ការខ្វះតម្លាភាព និងការសង្កត់ធ្ងន់ហួសហេតុរបស់ស្ថាប័ន លើកិច្ចការពារផលប្រយោជន៍រោងចក្រ និងអ្នកបញ្ជាទិញអន្តរជាតិជាជាងការឆ្លើយតបទៅនឹងការរំលោភបំពាន ទៅលើកម្មករ បានប្រាសចាកពីឆន្ទៈដើមនៃគម្រោងមួយនេះ
ភ្នំពេញៈ ការរារាំងដោយប្រព័ន្ធរាយការណ៍ ជាការសម្ងាត់ផ្ទាល់របស់ខ្លួន និងការគ្មានឆន្ទៈ ក្នុងការប្រកាន់យកនូវជំហរស្តីពីបញ្ហាការងារដែលកាន់តែរីកធំ នោះ គំនិតផ្តួចផ្តើមរោងចក្រកាន់តែប្រសើរនៅកម្ពុជារបស់អង្គការ ពលកម្មអន្តរជាតិ លែងជាគំរូល្អបំផុតសម្រាប់លើកកម្ពស់លក្ខខណ្ឌការងារក្នុង រោងចក្រកាត់ដេរទៀតហើយ។ នេះបើយោងតាមរបាយការណ៍មួយរបស់សាកលវិទ្យាល័យនាំមុខមួយ នៅសហរដ្ឋអាមេរិក។
របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃចន្ទដែល មានមានចំណងជើងថា«ការឃ្លាំមើលនៅទីងងឹត» អំពីការវាយតម្លៃកម្មវិធីរាយការណ៍ និងឃ្លាំមើល របស់កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្ម អន្តរជាតិ (ILO) បានឲ្យដឹងថា កម្មករ បានបាត់បង់ទំនុកចិត្តលើកម្មវិធីរោងចក្រកាន់តែប្រសើរ នៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ ២០០១ ដោយសារកិច្ចដំណើរការរាយការណ៍អំពីរោងចក្រ បានផ្តោតលើសេចក្តីត្រូវការរបស់ក្រុមហ៊ុនម៉ាកនានានិងម្ចាស់រោង ចក្រ ជាជាងសេចក្តីត្រូវការរបស់កម្មករ។ របាយការណ៍នោះបានឲ្យដឹងថា៖«ទម្លាប់ប្រតិបតិ្តការបច្ចុប្បន្នរបស់កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា...បានចូលរួមចំណែកធ្វើឲ្យកម្មវិធីពុំសូវមានប្រសិទ្ធភាព ដោយសារតែកង្វះនៃតម្លាភាព និងការយកចិត្តទុកដាក់ខ្លាំងពេកលើកិច្ចការពារផល ប្រយោជន៍ម្ចាស់រោងចក្រ និងអ្នកបញ្ជាទិញអន្តរជាតិ ជាជាងឆ្លើយតបនឹងការអំពាវនាវពីកម្មករកាត់ដេរដើម្បីការពារ ពួកគេពីការរំលោភបំពាន»។

ចាប់ផ្តើមផ្សព្វផ្សាយ កាលពីថ្ងៃចន្ទ នៅភ្នំពេញ ដោយគ្លីនិកដោះស្រាយវិវាទ និងសិទិ្ធមនុស្សអន្តរជាតិ នៅឯសាកលវិទ្យាល័យច្បាប់ Stanford និងដោយ Workers Rights Consortium របាយការណ៍នេះ បានលើកឡើងអំពីកង្វះនៃភាពច្បាស់លាស់ ទាក់ទិននឹងវិធីសាស្រ្តរបស់កម្មវិធីរោងចក្រកាន់តែប្រសើរនៅ កម្ពុជា ហើយបន្តថា កម្មវិធីនេះពុំមាននីតិវិធីផ្លូវការដើម្បីដោះស្រាយពាក្យបណ្តឹងពីកម្មករទេ។ របាយការណ៍ក៏បានអះអាងផងដែរថា កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា កម្រប្រកាន់យកជំហរលើបញ្ហាការងារណាស់ ដូចជា ការធ្លាក់ចុះនៃប្រាក់ឈ្នួលពិតប្រាកដក្នុងរយៈពេល១ទសវត្សរ៍កន្លង មក។
