ភ្នំពេញៈ ​ខណៈ​អាជ្ញាធរ​កម្ពុជា​កំពុង​ស្វែងរក​ចាប់​ខ្លួន បន្ទាប់ពី​រង​ការព្រមាន​ផ្ទួនៗ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អ្នកវិភាគ​នយោបាយ​លោក គឹម សុខ ដែល​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ឥត​សំចៃមាត់​ដែល​នៅពេល​នេះ​កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​ ៣ ​បាន​អះអាង​ថា​លោក ​ហ៊ុន សែន បាន​ «​បរាជ័យ​» ​ក្នុង​ការ​ទាក់ទាញ​រូបលោក​ឲ្យ​ចូលរួម​ជាមួយ​ជា​អ្វី​ដែល​មន្ត្រី​បក្ស​កាន់អំណាច​ច្រានចោល​។

កាលពី​សប្ដាហ៍​មុន​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក គឹម សុខ បន្ទាប់ពី​លោក​បាន​គេចវេះ​មិន​ព្រម​ចូល​បំភ្លឺ​នៅ​តុលាការ​កាលពី​ថ្ងៃទី​ ១៤ ខែ​កញ្ញា​ឆ្នាំ​ ២០១៨ តាម​ការ​កោះហៅ​របស់​តុលាការ​។

លោក​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស ២ ករណី​ផ្សេង​គ្នា​កាលពី​ឆ្នាំ​ ២០១៧ ពី​បទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​» ​ដាក់​ពន្ធនាគារ​រយៈពេល​ ១៨ ​ខែ ពិន័យ ៨ លាន​រៀល និង​ត្រូវ​សង​សំណង​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុនសែន ចំនួន ៨០០ លាន​រៀល (​ប្រហែល ២០ ម៉ឺន​ដុល្លារ​)​។

បន្ទាប់ពី​បាន​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​ ១៨ ​ខែ​រួច​មក​លោក​នៅ​តែ​បន្ត​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា​ជា​ «​និតីមាត់​» រហូត​ដល់​លោក​នាយករដ្ឋមន្ត្រី​បញ្ជា​ឲ្យ​មេធាវី​តាម​ទារ​សំណង​ឈ្នះក្ដី​ចំនួន​ ២០ ម៉ឺន​ដុល្លារ​ជា​អ្វី​ដែល​លោក គឹម សុខ ថា លោក​គ្មាន​លុយ​ច្រើន​បែប​នេះ​សង​ទៅ​លោក​ ហ៊ុន សែន ទេ​។

ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ទី​មាន​សុវត្ថិភាព​លោក​ គឹម សុខ អះអាង​ថា​លោក ហ៊ុន សែន បាន​ព្យាយាម​ទាក់ទាញ​រូបលោក​ឲ្យ​ចូលរួម​ជាមួយ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​លោក​បដិសេធ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ដឹង​ថា​លោក ហ៊ុន សែន មិន​លើកលែង​ឲ្យ​ខ្ញុំ​ទេ ទោះ​គាត់​ត្រូវ​ចំណាយ​ប៉ុនណា ព្រោះ​គាត់​បរាជ័យ​ម្តង​ហើយ​ម្តង​ទៀត​អស់​រយ:ពេល​ ១២ ​ឆ្នាំ​មក​ហើយ​ក្នុង​ការ​ទាក់ទាញ​ខ្ញុំ​ឲ្យ​ចូលរួម​ជាមួយ​គាត់​។ យ៉ាង​ណា​ខ្ញុំ​ត្រូវ​ប្រឹងប្រែង​រក​សេរីភាព​សិន​ក្នុង​កាល:ទេស:​នេះ​ព្រោះ​នៅ​មាន​ការងារ​ប្រជាធិបតេយ្យ​ត្រូវ​ធ្វើ​ចំពោះ​មុខ​ច្រើន​ណាស់ ហើយ​ការប្រឹងប្រែង​របស់​ខ្ញុំ​ក៏​គឺជា​ការសាកល្បង​មួយ​រវាង​កម្លាំង​អន្តរាគមន៍​របស់​សហគមន៍​អន្តរជាតិ និង​កម្លាំង​បំពាន​អំណាច​របស់​ក្រុម​លោក ហ៊ុន សែន ដែរ​»​។

