ក្រចេះ/កំពង់ឆ្នាំងៈ សត្វ​គោ-ក្របី ចំនួន​ ១៦ ​ក្បាល ​នៅក្នុង​ខេត្ត​ចំនួន​ ២ គឺ​ខេត្តកំពង់ឆ្នាំង និង​ខេត្តក្រចេះ​បាន​ឈឺ​ងាប់​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ ២ ​សប្ដាហ៍​កន្លងមកនេះ ដែល​មន្ត្រី​បសុសត្វ​នៃ​ខេត្ត​ទាំង​ ២ បាន​អះអាងថា សត្វ​គោ-ក្របី ទាំងនោះ​ងាប់ ដោយសារ​កើត​ជំងឺ អុតក្ដាម និង​ជំងឺ​សាទឹក​។

លោក កេត សារឿន ប្រធាន​ការិយាល័យ​បសុសត្វ ខេត្តក្រចេះ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២ ខែមីនា ឆ្នាំ​ ២០២១ ​ថា បន្ទាប់ពី​មាន​សេចក្ដី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ឃុំ​កំពង់ចាម ស្រុក​សំបូរ​អំពី​ករណី​សត្វ​គោ-ក្របី ឈឺ​ងាប់​ជា​បន្តបន្ទាប់​នោះ លោក​បាន​ឱ្យ​ភ្នាក់ងារ​ពេទ្យសត្វ​ភូមិ ចុះ​ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ ដើម្បី​អន្តរាគមន៍​ជួយ​ព្យាបាល​គោ-ក្របី​ជូន​ពលរដ្ឋ​។

លោក​ថ្លែងថា​៖ «​តាមរយៈ​លទ្ធផល​នៃ​ការចុះ​ស្រាវជ្រាវ​របស់​ភ្នាក់ងារ​ពេទ្យសត្វ​យើង ករណី​សត្វ​គោ ក្របី ឈឺ​ងាប់​ដោយសារ​កើត​ជំងឺ​អុតក្ដាម និង​ជំងឺសា​ទឹក​»​។

បើតាម​លោក ​សារឿន ជំងឺ​អុតក្ដាម និង​ជំងឺ​សាទឹក​អាច​បណ្ដាលឱ្យ​សត្វ​គោ ក្របី​ងាប់​បាន ប្រសិនបើ​មិនមាន​ការថែទាំ ផ្ដល់​ចំណី​អាហារ និង​ទឹក​ឱ្យបាន​គ្រប់គ្រាន់ និង​ចាក់​ថ្នាំ​បង្ការ​ជាមុន​នោះទេ​។ តាមរយៈ​ការចុះ​សាកសួរ​ប្រមូល​ព័ត៌មាន​ពី​ម្ចាស់​សត្វ​គោ ក្របី និង​ការធ្វើ​រោគវិនិច្ឆ័យ​ទៅលើ​សត្វ​គោ ក្របី​ដែល​ងាប់​នៅក្នុង​តំបន់​នោះ ភាគច្រើន​មាន​ជំងឺ​រលាកមាត់ ឬ​ដំបៅ​មាត់ និង​ក្រចកជើង ដែលជា​រោគសញ្ញា​នៃ​ជំងឺ​អុតក្ដាម ខណៈ​ខ្មោច​គោ-ក្របី​មួយចំនួន​ទៀត​មាន​រោគសញ្ញា​ហើមពោះ និង​រឹង​ផ្នែក​ក ដែល​ជា​រោគសញ្ញា​នៃ​ជំងឺសាទឹក ដោយសារ​ពួកវា​ត្រូវ​បាន​លែង​ចោល​នៅក្នុង​ព្រៃ ឱ្យ​ដើរ​រកស៊ី​ចំណីអាហារ​ដោយ​ខ្លួនឯង ដោយ​មិន​បាន​នាំយក​មកចាក់​ថ្នាំ​បង្ការ​។

លោក​បន្ថែមថា កាលពី​រសៀល​ថ្ងៃទី​ ២៦ ខែកុម្ភៈ ឆ្នាំ​ ២០២១ មាន​សត្វ​គោ​ចំនួន​ ៨ ​ក្បាល ​បាន​ងាប់​នៅក្បែរ​ស្រះ​ទឹក​មួយ​ស្ថិតក្នុង​ចម្ការ​ស្វាយចន្ទី​មួយកន្លែង​នៅ​ចំណុច​អូរតាគុច ភូមិ​យាវ ឃុំ​កំពង់ចាម ស្រុក​សំបូរ​។ ខ្មោចសត្វ​ទាំងនោះ​មាន​សភាព​ជាំខ្មៅ​ក្រចក​ជើង និង​មាន​ដំបៅ​ពងបែក​ពេញ​នៅក្នុង​មាត់ ហើយ​ខ្លះទៀត​មាន​សភាព​ហើមពោះ​ខុស​ប្រក្រតី​។ ករណី​ដូចគ្នានេះ ត្រូវ​បាន​រកឃើញ​មាន​តាំងពី​ថ្ងៃទី​ ១៧ ខែកុម្ភៈ​។

