ភ្នំពេញៈ ការបន្ទោបង់​ទឹកនោម​ ឬ​លាមក​នៅ​ពាសវាល​ពាសកាល​តាម​ទីសាធារណៈ ពិសេស​​នៅ​ភ្នំពេញ គឺជា​ទង្វើ​អសីលធម៌​មួយ​ដែល​ធ្វើឱ្យប៉ះពាល់​សេចក្ដី​ថ្លៃថ្នូរ​នៃ​ជាតិ​សាសន៍​មួយ​។

បញ្ហា​នេះ​មាន​ការស្ដីបន្ទោស​លើ​​ឥរិយាបថ​អ្នក​ប្រព្រឹត្ត និង​ស្នើឱ្យ​​មាន​វិធានការ​តឹងរ៉ឹង ក៏ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​ដែនដី​ថា ក្រៅពី​ការឃាត់​ខ្លួន​បង្ហាញ​មុខជា​សាធារណៈ​គឺ ពុំទាន់​មាន​ទណ្ឌកម្ម​ណាមួយ​លើស​ពី​នេះ​ទេ ដោយសារ​ពុំទាន់​មាន​ច្បាប់​ចែង ខណៈ​មន្ត្រី​បរិស្ថាន​ថា បញ្ហា​បង្គន់​មាន​សមល្មម​អាច​ដោះស្រាយបាន​។

កាលពី​ថ្ងៃ​ ២៨ ​កុម្ភៈ ឆ្នាំ​ ២០២០ បុគ្គលិក​បើកបរ​ម្នាក់​ឈ្មោះ ចេង ចិត្រា ត្រូវបាន​រដ្ឋាករ​ស្វយ័ត​​រថយន្តក្រុង បញ្ឈប់​ពី​ការងារ​ក្រោយពី​គាត់​បាន​បន្ទោបង់​ទឹកនោម​ដាក់​កង់​រថយន្ត​ក្រុង​នៅ​​តាម​ទីសាធារណៈ​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​របស់​អង្គភាព​ក៏​ដូចជា​សណ្តាប់ធ្នាប់​សាធារណៈ​។

បន្ទាប់ពី​មាន​ករណីនេះ សាលារាជធានី​ភ្នំពេញ​បាន​ជំរុញ​ឱ្យ​​អាជ្ញាធរ​មូលដ្ឋាន​រឹតបន្តឹង និង​ចាត់វិធានការ​ចាប់​បុគ្គល​ដែល​បន្ទោបង់តាមទីសាធារណៈមក​អប់រំ​ និង​ដាក់ទណ្ឌកម្ម ហើយ​​ក្នុង​ករណី​មិន​រាងចាល​នឹង​ចាត់​វិធានការ​លើសពីនេះ​បន្ថែម​។ ​នេះ​បើតាម​លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ក៏ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​អំពី​វិធានការ​បន្ថែម​នោះ​ជា​អ្វី​ឱ្យ​ពិតប្រាកដ​នោះទេ​។

ជុំវិញ​ការអនុវត្ត​វិធានការ​នេះ​​អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​ឃាត់​​ខ្លួន​មនុស្ស​ ១៣ ​នាក់ ​ពីថ្ងៃ​ទី​ ១៩ ​ខែ​ មករា ឆ្នាំ​ ២០២១ និង​ ១៣ ​នាក់​បន្ថែមទៀត ​កាលពី​ថ្ងៃទី​ ២ ​ខែកុម្ភៈ​ឆ្នាំ​នេះ​ដើម្បី​យកមក​អប់រំ​ បន្ទាប់ពី​ពួកគេ​បន្ទោបង់​នៅតាម​ដើមឈើ​ក្នុង​សួនច្បារ​សាធារណៈ​ និង​ទីតាំង​សាធារណៈ​ផ្សេងទៀត​​បង្ក​ក្លិនឆ្អេះ​ដល់​អ្នកដំណើរ​។

យោងតាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​រដ្ឋបាល​ខណ្ឌ​ដូនពេញ​ពលរដ្ឋ​ដែល​ត្រូវបាន​ឃាត់ខ្លួន​មក​អប់រំ​ទាំងនោះ​គឺជា​អ្នក​ប្រកបរបរ​រត់​ម៉ូតូឌុប​ និង​កង់​ ៣​។​ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​តម្រូវឱ្យ​ពាក់​ស្លាក​ដែលមាន​សារ​ជា​អក្សរ​ថា​ «​ខ្ញុំ​ឈប់​បន្ទោបង់​តាម​ទី​សាធារណៈ​ទៀតហើយ​» ​ហើយ​ថតរូប​ពួកគេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​។

