ភ្នំពេញៈ យោងតាម​លទ្ធផល​ការអង្កេត​តាមដាន​គុណភាព​ខ្យល់​ពី​ស្ថានីយ​ត្រួតពិនិត្យ​គុណភាព​ខ្យល់​តាម​រាជធានី-ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា​ត្រឹម​ម៉ោង​ ១ ​រសៀល​ថ្ងៃទី​ ២១ ខែមករា​ ម្សិលមិញ បង្ហាញ​ថា​កំហាប់​ភាគល្អិត​និចល​នៅក្នុង​ខ្យល់​ PM2.5 មាន​កម្រិត​នៅក្នុង​រង្វង់​ស្តង់ដា​កម្រិត​ ៥០ ​ដែល​បង្ហាញថា គុណភាព​ខ្យល់​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​មាន​គុណភាព​ល្អ​ប្រសើរ​ឡើងវិញ​។ នេះ​បើតាម​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​។

លោក នេត្រ ភក្ត្រា បាន​ថ្លែងថា​៖ «​ស្ថានភាព​គុណភាព​ល្អ​ប្រសើរ​នៃ​ខ្យល់​វិល​មករក​សភាព​ដើម​វិញ​នេះ គឺ​តាំងតែ​ពីថ្ងៃ​សៅរ៍​ក្រោយពី​មាន​ការកើនឡើង​ហួស​កម្រិត​ស្តង់ដា​កាលពី​ថ្ងៃទី​ ១៧ ខែ​មករា កន្លងទៅ​»​។

លោក​ឱ្យដឹងថា មន្ទីរជំនាញ​របស់​ក្រសួងបរិស្ថាន​បាន​បន្ត​តាមដាន​ជាប្រចាំ​អំពី​ស្ថានភាព​គុណភាព​ខ្យល់ និង​បន្ត​ផ្តល់​ព័ត៌មាន​ជាប្រចាំ​ដល់​សាធារណជន​ពី​ការវិវត្ដ​នៃ​ស្ថានភាព​ខ្យល់​នេះ​។

លោក នេត្រ ភក្ដ្រា ថ្លែងថា​៖ «​ក្រសួង​បរិស្ថាន​សូម​ថ្លែង​អំណរគុណ​ចំពោះ​មន្ត្រី​ជំនាញ​បរិស្ថាន​ទាំងអស់​រួម​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​ ជាពិសេស​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ មន្ទីរ​បរិស្ថាន រួម​នឹង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​អនុវត្ត​វិធានការ​មួយចំនួន​តាម​ការអំពាវនាវ​របស់​ក្រសួងបរិស្ថាន​ និង​ស្នើសុំ​បន្ត​អនុវត្ត​វិធានការ​នេះ​ជាប្រចាំ ដើម្បី​ចូលរួម​ថែរក្សា​ស្ថានភាព​គុណភាព​ខ្យល់​នៅ​កម្ពុជា​»​។

ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃទី​ ១៧ ខែមករា បាន​ចេញ​សេចក្តី​ជូនដំណឹង​ដល់​មន្ទីរ​បរិស្ថាន រាជធានី-ខេត្ត​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​អនុវត្ត​វិធានការ​មួយ​ចំនួន រួមមាន ១- ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ និង​ការដុត សំរាម​សំណល់​រឹង​នៅ​តាម​ទី​ចំហ ការឆេះ​នៅ​តាម​ទីលាន​ចាក់សំរាម​។ ២- ត្រូវ​ចាត់​វិធានការ​ទប់ស្កាត់​ការហុយ​ធូលី​ពី​ការដ្ឋាន​សំណង់ និង​ការដ្ឋាន​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ធូលី​ហុយ​នៅតាម​ដងផ្លូវ​។ ៣- ​សម្អាត​អនាម័យ​នៅតាម​ដងផ្លូវ​ និង​ទីសាធារណៈ​ស្រោច​ទឹក​លើ​ដងផ្លូវ​កុំឱ្យ​ធូលី​ហុយ​។ ៤- ​ចុះ​អប់រំ​ប្រជាពលរដ្ឋ​កុំឱ្យ​ដុត​សំរាម សំណល់​រឹង ការដុត​ស្មៅ​គល់​ជញ្ជ្រាំង និង​សំណល់​កសិកម្ម​ផ្សេងៗ​ទៀត​។

លោក​ នេត្រ ភក្ត្រា បាន​បញ្ជាក់ថា ការកើនឡើង​កំហាប់​ភាគល្អិត​និចល PM2.5 ក្នុង​ខ្យល់​នេះ​មិនមែន​មាន​នៅតែ​ព្រះរាជាណាចក្រ​កម្ពុជា​ទេ​។ ប៉ុន្តែ​និន្នាការ​នៃ​កំណើន​នេះ​មាន​នៅក្នុង​បណ្តា​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់​ដោយសារ​តែ​អាកាសធាតុ​នៃ​អនុតំបន់​ទន្លេមេគង្គ​មាន​ភាព​ស្ងួត​ហួតហែង​។

លោក​បាន​ឱ្យ​ដឹងថា ប្រភព​ និង​សកម្មភាព​សំខាន់ៗ​ដែលជា​ហេតុ​បង្ក​ឱ្យ​មាន​កំហាប់​ភាគល្អិត​និចល PM2.5 មាន​ការកើនឡើង​នេះ​មាន​ជាអាទិ៍​ការបញ្ចេញ​ផ្សែង​ពី​រោងចក្រ​ឧស្សាហកម្ម ពី​យានយន្ត​ប្រើប្រាស់​ប្រេង​ម៉ាសូត និង​ពី​ចំហេះ​ឥន្ធនៈ​ផ្សេងទៀត ភ្លើង​ឆេះ​ព្រៃ​ការដុត​រាន​ព្រៃ ការដុត​វាលស្មៅ ការដុត​គល់​ជញ្ជ្រាំង ការដុត​សំរាម ការដុត​សំណល់​រឹង​នៅ​តាម​ទី​ចំហ និង​ទីលាន​ចាក់​សំណល់ ការដ្ឋាន​សំណង់​ជាដើម​។

បើ​យោងតាម​ក្រសួង​បរិស្ថាន​កំហាប់​ប៉ារ៉ាម៉ែត្រ​ភាគល្អិត​និចល PM2.5 គឺជា​ភាគល្អិត​និចល​តូចៗ​នៅក្នុង​ខ្យល់​ដែល​មាន​អង្គត់​ផ្ចិត​តូច​ជាង ២,៥ មី​ក្រុង​។ ភាគល្អិត​និចល​មាន​ប្រភព​មកពី​ការដុត​ឥន្ធនៈ​ហ្វូស៊ីល និង​កម្ទេចធូលី​ផ្សេងៗ​។

ក្រសួង​បញ្ជាក់ថា ភាគល្អិត​និចល​នេះ​អាច​ស្រូប​ចូល​ទៅ​ដល់​សួត និង​ពេលខ្លះ​ដល់​សរសៃឈាម​ដែល​អាច​បង្ក​ការប៉ះពាល់​ដល់​សុខភាព​មនុស្ស​ប្រសិន​បើ​ស្រូប​ចូល​លើស​កម្រិត​កំណត់​៕