិភពលោក​។ នេះ​សបញ្ជាក់​ថា​កម្ពុជា​មាន​សមត្ថភាព​ចូលទៅ​កាន់​វេទិកា​អន្តរជាតិ​បាន​យ៉ាង​ពេញលេញ​»​។

លោកស្រី​បាន​រៀបរាប់ថា លោកស្រី​បានធ្វើ​កិច្ចការ​សម្រាប់​សេវា​សុខាភិបាល​នៅ​ប្រទេស​កម្ពុជា​ តាំងពី​ឆ្នាំ​ ១៩៩១ មក​ម្ល៉េះ​។ នៅ​ឆ្នាំ​ ២០១៣ លោកស្រី​បាន​ផ្តួចផ្តើម​ និង​ដឹកនាំ​ក្នុង​ការបង្កើត​សមាគម​គិលានុបដ្ឋាក​កម្ពុជា​រហូត​ដល់​សមាគម​នេះ​ត្រូវបាន​ចុះ​បញ្ជិកា​ជាមួយ​ក្រសួង​មហាផ្ទៃ​នៅ​ខែកុម្ភៈ ឆ្នាំ​ ២០១៩​។ សមាគម​នេះ​មាន​ការគាំទ្រ​ឱ្យ​កើតមានឡើង​ដោយ​ក្រសួង​សុខាភិបាល ប្រកាស​ជា​ផ្លូវការ​នៅ​ក្រសួង​សុខាភិបាល​ក្នុង​ខែឧសភា ឆ្នាំ​ ២០១៩​។

ចាប់តាំងពី​ខែកក្កដា ឆ្នាំ​ ២០២០ រហូតដល់​បច្ចុប្បន្ន​លោកស្រី​កំពុង​បម្រើការ​ជា​ទីប្រឹក្សា​ជំនាញ​នៃ​ការទទួលស្គាល់​គុណភាព​សេវា​សុខាភិបាល​របស់​ទីភ្នាក់ងារ​គម្រោង​លើកកម្ពស់​គុណភាព​សេវា​ថែទាំ​សុខភាព (EQHA) របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) ​តាមរយៈ​អង្គការ​ FHI360​។

លោកស្រី​បន្តថា ពី​ឆ្នាំ​ ១៩៩៩ ដល់​ខែមិថុនា ឆ្នាំ​ ២០២០ លោកស្រី​បាន​បម្រើការ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ក្នុង​គម្រោង​សំខាន់ៗ និង​ទទួល​ខុសត្រូវ​ក្នុង​កម្មវិធី​សង្គ្រោះ​ទារក​ដែល​ជា​គម្រោង​សុខភាព​សហគមន៍​មួយ​អនុវត្ត​នៅ​ខេត្តព្រះវិហារ​។ សព្វថ្ងៃនេះ​លោកស្រី​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​។

បន្ថែម​ពីលើ​នេះ លោកស្រី​បាន​ចូលរួម​ជាច្រើន​ជាមួយ​ក្រសួង​សុខាភិបាល​ក្នុង​ការអភិវឌ្ឍ​ស្តង់ដា​នៃ​ការអនុវត្ត​សម្រាប់​គិលានុបដ្ឋាក (២០១៥) ក្រមសីលធម៌​សម្រាប់​គិលានុបដ្ឋាក​ (២០១៣) ​គោលការណ៍​ណែនាំ​ស្តីពី​របៀប​ថែទាំ និង​ពិធីសារ​ថែទាំ​របស់​គិលានុបដ្ឋាក និង​ឆ្មប​ក្នុង​ប្រទេស​កម្ពុជា (២០១២)​។

សព្វថ្ងៃនេះ​លោកស្រី​កំពុង​ដឹកនាំ​សមាគម​គិលានុបដ្ឋាក​កម្ពុជា ដោយ​ផ្តល់​ការបណ្តុះបណ្តាល​ដល់​គិលានុបដ្ឋាក​ទាំងអ្នក​ដែល​បម្រើការ​នៅ​ស្ថាប័នរដ្ឋ និង​ឯកជន​តាម​អនឡាញ​ដើម្បី​អភិវឌ្ឍ​វិជ្ជាជីវៈ​បន្ត​។ ចាប់ពី​ខែកញ្ញា ឆ្នាំ​ ២០២០ លោកស្រី​កំពុង​ទទួល​បាន​អាហារូបករណ៍​ពី​ក្រុមប្រឹក្សា​គិលានុបដ្ឋាក​អន្តរជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស​។

លោកស្រី​ក៏​កំពុង​ធ្វើការ​ជាមួយ​ក្រសួងសុខាភិបាល​តាមរយៈ​គម្រោង​លើកកម្ពស់​គុណភាព​សេវា​ថែទាំ​សុខភាព​ (EQHA) របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) ដោយ​គម្រោង​នេះ ធ្វើការ​លើ​ការបង្កើត​ឱ្យ​មាន​ប្រព័ន្ធ​ទទួលស្គាល់​គុណភាព​សេវា​សុខាភិបាល​។

លោកស្រី​មាន​ប្រសាសន៍​ថា​៖ «​តាមរយៈ​កិច្ចការ​ទាំងអស់​នេះ​ធ្វើឱ្យ​ខ្ញុំ​មានឱកាស​ចូលប្រឡូក​ក្នុង​ឆាក​អន្តរជាតិ​ជាច្រើន​ដង ដើម្បី​សិក្សា​រៀនសូត្រ​ពី​គេ​ផង និង​បង្ហាញ​សមត្ថភាព​ក្នុងនាម​ជា​ស្ត្រី​ខ្មែរ និង​ជា​គិលានុបដ្ឋាក​ខ្មែរ​ម្នាក់​តំណាងឱ្យ​ស្ត្រី​ខ្មែរ​ដទៃទៀត និង​គិលានុបដ្ឋាក​កម្ពុជា​។ ខ្ញុំ​ត្រូវបាន​ស្ថាប័ន​គិលានុបដ្ឋាក​អន្តរជាតិ​អញ្ជើញ​ឱ្យធ្វើ​បទបង្ហាញ​ក្នុង​សិក្ខាសាលា​របស់គេ​ និង​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​សន្និសីទ​អន្តរជាតិ​ធំៗ​របស់​គិលានុបដ្ឋាក​ជាច្រើន​ដង​»៕