លោក​បន្ត​ថា​តុលាការ​បាន​ចេញ​ដីកា​ចាប់​រូប​លោក​ដោយ​បំពាន​ច្បាប់ ព្រោះ​តែ​ប្រញាប់​ផ្គាប់ចិត្ត​លោក​នាយករដ្ឋមន្ត្រី​។ លោក​បាន​សង្កត់ធ្ងន់​ថា​៖ «​យ៉ាងណា ខ្ញុំ​នឹង​ដើរ​ចូល​គុក​ដោយ​ខ្លួនឯង ទោះ​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​ក្នុង​គុក​ក៏ដោយ បើ​លោក ហ៊ុន សែន យល់​ព្រម​តែ​ ២ ​ចំណុច​ដ៏​ងាយ​បំផុត​របស់​ខ្ញុំ​ទី​ ១ ព្រម​សន្យា​ការពារ​សុវត្ថិភាព​កូនស្រី​តូច​របស់​ខ្ញុំ​ក្នុង​នាម​គាត់​ជា​មេ​ផុត​លេខ​នៃ​អាជ្ញាធរ​ខ្មែរ និង​ទី ២ ហ៊ាន​ឡើង​សវនាការ​តតាំង​គ្នា​ដោយ​ផ្ទាល់​ក្នុង​នាម​គាត់​ជាដើម​បណ្តឹង​»​។

ទោះបី​យ៉ាង​ណា​លោក សុខ ថ្លែង​ថា​លោក​គ្មាន​ជំនឿ​ចំពោះ​ប្រព័ន្ធ​យុត្តិធម៌​នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ ដោយ​លោក​ចាត់ទុក​ថា​ជា​ «​សេនាធិការ​នយោបាយ​» ​ដើម្បី​ជួយ​លោក​ ហ៊ុន សែន ឲ្យ​ទទួល​បាន​ជោគជ័យ និង​អំណាច​ប៉ុណ្ណោះ​។

បន្ថែម​លើ​នេះ​លោក សុខ ថា​លោក​ពិត​ជា​បង្ខំចិត្ត​ស្វែងរក​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​នៅ​ប្រទេស​ទី​ ៣ ​ដើម្បី​បន្ត​ការងារ​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​យុត្តិធម៌​សង្គម​។

លោក​ថ្លែង​ថា​៖ «​គោលដៅ​សំខាន់​គឺ​ការស្វែងរក​សេរីភាព​ដើម្បី​អាច​បន្ត​ការងារ​ទៀត ហើយ​កាល:ទេស:​នេះ​ដើម្បី​មាន​សេរីភាព​ពី​ការប៉ុនប៉ង​បំផ្លាញ​របស់​លោក ហ៊ុន សែន នោះ​ខ្ញុំ​ត្រូវ​តែ​បង្ខំចិត្ត​ស្វែងរក​សិទ្ធិ​ជ្រកកោន​សិន​»​។

ប៉ុន្តែ​លោក​ សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​បាន​ច្រានចោល​ការចោទប្រកាន់​របស់​លោក កឹម សុខ ដែល​ថា​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​បាន​បរាជ័យ​ក្នុង​ការ​ទាក់ទាញ​រូបលោក​ឲ្យ​ចូលរួម​ជាមួយ​នោះ​។

លោក​ថ្លែង​ថា​៖ «​គណបក្ស​ប្រជាជន​សម្បូរ​ធនធាន​មនុស្ស ដូច្នេះ​មិន​ត្រូវការ​ជន​ណា​អី​ទេ កុំ​ថា​ឡើយ​ គឹម សុខ អ្នក​ដទៃ​ទៀត​ដែល​មាន​ឆន្ទៈ​នយោបាយ​ផ្សេង​ពី​យើង ក៏​យើង​មិន​ត្រូវការ​ដែរ​។ គណបក្ស​ប្រជាជន​មាន​អាយុ​យូរ​ឆ្នាំ​ហើយ​រាប់​ទសវត្សរ៍​មក​ហើយ រឿង​អី​ទៅ​ខ្វះ​ធនធាន​មនុស្ស​ដើម្បី​ធ្វើ​ការងារ​បម្រើ​ជាតិ និង​ប្រជាជន​»​។ លោក​ថា​៖ «​ការអនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ច្បាប់ រំលោភ​ច្បាប់ ប៉ះពាល់​ដល់​សិទ្ធិ​អ្នកដទៃ​អាហ្នឹង​គាត់​ត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​»​។