បន្ទាប់មក​បានដាក់​ទណ្ឌកម្ម​ឱ្យ​ពួកគេ​លាង​សម្អាត​កន្លែង​ដែល​ពួកគេ​បាន​បន្ទោបង់​នោះ រួច​ទើប​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅវិញ​។

ក៏​ប៉ុន្តែ​សម្រាប់​លោក ឈត ប៊ុនថង ប្រធាន​ផ្នែក​ទំនាក់ទំនង​​វប្បធម៌ អប់រំ និង​ទេសចរណ៍​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ចង់ឱ្យ​ដាក់​ទណ្ឌកម្ម​តាមរយៈ​ឱ្យ​អ្នកប្រព្រឹត្ត​ធ្វើ​កិច្ចការ​សង្គម​ជំនួស​ឱ្យ​ការថត​ និង​ផូស្ត​រូបភាព​បុគ្គល​លើ​បណ្ដាញ​សង្គម​ដែល​អាច​នឹង​បង្ក​ឱ្យ​មាន​ភាពរើសអើង និង​អរិភាព​ក្នុងសង្គម​។

លោក ប៊ុនថង បាន​ថ្លែងថា​៖ «​ទោស​នៃ​ការ​បន្ទោបង់​នៅតាម​ទីធ្លា​សាធារណៈ និង​ឯកជន​បែប​នេះ​មិន​ទាន់​ឈានដល់​ការថតរូប​បង្ហោះ​តាម​បណ្ដាញ​សង្គម​ទេ​។

មន្ត្រី​សាធារណៈ​គួរ​ដាក់ទណ្ឌកម្ម​​ពួកគេ​ដោយ​បង្ខំ​ឱ្យ​ធ្វើ​កិច្ចការ​សង្គម​ដូចជា សម្អាត​អនាម័យ បរិស្ថាន​នៅក្នុង​ទីតាំង​ដែល​ពួកគេ​បាន​ប្រព្រឹត្ត ឬ​ធ្វើ​អនាម័យ​លាង​សម្អាត​បង្គន់​សាធារណៈ​»​។

យ៉ាងណាក្ដី​លោក សុខ ពេញវុធ អភិបាលខណ្ឌ​ដូនពេញ បាន​បញ្ជាក់​ថា នេះ​គឺជា​ជម្រើស​ចុងក្រោយ បន្ទាប់ពី​មាន​ការឃាត់ខ្លួន​អប់រំ​ដដែលៗ​តែ​មិនមាន​ការរាងចាល​។

លោក​ថ្លែងថា​៖ «​ការបន្ទោបង់​ទឹកនោម​តាម​ទីសាធារណៈ​គឺជា​ទង្វើ​អសីលធម៌​ធ្វើឱ្យប៉ះពាល់​ដល់​សោភណភាព បរិស្ថាន និង​សេចក្ដី​ថ្លៃថ្នូរ​របស់​សង្គម​ជាតិ​។

បុគ្គល​ខ្លះ​ត្រូវ​បាន​មន្ត្រី​យើង​ឃាត់ខ្លួន​ធ្វើការ​អប់រំ​ណែនាំ​ឱ្យ​បញ្ឈប់​ការប្រព្រឹត្ត​អំពើ​ឆ្គាំឆ្គង​ដដែលៗ​នេះ​ជា​ច្រើនដង ប៉ុន្តែ​មិនមាន​ការប្រែ​ឥរិយាបថ​ទាល់តែ​សោះ​​ទើប​មន្ត្រី​យើង​សម្រេច​ថត​បង្ហោះ​រូបភាព​នៅក្នុង​ Facebook»​។