របាយការណ៍សរសេរថា៖«កម្មវិធីរោងចក្រកាន់តែប្រសើរនៅ កម្ពុជា...បានប្រើរបាយការណ៍ឬព្រឹត្តិបត្រព័ត៌មានរបស់ខ្លួនដើម្បី បង្ហាញស្ថិតិដែលកត់ត្រានូវគម្លាតកាន់តែធំរវាងប្រាក់ឈ្នួលរបស់ កម្មករកាត់ដេរនិងការចំណាយក្នុងការរស់នៅ»។ «សកម្មជនការងារជឿថា កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជាចាំបាច់ត្រូវផ្តោតថាមពលរបស់ខ្លួនបន្ថែមទៀត លើបញ្ហានៃការធ្លាក់ចុះប្រាក់ឈ្នួល»។ របាយការណ៍បានបន្តទៀតថា ការធ្វើការបន្ថែមម៉ោងហួសហេតុ បានកើតមានជាទូទៅក្នុង១ទសវត្សរ៍កន្លងមក ហើយឧស្សាហកម្មភាគច្រើន បានប្តូរទៅប្រើកិច្ចសន្យាមានថិរវេលាកំណត់ ហើយការចរចាជាសមូហភាពពុំមានច្រើនទេ។
សម្លៀកបំពាក់ពីរោង ចក្រកាត់ដេរនៅកម្ពុជា ដែលភាគច្រើននាំទៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ត្រូវបាននាំចេញក្នុងអត្រា៤ពាន់លានដុល្លារក្នុងមួយឆ្នាំ គឺមានចំនួនប្រហែល៨៥ ភាគរយនៃការនាំចេញសរុបរបស់ព្រះរាជាណាចក្រកម្ពុជា។
របាយការណ៍ បានឲ្យដឹងទៀតថា ចាប់តាំងពីរបបកូតា បានចប់ក្នុងឆ្នាំ ២០០៥ ដែលក្រោមកូតានេះ កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា បានរាយការណ៍ប្រាប់រដ្ឋាភិបាលសហរដ្ឋអាមេរិក អំពីលក្ខខណ្ឌការងារ ក្នុងរោងចក្រ ជាថ្នូរនឹងពាណិជ្ជកម្មនោះ មានការត្រួតពិនិត្យតិចតួច លើតួនាទីឃ្លាំមើលរបស់កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា។ ចំពោះ«តួនាទីរបស់កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជាបាន ផ្លាស់ប្តូរកាន់តែដូចស្ថាប័នសវនកម្មរោងចក្រដទៃទៀតគឺផ្តល់របាយការណ៍ឃ្លាំមើលដែលជាការសម្ងាត់ ដល់ម្ចាស់រោងចក្រ និងអ្នកបញ្ជាទិញអន្តរជាតិ ផ្អែកលើការបង់ប្រាក់»។
