បាត់​ដំបងៈ សមត្ថ​កិច្ច​នគរបាល​​ស្រុក​ភ្នំ​ព្រឹក ខេត្ត​បាត់​ដំបង​ បាន​ប្រគល់​​គ្រាប់​កាំភ្លើង​គ្រប់​ប្រភេទ​ចំនួន​ ៥៤ កេស​ ឲ្យ​អង្គភា​ព​កម្ចាត់​មីន ​(CMAC) ខេត្ត​បាត់​ដំបង​កាល​ពី​ម្សិល​មិញ ​​បន្ទាប់​ពី​​ពលរដ្ឋ​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​ភូមិ​អូរ ​ឃុំ​ពេជ្រ​ចិន្តា​ ស្រុក​ភ្នំព្រឹក ហើយ​រាយការណ៍​ប្រាប់​ស​ម​ត្ថកិ​ច្ច​កាល​​ពី​ថ្ងៃ​ទី​ ៤​​ ខែ​ សីហា ឆ្នាំ​ ២០១៩ ​​។

លោកវរសេ​នីយ៍​ទោ ​សារ៉េត ​វិ​សេ​ដ្ឋ ​អធិការ​នគរ​បាល​ស្រុក​ភ្នំ​ព្រឹក​បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា​ គ្រាប់​​គ្រប់​ប្រភេ​ទ​ចំនួន ​៥៤ ​កេស ​ដែល​ពលរដ្ឋ​ប្រទះ​ឃើញ​​កប់​ក្នុង​ដី​​នោះ ​ត្រូវ​បានសមត្ថ​កិច្ច​របស់​លោក​​ប្រគល់​ឲ្យ​ទៅ​អង្គ​ភាព​កម្ចាត់​​មីន​ប្រចាំ​នៅ​ខេត្ត​បាត់​ដំបង​កាល​ពី​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី ​៥ ​សីហា។​ ប៉ុន្តែ​គ្រាប់​ទាំង​អស់​នោះ​បាន​ខូច​គុណភាព​ស្ទើរតែ​​អស់​ហើយ​ ​នៅ​សល់​ប្រមាណ ១០​ ទៅ​ ២០​​ ភាគ​រយ​​ប៉ុណ្ណោះ ​ដែល​​អាច​​ប្រើ​ការ​បាន។

បើតាមលោក​ សារ៉េត ​វិ​សេ​ដ្ឋ គ្រាប់​ទាំង​នោះ​មាន​ប្រភេទ​​ ១២​,​៧ ​មិល្លីមែត្រ ៤៤ ​កេស,​ គ្រា​ប់ ​P​K ​ឬ​ហៅថា​ K 57​ ចំនួន​ ៩​ កេស,​ គ្រាប់ ​AK​ ​4​4​ ចំនួន​ ១​ កេស (ប្រើ​បាន​ខ្លះ) , គ្រាប់​កាំភ្លើង​ត្បាល់ឬ​ហៅថា​ ១​២​០ ​(អុក) ចំនួន​២​,​ ​គ្រាប់​ ​B​4​1​ ចំនួន​ ១ ​គ្រាប់។ ​គ្រាប់​ទាំង​នោះ​ត្រូវ​បាន​ពលរដ្ឋ​ម្នាក់​ឈ្មោះ​ ទន់ ​សា​បឿន ​ភេទ​ប្រុស ​អាយុ ​៥៤ ​ឆ្នាំ ​រស់​នៅ​ក្នុង​ភូមិ​​ឃុំ​ខា​ង​លើ​​ បាន​ប្រទះ​ឃើញ​ខ​ណៈ​គាត់​កំពុ​ងកាប់​ដី​ធ្វើ​ចម្ការ​។

លោក​ថា​​៖​ «​គ្រាប់​ទាំង​នោះ​ស្ថិត​នៅ​តំបន់​អតីត​សមរភូមិ​ចាស់​របស់​ខ្មែរ​ក្រហម​ធ្វើ​សង្គ្រាម​ជា​មួយ​រដ្ឋ​កម្ពុជាហើយ​ស្ថិត​នៅ​ជាប់​ព្រំដែន​​ កម្ពុជា-ថៃ​ ផង​​»​ ។

​លោក​ ម៉ម​ វណ្ណា​ រិទ្ធ​ អនុ​ប្រធាន​អង្គភាព​កម្ចាត់​គ្រាប់​មីន​នៅ​ខេត្តបាត់​ដំបង​បាន​ប្រាប់​កាលពី​ម្សិល​មិញ​ថា​​លោក​បាន​ទទួល​គ្រាប់​ទាំង​នោះ​ពីនគរបាល​ស្រុក​​ភ្នំព្រឹក​ហើយនៅពេលថ្ងៃ​ត្រង់​ ថ្ងៃទី​ ៥​​ ខែ សី​ហា (ម្សិល​មិញ)​។

ប៉ុន្តែលោកថាគុណ​ភាព​គ្រាប់​ទាំង​នោះ​ខូច​អស់​ហើយ​ នៅ​សល់​តែ​គ្រាប់​ A​K ​ខ្លះ​ប្រើបា​ន​។ទោះ​ជា​យ៉ា​ង​ណា លោក​បានអះអា​ង​ថា​ អង្គ​ភាព​របស់​លោក​បាន​ប្រមូល​គ្រាប់​ទាំ​ង​នោះ​ ទុក​យក​ទៅ​អង្គ​ភាព​ក​ម្ចាត់​មីន​នៅ​ខេត្ត​កំពង់​ឆ្នាំង​បន្ត​ទៀត​ដើម្បី​កម្ទេច​ចោល​ទាំង​អស់​ ​។​

លោក​បាន​បញ្ជាក់​ថា​​៖​​ «​បើ​និយាយ​ពី​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​វិញ​នៅ​ខេត្ត​បាត់​ដំបង​ទាំង ១​៤​ ស្រុក​ និង​ក្រុង​បាត់​ដំបង​គឺ​មាន​សំណល់​គ្រាប់​នៅ​រាយ​ប៉ាយ​គ្រប់​ស្រុក​ក្រុង​ ទាំ​ងអស់​ហ្នឹង»​។​ ​ ​ ​

ចំពោះ​ករណី​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រាប់​មីន​វិញ​ លោក​ ម៉ម​ វណ្ណា​រិទ្ធ​ បាន​បង្ហាញ​ថា​ តាម​​ស្ថិតិ​របស់​អាជ្ញា​ធរ​មីន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​គិត​ពី​ឆ្នាំ ២០១០ ​ដល់​ខែ​មេសា​ឆ្នាំ ២០១៩​ គឺ​មាន​ជនរ​ង​គ្រោះ​ដោយ​គ្រាប់​មីន​សរុប​ចំនួន ​២​៨​៥ ​នាក់​នៅក្នុង​ខេត្ត​បាត់​ដំបង​ទាំង​មូល។

ដោយ​ឡែក​គិត​ពី​ដើម​ខែ​មករា​ ដល់​ខែ ​មេសា​ ឆ្នាំ​ ២០១៩​ មាន​ជន​រង​គ្រោះ​ដោយ​សារគ្រាប់​មីន​ចំនួន​ ៩ ​នាក់៕