បើតាម​លោក ឈត ប៊ុនថង ការបន្ទោបង់​តាម​ទីសាធារណៈ​​មិន​គ្រាន់តែ​ប៉ះពាល់​ដល់​សោភណភាព បរិស្ថាន​ក្នុង​ទីក្រុង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ប៉ះពាល់​ដល់​ប្រពៃណី​វប្បធម៌​នៃ​សង្គមជាតិ​ទាំងមូល​។ ​ទន្ទឹម​នឹង​នេះ​ចំណូល​ថវិកាជាតិ​តាមរយៈ​វិស័យ​ទេសចរណ៍​ក៏​នឹង​បាត់បង់​មួយផ្នែក​ផងដែរ​ដោយសារ​តាម​ទីសាធារណៈ​ខ្វះ​អនាម័យ​។

លោក​បញ្ជាក់ថា​៖ «​គ្មាន​ទេសចរ​ឯណា​ម្នាក់​ចង់​ទស្សនា​ទីក្រុង ដែល​មាន​ក្លិនស្អុយ​ឆ្អេះឆ្អាប និង​ពោរពេញ​ដោយ​មនុស្ស​អសីលធម៌​ឡើយ​។ ដើម្បី​លើកកម្ពស់​សីលធម៌​នៃ​ការរស់នៅ ទាំង​ក្នុង​​សង្គម​គ្រួសារ និង​សង្គមជាតិ យើង​គ្រប់គ្នា​ត្រូវ​ផ្លាស់ប្ដូរ​ឥរិយាបថ​ផ្ទាល់ខ្លួន​ដូចជា​ការបន្ទោបង់​​តាម​ទីសាធារណៈ​ជាដើម​»​។

ទន្ទឹមនឹងនេះ​លោក ប៊ុនថង បាន​ជំរុញ​ឱ្យ​មាន​សង់​បង្គន់​អនាម័យ​សាធារណៈ ឬ​ឯកជន​ឱ្យបាន​ច្រើន​ថែមទៀត​នៅក្នុង​ទីតាំង​សមស្រប ដើម្បី​ឱ្យ​ពលរដ្ឋ​ងាយស្រួល​ចូលទៅ​បន្ទោបង់​​ព្រោះ​បច្ចុប្បន្ន​បង្គន់​អនាម័យ​នៅមាន​តិចតួច ហើយ​កន្លែង​ខ្លះ​គគ្រិច​​ ឬ​ស្ទះ​មិនអាច​ប្រើ​បាន​។

ជុំវិញ​ការសង់​បង្គន់​នេះ​លោក ម៉េត មាសភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​មិនអាច​​សុំ​ការអត្ថាធិប្បាយ​បានទេ​។

ក៏ប៉ុន្តែ​លោក សុខ ពេញវុធ បានឱ្យដឹងថា សម្រាប់​ខណ្ឌ​ដូនពេញ​បច្ចុប្បន្ន​មាន​បង្គន់​អនាម័យ​សាធារណៈ​ចំនួន​ ១៤ ​ទីតាំង​ធំៗ ​ស្ថិត​នៅតាម​សួន​កម្សាន្ត​ចាប់ពី​រង្វង់មូល​កួច​កាណុង​ភាគ​ខាងលិច​ស្ពាន​ជ្រោយចង្វារ​រហូតដល់​រង្វង់មូល​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ហើយ​ក្នុង​ ១ ​ទីតាំង​មាន​ ១០ ​បន្ទប់​ (​សម្រាប់​បុរស​ ៥ និង​សម្រាប់​ស្ត្រី​ ៥) ​។​នេះ​មិនទាន់​រាប់បញ្ចូល​នូវ​ទីតាំង​ឯកជន​នៅតាម​ស្ថានីយ​ប្រេង ស្តារម៉ាត ផ្សារ​ទំនើប ភោជនីយដ្ឋាន​ និង​ហាង​កាហ្វេ​ធំៗ​ផ្សេងទៀត​ដែល​មាន​ផ្ដល់​សេវា​បន្ទប់​បង្គន់​អនាម័យ ដោយ​ឥត​បង់ប្រាក់​ផង​ទេ​។

