បាត់ដំបងៈ គ្រាប់កាំភ្លើង​ធំ​ប្រភេទ ១០៥ ម.ម ចំនួន​ ៥៨ ​គ្រាប់ ​ត្រូវ​បាន​កម្លាំង​អង្គភាព​កំចាត់មីន​ស៊ីម៉ាក់​ជួយ​អន្តរាគមន៍​យក​ចេញ​ពី​ក្នុង​រណ្ដៅ​ដី​នៃ​ចម្ការពោត​ ១ ​កន្លែង​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​លំផាត់ ឃុំ​អូរដា ស្រុក​កំរៀង​កាលពី​រសៀល​ថ្ងៃទី​ ២២ ខែមេសា​។

លោក គឹម ពន្លក អធិការ​ស្រុក​កំរៀង​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា នៅវេលា​ម៉ោង​ ១០ ​ព្រឹក​ថ្ងៃទី​ ២២ ខែមេសា ​ឆ្នាំ​ ២០២០ ​មាន​ពលរដ្ឋ​ម្នាក់​ឈ្មោះ ឈុន ហឿប អាយុ​ ៦៦ ​ឆ្នាំ​ មាន​លំនៅ​ភូមិ​លំផាត់ ឃុំ​អូរដា បាន​រាយការណ៍​ប្រាប់​លោក​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​មន្ត្រី​ជំនាញ​ស៊ីម៉ាក់ ដើម្បី​មកជួយ​ពិនិត្យ​ និង​ជីក​យក​ក្បាល​គ្រាប់កាំភ្លើង​ធំ​មួយ​រណ្ដៅ​នៅក្នុង​ចម្ការពោត​របស់គាត់​។

លោក​បញ្ជាក់ថា​៖ «​នៅលើ​ទីតាំង​ចម្ការ​នោះ សមត្ថកិច្ច​យើង​ពិនិត្យឃើញ​មាន​ក្បាល​គ្រាប់​កាំភ្លើង​ធំ​ប្រភេទ​ ១០៥ ​ម.ម ចំនួន​ ៣ ​បាន​ហើប​ចេញពី​ក្នុង​ដី​តាម​អាចម៍បំណះ​ផាល​នង្គ័ល​ត្រាក់ទ័រ​។ នៅ​ក្បែរ​នោះ​មន្ត្រី​ជំនាញ​បាន​រកឃើញ​ក្បាល​គ្រាប់កាំភ្លើង​នេះ​ ១ ​រណ្ដៅ​ថែមទៀត​ធ្វើឲ្យ​ចំនួន​ក្បាល​គ្រាប់​ដែល​បាន​រកឃើញ​នៅក្នុង​ដីចម្ការ​នោះ​សរុប​ ៥៨ ​គ្រាប់​»​។

ម្ចាស់​ទីតាំង​ចម្ការ​លោក​ ឈុន ហឿប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​មាន​ការតក់ស្លុត​ខ្លាំងណាស់ នៅពេល​ផាលនង្គ័ល​ត្រាក់ទ័រ​ភ្ជួរ​ដី​របស់​លោក​បាន​គាស់​រំលើង​ក្បាល​គ្រាប់​ទាំងនោះ​ចេញមក​បើទោះ​ជា​វា​មិនបាន​បង្ក​ការផ្ទុះ​គ្រោះថ្នាក់​ដល់​ជីវិត​របស់​លោក​ក្ដី​។

លោក​ថ្លែងថា​៖ «​គ្រាន់តែ​ឃើញ​ក្បាល​គ្រាប់​នោះ​ ៣ ​គ្រាប់ ​ផុស​ចេញពី​ក្នុង​ដី​តាម​បំណះ​ផាល​នង្គ័ល​ត្រាក់ទ័រ​ភ្ជួរ​ដី​ភ្លាម ខ្ញុំ​ភ័យ​ឡើង​ញ័រ​ខ្លួន ហើយ​បញ្ឈប់​ត្រាក់ទ័រ​ចុះ​រត់​ចេញពី​ទីនោះ​ព្រោះ​ខ្លាច​វា​ផ្ទុះ​។ ក្រុមមន្ត្រី​ស៊ីម៉ាក់​បាន​រកឃើញ​ ៥៥ ​គ្រាប់​ថែមទៀត​កប់​នៅក្នុង​ដី​ក្រោម​ទីតាំង​ក្បាល​គ្រាប់​ទាំង​ ៣ ​នោះ​បាន​ផុសចេញ​»​។

នៅ​ថ្ងៃទី​ ២២ មេសា នោះ​ដែរ​នៅ​ចំណុច​ភូមិ​បល្ល័ង្ក ឃុំ​ដំរីផុង ស្រុក​ឆ្លូង ខេត្តក្រចេះ ប្រជានេសាទ​ម្នាក់​បាន​បង់សំណាញ់​ចាប់​ត្រី ក៏​ប៉ុន្តែ​បាន​ជាប់​គ្រាប់បែក​ចង្កោម​ដ៏ធំ​មួយ​។ លោក សុង តូរ៉ាន់ អធិការ​ស្រុក​ឆ្លូង​ឲ្យ​ដឹងថា បន្ទាប់ពី​ឃើញ​គ្រាប់​ដ៏ធំ​នេះ​ «​យើង​បាន​ទាក់ទង​ភ្លាមៗ​ទៅ​មន្ត្រី​ជំនាញ​ស៊ីម៉ាក់ ឲ្យ​ចុះ​ពិនិត្យ​គ្រាប់​នោះ ហើយ​មន្ត្រី​ជំនាញ​ប្រាប់ថា វា​ជា​គ្រាប់បែក​ចង្កោម (CBU-46/A) ប៉ុន្តែ​វា​នៅ​សល់​តែ​សម្បក​ប៉ុណ្ណោះ​»​។

នាយក​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា​លោក ហេង រតនា បញ្ជាក់​ពី​ម្សិលមិញ​ថា បើ​ផ្អែក​តាម​លក្ខណៈ​បច្ចេកទេស​វិទ្យាសាស្ត្រ គ្រាប់បែក​ចង្កោម​ប្រភេទ​ (CBU-46/A) ​របស់​អាមេរិក​នេះ​មាន​ទម្ងន់​រហូតដល់​ ៣៤០ ​គីឡូក្រាម​មាន​ប្រវែង ៣,២២ ម៉ែត្រ និង​ទំហំ ៤០១ ​ម.ម​។ វា​ត្រូវបាន​គេ​ប្រើ​សម្រាប់​ទម្លាក់​ពីលើ​យន្តហោះ​ចម្បាំង​ដែល​នៅក្នុង​តួ​នៃ​គ្រាប់បែក​ចង្កោម​នេះ​មាន​កូន​គ្រាប់បែក​ចំនួន​ ៤៤៤ ​គ្រាប់​ដែល​ក្នុង​ ១ ​គ្រាប់​មាន​ទម្ងន់ ៥០០ ​ក្រាម​៕