លោក​ សុខ ឥសាន ក៏​បាន​ច្រានចោល​ការដាក់​លក្ខខណ្ឌ​នានា​របស់​លោក គឹម សុខ ដោយ​លោក​លើក​ឡើង​ថា​អ្នកវិភាគ​នយោបាយ​រូប​នេះ​គ្រាន់​តែ​ជា​ជនជាប់ចោទ​ម្នាក់​ប៉ុណ្ណោះ​។ លោក​សង្កត់​ធ្ងន់​​ថា​៖ «​គាត់​គ្មាន​សិទ្ធិ​អ្វី​ទាំងអស់​ក្នុង​ការដាក់​លក្ខខណ្ឌ​ដល់​ដើមបណ្ដឹង​ទេ​។ គាត់​ជា​ជន​ជាប់ចោទ គាត់​ត្រូវ​ទៅ​តវ៉ា​ជាមួយ​តុលាការ​ទើប​ជា​រឿង​ត្រឹមត្រូវ​»​។

ចំណែក​លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្ដីការ​គណរដ្ឋមន្ត្រី​ឆ្លើយតប​ថា ការ​បរិហារ​របស់​លោក​ គឹម សុខ គ្រាន់​តែ​ជា​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួល​បាន​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​តែ​ប៉ុណ្ណោះ​។

លោក​ថ្លែង​ថា​៖ «​ការប្រឹងប្រែង​បរិហារ​របស់​គាត់​គឺ​គាត់​ចង់​បាន​ទៅ​ប្រទេស​ទី ៣ ដែល​ជា​ទិសដៅ​របស់​គាត់ ម្ល៉ោះ​ហើយ​គាត់​និយាយ​វា​ផុត​ពី​លក្ខណៈ​ថ្លៃថ្នូរ​នៃ​ប្រជាពលរដ្ឋ​មួយ​ហើយ​។ គាត់​និយាយ​ក្អេងក្អាង អ្វី​ដែល​ចង់​បាន​មកពី​រាជរដ្ឋាភិបាល​គឺ​ភាពអវិជ្ជមាន​ដែល​គេ​អាច​មាន​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​ ៣​។ អានេះ​ជា​ទិសដៅ​របស់​គាត់​មិនមែន​ជា​ទិសដៅ​នៅក្នុង​ការងារ ស្រឡាញ់​ប្រជាពលរដ្ឋ​ទេ​»​។ លោក​បន្ត​ថា​៖ «​យើង​ដឹង​ហើយ​សម្ដេច​តេជោ​ (​ហ៊ុន សែន​) ​តែងតែ​មាន​ប្រសាសន៍​ថា ជេរ ហ៊ុន សែន ខ្លាំង​។ ប្រឆាំង​រាជរដ្ឋាភិបាល​គឺ​មាន​មុខ មាន​មាត់ គឺ​គេ​ទទួល​បាន​សិទ្ធិ​ជ្រកកោន​នៅ​ខាង​ក្រៅ​»​។

យ៉ាង​ណា​ក្តី​លោក Phil Robertson នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ប្រចាំ​តំបន់​អាស៊ី​ថ្លែង​ថា​៖ «​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ព្យាយាម​ចាប់​លោក គឹម សុខ ដាក់​ពន្ធនាគារ​ម្តង​ទៀត​លើ​ការចោទប្រកាន់​ក្លែងក្លាយ​បន្ថែម ពីព្រោះ​គាត់​មាន​គោលបំណង​ដាក់ទោស​នរណា​ដែល​ហ៊ាន​បំពាន​ចំពោះ​រូបគាត់​។ ​ទាំងអស់​នេះ​គឺ​លោក ហ៊ុន សែន ចង់​ធ្វើ​ឱ្យ​មនុស្ស​មាន​អារម្មណ៍​ភ័យខ្លាច​ដើម្បី​កុំ​ឲ្យ​ពួកគេ​ហ៊ាន​បើក​មាត់​របស់​ពួកគេ​ចោទសួរ​ពី​អ្វី​ទាំងអស់​»​។

លោក​បាន​ថ្លែង​បន្ថែម​ថា​៖ «​វា​គឺជា​ឥរិយាបថ​មួយ​នៃ​ការរំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ពិតប្រាកដ​ពី​អ្នក​ផ្ដាច់ការ​។ អ្នកការទូត និង​មន្ត្រី​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ភ្នំពេញ និង​នៅ​ក្រៅ​ប្រទេស គួរ​តែ​ទាមទារ​ឱ្យ​លោក ហ៊ុន សែន ទម្លាក់​ការចោទ​ប្រកាន់​ហើយ​រៀន​អំពី​សិល្បៈ​នៃ​ការ​ស្តាប់​ជា​ជាង​ការចាប់​អ្នក​រិះគន់​ដាក់​ពន្ធនាគារ​»៕ NS