លោក​ថា​៖ «​សម្រាប់​មណ្ឌល​ខណ្ឌដូនពេញ​យើងខ្ញុំ​ការស្វែងរក​បន្ទប់​បង្គន់​អនាម័យ​មិន​ពិបាក​នោះទេ គ្រប់​ទីតាំង​ដែល​ខ្ញុំ​បាន​រៀបរាប់​ខាងលើ​គឺ​ពលរដ្ឋ ទាំងអស់​អាច​ចូលទៅ​បន្ទោបង់​​បាន ដោយ​ឥត​បង់ប្រាក់ ហើយ​ពី​ ១ ​កន្លែង​ទៅ​ ១ ​កន្លែង នៅ​ឆ្ងាយ​ពីគ្នា​ប្រមាណ​ជា​ ១០០ ​ម៉ែត្រ​ប៉ុណ្ណោះ​។ ដូច្នេះ​សូម​បងប្អូន​មេត្តា​ឈប់​បន្ទោបង់​នៅតាម​​ទីសាធារណៈ​»​។

លោក វេជ្ជបណ្ឌិត លន់ សាយតេង ប្រធាន​នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ​នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ថ្លែងថា ការបន្ទោបង់​តាម​ទីសាធារណៈ​ដែល​គ្មាន​អនាម័យ​ងាយ​នឹង​បង្ក​ឱ្យ​ឆ្លង​ជំងឺ​ដូចជា ជំងឺ​កាមរោគ ​អាសន្នរោគ ផ្លូវដង្ហើម ជាពិសេស​ជំងឺ​កូវីដ​ ១៩ ដែល​កំពុង​បង្ក​ហានិភ័យ​នៅក្នុង​ពិភពលោក​។

លោក សាយតេង បាន​បន្តថា តាម​ការស្រាវជ្រាវ​របស់​ធនាគារពិភពលោក​ពី​ឆ្នាំ​ ២០០៨ ​ការរស់នៅ​ខ្វះ​អនាម័យ ជាពិសេស​ការបន្ទោបង់​ពាសវាល​ពាសកាល​បាន​ធ្វើ​ពលរដ្ឋ​នៅ​កម្ពុជា​បង់ខាត​ថវិកា​ប្រមាណ​ ៤៤៨ ​លាន​ដុល្លារ​ទៅលើ​ថ្លៃ​​ព្យាបាល​ជំងឺ​ក្នុង​ ១ ​ឆ្នាំ​។

លោក​ថា​៖ «​ការទម្លាប់​ខ្លួន​រស់នៅក្នុង​បរិស្ថាន​ស្អាត​នឹងធ្វើ​ឱ្យ​យើង​មាន​សុខភាព​ល្អ​ប្រកប​ដោយ​ភាពថ្លៃថ្នូរ​ និង​សប្បាយ​​រីករាយ​ទាំង​ក្នុង​គ្រួសារ​ និង​សង្គមជាតិ​ទាំងមូល​»​។

ជាមួយ​គ្នា​នេះ​លោក សាយតេង ​ក៏​បាន​ទទួលស្គាល់​ផងដែរ​ថា គ្រួសារ​ពលរដ្ឋ​មួយចំនួន​នៅ​កម្ពុជា​លើកលែង​តែ​ក្នុង​រាជធានី-ភ្នំពេញ​គឺ​នៅ​មិនទាន់​មាន​បន្ទប់​បង្គន់​អនាម័យ​នៅឡើយ​ទេ​។

ក៏ប៉ុន្តែ​លោក គាត រង្សី ប្រធាន​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ​បាន​​ថ្លែងថា​ថ្វីបើ​ពេលនេះ​គ្មាន​របាយការណ៍​ជាក់លាក់​ពី​ចំនួន​បង្គន់​អនាម័យ​នៅតាម​ទីសាធារណៈ​​ ប៉ុន្តែ​នៅតាម​សួន​កម្សាន្ត​សាធារណៈ រមណីយដ្ឋាន និង​គ្រប់ទីតាំង​ស្ថានីយ​ប្រេង ស្តារម៉ាត ភោជនីយដ្ឋាន និង​ហាង​លក់​កាហ្វេ ក្នុង​រាជធានី​ភ្នំពេញ សុទ្ធតែ​មាន​បន្ទប់​បង្គន់​អនាម័យ ដែល​មនុស្ស​គ្រប់គ្នា​អាច​ប្រើប្រាស់​ដោយ​ឥត​បង់ប្រាក់​។