ជាទូទៅ«ទម្លាប់រាយការណ៍ជាការសម្ងាត់នេះ...បានបន្ថយកម្លាំងនូវការលើកទឹកចិត្តឲ្យម្ចាស់រោងចក្រ និងក្រុមហ៊ុនម៉ាកដែលទិញផលិតផលលើកកម្ពស់លក្ខខណ្ឌការងារ»។ របាយការណ៍ជំរុញកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ចេញផ្សាយរបាយការណ៍ជាសាធារណៈ ស្តីពីរោងចក្រនីមួយៗនិងឆ្លើយតប ក្តីកង្វល់របស់កម្មករ។ អនុសាសន៍ដទៃទៀត រួមមាន កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា គួរពង្រីកសកម្មភាពផ្សព្វផ្សាយដល់កម្មករកាត់បន្ថយឱកាសដែលរោង ចក្រ អាចលាក់បាំងការរំលោភបំពាន រាយការណ៍អំពីការរកឃើញដល់កម្មករ ផ្សព្វផ្សាយកិច្ចខិតខំប្រឹងប្រែងកែតម្រូវ និងចូលរួមជាមួយនឹងម្ចាស់រោងចក្រ និងក្រុមហ៊ុនម៉ាក។
លោក Stephan Sonnenberg គ្រូបង្រៀននៅគ្លីនិកដោះស្រាយជម្លោះ និងសិទិ្ធមនុស្សអន្តរជាតិនៃសាកលវិទ្យាល័យច្បាប់ Stanford បានថ្លែងកាលពីថ្ងៃចន្ទថា សេចក្តីត្រូវការ ក្នុងការជំរុញឲ្យក្រុមហ៊ុនម៉ាកធំៗទទួលខុសត្រូវនោះ មានសារៈសំខាន់។ «អ្នកទិញអាចទទូចថា អ្នកគ្រប់គ្រងរោងចក្រ លើកកម្ពស់លក្ខខណ្ឌការងារ និងទទូចថា ពួកគេនឹងសហការជាមួយកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ប៉ុន្តែ...ពួកគេអាចគំរាមចាកចេញពីកម្ពុជា ហើយពួកគេមានបណ្តាញចែកចាយទូទាំងពិភពលោក»។ ក្រុមហ៊ុនម៉ាកដែលទិញពីកម្មវិធី រួមមាន Levi's, Gap, H&M, Wal-Mart, PUMA និង Nike។
និយោជិកនៃកម្មវិធីរោងចក្រកាន់តែ ប្រសើរនៅកម្ពុជា កំពុងធ្វើការងាររបស់ខ្លួនប្រកបដោយសមត្ថភាព ប៉ុន្តែប្លង់ស្ថាប័នដែលពួកគេកំពុងប្រតិបតិ្តការ កំពុងតែរាំងស្ទះពួកគេ។ «យើងឃើញមានការសន្យាខ្លាំងណាស់ សម្រាប់ BFC ដើម្បីនាំឲ្យភាគីពាក់ព័ន្ធទាំងអស់ មកជួបគ្នា និងជាកាតាលីករ ដើម្បីឲ្យមានការផ្លាស់ប្តូរវិជ្ជមាន ក្នុងប្រទេសកម្ពុជា»។
នៅពេលសួរថា តើការផ្តល់ថវិកា នឹងត្រូវបានដកចេញឬអត់ នៅពេល អនុសាសន៍ មិនត្រូវបានបំពេញតាម លោក Sonnenberg បានថ្លែងថា៖ «ខ្ញុំគិតថា ប្រសិនបើ BFC ត្រូវបានទុកនៅក្នុងស្ថានភាពលំបាកបែបនេះ ហើយសំឡេងរិះគន់មានកាន់តែច្រើនឡើងៗ និងមានការសង្ស័យកាន់តែច្រើនឡើងទៅលើប្រសិទ្ធភាពនៃBFC នោះ សំណួរដែលលើកឡើងគឺពិតជាត្រឹមត្រូវ»។ លោកបន្តទៀតថា៖ «មានភាគីពាក់ព័ន្ធមួយចំនួន ដែលយើងបាននិយាយទៅកាន់ ហើយពួកគេជឿជាក់ថា មិនមានតម្លៃដែលត្រូវផ្តល់ថវិកាឲ្យទេ ប្រសិនបើមានស្ថានភាពដូចបច្ចុប្បន្ននេះ»។