លោក យឿន ពិនា អាយុ​ ៣០ ​ឆ្នាំ ជា​កសិករ​នៅ​ភូមិ​យាវ ឃុំ​កំពង់ចាម ស្រុក​សំបូរ ដែល​មាន​គោ​បាន​ឈឺ​ងាប់​អស់​ ២ ​ក្បាល​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​ពាក់កណ្ដាល​ឆ្នាំ​ ២០១៩ គាត់​បាន​យក​គោ​របស់គាត់​ទៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺសាទឹក និង​ជំងឺ​អុតក្ដាម​ម្ដង​រួចមកហើយ​។ លោក​ថា​៖ «​ខ្ញុំ​មិនដឹងថា ពួកវា​អាច​ឆ្លង​ជំងឺ​អុតក្ដាម និង​ជំងឺសាទឹក​នេះ​ពី​ហ្វូងគោ​របស់​អ្នកភូមិ​ដែល​មាន​ជំងឺ​នេះ​នោះទេ ព្រោះ​ខ្ញុំ​បាន​យក​វា​ទៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ទាំង​ ២ ​នេះ​រួច​មក​ហើយ​»​។

យោងតាម​ទិន្នន័យ​ដែល​ទទួល​បាន​ពី​ការិយាល័យ​បសុសត្វ​ខេត្ត​ក្រចេះ សត្វ​គោ-ក្របី​ប្រមាណ​ ៦ ​ម៉ឺន​ក្បាល​ក្នុង​ចំណោម​គោ ក្របី សរុប​ជិត​ ១០ ​ម៉ឺន​ក្បាល នៅ​ទូទាំង​ខេត្ត​នេះ​ទទួល​បាន​ការចាក់​ថ្នាំ​បង្ការ​ជំងឺ​ទាំង​ ២ ​ប្រភេទ​នេះ​ជា​រៀងរាល់​ឆ្នាំ​។ ការចាក់​ថ្នាំ​បង្ការ​ជំងឺ​នេះ​គឺ​មិនមាន​ការបង់​កម្រៃ​នោះទេ​។

ដោយឡែក​នៅឯ​ខេត្ត​កំពង់ឆ្នាំង​ក៏​មាន​ករណី​សត្វ​គោ ក្របី​ឈឺ​ងាប់​ជា​បន្តបន្ទាប់​ផងដែរ​។

លោក ក្រឹង សំអាត ប្រធានការិយាល័យ​បសុសត្វ​ខេត្ត​កំពង់ឆ្នាំង​ថ្លែង​កាលពី​ថ្ងៃទី​ ២ ខែមីនា​ថា កាលពី​ថ្ងៃទី​ ១៧ ខែកុម្ភៈ កន្លង​ទៅ​នេះ​មាន​សត្វ​គោក្របី​ជំទង់ៗ និង​កូន​គោ​ជាច្រើន​ក្បាល​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ព្រៃសំពៅ​, ភូមិ​សិអង ឃុំ​ប្រស្និប និង​ភូមិ​ស្តុកកប្បាស ឃុំ​បន្ទាយព្រាល ស្រុក​រលាប្អៀរ​បាន​ឈឺ និង​ងាប់​ជា​បន្តបន្ទាប់​សរុប​ប្រមាណ​ ១៣ ​ក្បាល​ក្នុង​នោះ​មាន​ក្របី​ ៥ ​ក្បាល និង​គោ​ ៨ ​ក្បាល​។

លោក​ថា​៖ «​តាម​ការចុះពិនិត្យ​ជាក់ស្ដែង សត្វ​គោ-ក្របី​ដែល​ងាប់​ទាំងនោះ គឺ​បណ្ដាល​មកពី​ជំងឺ​អុតក្ដាម និង ជំងឺសា​ទឹក ព្រោះ​ក្រៅពី​មាន​ដំបៅ​ពងបែក​នៅក្នុង​មាត់ និង​ដំបៅ​ក្រចកជើង គឺ​ហើមពោះ និង​រឹង​កញ្ចឹងក​»​។

បើតាម​លោក ក្រឹង សំអាត សត្វគោ ក្របី នៅ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង​មាន​ចំនួន​សរុប​ ២០ ​ម៉ឺន​ក្បាល ប៉ុន្តែ​ថ្នាំ​បង្ការ​ដែល​ត្រូវ​បានផ្ដល់​សម្រាប់​ចាក់​ឱ្យ​គោ ក្របី​មានតែ​ចំនួន ៧ ​ម៉ឺន​ក្បាល​ប៉ុណ្ណោះ​ក្នុង​ ១ ​ឆ្នាំ​ដោយសារ​ថ្នាំ​បង្ការ​នៃ​ជំងឺ​ទាំង​ ២ ​ប្រភេទ​នេះ​មានកំណត់ ជាពិសេស​ថ្នាំ​បង្ការ​ជំងឺ​អុតក្ដាម​៕