លោក​ថ្លែងថា​៖ «​ជា​ការពិត​កាលពីមុន ទីតាំង​បន្ទប់​បង្គន់​អនាម័យ​សាធារណៈ​មួយចំនួន​ខ្វះ​ការសម្អាត​អនាម័យ ប៉ុន្តែ​ពេលនេះ​មាន​ការសម្អាត​អនាម័យ​បានល្អ​ប្រសើរ ពិសេស​បន្ទប់​​អនាម័យ​នៅតាម​ទីតាំង​ដេប៉ូ​លក់​សាំង ឬ​ហ្គារ៉ាសសាំង​ ស្តារម៉ាត ភោជនីយដ្ឋាន និង​ហាង​លក់​កាហ្វេ​ធំ​»​។

យ៉ាងណាក្ដី​លោក គង់ ប៊ុនរ័ត្ន អាយុ​ ៣៥ ​ឆ្នាំ អ្នករត់​រ៉ឺម៉ក​ម៉ូតូ​ទេសចរណ៍ នៅក្បែរ​វត្ត​សារ៉ាវ័ន​បាន​លើកឡើង​ថា កន្លងមក​​លោក​ធ្លាប់​បន្ទោបង់​ទឹកនោម​តាម​របង​ការដ្ឋាន​សំណង់ និង​តាម​ដើមឈើ​ជាប់​ដងផ្លូវ​សាធារណៈ ដោយសារ​លោក​មិនអាច​អត់ទ្រាំ​បាន​។

លោក​ថ្លែងថា​៖ «​ការឈឺ​ជុះនោម​នេះ​មិនអាច​អត់ទ្រាំ​បានយូរ​ទេ បើ​ពុំនោះ​វា​នឹង​ប្រឡាក់​ខោ​ខ្មាស​គេ​កាន់តែ​ខ្លាំង​។ មិន​​តែប៉ុណ្ណោះ​វា​អាច​បង្ក​ឱ្យ​យើង​ចុកពោះ​ស្ទះខ្យល់​ស្លាប់​បាន​»​។

ប៉ុន្តែ​សម្រាប់​អតីត​ក្រុមប្រឹក្សា​ជំនុំ​ផ្នែក​សីលធម៌ និង​សាសនា​នៃ​ក្រសួង​ធម្មការ និង​សាសនា លោក​ វ៉ាយ វិបុល បាន​ចាត់ទុក​ការបន្ទោបង់​ទឹកនោម​ទី​សាធារណៈ​ថា​ «​ជា​ទង្វើ​ខ្វះ​ការអប់រំ​​ និង​គ្មាន​សីលធម៌​»​។

លោក​ថ្លែងថា​៖ «​ការឈឺ​បត់ដៃ បត់ជើង ទោះ​ធំ​ ឬ​តូច គឺ​ខ្លួន​យើង​ម្នាក់ៗ​ដឹង​ច្បាស់ ហើយ​​ក៏​អាច​កំណត់​ពេល​ជាក់លាក់​របស់​វា​បាន​ផងដែរ ប្រសិន​បើ​យើង​មាន​ការសិក្សា​ពី​ខ្លួន​យើង​ឱ្យ​បាន​ច្បាស់​អំពី​ការស៊ី ជុះ នេះ​ពោលគឺ ហូប​ច្រើន ជុះ​ច្រើន ផឹក​ច្រើន នោម​ច្រើន​»​។

រីឯ​អ្នកស្រី កែវ សុផារី អាជីវករ​លក់ដូរ​នៅ​ផ្សារ​គីឡូម៉ែត្រ​លេខ​ ៦ ​ដែល​បាន​ទៅ​លំហាត់ប្រាណ​ក្នុង​​បរិវេណ​នៃ​សួនច្បារ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ បាន​ថ្លែង​ដោយ​​អស់​សំណើច​ថា អ្នក​និយម​បន្ទោបង់​ទឹកនោម​តាម​ទីសាធារណៈ​គឺ​ភាគច្រើន​ជា​មនុស្ស​ប្រុស​។ រីឯ​មនុស្ស​ស្រី ទោះ​ជា​ស្រី​ខាតលក្ខណ៍​ក៏​កម្រ​ឃើញ​បន្ទោបង់​បែបនេះ​ដែរ​។