គម្រោង BFC ត្រូវបានផ្តល់ថវិកា ដោយរដ្ឋាភិបាល សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ធនាគារពិភពលោក ក្រសួងការងារអាមេរិក និង AusAid ហើយគម្រោងនេះ ក៏ទទួលបានចំណូលពីការលក់របាយការណ៍រោងចក្រ ទៅអ្នកបញ្ជាទិញផងដែរ។
ក្រោមប្រព័ន្ធតាមដានរបស់ខ្លួន រោងចក្រដែលមិនគោរពតាមច្បាប់ស្តីពីការងារ មិនត្រូវបានបង្ហាញឲ្យដឹងឈ្មោះជាសាធារណៈនោះទេ។ លទ្ធផលតាមដានទូទៅ ត្រូវបានចេញនៅក្នុងរបាយការណ៍សំយោគឆមាសរបស់ខ្លួន។
លោកស្រី Jill Tucker ប្រធានទីប្រឹក្សា បច្ចេកទេសរបស់ BFC បានថ្លែងកាលពីថ្ងៃចន្ទថា លោកស្រីមិនទាន់បានឃើញរបាយការណ៍ចុងក្រោយនោះនៅឡើយទេ ប៉ុន្តែលោកស្រីបានថ្លែងថា របាយការណ៍ព្រាងកាលពីពេលមុន គឺចង់ឲ្យBFC«ធ្វើគ្រប់អ្វីៗទាំងអស់»។ លោកស្រីបានថ្លែងបន្តថា៖ «យើងមិនមានសមត្ថភាពដូច្នោះទេ»។ លោកស្រីបន្ថែមថា BFC មិនមែនជាអង្គការតស៊ូមតិទេ ប៉ុន្តែជាស្ថាប័នត្រីភាគី ដែលធ្វើការជាមួយសហជីព រដ្ឋាភិបាល និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។
លោក ខេន លូ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា មិនអាចទាក់ទងសុំអត្ថាធិប្បាយទាក់ទិននឹងបញ្ហានេះបានទេ។
លោក ស្រី Jill Tucker បានថ្លែងបន្តថា៖ «នៅពេលណា ដែលយើងយកជំហរមួយ គឺមិនមែនសម្រាប់ធ្វើឲ្យអ្នករាល់គ្នារីករាយទេ។ យើងយល់ស្របថា គួរតែមានតម្លាភាពមួយចំនួន ប៉ុន្តែយើងនឹងមិនបង្ហាញរាល់របាយការណ៍ទាំងអស់នោះទេ»។ «យើងមិនមានអំណាចអនុវត្តទេ។ អ្នករាល់គ្នាចង់ឲ្យយើងធ្វើ ប៉ុន្តែយើងមិនធ្វើទេ»។
លោកស្រី Tucker បានថ្លែងបន្តថា ទោះបីយ៉ាងណាក៏ដោយ ឧទាហរណ៍ជាច្រើន បានបង្ហាញឲ្យឃើញ ចំពោះបញ្ហា ដែល BFC បានជំរុញដើម្បីឲ្យមានការផ្លាស់ប្តូរសម្រាប់កម្មករ។ លោកស្រីបានថ្លែងបន្តថា៖ «យើងមានដែនគ្របដណ្តប់លើឧស្សាហកម្មនេះទាំងមូល។ យើងអាចជំរុញឲ្យបញ្ហាមានភាពផ្លាស់ប្តូរ ដូចជាបញ្ហាការងារចំពោះអ្នកទោសជាដើម»។ លោកស្រីបន្តទៀតថា៖«បញ្ហាប្រាក់ឈ្នួល គឺជាបញ្ហាដទៃផ្សេងមួយទៀត»។
លោកស្រីបន្តទៀតថា៖ «យើងកំពុងព្យាយាមធ្វើឲ្យកម្មវិធីរបស់យើងប្រសើរឡើង។ យើងបានបន្តការងារបន្ថែមទៀតទៅលើវិស័យស្បែកជើង។ យើងកំពុងចាប់ផ្តើមលើបញ្ហាអាហារូបត្ថម្ភ»។
លោក Dave Welsh អ្នកគ្រប់គ្រងប្រចាំប្រទេស របស់មជ្ឈមណ្ឌលអាមេរិក ដើម្បីសាមគ្គីភាពការងារអន្តរជាតិ បានថ្លែងថា វាសំខាន់ណាស់ ដែល BFC អនុវត្តការទទួលបានថវិការបស់ខ្លួន ដោយចេញនូវការដាក់ពិន័យ ឬទោសទណ្ឌ ឬយ៉ាងហោចណាស់ ការបង្ហាញឈ្មោះជាសាធារណៈ ចំពោះរោងចក្រណាដែលបំពានច្បាប់។ ទោះយ៉ាងណាក្តី លោកបានបន្តថា ការធ្វើឲ្យ BFC មានតម្លាភាពជាងនេះ គឺវាមិនទំនងជាថា រដ្ឋាភិបាល និងអ្នកបញ្ជាទិញ នឹងចង់ឲ្យមានក្នុងប្រទេសនេះទេ។
លោក Welsh បានថ្លែងបន្តទៀតថា គំរូ BFC នេះ ត្រូវបានគ្រោងធ្វើឡើង នៅប្រទេសបង់ក្លាដែស ដែលរោងចក្រជាច្រើននៅទីនោះ គឺមានបញ្ហាលើសនេះ ១០ ដង ហើយបញ្ហារួមទាំងការធ្វើឃាតទៀតផង។ លោកបន្តទៀតថា៖ «ប្រសិនបើគំរូដូចគ្នានេះ មិនមានតម្លាភាព នោះនឹងមានបញ្ហា»។
លោក សាត សាមុត រដ្ឋលេខាធិការក្រសួងការងារ បានមានប្រសាសន៍ថា ក្រសួងរបស់លោក គំាទ្រគម្រោង BFC ដោយសារវាជួយឲ្យប្រសើរឡើង នូវកេរ្តិ៍ឈ្មោះឧស្សាហកម្មកាត់ដេររបស់កម្ពុជានៅក្រៅប្រទេស។
លោកបានបន្ថែមទៀតថា៖ «យើងមិនច្រានចោល ចំពោះអនុសាសន៍ នៅក្នុងរបាយការណ៍នេះទេ ប៉ុន្តែយើងនឹងត្រូវឲ្យភាគីទាំងអស់ ធ្វើតាមវា។ យើងចង់ឲ្យមានការផ្លាស់ប្តូរ យើងអាចពិភាក្សាបញ្ហាទាំងនេះ»។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បាននិយាយថា BFC គឺជាគំនិតល្អមួយ ប៉ុន្តែវាជារឿងមិនឆ្លើយតបទៅនឹងបញ្ហាពិតប្រាកដ ដែលកម្មករកម្មការិនីកំពុងប្រឈមមុខនោះទេ។
លោកបានថ្លែងបន្តថា៖ «អ្វីដែលពួកគេរាយការណ៍ និងអ្វីដែលពិតជាបានកើតឡើង គឺជារឿងពីរផ្សេងគ្នា»។
លោក រ៉ុង ឈុន បានថ្លែងបន្តទៀតថា បញ្ហាប្រឈមរបស់កម្មករកំពុងជួបទះ គឺប្រាក់ខែទាបត្រឹមតែ ៦១ ដុល្លារ ក្នុងមួយខែ។
កម្មការិនីម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា៖ «កាលពីខែមុខ ខ្ញុំមិនមានប្រាក់ ដើម្បីទិញម្ហូបអាហារ ហូបចុកប្រចាំថ្ងៃទេ ដូច្នេះ ខ្ញុំត្រូវតែខ្ចីប្រាក់គេចំនួន ១០ ដុល្លារដើម្បីចាយវាយទៅតាមតម្រូវការ»។ នាងបានឲ្យដឹងទៀតថា ពេលខ្លះកម្មការិនីជាច្រើនទៀត ដែលធ្វើការជាមួយនាង ក៏មិនមានប្រាក់ ដើម្បីទិញម្ហូបអាហារទទួលទានប្រចាំថ្ងៃ ឲ្យបានសមរម្យដែរ៕ TK / PS