អ្នកស្រី​បាន​ចាត់ទុក​អ្នក​បន្ទោបង់​ពាសវាល​ពាលកាល​តាម​ទីតាំង​សាធារណៈ​ និង​ឯកជន​ថា​៖ «​ជា​មនុស្ស​ឥត​សណ្ដាប់ធ្នាប់ និង​ខ្ជីខ្ជា​បំផុត​» ​និង​បាន​ជំរុញ​ឱ្យ​មន្ត្រី​​ដាក់ទណ្ឌកម្ម​ឱ្យបាន​ធ្ងន់ធ្ងរ និង​ផាកពិន័យ​ជា​ប្រាក់​ឱ្យ​ច្រើន​ដើម្បីឱ្យ​ពួកគេ​រាងចាល​»​។

ស្រដៀង​គ្នា​នេះដែរ លោក កុក សុវណ្ណ ជា​មន្ត្រី​យោធា​ ១ ​រូប ​ក៏បាន​ជំរុញ​ឱ្យ​មាន​ការដាក់ទណ្ឌកម្ម ឬ​ផាកពិន័យ​ចំពោះ​អ្នកប្រព្រឹត្ត​ល្មើស​ផងដែរ​។

លោក​បាន​ថ្លែងថា កម្ពុជា​បច្ចុប្បន្ន​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​ពិសេស​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ទេសចរណ៍​។ អគារ​ស្កឹមស្កៃ​ធំៗ​រីកលូតលាស់​ដូច​ផ្សិត​ និង​លម្អ​ដោយ​សួនច្បារ​ផ្កា​ចម្រុះ​ពណ៌ និង​ភ្លើង​បំភ្លឺ​នៅពេល​យប់​ដ៏​គួរ​ជា​ទីទាក់ទាញ​។ ប៉ុន្តែ​ការបន្ទោបង់​តាម​ទីសាធារណៈ​​បាន​ធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្យានុភាព​ជាតិ និង​ធ្វើឱ្យ​បាត់បង់​នូវ​សោភណភាព​បរិស្ថាន​​ទីក្រុង​ផងដែរ​។

លោក​ថា​៖ «​ត្រូវដាក់​ទណ្ឌកម្ម​លើ​ជន​ទាំងនេះ​ឱ្យ​ធ្ងន់ធ្ងរ​ ឬ​ផាកពិន័យ​ជា​ប្រាក់​ឱ្យ​ច្រើន​ និង​ត្រូវធ្វើ​ឱ្យបាន​ជាប់​ជាប្រចាំ ដោយ​គ្មាន​ការលើកលែង ទោះ​បុគ្គល​នោះ​មាន​តួនាទី​ខ្ពង់ខ្ពស់ ឬ​ស្ថិតក្នុង​និន្នាការ​អ្វី​ក៏ដោយ​»​។

ប៉ុន្តែ​លោក សុខ ពេញវុធ បាន​ថ្លែងថា បច្ចុប្បន្ន​កម្ពុជា​ពុំមាន​ច្បាប់​ចែង​ពី​ការផាកពិន័យ​ជា​ប្រាក់​ពី​បុគ្គល​ដែល​បន្ទោបង់​តាម​ទីសាធារណៈ​ទេ​។ ​ប៉ុន្តែ​ការបោះចោល​សំរាម​តាម​ទីសាធារណៈ​គឺ​តម្រូវឱ្យ​ចាប់​ផាកពិន័យ​ជា​ប្រាក់ និង​ការផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ករណី​មិន​វាង​ចាល​។

លោក​ថា​៖ «​ពេលនេះ​យើង​មិនទាន់​អាច​ផាកពិន័យ​ជា​ប្រាក់​បាន​ទេ​ព្រោះ​គ្មាន​ច្បាប់ ប៉ុន្តែ​យើង​នឹង​ផាកពិន័យ​នៅពេល​ប្រទេស​យើង​មានច្បាប់​ស្ដីពី​សណ្ដាប់ធ្នាប់​សាធារណៈ​»​។

បើតាម​លោក ពេញវុធ ពេល​​នេះ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ពាក់ព័ន្ធ​កំពុង​ពិភាក្សា​ចងក្រង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សណ្ដាប់ធ្នាប់​សាធារណៈ​ដោយមាន​បញ្ចូល​មាត្រា​ដាក់ទោស​ទណ្ឌ​ចំពោះ​អ្នក​បន្ទោបង់​តាម​ទីសាធារណៈ​ ឬ​ធ្វើ​សកម្មភាព​ទាំងឡាយ​ដែល​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ផងដែរ​៕